ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ចូលរួម​ជាមួយ​នឹង​មេដឹកនាំ​នានា​ដើម្បី​ប្រារព្ធ​ខួប​ទី ៧៥ នៃ​ថ្ងៃ D-Day


ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីបារាំងលោក Emmanuel Macron រួមទាំងភរិយា ចូលរួមក្នុងពិធី​ប្រារព្ធ​ខួប​ទី ៧៥ នៃ​ថ្ងៃ D-Day នៅឯ​ទី​បញ្ចុះ​សព Normandy American Cemetery នៅ​ស្រុក Colleville-sur-Mer ប្រទេសបារាំង កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩។ 
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីបារាំងលោក Emmanuel Macron រួមទាំងភរិយា ចូលរួមក្នុងពិធី​ប្រារព្ធ​ខួប​ទី ៧៥ នៃ​ថ្ងៃ D-Day នៅឯ​ទី​បញ្ចុះ​សព Normandy American Cemetery នៅ​ស្រុក Colleville-sur-Mer ប្រទេសបារាំង កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩។ 

លោក Trump និង​លោក Macron បាន​សរសើរ​អតីត​នាយ​ទាហាន​នានា និង​បញ្ជាក់​អំពី​ស្មារតី​នៃ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ចំណោម​ប្រទេស​ជា​សម្ព័ន្ធ​មិត្ត​ទាំង​អស់។

មេដឹកនាំ​នានា​មក​ពី​ជុំវិញ​ពិភពលោក​ចូលរួម​ជាមួយ​គ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅ​ឯ​ឆ្នេរ​សមុទ្រ​នៃ​តំបន់ Normandy ប្រទេស​បារាំង ដើម្បី​ប្រារព្ធ​ខួប​ទី ៧៥ នៃ​ថ្ងៃ D-Day។ ថ្ងៃ D-Day នេះ​គឺ​ជា​ ថ្ងៃ​រំឭក​ដល់​មហា​ប្រតិបត្តិការ​ពង្រាយ​ទ័ព​តាម​ផ្លូវ​សមុទ្រ​នៅ​តំបន់ Normandy ដែល​ឈាន​ទៅ​ដល់​ការ​ចុះចាញ់​របស់​ពួក Nazi អាល្លឺម៉ង់ និង​នៅ​ទី​បំផុត​ឈាន​ដល់​ការ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​ពីរ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump និង​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​ចូលរួម​នៅ​ក្នុង​ពិធី​នេះ​នៅ​ឯ​ទី​បញ្ចុះ​សព Normandy American Cemetery នៅ​ស្រុក Colleville-sur-Mer ដែល​នៅ​ទី​នោះ ទាហាន​អាមេរិកាំង​ជាង ៩ ពាន់​នាក់ ត្រូវ​បាន​បញ្ចុះ។

លោក Trump និង​លោក Macron បាន​សរសើរ​អតីត​នាយ​ទាហាន​នានា និង​បញ្ជាក់​អំពី​ស្មារតី​នៃ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ចំណោម​ប្រទេស​ជា​សម្ព័ន្ធ​មិត្ត​ទាំង​អស់។

លោក Macron បាន​ផ្ដល់​កិត្តិយស​ដល់​អ្នក​ដែល​បាន​ពលី​ជីវិត និង​ដែល​បាន​វាយ​ប្រយុទ្ធ​ដើម្បី​រំដោះ​ប្រទេស​បារាំង ដោយ​លោក​បាន​និយាយ​ថា ប្រតិបត្តិការ​ថ្ងៃ D-Day បាន​ផ្លាស់ប្ដូរ​អនាគត​របស់​ទ្វីប​អឺរ៉ុប និង​អនាគត​ពិភពលោក។

លោក Macron បញ្ជាក់​ដូច្នេះ​ថា៖ «អតីត​នាយ​ទាហាន! ពួក​យើង​ដឹង​ថា ពួក​យើង​ជំពាក់​គុណ​អ្នក​ដែល​បាន​ប្រយុទ្ធ​ដើម្បី​សេរីភាព​របស់​ពួក​យើង។ តាង​នាម​ឲ្យ​ប្រទេស​ជាតិ​របស់​ខ្ញុំ ខ្ញុំ​ចង់​និយាយ​ថា អរគុណ​អ្នក!»។

បន្ទាប់ពី​បាន​ថ្លែង​ដូច្នេះ​រួច​មក លោក Macron បាន​ប្រគល់​រង្វាន់​កិត្តិយស​ដ៏​អស្ចារ្យ​ជូន​ដល់​អតីត​ទាហាន​អាមេរិកាំង ៥ នាក់។

ចំណែក​ឯ​លោក Trump វិញ លោក​បាន​ថ្លែង​សុន្ទរកថា​ផ្ដល់​កិត្តិយស​ដល់​អ្នក​ដែល​បាន «ពលី​ជីវិត​របស់​ពួកគេ​ដើម្បី​មិត្តភ័ក្ដិ ដើម្បី​ប្រទេស​ជាតិ និង​ដើម្បី​ការ​រស់រាន​នៃ​សេរីភាព»។

លោក Trump បញ្ជាក់​ដូច្នេះ​ថា៖ «ថ្ងៃ​នេះ យើង​រំឭក​ដល់​អ្នក​ដែល​បាន​ស្លាប់ ហើយ​យើង​ផ្ដល់​កិត្តិយស​ដល់​អ្នក​ដែល​បាន​វាយ​ប្រយុទ្ធ​ទាំង​អស់​នៅ​ទី​នេះ​នៅ​ក្នុង​តំបន់ Normandy។ ពួក​គេ​ប្រយុទ្ធ​ឈ្នះ​ដើម្បី​អរិយធម៌»។

លោក Trump បាន​បន្ថែម​ថា៖ «ជូន​ចំពោះ​មិត្តភ័ក្ដិ និង​ដៃគូ​នានា​របស់​សហរដ្ឋ​អាមេរិក សម្ព័ន្ធ​ភាព​ដ៏​ខ្ពង់ខ្ពស់​របស់​យើង​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​កម្ដៅ​នៃ​សមរភូមិ​ប្រយុទ្ធ ត្រូវ​បាន​សាកល្បង​នៅ​ក្នុង​ស្ថានភាព​ឈឺចាប់​នៃ​សង្គ្រាម និង​ត្រូវ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​នៅ​ក្នុង​ពរជ័យ​នៃ​សន្តិភាព។ ទំនាក់ទំនង​ដ៏​ស្អិត​ល្មួត​របស់​យើង​គឺ​មិន​អាច​បំបែក​បាន​នោះ​ទេ»៕

XS
SM
MD
LG