ក្នុងគ្រាដែលតៃវ៉ាន់បានជ្រើសរើសមេដឹកនាំថ្មីដែលជាបេក្ខជនចិនមិនគាំទ្រ រដ្ឋាភិបាលកម្ពុជាបានបញ្ជាក់សាជាថ្មីថា កម្ពុជាប្រកាន់ខ្ជាប់គោលនយោបាយចិនតែមួយ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៤។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា កម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនតែមួយ ដោយទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន ជាអាជ្ញាធរស្របច្បាប់តែមួយគត់ តំណាងឱ្យប្រទេសចិនទាំងមូល។
ការប្រកាសរបស់កម្ពុជាកើតឡើង ក្រោយគណបក្ស Democratic Progressive Party ដែលជាគណបក្សកាន់អំណាចនៅកោះតៃវ៉ាន់បានឈ្នះការបោះឆ្នោតនៅអាណត្តិទី ៣ ជាបន្តទៀត កាលពីថ្ងៃសៅរ៍ ហើយលោក Lai Ching-te ដែលត្រូវបានមើលឃើញថា មិនរាក់ទាក់នឹងប្រទេសចិននឹងក្លាយជាប្រធានាធិបតីរបស់តៃវ៉ាន់នាពេលខាងមុខ។
លោក Lai បានបញ្ជាក់នៅក្នុងសុន្ទរកថាទទួលបានជ័យជម្នះរបស់លោកថា ជ័យជម្នះរបស់លោកកាលពីថ្ងៃសៅរ៍គឺជាជ័យជម្នះមួយសម្រាប់សហគមន៍ប្រជាធិបតេយ្យនៅលើពិភពលោក។
លោក Lai បានកត់សម្គាល់ថា ប្រជាជនតៃវ៉ាន់បានតតាំងយ៉ាងជោគជ័យប្រឆាំងនឹងការប៉ុនប៉ងរបស់កម្លាំងខាងក្រៅនៅក្នុងការជ្រៀតជ្រែកចូលក្នុងការបោះឆ្នោត។ លោកលើកឡើងដូច្នេះចង់សំដៅលើយុទ្ធវិធីជាទូទៅដែលចិនបានប្រើក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់រាប់ខែមុនការបោះឆ្នោត៕
វេទិកាបញ្ចេញមតិ