ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​អំណាច​សុខចិត្ត​បាត់​បង់​ EBA ​តែ​មិន​ឲ្យ​បាត់​បង់​អំណាច


រូបឯកសារ៖ កម្មការិនីកំពុងធ្វើការនៅក្នុងរោងចក្រកាត់ដេរមួយដែលផលិតសម្លៀកបំពាក់ឲ្យក្រុមហ៊ុន H&M នៅខេត្តកណ្តាល កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។
រូបឯកសារ៖ កម្មការិនីកំពុងធ្វើការនៅក្នុងរោងចក្រកាត់ដេរមួយដែលផលិតសម្លៀកបំពាក់ឲ្យក្រុមហ៊ុន H&M នៅខេត្តកណ្តាល កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។

ក្រុម​អ្នក​ការពារ​សិទ្ធិ​កម្មករ​នៅ​ថ្ងៃសុក្រ​នេះ​ ប្រតិកម្ម​នឹង​ការ​អធិប្បាយ​របស់​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​បាន​ថ្លែង​ថា​ រដ្ឋាភិបាល​នឹង​រាំង​ខ្ទប់​មាតុភូមិនិវត្តន៍​របស់​ក្រុម​មេដឹកនាំ​គណបក្ស​ប្រឆាំង​ បើ​ទោះបីជា​កម្ពុជា​ត្រូវ​បាត់​បង់​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​ «គ្រប់​មុខទំនិញ​ទាំង​អស់​លើក​លែង​តែ​សព្វាវុធ»​ ឬ​ហៅ​កាត់​ថា (EBA) របស់​សហគមន៍​អឺរ៉ុប​ក៏​ដោយ។

នៅ​ក្នុង​កម្មវិធី​កិច្ច​ពិភាក្សា​អំពី​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​ការិយាល័យ​ព័ត៌មាន​របស់​សំឡេង​សហរដ្ឋ​អាមេរិក​ក្នុង​ទីក្រុង​ភ្នំពេញ​ លោក សុខ ឥសាន​ បាន​លើក​ឡើង​ថា​ រដ្ឋាភិបាល​គ្មានដំណោះស្រាយ​ខាង​នយោបាយ​ដែល​នឹង​ផ្តល់​ឱកាសឲ្យ​លោក​សម រង្ស៊ី​ និង​ក្រុម​សហសេវិក​របស់​លោក​ចូល​មក​ប្រទេស​កម្ពុជា​បាន​ទេ។ ហើយ​បើ​ទោះ​បី​ជា​ត្រូវ​ប្រឈម​នឹង​ការ​បាត់​បង់​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ EBAក្តី​ ក៏​អាជ្ញាធរ​កម្ពុជា​នឹង​ខ្ទប់​ច្រក​ធ្វើ​ដំណើរ​របស់​លោក​ សម រង្ស៊ី មិន​ឲ្យ​ជាន់​ទឹក​ដី​កម្ពុជា​បាន​ដាច់​ខាត។

លោក​ មឿន តុលា​ នាយក​ប្រតិបត្តិ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​ អង្គការ​សង់ត្រាល់​ ​(Central) សោក​ស្តាយ​ចំពោះ​ការ​អធិប្បាយ​របស់​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច។​ លោក​យល់​ថា​ ឆ្នាំង​បាយ​របស់​ប្រជាពលរដ្ឋ​ គួរ​តែ​ធំ​ជាង​ប្រយោជន៍​នយោបាយ​របស់​គណបក្ស។

«បើ​សិន​ជា​អ្នក​នយោបាយ​ណាមួយ​ ដែល​គាត់​សុខ​ចិត្ត​ទម្លាក់​ប្រយោជន៍​ជាតិ​ប្រយោជន៍​ប្រជាពលរដ្ឋ​ដាក់​នៅ​ដី​ ហើយ​លើក​យក​តែ​ប្រយោជន៍​បក្ស​ខ្លួន​ឯង​ ឬ​ក៏​ប្រយោជន៍​ក្រុម​គ្រួសារ​ខ្លួន​ឯង​យក​មក​រែក​ ហើយ​ធ្ងន់​ជាង​ប្រយោជន៍​ជាតិ ​អាហ្នឹង​គឺ​ មាន​ន័យ​ថា​ អ្នក​នយោបាយ​ហ្នឹង​គាត់​អត់​មាន​ឆន្ទៈ​នៅ ក្នុង​ការ​ស្រឡាញ់​ជាតិ​ពិតប្រាកដ​ទេ​ អត់មាន​ឆន្ទៈ​នៅ​ក្នុង​ការ​ស្រឡាញ់​ប្រជាពលរដ្ឋ​ពិតប្រាកដ​ទេ»។

នៅក្នុង​កម្មវិធី​កិច្ច​ពិភាក្សាអំពី​ដំណើរការ​ប្រជាធិបតេយ្យ​ដដែល​នោះ​ លោក សុខ ឥសាន​ ​ក៏​បាន​ព្រមាន​ថា​ ក្រុម​លោក​ សម រង្ស៊ី​ មាន​តែ​ចូល​ពន្ធនាគារ​ ប្រសិន​បើ​អាច​ឈាន​ចូល​ដល់​ទឹកដី​កម្ពុជា ព្រោះ​ក្រុម​ដែល​លោក​ចាត់​ទុក​ថា​ជា​ក្រុម​ចង្រៃ​នេះ​ មាន​បំណង​តែ​ម្យ៉ាង​ គឺ​ដណ្តើម​អំណាច​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។

«មក​មាន​តែ​ចូល​គុក តែ​ប៉ុណ្ណឹង​ទេ...អាហ្នឹង​បាន​ចប់​បញ្ហា​ ហើយ​ប្រជាជន​អត់​មាន​ទៅ​រពើត​រពើង​អី​ទេ​ គេ​យល់​បញ្ហា។ បាត់​ស្អី​ក៏ដោយ​ មិន​អាច​ស្អី​ក៏ដោយ​ មិន​អាច​យក​ឯករាជ្យ​ជាតិ​ និង​អធិបតេយ្យ​ភាព​ជាតិ​ ទៅ​ដោះ​ដូរ​ជាមួយ​ EBA ​បាន​ទេ​ ពីព្រោះ EBA​ ឆាប់​ ឬ​យូរ​គង់​តែ​បាត់​ដដែល​ទេ»។

លោក សុខ ឥសាន​ បន្ថែម​ថា ​កម្ពុជា​នឹង​បាត់​បង់​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ EBA​ នៅ​ពេល​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់។ លោក​កត់​សម្គាល់​ថា​ នៅ​តំបន់​អាស៊ីអាគ្នេយ៍​មាន​ប្រទេស​តែ​បី​ប៉ុណ្ណោះ​ ដែល​ទទួល​បាន​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​នេះ​ ដែល​រួម​មាន​ ខ្មែរ​ ឡាវ​ និង​ភូមា។

សហភាព​អឺរ៉ុប​កំពុង​ត្រៀម​ចេញ​សេចក្តី​រាយការណ៍​លើក​ទី​២ វាយ​តម្លៃ​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ក្រោម​ឋានៈ​អនុគ្រោះ​ពន្ធ​ EBA។

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ ​ឬហៅ​ថា​ (GMAC)​ បាន​ព្រមាន​ម្តង​ហើយ​ម្តង​ទៀត​ពី​ហានិភ័យ​នៃ​ការ​បាត់បង់​ឋានៈ​អនុគ្រោះ​ពន្ធ​ EBA របស់​កម្ពុជា។ GMAC និយាយ​ថា ​កម្ពុជា​នឹង​ប្រឈម​នឹង​ការ​បាត់បង់​ការងារ​នៅ​ឆ្នាំ​២០២០​ បើ​សិន​ជា​សហភាព​អឺរ៉ុប​សម្រេច​ផ្អាក​ ឬ​ដក​ឋានៈ​អនុគ្រោះ​ពន្ធ EBA ចេញ​ពី​កម្ពុជា​មែន​នោះ។

លោក ​អាត់​ ធន់​ ប្រធានសហភាព​ការងារ​កម្ពុជា ប្រាប់ VOA​ ​នៅ​ថ្ងៃ​សុក្រ​នេះថា​ ក្រុម​អ្នក​នយោបាយ​អាច​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​ណា​ក៏បាន​ដើម្បី​ឈ្នះ​ចាញ់ តែ​ការ​ប្រឈម​មុខ​គ្នា​នោះ​ មិន​ត្រូវ​ធ្វើ​ឲ្យ​ខាតប្រយោជន៍​ពលរដ្ឋ​និងកម្មករនោះទេ។

«ទោះបី​ជា​ឥទ្ធិពល​អ្នក​ទាំងពីរ​ និង​មាន​ជម្លោះ​គ្នា​ យក​ផល​ប្រយោជន៍​រៀង​ខ្លួន​យ៉ាង​ម៉េច​ផ្នែក​នយោបាយ​ យើង​អត់​ខ្វល់​ទេ​ ក៏ប៉ុន្តែ​ធ្វើ​ម៉េច​ ឲ្យ​តែ​ទប់​អា​ស្ថានភាព​ EBA ហ្នឹង​ជាប់​សម្រាប់​កម្មករ​ ព្រោះ​វា​បាត់​ចំណូល​ផង​ បាត់​ការងារ​ផង​ ហើយ​វា​អាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​អីជាតិ​ផង​ដែរ»។

សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ (GMAC) អះអាង​ថា​ គិត​ត្រឹម​ពាក់​កណ្តាល​ឆ្នាំ​២០១៩ តម្លៃ​នៃ​ការ​នាំ​ចេញ​ទៅ​កាន់​អឺរ៉ុប​បាន​ធ្លាក់​មក​ត្រឹម​តែ​ ៦០០​លាន​ដុល្លារ​អាមេរិក​ បើ​ធៀប​នឹង​ពាក់​កណ្តាល​ឆ្នាំ​មុន។ ការ​នាំ​ចេញ​ផលិត​ផល​កម្ពុជា​ទៅ​សហភាព​អឺរ៉ុប​ក្នុង​មួយ​ឆ្នាំៗ មាន​តម្លៃ​ជា​ទឹកប្រាក់​សរុប​ជាង​៥ពាន់​លាន​ដុល្លារ​អាមេរិក។ GMAC ជារឿយៗ​តែង​តែ​បង្ហាញ​ការ​ចង់​បន្ត​ឲ្យ​មាន​ប្រព័ន្ធឋានៈ​អនុគ្រោះ EBAនេះ។

ទោះយ៉ាង​ណា លោក​សុខ ឥសាន​ ដែល​ជា​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រជាជន​ផង​នោះ​ អះ​អាង​ថា​ រដ្ឋាភិបាល​បាន​រៀបចំ​ផែន​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​បាត់​បង់​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​នេះ។ លោក​ពន្យល់​ថា​ រដ្ឋាភិបាល​បាន​ត្រៀម​ចំណាយ​ទឹក​ប្រាក់​ប្រហែល​១០០​លាន​ដុល្លារ ​ក្នុង​មួយ​ខែ​ ដើម្បី​បង់​ពន្ធ​ឲ្យ​ទៅសហគមន៍​អឺរ៉ុប ប្រសិន​បើ​កម្ពុជា​របូត​បាត់​ EBA ​នោះ។

យោង​តាម​ការ​វាយ​តម្លៃ​របស់​ធនាគារ​ពិភព​លោក​កាល​ពី​ខែ​ឧសភា កម្ពុជា​អាច​នឹង​ខាត​បង់​ទឹកប្រាក់​យ៉ាង​ហោច​ណាស់​ចន្លោះ​ពី​ ៥០០​លាន​ដុល្លារ​អាមេរិក​ទៅ​ជាង​ ៦០០​ លាន​ដុល្លារ​អាមេរិក​ ក្នុង​មួយ​ឆ្នាំ ​ប្រសិន​បើ​សហភាព​អឺរ៉ុប​សម្រេច​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​ EBA ​ដល់​កម្ពុជា​នោះ។

សហភាព​អឺរ៉ុប​បាន​គំរាម​ដក​ហូត​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ EBA ​ពី​កម្ពុជា​ ប្រសិន​បើ​ប្រទេស​នេះ​មិន​អាច​ងាក​ទៅរក​ស្ថានភាព​ប្រជាធិបតេយ្យ​ ដែល​អង្គការ​សង្គម​ស៊ីវិល​និង​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​អាច​បន្ត​ការងារ​បាន​វិញ​ ដោយ​គ្មាន​ការ​យាយី​ពី​អាជ្ញាធរ ហើយ​សិទ្ធិ​នយោបាយ​ត្រូវ​បាន​ធានា​ដល់​ពលរដ្ឋ​គ្រប់​រូប៕

XS
SM
MD
LG