ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​ប្រារព្ធ​ទិវា​ជ័យជម្នះ​របស់​សហភាព​សូវៀត​លើ​ពួក​ណាហ្ស៊ី​អាល្លឺម៉ង់​សម័យ​សង្គ្រាម​លោក​លើក​ទី ២


យន្ដហោះ​ចម្បាំង​ប្រភេទ Su-30SM ប្រភេទ Su-34 និង​ប្រភេទ Su-35S ហោះហើរ​លើ​រូប​សំណាក​មួយ ក្នុង​អំឡុងពេល​នៃ​ការ​​ប្រារព្ធ​ទិវា​ជ័យជម្នះ​របស់​រុស្ស៊ី លើ​ពួក​ណាហ្ស៊ី អាល្លឺម៉ង់ ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី​ពីរ មូស្គូ រុស្ស៊ី ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២០។​

ប្រទេស​រុស្ស៊ី​ប្រារព្ធ​ខួប​ទី ៧៥ នៃ​ជ័យ​ជម្នះ​របស់​សហភាព​សូវៀត​លើ​ពួក​ណាហ្ស៊ី​អាល្លឺម៉ង់​កាល​ពី​ថ្ងៃ​សៅរ៍ ប៉ុន្តែ​ដោយសារ​ការ​ផ្ទុះ​រាលដាល​ជំងឺ​កូវីដ១៩​ដែល​កាន់​តែ​អាក្រក់​នៅ​ក្នុង​ប្រទេស​បាន​បង្ខំ​ឲ្យ​រុស្សី​ដាក់​កម្រិត​លើ​ការ​ប្រារព្ធ​ទិវា​នេះ។

ក្រុម​មន្ត្រី​រុស្ស៊ី​កាល​ពី​ថ្ងៃ​សៅរ៍​បាន​រាយការណ៍​អំពី​ករណី​ឆ្លងថ្មី​នៃ​ជំងឺ​កូវីដ១៩ ជាង ១ ម៉ឺន ករណី ក្នុង​រយៈពេល ២៤ ម៉ោង ដែល​ធ្វើ​ឲ្យ​ចំនួន​ករណី​ឆ្លង​សរុប​នៅ​ក្នុង​ប្រទេស​កើនឡើង​ដល់​ជាង ២ សែន នាក់។

ប្រទេស​រុស្ស៊ី​បាន​រាយការណ៍​ពី​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ១៩ ចំនួន​ជាង ១ ម៉ឺន ករណី​ជា​រៀងរាល់​ថ្ងៃ​កាល​ពី​មួយ​សប្ដាហ៍​កន្លង​មក​នេះ ដែល​ធ្វើ​ឲ្យ​រុស្ស៊ី​វ៉ា​ប្រទេស​បារាំង​និង​អាល្លឺម៉ង់ ឡើង​មក​ជា​ប្រទេស​ដែល​មាន​ចំនួន​ករណី​ឆ្លង​ច្រើន​ជាង​គេ​លំដាប់​ទី​ប្រាំ​ក្នុង​ពិភពលោក។

នៅ​ទូទាំង​សាកលលោក ចំនួន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ បាន​កើន​លើស ៤ លាន នាក់ កាល​ពី​ថ្ងៃ​សៅរ៍។ ចំនួន​ករណី​ស្លាប់​សរុប​កើនឡើង​រហូត​ដល់​ជិត ២ សែន ៨ ម៉ឺន នាក់ ក្នុង​នោះ​ករណី​ស្លាប់​នៅ​ក្នុង​សហរដ្ឋអាមេរិក​មាន​ជាង ៧ ម៉ឺន ៨ ពាន់​ ករណី។ នេះ​បើយោង​តាម​ស្ថិតិ​របស់​សាកលវិទ្យាល័យ Johns Hopkins នៅ​ក្នុង​សហរដ្ឋអាមេរិក។

ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin បាន​ប្រារព្ធ​ទិវា​ជ័យជម្នះ​នេះ​ ដោយ​អំពាវនាវ​ឲ្យ​មាន​ការ​រួបរួម​គ្នា​និង​ការ​គោរព​ចំពោះ​អ្នក​ដែល​ត្រូវ​បាន​សម្លាប់​នៅក្នុង​អំឡុងពេល​នៃ​សង្គ្រាម​លោក​លើក​ទី​ពីរ។

នៅ​ក្នុង​សុន្ទរកថា​ដែល​បង្ហាញ​វត្តមាន​របស់​លោក Putin ជា​សាធារណៈ​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជិត​មួយ​ខែ​មក​នេះ លោក​មិន​បាន​លើកឡើង​ពី​វីរុស​កូរ៉ូណា​ឬការ​ឆ្លង​រាលដាល​នៃ​វីរុស​នេះ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​នោះ​ទេ ដោយ​លោក​និយាយ​ផ្ដោត​តែ​លើ​ការ​ចងចាំ​អំពី​ពលរដ្ឋ​សូវៀត​ប្រមាណ ២៥ លាន​នាក់ ដែល​បាន​ស្លាប់​នៅ​ក្នុង​សង្គ្រាម​តែ​ប៉ុណ្ណោះ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG