នៅពេលដែល ងឹម គាថា ត្រូវបានគេឃាត់ខ្លួន នៅអាកាសយានដ្ឋានប្រទេសម៉ាឡេស៊ីក្នុងសប្តាហ៍នេះ គ្រួសាររបស់នាងកំពុងស្ថិតក្នុងខេត្តព្រះសីហនុ។ បើទោះជា អាជ្ញាធរម៉ាឡេស៊ីបានដោះលែង គាថា ហើយក៏ដោយ ប្អូនស្រីរបស់នាងម្នាក់បាននិយាយថានាងបារម្ភ និងមិនចង់ពិភាក្សាអ្វីអំពី គាថា នោះទេដោយសារតែឪពុកម្តាយនាងបានផ្តែផ្តាំយ៉ាងដូច្នេះ។
យុវនារីវ័យ២៦ឆ្នាំ និងលោក ហេង ស៊ាងលាង អាយុ៣៤ឆ្នាំ គឺជាសកម្មជននៃបក្សជំទាស់ដែលស្ថិតក្នុងចំណោមអ្នកដែលត្រូវបានគេឃាត់ខ្លួនថ្មីៗ ពាក់ព័ន្ធនឹងការបង្ហាញការគាំទ្រការវិលត្រឡប់ចូលស្រុកវិញរបស់លោក សមរង្សី។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបានកាន់អំណាច អស់រយៈពេល ៣៤ឆ្នាំមកហើយនោះ បាននិយាយថា លោកនឹងចាប់ខ្លួន អ្នកគាំទ្រគណបក្សប្រឆាំង និងអ្នកគាំទ្រការវិលត្រឡប់មកវិញរបស់លោកសម រង្ស៊ី។
លោក ហ៊ុន សែន បាននិយាយយ៉ាងដូច្នេះថា៖
«ប៉ុន្តែអ្នកត្រូវដឹងមុខសញ្ញាគឺមានអស់ហើយ។ បើមិនចេញ គឺអ្នកឯងនឹងមានគ្រោះនៅថ្ងៃក្រោយ ព្រោះរឿងនេះវាមិនចប់នៅថ្ងៃ ៩ វិច្ឆិកាទេ នៅមានតភាគៗ ដរាបណាអាឆ្កែម៉ាក្បាលនេះ វាមិនព្រមប្រកាសបញ្ចប់ យើងក៏នៅតែបន្ត ដូច្នេះអ្នកគាំទ្រត្រូវតែរងគ្រោះ»។
លោកបានបន្ថែមថា៖ «ព្រុះពីក្រៅរបង រួចហើយអ្នកនៅក្នុងរបងនេះ អាអ្នកនៅក្នុងរបង អាអ្នកនៅក្រៅរបងវាអត់អីទេព្រោះវានៅដេកស្រួលនោះ តែអាអ្នកនៅក្នុងរបងបានវាងាប់»។
រហូតមកដល់ពេលនេះ មានមនុស្សយ៉ាងហោចណាស់៤៨នាក់ ត្រូវបានចាប់ខ្លួនចាប់តាំងពីការប្រកាសរបស់លោកដោយសារពួកគេបង្ហាញការគាំទ្រគណបក្សប្រឆាំង។
អ្នកគាំទ្រនិងសកម្មជននៃគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយនៅខែវិច្ឆិកា ឆ្នាំ២០១៧ តែងតែរងការវាយប្រហារកាន់តែខ្លាំងបន្ទាប់ពីលោកសម រង្ស៊ីបានប្រកាសអំពីការវិលត្រឡប់របស់លោកជាសាធារណៈកាលពីខែសីហា កន្លងទៅ។
នៅថ្ងៃទី០៦ វិច្ឆិកា នេះ មនុស្សយ៉ាងតិចពីរនាក់ទៀតនៅខេត្តតាកែវនិងកោះកុងត្រូវបានចាប់ខ្លួនពីបទ«រួមគំនិតក្បត់»។
លោក សម រង្ស៊ី បានហៅផែនការធ្វើមាតុភូមិនិវត្តន៍របស់លោកលើកនេះថា «ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ» នៅកម្ពុជានិងផ្តួលរំលំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន។
នេះមិនមែនជាលើកទីមួយឡើយដែល មេដឹកនាំបក្សប្រឆាំងកំពុងនិរទេសខ្លួនរូបនេះ បានសន្យាថានឹងវិលត្រឡប់មកកាន់ប្រទេសកម្ពុជា។ កាលពីខែមិថុនាឆ្នាំ២០១៩ កន្លងទៅ លោកធ្លាប់បានប្រកាសម្តងរួចមកហើយថានឹងវិលត្រឡប់មកកម្ពុជានៅខែកញ្ញា។
អ្នកសិក្សាស្រាវជ្រាវនិងតាមដានអំពីនយោបាយ នៅកម្ពុជាយល់ថា ការបង្ហាញភាពក្លាហានរបស់ លោក សម រង្ស៊ី ដែលប្រកាសថានឹងចូលមកទឹកដីកម្ពុជាវិញដោយបង្ហាញនូវឆន្ទៈ ធ្វើឡើងនៅក្នុងខណៈនេះ ដើម្បីនយោបាយកម្ពុជាទទួលបានការចាប់អារម្មណ៍ទៅលើរូបលោក។
ពួកគេយល់ថា លោកពុំមានគម្រោងច្បាស់លាស់ក្នុងការរកផ្លូវចូលមកកម្ពុជាវិញ ដែលទង្វើនេះនាំឲ្យមានផលលំបាកនិងនាំឲ្យមានការប៉ះពាល់ដល់ទឹកចិត្តដល់អ្នកគាំទ្រមួយចំនួន។
បើសិនជា លោក សម រង្ស៊ី មិនមកប្រទេសកម្ពុជានៅថ្ងៃ០៩ វិច្ឆិកា នេះទេ នោះវានឹងមានការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដល់ទឹកចិត្តរបស់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ។ នេះបើតាមាការលើកឡើងរបស់ អ្នកស្រី Astrid Norén-Nilsson អ្នកនិពន្ធសៀវភៅ ដែលសិក្សាអំពី នយោបាយរបស់អ្នកដឹកនាំរបស់កម្ពុជា «Cambodia's Second Kingdom: Nation, Imagination, and Democracy»។
ទោះជាយ៉ាងណា អ្នកស្រីបញ្ជាក់បន្ថែមថា ការជឿទៅលើលោក សម រង្ស៊ីពីសំណាក់អ្នកគាំទ្រ មិនរលាយសាបសូន្យអស់រលីងទាំងស្រុងនោះដែរ ដោយសារ លោក សម រង្ស៊ី ពន្យល់ហេតុផល របស់លោកដែលថា មិនអាចចូលមកកម្ពុជា ព្រោះមានការរារាំងពីអាជ្ញាធរថៃ បានធ្វើឲ្យអ្នកគាំទ្ររបស់លោក សម រង្ស៊ី មិនរំឮកឡើងពីការសន្យារបស់លោកពីមុនៗនោះទេ។
អ្នកស្រីបានសរសេរតាមរយៈសារអេឡិចត្រូនិកបន្ថែមថា៖
«រឿងដែលនិយាយអំពីការវិលត្រឡប់ចូលស្រុកវិញលើកនេះ គឺមិនមែនជារឿងតូចទេ សម្រាប់លោក សម រង្ស៊ី ដែលរៀបចំបង្ហាញរូបភាពក្លាហានផ្លូវកាយ ហើយនៅឱកាសណាដែលលោកអាចធ្វើវាបានគឺវានឹងផ្តល់អំណាចដល់លោក»។
លោក អ៊ូ វីរៈ នាយកនៃវេទិកាអនាគតនិងជាអ្នកវិភាគនយោបាយលេចធ្លោមួយរូបយល់ឃើញថាលោក សម រង្ស៊ី នឹងមិនវិលត្រឡប់មកកម្ពុជានោះទេ បើទោះជាលោកអាចមកបានក៏ដោយ។
លោកថា លោក សម រង្ស៊ី ប្រកាសវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅពេលនេះ គឺធ្វើឡើងក្នុងគោលបំណង បង្កើនកំដៅនយោបាយនៅកម្ពុជា ឲ្យរដ្ឋាភិបាលកម្ពុជាមានប្រតិកម្ម ស្របពេលដែលក្រុមការងាររបស់សហភាពអឺរ៉ុបត្រៀមនឹងបញ្ចេញរបាយការណ៍ស៊ើបអង្កេតអំពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។
លោកនិយាយថា៖
«ខ្ញុំគិតថាគាត់មើលឃើញតាំងពីដើមមកថាគេមិនអនុញាត ប៉ុន្តែគាត់ធ្វើឲ្យមានប្រតិកម្ម ហើយប្រតិកម្មទាំងឡាយជារឿងមួយ រួមទាំងប្រតិកម្មរបស់រដ្ឋាភិបាល ជារឿងមួយដែលធ្វើឲ្យអន្តរជាតិ ជាពិសេសលោកខាងលិចហើយនឹងសហគមន៍អឺរ៉ុប យកចិត្តទុកដាក់»។
ទោះយ៉ាងណា អ្នកវិភាគនយោបាយរូបនេះបន្ថែមថា បើសិនជា លោកសម រង្ស៊ី ពិតជាមានគម្រោងត្រឡប់មកកម្ពុជាមែន លោកអាចធ្វើការហោះហើរតាមរយៈ ប្រទេសជប៉ុននិងកូរ៉េខាងត្បូង មកកាន់ប្រទេសកម្ពុជាតែម្តង។
លោក សម រង្ស៊ី និងគណបក្សរបស់លោកបានដឹងរួចជាស្រេចមកហើយអំពីបញ្ហាប្រឈមដែលពួកគេនឹងជួបប្រទះ ក្នុងការចរចាជាមួយនឹងប្រទេសជិតខាងដើម្បីអាចមកដល់កម្ពុជាបាន។
ទោះយ៉ាងណា មេដឹកនាំបក្សប្រឆាំងរូបនេះ និយាយប្រាប់វីអូអេថា លោកនឹងនៅតែធ្វើដំណើរមកប្រទេសកម្ពុជាតាមផែនការដែលបានគ្រោងទុកទោះបី ជាមានបញ្ហាអ្វីក៏ដោយ។
លោកសម រង្ស៊ីបានឆ្លើយតបជាមួយនឹងវីអូអេខ្មែរតាមទូរស័ព្ទកាលពីយប់ថ្ងៃពុធថា៖
«រឿងអីដែលថាខ្ញុំមិនអាចទៅដល់ប្រទេសកម្ពុជា ព្រោះពេលវេលានៅវែងឆ្ងាយណាស់។ បើយើងរកមធ្យោបាយមួយមិនទាន់បានសម្រេច យើងរកមធ្យោបាយផ្សេងទៀតទៅជាបន្តបន្ទាប់។ អត់មានលះបង់ អត់មានរារែកទេ នៅតែបន្តការតស៊ូរបស់យើងជានិច្ច»។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគលើស្ថានភាពនយោបាយកម្ពុជា យល់ថា បើទោះជាលោក សម រង្ស៊ី ចូលក្នុងទឹកដីកម្ពុជាបានឬមិនបានក៏ដោយ លោក សម រង្ស៊ី ហាក់ដូចជាបានបង្ហាញឆន្ទៈ ជាលើកដំបូង បង្ហាញការគោរពតាមសន្យា ដូចនេះសកម្មភាពនេះ គួរតែត្រូវបានឲ្យតម្លៃ។
លោកមានប្រសាសន៍ថា ទោះអ្នកគាំទ្រខ្លះបានទទួលរងការធ្វើទុក្ខបុកម្នេញកន្លងមកក៏ពិតមែន ប្រជាពលរដ្ឋទាំងនោះនឹងយល់ថា ទង្វើរបស់ពួកគេគឺជា «ពលិកម្ម»។
លោកបណ្ឌិត ឡៅ ម៉ុងហៃ បានថ្លែងក្នុងន័យដើមយ៉ាងដូច្នេះថា៖
«អ្នកដែលចូលរួមតស៊ូនឹងដឹងថាវាឈ្នះ ឬមិនឈ្នះ។ តាមធម្មតាទេ ដូចចំបាំងអញ្ចឹងជួនកាលវា ឈ្នះជួនកាលវាអត់ឈ្នះ»៕