ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្វី​ដែល​ត្រូវ​ពិនិត្យ​មើល​នៅពេល​​សម័យ​ប្រជុំ​សភា​ចិន​កំពុង​ដំណើរការ


សភា​ប្រជាជន​ចិនប្រចាំឆ្នាំលើកទី១៤ ត្រូវបានរៀបចំ​ក្នុង​ទីក្រុង​ប៉េកាំង​កាលពីថ្ងៃទី​០៧ មីនា ឆ្នាំ២០២៤។
សភា​ប្រជាជន​ចិនប្រចាំឆ្នាំលើកទី១៤ ត្រូវបានរៀបចំ​ក្នុង​ទីក្រុង​ប៉េកាំង​កាលពីថ្ងៃទី​០៧ មីនា ឆ្នាំ២០២៤។

សភា​ប្រជាជន​ចិន​កំពុង​បើក​សម័យ​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ក្នុង​សប្តាហ៍​នេះ ដើម្បី​ពិភាក្សា​បញ្ហា​សេដ្ឋកិច្ច​និង​បញ្ហា​សំខាន់ៗមួយ​ចំនួន​ទៀត ​ដែល​ប្រទេស​នេះ​កំពុង​ប្រឈម​ដែល​ក្នុង​នោះ​ក៏​រួមមាន​វិបត្តិ​អចលនទ្រព្យ​ដ៏​សំខាន់​ផង​ដែរ​ ក្រោយ​ពីមាន​ការ រីកចម្រើន​អស់៤ទសវត្សរ៍​កន្លង​ទៅ ​ដែល​បាន​រុញ​ប្រទេស​នេះ​ទៅ​ក្នុង​មហា​អំណាច​សេដ្ឋកិច្ច​និង​ភូមិសាស្ត្រ​នយោបាយ។

បញ្ហា​ដ៏​សំខាន់​បំផុត​មួយ ​ដែល​គ្រប​ដណ្តប់​លើ​សម័យ​ប្រជុំ​សភា​របស់​ចិន​សម្រាប់​ឆ្នាំ ២០២៤ដែល​កំពុង​ដំណើរការ​ក្នុង​ពេល​នេះ​ គឺ​បញ្ហា​សេដ្ឋកិច្ច​របស់​ខ្លួន។

សមាជ​ជាតិ​របស់​ប្រជាជន​ចិន​ដែល​បាន​បើក​ធ្វើ​កាលពី​ថ្ងៃ​ទី៥ ខែ​មីនានេះ កំពុង​ត្រូវ​បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់ ក្រែង​មាន​សញ្ញា​បង្ហាញ​ណា​មួយ​ទៅលើអ្វី ដែល​គណបក្ស​កុម្មុយនីស្ត​របស់​ប្រទេស​នេះ​ អាច​នឹង​អនុវត្ត​ដើម្បី​ធ្វើឱ្យ​ប្រសើរ​ឡើង​វិញ​នូវ​សេដ្ឋកិច្ច​របស់​ខ្លួន​ដែល​កំពុង​ធ្លាក់ចុះ​នៅក្រោម​ទម្ងន់​នៃ​ការគ្រប់គ្រង​កាន់តែខ្លាំង​ឡើង​របស់​រដ្ឋាភិបាល ក៏ដូចជា​ការផ្ទុះឡើង​នូវ​វិបត្តិ​អចលនទ្រព្យ​ផង​ដែរ។

បើទោះបី​ជាយ៉ាងនេះ​ក្តី ក៏​ការណ៍​នេះ​មិន​មាន​ន័យ​ថា​បញ្ហា​ដទៃ​ផ្សេង​ទៀត ​នឹង​មិន​ត្រូវ​លើកយក​មក​ពិភាក្សា​នោះ​ឡើយ។ សំណើ​សុំ​បង្កើន​អាយុ​ចូល​និវត្តន៍​ ក៏​ត្រូវ​គេ​រំពឹង ទុក​ថា​ជា​ប្រធានបទ​ក្តៅគគុក​មួយ​ផង​ដែរ។ នេះបើ​តាម​ការចេញផ្សាយ​របស់​កាសែត​រដ្ឋ​ចិន Global Times កាលពី​ចុង​ខែ​កុម្ភៈកន្លង​ទៅ។ អ្នកឃ្លាំមើល​បញ្ហា​ប្រទេស​ចិន​នឹង​អាច​ឃើញ​ការពិភាក្សា​លើ​ថវិកា​ចំណាយ​ការពារ​ជាតិ​របស់ចិ​ន ក៏ដូច​ជា​លទ្ធភាព​នៃ​ការតែងតាំង​រដ្ឋមន្ត្រី​ការបរទេស​ចិន​ថ្មីមួយ​រូប​ផង​ដែរ។

ប៉ុន្តែ​បញ្ហា​សេដ្ឋកិច្ច​របស់​ចិន​ជា​អ្វី​ដែល​ស្ថិត​នៅក្នុង​ចិត្តរ​បស់​មនុស្ស​ស្ទើរ​តែទាំងអស់​ នៅ​ក្នុង​ប្រទេស​មួយ​ដែល​នឹង​អាច​មាន​ការផ្លាស់ប្តូរ​ជា​ខ្លាំង ក្រោយពី​រយៈពេល​៤​ទសវត្សរ៍​នៃ​ការរីកចម្រើន ​ដែលធ្វើ​ឱ្យប្រទេស​ចិន​ក្លាយជា​មហា​អំណាច​សេដ្ឋកិច្ច​និង​ភូមិសាស្ត្រ​នយោបាយ។ សម្រាប់​ពលរដ្ឋ​ចិន​ជា​ច្រើន ការបរាជ័យ​ក្នុង​ការស្តារ​សេដ្ឋ កិច្ច​ចិន​ឡើងវិញ​ក្រោយ​ជំងឺ​រាតត្បាត​កូវីដ១៩ ក្នុង​ឆ្នាំ២០២៣ កំពុង​ធ្វើឱ្យ​គេ​បារម្ភ​ពី​ជំនឿចិត្ត​ដែល​មាន​ជា​យូរ​មកហើយ​ក្នុង​ពេល​អនាគត។

សមាជ​របស់​ប្រជាជន​ចិន​ជា​ទូទៅ​គ្រាន់តែ​ជា​និមិត្តរូប​តែប៉ុណ្ណោះ ដែល​វា​មិន​មាន​អំណាច​ពិតប្រាកដ​ដើម្បី​សម្រេច​លើ​ច្បាប់​ណាមួយ​ទេ។ បើទោះជា​សមាជិក​សភា​ចិន​ធ្វើការ​បោះឆ្នោត​លើ​ច្បាប់​ក៏ដោយ ក៏ប៉ុន្តែ​គ្រាន់តែ​ជា​ការអនុម័ត​បង្គ្រប់​កិច្ច​ក្នុង​សំឡេង​ជា​ឯកច្ឆ័ន​ឬ​ស្ទើរ​តែ​ឯកច្ឆ័ន​លើ​សេចក្តីសម្រេចផ្សេងៗ ដែល​ត្រូវ​បាន​ស្នើឡើង​ដោយ​មេដឹកនាំ​បក្សកុម្មុយ​នីស្ត​ចិន​នៅក្នុង​កិច្ចប្រជុំ​បិទទ្វារ​តែ​ប៉ុណ្ណោះ។

សមាជ​នេះ​អាច​ជាវេទិកា​ដើម្បី​លើក​ជា​សំណើ​និង​គំនិត​ពិភាក្សា​ផង​ដែរ។ សមាជិក​សភា​ប្រជាជន​ចិន​ដែល​មាន​ចំនួន​ជិត៣ពាន់​នាក់​ត្រូវបាន​ជ្រើសរើស​ឡើង​ ដើម្បី​តំណាង​ក្រុម​ផ្សេងៗ រាប់តាំងពី​មន្ត្រី​រដ្ឋាភិបាល​និង​សមាជិក​បក្ស​ រហូតដល់​ប្រជា​កសិករ​និង​កម្មករ​ចំណាក​ស្រុក​ជាដើម។
ប៉ុន្តែ​លោក Alfred Wu អ្នក​ជំនាញ​ស្តីពី​អភិបាលកិច្ច​ក្នុង​ប្រទេស​ចិន​ជឿ​ថា​តួនាទី​សភា​បាន​ធ្លាក់ចុះ​ដោយសារ​អំណាច​មជ្ឈការ​ប្រមូលផ្តុំ​នៅក្រោម​មេដឹកនាំ​លោក Xi Jinping តែ​ម្នាក់។

លោក Wu ដែល​ជា​សាស្រ្តាចារ្យរង​នៃ​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី ​និង​ជាអតីត​អ្នក​កាសែតផង​ដែរ​នោះ​បាន​និយាយ​ថា«គ្រប់គ្នា​ដឹង​ថា​ការណ៍​នេះ​ជា​សញ្ញា​មកពី​ថ្នាក់​កំពូល។ នៅពេលដែល​ថ្នាក់​កំពូល​និយាយ​រឿង​អ្វី​មួយ ខ្ញុំ​ត្រូវតែ​និយាយ​ដូច​នឹង​ដែរ។ នៅពេល​ដែល​មេដឹកនាំថ្នាក់​កំពូល​នៅ​ស្ងៀម ខ្ញុំ​ក៏​ត្រូវតែ​នៅ​ស្ងៀម​ដែរ»។

ទោះបីជាយ៉ាងណាក៏ដោយ ក៏​របាយការណ៍​និង​សុន្ទរកថា​ក្នុង​អំឡុង​ពេល​នៃ​មហា​សន្និបាត​អាច​ផ្តល់​ការបង្ហាញ​ទិសដៅ​ក្នុង​ពេល​អនាគត​នៃ​គោលនយោបាយ​រដ្ឋាភិ បាល។

ខណៈ​ដែល​របាយការណ៍​និង​សុន្ទរថា​ធ្វើឡើងក្នុង​បំណង​មាន​លក្ខណៈ​ស្រប​ទៅនឹង​សេចក្តីប្រកាស​ក្នុង​ពេលកន្លង​ទៅ ក៏​គំនិត​ផ្តួចផ្តើម​សំខាន់​ថ្មីៗ ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​មហា​សន្និបាត​នេះ ដូចជា​សេចក្តីសម្រេចចិត្ត​ឆ្នាំ២០២០ជា​ដើម ក្នុង​ការអនុវត្ត​ច្បាប់​សន្តិសុខ​ជាតិ​សម្រាប់​ក្រុង​ហុងកុង ក្រោយពី​មាន​បាតុកម្ម​តវ៉ា​ធំៗ​ជា​ច្រើន​ប្រឆាំង​នឹង​រដ្ឋាភិបាល​នៅទី​នោះ​ក្នុង​ឆ្នាំ២០១៩៕

ប្រែសម្រួល​ដោយ​លោក ជ្រា វណ្ណរិទ្ធ

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG