ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ភ្ជាប់​បញ្ហា​អត់ឃ្លាន ទៅនឹង​ជម្លោះ ការប្រែប្រួល​អាកាសធាតុ និង​ជំងឺ​កូវីដ១៩


រូបឯកសារ៖ កុមារ​ដាក់​ចាន​របស់​ពួកគេ​ទទួល​យក​ម្ហូបអាហារ​ក្នុង​អំឡុង​ពេល​កម្មវិធី​ផ្តល់​អាហារ​ថ្ងៃត្រង់ ដែល​ចាប់ផ្តើម​ឡើង​ដោយ​អង្គការ​យូនីសេហ្វ និង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក ​នៅ​ប្រទេស​ស៊ូដង់​ខាងត្បូង កាលពី​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩។
រូបឯកសារ៖ កុមារ​ដាក់​ចាន​របស់​ពួកគេ​ទទួល​យក​ម្ហូបអាហារ​ក្នុង​អំឡុង​ពេល​កម្មវិធី​ផ្តល់​អាហារ​ថ្ងៃត្រង់ ដែល​ចាប់ផ្តើម​ឡើង​ដោយ​អង្គការ​យូនីសេហ្វ និង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក ​នៅ​ប្រទេស​ស៊ូដង់​ខាងត្បូង កាលពី​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩។

មន្រី្ត​កម្ម​វិធី​ស្បៀង​អាហារ​ពិភព​លោក​និយាយ​ថា​​ គេ​មាន​ការ​បារម្ភ​ថា​ ​មនុស្ស​​ដែល​នឹង​ស្លាប់​ដោយ​សារ​គ្រោះ​ទុរ្ភិក្ស​​ដែល​បណ្តាល​មកពីបញ្ហា​សេដ្ឋកិច្ច​ដែល​រង​ប៉ះពាល់​ដោយ​សារ​​ជំងឺ​កូវីដ១៩​ នឹង​មាន​ច្រើន​ជាង​ការ​ស្លាប់​ដោយ​សារ​ការ​រាត​ត្បាត​នៃ​ជំងឺ​នេះ។

អង្គការ​កម្ម​វិធី​ស្បៀង​អាហារ​ពិភពលោក​លើក​ឡើង​ថា​ ​ប្រទេស​ជា​ច្រើន​ដែល​ទទួល​រង​ប៉ះ​ពាល់​ដោយ​សារ​ជម្លោះ ដោយ​សារ​ជំងឺ​កូវីដ១៩​ និងការ​ប្រែប្រួល​អាកាស​ធាតុ​នោះ​ កំពុង​ជួប​ប្រទះ​នូវ​ភាព​អត់​ឃ្លាន​កម្រិត​ខ្ពស់​ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ ដែល​គំរាម​កំហែង​ជីវិត​មនុស្ស​រាប់​ពាន់​នាក់​ ដែល​ពុំ​មាន​ស្បៀង​អាហារ​គ្រប់​គ្រាន់​សម្រាប់​បរិភោគ។​

មន្រី្ត​កម្ម​វិធី​ស្បៀង​អាហារ​ពិភព​លោក​និយាយ​ថា គេ​មាន​ការ​បារម្ភ​ថា​ ​មនុស្សដែល​នឹង​ស្លាប់​ដោយ​សារ​គ្រោះ​ទុរ្ភិក្សដែល​បណ្តាល​មកពីបញ្ហា​សេដ្ឋកិច្ច​ដែល​រង​ប៉ះពាល់​ដោយ​សារជំងឺ​កូវីដ១៩​ នឹង​មាន​ច្រើន​ជាង​ការ​ស្លាប់​ដោយ​សារ​ការ​រាត​ត្បាត​នៃ​ជំងឺ​នេះ។ ​ជំងឺ​កូវីដ១៩​ រហូត​មក​ដល់​ពេល​នេះ​ បាន​ឆ្លង​ដល់​មនុស្ស​ជាង​៣០​លាន​នាក់​ហើយ​នៅ​ជុំវិញ​ពិភព​លោក​ ហើយ​មាន​មនុស្ស​ជិត​មួយ​លាន​នាក់​ បាន​ស្លាប់​ដោយ​សារ​ជំងឺ​នេះ។​

អង្គការ​កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក​ព្រមាន​ថា​ មនុស្ស​ក្នុង​ប្រទេស​ជា​ច្រើន​ដែល​មាន​ជម្លោះ​កំពុង​ហៀប​នឹង​មាន​គ្រោះ​ទុរ្ភិក្ស​ ដោយ​សារ​តែ​វិធាន​ការ​បិទ​ប្រទេស​ ក្នុង​ការ​ទប់​ស្កាត់​ការ​រាត​ត្បាតនៃ​វីរុស​កូរ៉ូណា​ ដែល​នេះ​ជា​ការ​បំផ្លាញ​នូវ​ឱកាស​ការ​ងារ​ និង​ជីវភាព​របស់​ប្រជា​ពលរដ្ឋ។​ ជាឧទាហរណ៍​ កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក​លើក​ឡើង​ថា​ មនុស្ស​ប្រមាណ​២២​លាន​នាក់​ក្នុង​សាធារណរដ្ឋ​ប្រជា​ធិបតេយ្យ​កុងហ្គោ ​ត្រូវ​គេ​រំពឹង​ថា​ នឹង​ប្រឈម​នឹង​វិបត្តិ​អត់​ស្បៀង​អាហារ​ ដោយ​សារ​តែ​អំពើ​ហិង្សា​ដែល​បន្ត​កើន​ឡើង​ គួបផ្សំ​នឹង​ជំងឺ​កូវីដ១៩។​

លោក​ Tomson Phiri​ អ្នក​នាំ​ពាក្យ​កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក​បាន​លើក​ឡើង​ថា​ ជម្លោះ​ច្រើន​ឆ្នាំ​ដែល​បង្កើត​ឲ្យ​មាន​ភាព​អត់​ឃ្លាន​ក្នុង​ប្រទេស Yemen ​ នោះ​ បាន​ធ្វើ​ឲ្យ​ប្រទេសដែល​មាន​ពលរដ្ឋ​ជាង​៣០​លាន​នាក់នេះ ងាយ​ទទួល​រង​គ្រោះ​ដោយ​សារ​ជំងឺ និង​ការ​ស្លាប់​ដោយ​សារការ​ឆ្លង​នៃ​ជំងឺ​កូវីដ១៩​នេះ។​

លោក ​ Tomson Phiri​ បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖​

«ពល​រដ្ឋ​ប្រមាណ​២០​លាន​នាក់​ មាន​ការ​ខ្វះ​ខាត​ស្បៀង​អាហារ​ជា​ខ្លាំង​ ដោយ​សារ​សង្គ្រាម​ ការ​ដួល​រលំ​នៃ​សេដ្ឋ​កិច្ច ​និង​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​រូបិយ​បណ្ណ​ជា​ដើម​ ដែល​នេះ​បាន​ធ្វើ​ឲ្យ​តម្លៃ​ស្បៀង​អាហារ​មាន​ការ​ឡើង​ខ្ពស់​ និង​បំផ្លាញ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សារធារណៈ​ជា​ដើម។ ​យើង​ជឿ​ជាក់​ថា ​ ចំនួន​មនុស្ស​ប្រមាណ​៣លាន​នាក់​បន្ថែម​ទៀត​ អាច​ជួប​គ្រោះ​ទុរ្ភិក្ស​ដោយ​សារ​វីរុស​កូរ៉ូណា»។

លោក​ Phiri​ ដែល​ពេល​ថ្មីៗ​នេះ​ ជា​អ្នក​នាំ​ពាក្យ​របស់​កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក​ក្នុង​ប្រទេស​ស៊ូដង់​ខាង​ត្បូងបាន​និយាយ​ថា លោក​មាន​ការ​បារម្ភ​ពី​ផល​ប៉ះពាល់​ដោយ​សារ​ជំងឺ​កូវីដ១៩​ ទៅ​លើ​ពលរដ្ឋ​ដែល​មាន​ភាព​ទន់​ខ្សោយ​ ដោយ​សារ​អំពើ​ហិង្សា​ឥត​ឈប់​ឈរ ​ដែល​បាន​កើត​ឡើង​ច្រើន​ឆ្នាំ​មក​ហើយ​នោះ។​

លោក​បន្ត​ទៀត​ថា​៖

«សេដ្ឋកិច្ចប្រទេស​ស៊ូដង់​ខាង​ត្បូង​បាន​ធ្លាក់​ចុះ​តាំង​ពី​មុន​មាន​ការ​ឆ្លង​រាត​ត្បាត​នៃ​ជំងឺ​កូវីដ១៩​ម៉្លេះ​ ​ដោយ​មនុស្ស​ប្រមាណ​៦,៥​លាន​នាក់​ ត្រូវ​គេ​រំពឹង​ថា នឹង​ប្រឈម​ការ​ខ្វះ​ខាត​ស្បៀង​អាហារ​ នៅ​ពេល​ដែល​រដូវ​កាល​នៃ​ភាព​អត់​ឃ្លាន​ក្នុង​ខែ​កក្កដា​កើន​ឡើង​ខ្ពស់។ ​យើង​ទាំង​អស់​គ្នា​បាន​គិត​ថា​ យើង​នឹង​ស្ថិត​នៅ​លើ​មាគ៌ា​មួយ​ទៅ​រក​សន្តិភាព​ក្នុង​ប្រទេស​ស៊ូដង់​ខាង​ត្បូង​ ហើយ​នៅ​ពេល​នោះ​ស្រាប់​តែ​មាន​អំពើ​ហិង្សា​កើត​មាន​ឡើង​ភ្លាមៗ។ ​ពេល​នេះ​ យើង​មាន​អំពើ​ហិង្សា​ដែល​នៅ​កើត​មាន​ឡើង​វិញ​ និង​មាន​អំពើ​ឃោរ​ឃៅ​ជា​ច្រើន​កើត​ឡើង​ក្នុង​រដ្ឋ​ចុងឡេ (Jonglei)»។​

ពេល​នេះ​ ជា​រដូវ​ដែល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​ប្រទេស​ស៊ូដង់​ខាងត្បូង។​ លោក​ Phiri ​ ថ្លែង​ថា រដ្ឋ​ Jonglei ​កំពុង​រង​គ្រោះ​ដោយ​ទឹកជំនន់ សេដ្ឋ​កិច្ច​កំពុង​ប្រឈម​ការ​លំបាក​ជម្លោះ​ និង​ជំងឺ​កូវីដ១៩​ជាដើម។​ លោក​និយាយ​ថា ​មនុស្ស​រាប់​លាន​នាក់​ក្នុង​ប្រទេស​នីហ្សេរីយ៉ា​ បួគីណាហ្វាសូ​ និង​ប្រទេស​ដទៃ​ជា​ច្រើន​ទៀត​ កំពុង​ប្រឈម​នឹង​វិបត្តិ​ជំងឺ​កូវីដ១៩​ ក្នុង​កម្រិត​ខ្ពស់​ដែល​បង្កើត​ឲ្យ​មាន​ភាព​អត់​ឃ្លាន។ ​លោក​ព្រមាន​ថា​ មនុស្ស​ជា​ច្រើន​នឹង​ស្លាប់​ដោយ​សារ​តែ​ពុំ​មាន​លទ្ធភាព​រក​អាហារ​បំពេញ​ក្រពះ​របស់​ខ្លួន​បាន៕

ប្រែសម្រួល​ដោយ​លោក ​ជ្រា វណ្ណារិទ្ធ

XS
SM
MD
LG