ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

លោក Biden ព្រមាន​លោក Putin អំពី​ការ​បង្កើន​កងទ័ព​រុស្ស៊ី​នៅ​ជិត​ព្រំដែន​អ៊ុយក្រែន


រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ថ្លែង​អំពី​ការងារ​ និង​សេដ្ឋកិច្ច​នៅ​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ប្រាប់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា សហរដ្ឋ​អាមេរិក​មាន​ការ​ព្រួយ​បារម្ភ​អំពី «ការ​បង្កើន​យោធា» របស់​រដ្ឋាភិបាល​រុស្ស៊ី​នៅ​តាម​បណ្តោយ​ព្រំដែន​ជាប់​ប្រទេស​អ៊ុយក្រែន និង​នៅ​ក្នុង​តំបន់ Crimea។ លោក Biden បាន​ស្នើ​ឲ្យ​រុស្ស៊ី «បន្ធូរបន្ថយ​ភាព​តានតឹង»។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​សេតវិមាន។

សេតវិមាន​បាន​លើកឡើង​ដូច្នេះ​ថា៖ «លោក​ប្រធានាធិបតី Biden បាន​បញ្ជាក់​អំពី​ការ​តាំងចិត្ត​មិន​ងាករេ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​របស់​ប្រទេស​អ៊ុយក្រែន»។

សេតវិមាន​មិន​បាន​បញ្ជាក់​អំពី​ប្រតិកម្ម​របស់​លោក Putin ចំពោះ​ការ​លើកឡើង​របស់​លោក Biden នេះ​ទេ។

រុស្ស៊ី​បាន​ភ្ជាប់​យក​តំបន់ Crimea របស់​ប្រទេស​អ៊ុយក្រែន​នៅ​ឆ្នាំ ២០១៤។ សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​បស្ចិម​ប្រទេស​បាន​ថ្កោលទោស​ការ​ដណ្ដើម​កាន់កាប់​នេះ ប៉ុន្តែ​មិន​បាន​ធ្វើ​អ្វី​ដើម្បី​រារាំង​នោះ​ទេ។

ចាប់​តាំងពី​ពេល​នោះ​មក ក្រុម​ផ្ដាច់​ខ្លួន​ដែល​គាំទ្រ​ដោយ​រុស្ស៊ី​នៅ​ក្នុង​តំបន់ Donetsk ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន បាន​ប្រយុទ្ធ​ជាមួយ​កងទ័ព​អ៊ុយក្រែន។

អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​ថា មនុស្ស​ប្រហែល ១៣.០០០ នាក់ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​នៅ​ប្រទេស​អ៊ុយក្រែន ដែល​ក្នុង​នោះ អ្នក​ស្លាប់​ប្រហែល ១ ភាគ ៤ គឺជា​ជន​ស៊ីវិល។

សហរដ្ឋ​អាមេរិក​បាន​ប៉ាន់​ប្រមាណ​ថា កាលពី​ពេល​ថ្មីៗ​នេះ រុស្ស៊ី​បាន​ប្រមូលផ្តុំ​កងទ័ព​ប្រហែល ៤.០០០ នាក់​នៅ​ជិត​ព្រំដែន​ជាប់​ប្រទេស​អ៊ុយក្រែន។

យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​សេតវិមាន លោក Biden បាន​ស្នើ​ឲ្យ​មាន​កិច្ច​ប្រជុំ​រវាង​សហរដ្ឋ​អាមេរិក​និង​រុស្ស៊ី «នៅ​ក្នុង​ប្រទេស​ទី ៣ នៅ​ក្នុង​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​នានា​ដែល​សហរដ្ឋ​អាមេរិក​និង​ប្រទេស​រុស្ស៊ី​ប្រឈម»៕

XS
SM
MD
LG