ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​រំពឹង​ថា​ពលរដ្ឋ​កម្ពុជា​ដែល​មាន​និន្នាការ​នយោបាយ​ខុស​ពី​រដ្ឋាភិបាល​អាច​ចូលរួម​ដំណើរ​ការ​នយោបាយ​ដោយ​សេរី


លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ និង​លោក W. Patrick Murphy ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ថ្មី​ប្រចាំ​នៅ​កម្ពុជា ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ក្រោយ​ជំនួប​លើក​ដំបូង​ប្រហែល​មួយ​ម៉ោង​នៅ​ក្រសួង​មហាផ្ទៃ​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​សុក្រ ទី​៨ ខែ​វិច្ឆិកា ឆ្នាំ២០១៩។

ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ លោក Patrick Murphy នៅ​ថ្ងៃ​សុក្រ​នេះ លើក​ឡើង​ពី​ការ​រំពឹង​របស់សហរដ្ឋ​អាមេរិកទៅ​លើ​រដ្ឋាភិបាល​កម្ពុជា ​ថានឹង​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​មាន​និន្នាការ​នយោបាយ​ខុស​ពី​រដ្ឋាភិបាល​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ អាច​ចូលរួម​ដំណើរ​ការ​នយោបាយ​ដោយ​សេរី​ ដើម្បី​សម្រេច​ឲ្យ​បាននូវ​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ ស្រប​តាម​រដ្ឋធម្មនុញ្ញ។

​លោក​ Murphy ថ្លែង​បែប​នេះ​ ក្រោយ​ជំនួប​សម្តែង​ការ​គួរ​សម​និង​ពិភាក្សា​ការងារ​ជាមួយ​លោក ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ នៅ​ទីស្តីការ​ក្រសួង​ នា​ព្រឹក​ថ្ងៃសុក្រ​ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក Patrick Murphy ថ្លែង​ថា ថ្មីៗ​នេះ​មាន​ការ​ឃុំ​ខ្លួន​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេរីភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​មួយ​ចំនួន។

លោក​បញ្ជាក់​ថា៖ «យើង​សង្ឃឹម​ថា​អាច​មាន​មាគ៌ា​ឆ្ពោះ​ទៅ​មុខ​មួយ​ដែល​អាច​អនុញ្ញាត​ឱ្យ​ប្រជាជន​កម្ពុជា​ទាំង​អស់​ទាំង​នៅ​ទីនេះ​ ទាំង​នៅ​ក្រៅ​ប្រទេស​ អាច​ចូលរួម​ក្នុង​ដំណើរការ​នយោបាយ​ មាន​សិទ្ធ​សេរីភាព​ដែល​ត្រូវ​បាន​គេ​គោរព​ទាំង​ស្រុង។ ការណ៍​នោះ​នឹង​ល្អ​សម្រាប់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​និងមុខមាត់​កម្ពុជា​លើ​ឆាក​អន្តរជាតិ»។

ក្រោយ​ការ​ថ្លែង​របស់​លោក Patrick Murphy លោក ស​ ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​ពង្រឹង​សុខ​សន្តិភាព​នៅ​កម្ពុជា។

«យើង​ក៏បាន​ជជែក​ពិភាក្សា​បញ្ហា​អ្វី​ដែល​ឯកឧត្តម​បាន​លើក​ឡើង​ចុង​ក្រោយ​អម្បាញ់​មិញ​នេះ ក្នុង​ក្រប​ខណ្ឌ​ព្រះ​រាជាណាចក្រ​កម្ពុជា ដែល​ជា​ប្រទេស​មួយកាន់​របប​លទ្ធិ​ប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​ ​ដូច្នេះ​យើង​នឹង​ខិតខំ​ធ្វើ​អ្វីៗ ដែល​សមស្រប ដែល​នាំ​ឲ្យប្រទេស​កម្ពុជា​មាន​សុខ​សន្តិភាព​ ស្ថិរភាព​ និង​ការ​អភិវឌ្ឍ»។

ឆ្លើយ​តប​នឹង​សំណួរ​របស់ VOA ដែល​សួរ​ថា តើ​រដ្ឋាភិបាល​អាច​នឹង​មាន​ការ​ជជែក​រក​ដំណោះ​ស្រាយនយោបាយ​ជាមួយ​គណបក្ស​ប្រឆាំង​ ដូច​ក្រោយ​ការ​បោះឆ្នោតឆ្នាំ​២០១៣ ឬ​យ៉ាង​ណា លោក ស ខេង បញ្ជាក់​ថា៖ «ខ្ញុំ​មិន​ទាន់​អាច​ជម្រាប​ជូន​បាន​ទេ ប៉ុន្តែ​យើង​នឹង​ខិត​ខំ​ធ្វើ​អ្វីៗ​ដែលមាន​ផល​ប្រយោជន៍​សម្រាប់ប្រទេស​ជាតិ»។

​នៅ​ថ្ងៃ​សុក្រ​នេះ​ដែរ អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ បាន​បង្ហាញការព្រួយ​បារម្ភ​ចំពោះ​ពី​ការ​រឹតត្បិត​របស់​អាជ្ញាធរ​កម្ពុជា​លើ​សេរីភាព​ក្នុង​ការធ្វើ​ដំណើរ និង​ការ​ជួបជុំ ​ក៏​ដូចជា​ការ​ដាក់​ពង្រាយ​កម្លាំង​យោធា​នៅ​តាម​ព្រំដែន​កម្ពុជា-​ថៃ។

អ្នកនាំពាក្យរបស់​អគ្គលេខាធិការ លោក Stephane Dujarric បញ្ជាក់​តាម​ន័យ​ដើម​ថា៖ «អគ្គលេខាធិការ​សង្កត់​ធ្ងន់​លើ​ភាព​ចាំបាច់​នៃ​ការ​សន្ទនា​ដោយ​សន្តិវិធី​ក្នុង​ចំណោម​អ្នក​ពាក់ព័ន្ធ​ទាំងអស់ និង​សម្រាប់​បរិយាកាស​នយោបាយ​អំណោយ​ផល​ ដោយ​គ្មាន​ការបំភិត​បំភ័យ​ការ​យាយី និង​ការ​ភ័យ​ខ្លាច»។

លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​មួយ​រូប​ដែល​ត្រូវ​បាន​តុលាការ​កំពូល​កម្ពុជា​រំលាយ បាន​ប្រកាស​ពន្យារ​ពេល​ផែន​ការ​នៃ​ការ​វិល​ត្រឡប់​របស់​លោក ​ចូល​ទៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ បន្ទាប់​ពី​លោកអះអាង​ថា​ បុគ្គលិក​ក្រុមហ៊ុន​អាកាស​ចរណ៍​ថៃ (Thai Airways) មិន​អនុញ្ញាត​ឱ្យ​លោក​ឡើង​ជិះ​យន្តហោះ​ ដែល​លោក​គ្រោង​នឹង​ជិះ​ពី​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​ ឆ្ពោះ​ទៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ នៅ​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា​នេះ។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន​ ដែល​ចាត់​ទុក​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី​ និង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​ថា​ជា​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​គំរាម​ជាថ្មី​ទៀត​ថា ​រដ្ឋាភិបាល​របស់​លោក​នឹង​ចាប់​ខ្លួន​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​រូប​ណា​ដែល​ត្រៀម​ខ្លួន​ទៅ​ទទួល​ស្វាគមន៍​មាតុភូមិ​និវត្តន៍​លោក ​សម រង្ស៊ី ​នៅថ្ងៃ​ទី​៩ ខែ​វិច្ឆិកា។

យ៉ាង​ហោច​ណាស់​សកម្មជន និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ប្រមាណ​ជា​៦០​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​បទ​រួម​គំនិត​ក្បត់។

នៅ​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ អ្នកស្រី រ៉ូណា ស្មីត អ្នក​រាយ​ការណ៍​ពិសេស​អង្គការ​សហប្រជាជាតិស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ បង្ហាញ​ក្តី​បារម្ភអំពី​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល។ អ្នកស្រី​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​នូវ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​យោបល់​និង​ការ​ជួប​ប្រជុំ។

អ្នកស្រី​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​តាម​ន័យ​ដើម​ថា៖

«គេ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​មាន​ការ​ចាប់​ខ្លួន​ទាំង​ឡាយ ដោយ​គ្រាន់តែ​ផ្អែក​លើ​មូលហេតុ​នៃ​ការអនុវត្ត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​យោបល់ តាមរយៈ​ការ​ថ្លែង​សារ​នយោបាយ​និង​ការ​ធ្វើ​អត្ថាធិប្បាយ​ទៅ​លើ​កិច្ចការ​សាធារណៈ​ឡើយ។ ប្រទេស​កម្ពុជា​ត្រូវ​តែ​គោរព​កាតព្វកិច្ច​អន្តរជាតិ​របស់​ខ្លួន»។

អ្នកស្រី​បាន​ជំរុញ​ឲ្យ​រដ្ឋ​នានា ធ្វើការ​លើក​ទឹក​ចិត្តឲ្យ​មាន​កិច្ច​សន្ទនា​ប្រកប​ដោយ​សន្តិវិធី ដើម្បី​ដោះស្រាយ​ការ​ខ្វែង​គំនិត​គ្នា​និង​គោរព​ដល់​សេរីភាព​ក្នុង​ការធ្វើ​ដំណើរ។​ចំណែក​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ពីរ​នាក់​ គឺ​លោក Ed Markey និង​លោក Dick Durbin បាន​ស្នើ​ឲ្យ​មាន​សេចក្តី​សម្រេច​ទ្វេ​បក្ស​នៅ​សភា​អាមេរិក ដោយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឲ្យ​មេដឹកនាំ​ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​អាច​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ​ដោយ «សន្តិវិធី‍»៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG