ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងប្រធានាធិបតីចិនលោក Xi Jinping មានគម្រោងសន្ទនាគ្នាតាមទូរស័ព្ទនៅរដូវផ្ការីកខាងមុខ រីឯរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Anthony Blinken វិញមានគម្រោងធ្វើដំណើរមួយលើកទៀតទៅកាន់ទីក្រុងប៉េកាំងនៃប្រទេសចិននៅឆ្នាំនេះ ស្របពេលដែលប្រទេសទាំងពីរបន្តទៅមុខនូវការទូតកម្រិតខ្ពស់បន្ថែមទៀតដើម្បីគ្រប់គ្រងការប្រកួតប្រជែងរបស់ពួកគេនៅក្នុងទំនាក់ទំនងទ្វេភាគី។
កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក Jake Sullivan និងរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានពិភាក្សាគ្នាអស់រយៈពេលជាង ១២ ម៉ោងក្នុងអំឡុងជំនួប ២ ថ្ងៃរបស់ពួកគេនៅក្នុងទីក្រុងបាងកកនៃប្រទេសថៃ។
មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកមួយរូបបាននិយាយថា «ទំនាក់ទំនងស្ងាត់ស្ងៀមដែលមិនប្រកាសជាសាធារណៈ» រវាងលោក Sullivan និងលោក Wang នេះគឺជា «វិធីសំខាន់មួយដើម្បីគ្រប់គ្រងការប្រកួតប្រជែងនិងភាពតានតឹងប្រកបដោយការទទួលខុសត្រូវ» រវាងប្រទេសទាំងពីរ។
មន្ត្រីរូបនោះក៏បានបញ្ជាក់ប្រាប់ VOA ផងដែរថា លោក Blinken នឹងធ្វើទស្សនកិច្ចម្ដងទៀតទៅកាន់រដ្ឋធានីប៉េកាំងនៅឆ្នាំនេះ។ លោក Blinken គឺជាមន្ត្រីគណៈរដ្ឋមន្ត្រីសហរដ្ឋអាមេរិកដំបូងបង្អស់ដែលបានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនកាលពីឆ្នាំមុន។ ហើយបន្ទាប់មក រដ្ឋមន្ត្រីការបរទេសចិនបានធ្វើទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកវិញ។
សេតវិមានបានបញ្ជាក់ថា ការពិភាក្សានៅក្នុងទីក្រុងបាងកកនៃប្រទេសថៃរវាងលោក Sullivan និងលោក Wang បានធ្វើឡើងដោយស្មោះត្រង់ មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កា។ លោកទាំងពីរបានពិភាក្សាអំពីបញ្ហានានានៅលើសាកលលោកនិងក្នុងតំបន់ ដូចជាសង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន បញ្ហានៅតំបន់មជ្ឈិមបូព៌ា បញ្ហាកូរ៉េខាងជើង បញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហាមីយ៉ាន់ម៉ាជាដើម។
ក្រសួងការបរទេសចិនបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសទាំងពីរនឹងប្រើប្រាស់ឱ្យបានល្អនូវបណ្តាញសារគមនាគមន៍យុទ្ធសាស្ត្រនៅពេលបច្ចុប្បន្ននេះដើម្បីដោះស្រាយបញ្ហារសើបនានាឱ្យបានត្រឹមត្រូវ។
កិច្ចប្រឹងប្រែងប្រឆាំងគ្រឿងញៀន
សហរដ្ឋអាមេរិកនិងចិននឹងរៀបចំការប្រជុំក្រុមការងារផ្លូវការមួយអំពីការប្រឆាំងគ្រឿងញៀននៅក្នុងទីក្រុងប៉េកាំងពីថ្ងៃទី ៣០ ដល់ទី ៣១ ខែមករានេះ។
នៅពេលដែលសហរដ្ឋអាមេរិកនិងចិនបានបន្តឡើងវិញនូវកិច្ចសហប្រតិបត្តិការប្រឆាំងគ្រឿងញៀន មន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា សហរដ្ឋអាមេរិកឃើញមានការថយចុះនូវចំនួនសារធាតុគីមីដើមដែលមានប្រភពមកពីប្រទេសចិននៅតាមអាកាសយានដ្ឋានខ្លះរបស់សហរដ្ឋអាមេរិក។
មន្ត្រីសហរដ្ឋអាមេរិកបានកំណត់ប្រទេសចិនថាជាប្រភពដ៏សំខាន់នៃសារធាតុគីមីដើមដែលប្រើនៅក្នុងការធ្វើសំយោគថ្នាំញៀនហ្វេនតានីល (Fentanyl) ដោយក្រុមឧក្រិដ្ឋកម្មគ្រឿងញៀននៅក្នុងប្រទេសម៉ិកស៊ិក។
ក្រុមការងារនេះមានគោលបំណងបញ្ឈប់លំហូរគ្រឿងញៀនសំយោគនិងសារធាតុគីមីដើមចូលក្នុងសហរដ្ឋអាមេរិក ដែលលំហូរនេះបានរួមចំណែកនៅក្នុងវិបត្តិថ្នាំញៀនហ្វេនតានីល។
រដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា
នៅពេលស្ថិតនៅក្នុងទីក្រុងបាងកក លោក Sullivanបានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីថៃលោក Srettha Thavisin និងរដ្ឋមន្ត្រីការបរទេសថៃលោក Parnpree Bahiddha-Nukara។
មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកមួយរូបបានប្រាប់ VOA ថា ពួកគេបានពិភាក្សាអំពីវិបត្តិកំពុងបន្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងកិច្ចប្រឹងប្រែងដើម្បីផ្តល់ជំនួយមនុស្សធម៌ដល់ពលរដ្ឋមីយ៉ាន់ម៉ា។
សង្គ្រាមស៊ីវិលបានឆាបឆេះនៅមីយ៉ាន់ម៉ានៅក្រោយរដ្ឋប្រហារយោធាថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១។ រដ្ឋប្រហារនោះបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យដែលដឹកនាំដោយអ្នកស្រី Aung San Suu Kyy ចេញពីអំណាច។
មន្ត្រីរូបនោះបានកត់សម្គាល់ថា៖ «វាជាការត្រឹមត្រូវដែលអាចនិយាយបានថា ចិនពិតជាមានឥទ្ធិពលនៅក្នុងតំបន់នោះ។ យើងសង្ឃឹមថានឹងមានការពិភាក្សាបន្ទាប់នៅកម្រិតទាបនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍និងប៉ុន្មានខែខាងមុខ ដោយសារមានភាពចាំបាច់នៅក្នុងការរក្សាការផ្តោតលើការជំរុញឱ្យមានការត្រឡប់ទៅរកមាគ៌ាប្រជាធិបតេយ្យឡើងវិញនៅក្នុងប្រទេសមីយ៉ាន់ម៉ា»។
ការពិភាក្សាអំពីបច្ចេកវិទ្យា AI និងយោធានៅពេលខាងមុខ
បន្ថែមពីលើនេះ សហរដ្ឋអាមេរិកនិងចិនកំពុងត្រៀមលក្ខណៈសម្រាប់ការសន្ទនាអំពីបច្ចេកវិទ្យា AI នៅរដូវផ្ការីកខាងមុខ ក៏ដូចជាការពិភាក្សារបស់ក្រុមការងារប្រឆាំងគ្រឿងញៀននៅក្នុងទីក្រុងប៉េកាំងនៅសប្តាហ៍ក្រោយផងដែរ។
ប្រទេសទាំងពីរក៏នឹងរៀបចំការប្រជុំអំពីកិច្ចព្រមព្រៀងប្រឹក្សាយោបល់ដែនសមុទ្រយោធានៅរដូវផ្ការីកខាងមុខ ដែលនឹងធ្វើឡើងស្របពេលដែលមានការផ្លាស់ប្ដូរយោបល់រវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរនិងរវាងមេដឹកនាំបញ្ជាការដ្ឋានរួមសហរដ្ឋអាមេរិកនិងមេដឹកនាំបញ្ជាការដ្ឋានរួមចិនផងដែរ។
លោក Sullivan និងលោក Wang បានពិភាក្សាគ្នាប្រហែលជារៀងរាល់ ៤ ខែម្ដងនៅក្រៅសហរដ្ឋអាមេរិកចាប់តាំងពីខែឧសភាឆ្នាំមុនមក។
លោកទាំងពីរបានជួបពិភាក្សាគ្នានៅក្នុងទីក្រុងវីយែននៃប្រទេសអូទ្រីសពីថ្ងៃទី ១០ ដល់ទី ១១ ខែឧសភា ឆ្នាំ ២០២៣ នៅក្នុងប្រទេសម៉ាល់ត៍ពីថ្ងៃទី ១៦ ដល់ទី ១៧ ខែកញ្ញា ឆ្នាំ ២០២៣ និងនៅក្នុងទីក្រុងបាងកកប្រទេសថៃពីថ្ងៃទី ២៦ ដល់ទី ២៧ ខែមករាឆ្នាំនេះ។
លោកទាំងពីរក៏បានពិភាក្សាគ្នាផងដែរនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីខែតុលាឆ្នាំមុនក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក Wang នៅសហរដ្ឋអាមេរិក៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន
វេទិកាបញ្ចេញមតិ