ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​សិក្សា​មួយ​រក​ឃើញ​ថា​ ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩​ ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់​ចំណូល ​និង​បង្កើន​បំណុល


រូបឯកសារ៖ ពលករ​ចំណាកស្រុក​ខ្មែរ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​វិញ លី​បាវ​ឥវ៉ាន់​របស់​លោក​ដាក់​លើ​រថយន្ត​ឈ្នួល ជិះ​ទៅ​កាន់​ស្រុក​កំណើត​របស់​លោក​នៅ​ខេត្ត​កំពង់ស្ពឺ ក្នុង​ដំណើរ​ចេញ​ពី​ច្រក​ព្រំដែន​អន្តរជាតិ​ខ្មែរ​ថៃ នៅ​ប៉ោយប៉ែត ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៤។

ការ​ឆ្លង​រាតត្បាត​ជា​សកល​នៃ​ជំងឺ​កូវីដ១៩​ បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​នៅ​ប្រទេស​កម្ពុជា​បាត់បង់​ប្រាក់​ចំណូល​ និង​ងាក​ទៅ​បង្កើន​បំណុល​បន្ថែម​ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​មូលដ្ឋាន ​ដូច​ជា​ការ​ចាយ​វាយ​ប្រចាំ​ថ្ងៃ។​ នេះ​បើ​តាម​ការ​សិក្សា​មួយ​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​អង្គការ​វេទិកា​អនាគត​ និង​ក្រុមហ៊ុន​អង្គរ​ស្រាវជ្រាវ​ និង​ផ្តល់​ប្រឹក្សា​ (Angkor Research and Consulting Ltd)​ ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ។​

ក្រុម​អ្នក​ស្រាវជ្រាវ​ បាន​ធ្វើ​ការ​សិក្សា​ទៅលើ​គ្រួសារ​ចំនួន​១០៨៧ ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​ខេត្ត​ចំនួន​បួន​រួមមាន​ ខេត្ត​កំពត​ សៀមរាប​ ស្វាយរៀង​ និង​កំពង់ស្ពឺ ​ដើម្បី​ឲ្យ​ដឹង​ពី​«ផល​ប៉ះពាល់​ខាង​សេដ្ឋ​កិច្ច​បណ្តាល​មក​ពី​ជំងឺ​កូវីដ១៩»។​ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​សម្ភាស​មេភូមិ​ចំនួន​៥៤​នៃ​រាជធានី​ ខេត្ត​ទាំង​នោះ​ និង​ធ្វើ​ការ​សម្ភាស​ចំនួន​១១៣៤​លើក​ផ្សេង​ទៀត​ជាមួយ​ពលរដ្ឋ​ចាប់​តាំង​ពី​ខែ​មករា​ ដល់​ខែ​មេសា​ ឆ្នាំ​២០២០។​

លទ្ធផល​នៃ​ការ​ចុះ​ទៅ​សម្ភាស​មេភូមិ​ទាំង​នោះ​បាន​ឲ្យ​ដឹង​ថា​ ជិត​៩៦​ភាគ​រយ​នៃ​ពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​ដោយ​ជំងឺ​កូវីដ១៩​បាន​បាត់បង់​ការងារ​ ហើយ​ជាង​៤៤​ភាគ​រយ​ត្រូវ​បង្កើន​បំណុល​ ខណៈ​ដែល​ជិត​៣៩​ភាគ​រយ​បាន​បិទ​ការ​រកស៊ី។​

ក្នុង​ចន្លោះ​ពេល​នៃ​ការ​ស្រាវជ្រាវ​ពី​ខែ​មករា​ដល់​ខែ​មេសា​ ឆ្នាំ​២០២០​នេះ​ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា​ គ្រួសារ​ជា​មធ្យម​ បាន​ប្រឈម​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល​ដល់​ទៅ​៤០​ភាគរយ។ ​លើស​ពី​នេះ​ ការ​សិក្សា​ស្រាវជ្រាវ​ដដែល​ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា​ មួយ​ភាគបី​នៃ​ប្រាក់​កម្ចី​ថ្មី​ដែល​ពលរដ្ឋ​បាន​ទទួល​ក្នុង​ខែ​មេសា​នោះ​ គឺ​យក​មក​ទូទាត់​សង​បំណុល​ដទៃ​ទៀត​ និង​គាំទ្រ​ដល់​ចំណាយ​នានា​ប្រចាំ​ថ្ងៃ។ ​

លោក​ អ៊ូ វីរៈ​ ស្ថាបនិក​នៃ​អង្គការ​វេទិកា​អនាគត​ ប្រាប់​វីអូអេ​នៅ​ការិយាល័យ​របស់​លោក​ក្នុង​ទីក្រុង​ភ្នំពេញ​ថា​ អ្វី​ដែល​ជា​ផ្នែក​សំខាន់​នៃ​ការ​រក​ឃើញ​នៅ​ក្នុង​ការ​ស្រាវជ្រាវ​ និង​ចងក្រង​ទិន្នន័យ​ជុំទី​មួយ​នេះ​ គឺ​ការ​បាត់បង់​ប្រាក់​ចំណូល​របស់​ប្រជា​ពលរដ្ឋ​ និង​បញ្ហា​នៃ​សុវត្ថិភាព​ស្បៀង​អាហារ។​ លោក​យល់​ថា ជម្រើស​ដែល​ល្អ​បំផុត​សម្រាប់​រដ្ឋាភិបាល​ក្នុង​ការ​ជួយ​ប្រជា​ពលរដ្ឋ​ក្រីក្រ​នោះ​ គឺ​ផ្តល់​ជា​ថវិកា​ ដើម្បី​ទ្រទ្រង់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ។

«ដោយសារ​គាត់​បាត់​បង់​ការងារ​មួយ​ចំនួនគាត់​ចាប់​ផ្តើម​ទៅ​ធ្វើ​កសិកម្ម​ នៅ​ពេល​ដែល​គាត់​មាន​ដី។បើសិន​ជា​គាត់​មាន​ដី​ គាត់​ចាប់​ផ្តើម​ពង្រឹង​ កសិកម្ម​របស់​គាត់​ ​នោះ​បញ្ហា​ស្បៀង​អាហារ​ អសនិ្តសុខ​ស្បៀង​អាហារ​ អាច​កាត់​បន្ថយ​វិញ។​ ប៉ុន្តែ​ប្រាក់​ចំណូល​របស់​គាត់​ ក៏​ប្រហែល​ជា​នៅ​ ទាប។​ វា​នឹង​ប្រឈម​បញ្ហា​ដែរ។​ អ៊ីចឹង​បើ​រដ្ឋាភិបាល​ ជួយ​ជំនួយ​ទៅ​លើ​ថវិកា​ ការ​ចែក​ថវិកា​ទៅ​ ID poor ​ប្រជា​ពលរដ្ឋ​ក្រីក្រ​ហ្នឹង​គឺ​ អាច​ជា​ជម្រើស​មួយ​ដែល​ល្អ​បំផុត​នៅ​ពេល​បច្ចុប្បន្ន​នេះ»។​

មេ​ដឹកនាំ​អង្គការ​សង្គមស៊ីវិល​រូប​នេះ​ឲ្យ​ដឹង​បន្ថែម​ថា​ ទោះបី​មាន​ការ​សង​បំណុល​យឺតយ៉ាវ​យ៉ាង​ណាក្តី​ ក៏​ការ​ខ្ចី​ប្រាក់ ​និង​សង​ប្រាក់​តាម​ប្រព័ន្ធ​ធនាគារ​ និង​មីក្រូ​ហិរញ្ញ​វត្ថុ​ មិន​ទាន់​ជួប​ហានិភ័យ​ធំដុំ​នោះ​ដែរ។​ លោក​ថា​ ចំនួន​គ្រួសារ​ដែល​សង​បំណុល​មិន​ទាន់​ពេល​នោះ​ គឺ​នៅ​មាន​តិចតួច​នៅ​ឡើយ។ ​ប៉ុន្តែ​លោក​ថា​ បញ្ហា​តូចតាច​នេះ​អាច​រីក​ធំ​បាន ​ប្រសិន​បើ​គ្មាន​យន្តការ​ឆ្លើយតប​ទាន់​ពេល​វេលា​នោះ។

បទ​បង្ហាញ​របស់​លោក​ Ian Ranage ​អ្នក​ស្រាវជ្រាវ​នៃ​ក្រុមហ៊ុន​អង្គរ​ស្រាវជ្រាវ​ និង​ផ្តល់​ប្រឹក្សា​នៅ​ឯ​ការិយាល័យ​របស់​អង្គការ​វេទិកា​អនាគត​ក្នុង​ទីក្រុង​ភ្នំពេញ​នៅថ្ងៃ​ពុធ​នេះបាន​ឲ្យ​ដឹង​ថា​ ​ពលរដ្ឋ​៥៥,៧​ភាគ​រយ​នៃ​ក្រុម​គ្រួសារ​ក្នុង​ភូមិ​ចំនួន​៥៤​ ត្រូវ​ការ​បំផុត​នោះ​ គឺ​លុយកាក់​ហើយ​ពលរដ្ឋ​ប្រមាណ​២៤,៥​ភាគ​រយ​ទៀត​ ត្រូវការ​ស្បៀងអាហារ។​ ក្រៅ​ពី​នេះ ​ប្រមាណ​៤,៥​ភាគរយ​នៃ​ក្រុម​គ្រួសារ​ក្នុង​ភូមិ​ទាំង​នោះ​ត្រូវការ​ការ​ពន្យារ​ពេល​សង​បំណុល ​និង​ ប្រមាណ​៤,៥​ភាគរយ​ទៀត​ត្រូវការ​ថ្នាំពេទ្យ​ ហើយ​និង​ការ​ថែទាំ​សុខភាព។​

លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​អំពី​ផល​ប៉ះពាល់​ខាង​សេដ្ឋកិច្ច​បណ្តាល​មក​ពី​ជំងឺ​កូវីដ១៩​ដោយ​អង្គការ​វេទិកា​អនាគត​ និង​ក្រុមហ៊ុន​អង្គរ​ស្រាវជ្រាវ​ និង​ផ្តល់​ប្រឹក្សា​ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​ក្នុង​ចន្លោះ​ខែ​មករា​ និង​ខែ​មេសា​ឆ្នាំ​២០២០​មាន​ការ​បិទ​ អាជីវកម្ម​រក​ស៊ី​លក្ខណៈ​គ្រួសារ​ចំនួន​១០៨៣​កន្លែង។ ​ បើ​គិត​ពី​ខែ​មករា​ដល់​ខែ​មេសា​ឆ្នាំ​២០២០​ចំនួន​គ្រួសារ​ដែល​រាយ​ការណ៍​ថា​ ​ពួក​គេ​មាន​ការ​យឺតយ៉ាវ​ក្នុង​ការ​សង​បំណុល​នោះ​បាន​កើន​ឡើង​ដល់​ទៅ​២៣០​ភាគ​រយ។ ​ ហើយ​ការ​ផ្ញើប្រាក់​ពី​សាច់​ញាតិ​ និង​សមាជិក​ក្រុម​គ្រួសារ​ក្នុង​រយៈ​ពេល​ដូច​គ្នា​នេះ​ ក៏​បាន​ថយ​ពី​ចំនួន​មធ្យម​១៥០​ដុល្លារ​ មកត្រឹម​១០០​ដុល្លារ​អាមេរិក។

លោក​អ៊ូ វីរៈ​ (ឈរ​ខាង​ឆ្វេង​បង្អស់) ស្ថាបនិក​នៃ​អង្គការ​វេទិកា​អនាគត​ ធ្វើបទបង្ហាញអំពីការសិក្សានៃផលប៉ះពាល់​ខាង​សេដ្ឋកិច្ច​ដោយសារ​ជំងឺកូវីដ១៩​ នៅ​ការិយាល័យ​របស់​លោក​ក្នុងទីក្រុង​ភ្នំពេញ​ ថ្ងៃទី​២២ ខែកក្កដា​ ឆ្នាំ​ ២០២០។ (រូបថត​ពី​វេទិកា​អនាគត)​
លោក​អ៊ូ វីរៈ​ (ឈរ​ខាង​ឆ្វេង​បង្អស់) ស្ថាបនិក​នៃ​អង្គការ​វេទិកា​អនាគត​ ធ្វើបទបង្ហាញអំពីការសិក្សានៃផលប៉ះពាល់​ខាង​សេដ្ឋកិច្ច​ដោយសារ​ជំងឺកូវីដ១៩​ នៅ​ការិយាល័យ​របស់​លោក​ក្នុងទីក្រុង​ភ្នំពេញ​ ថ្ងៃទី​២២ ខែកក្កដា​ ឆ្នាំ​ ២០២០។ (រូបថត​ពី​វេទិកា​អនាគត)​

កាល​ពី​ខែ​មិថុនា​ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ផ្តល់​ជំនួយ​ជា​សាច់​ប្រាក់​ដល់​គ្រួសារ​ក្រីក្រ ​និង​ងាយ​រងគ្រោះ​ចំនួន​ជាង​ ៥៦ ​ម៉ឺន​គ្រួសារ​ ឬ​ស្មើ​នឹង​ជាង ​២ ​លាន ​៣ ​សែន​នាក់ ​ក្នុង​គ្រា​មាន​វិបត្តិ​ជំងឺ​កូវីដ១៩​នេះ ​ ​ហើយ​ថា​ ​ចំនួន​អ្នក​ក្រីក្រ​នេះ​អាច​នឹង​កើន​ឡើង​ថែម​ទៀត ​ដោយ​រដ្ឋ​ត្រូវ​ចំណាយ​ថវិកា ​២៥ ​លាន​ដុល្លារ​ក្នុង​មួយ​ខែ​ សម្រាប់​ពួក​គេ។

លោក​ ថេង បញ្ញាធន ​ប្រតិភូរាជ​រដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​អគ្គ​នាយក​ផែនការ​នៃ​ក្រសួង​ផែនការ​ បាន​ប្រាប់​វីអូអេ​ថា​ បើ​តាម​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​ពលរដ្ឋ​ដែល​ទីទាល់​ក្រ​នេះ​ នឹង​បន្ត​រហូត​ ដរាបណា​ វិបត្តិ​ជំងឺ​កូវីដ១៩​នេះ​មិន​មាន​ភាព​ប្រសើរ​ឡើង។​

«ការ​ជួយ​ឧបត្ថម្ភ​របស់​រាជ​រដ្ឋាភិបាល​ទៅ​ដល់​ប្រជាជន​ទាំងអស់​នោះ​ គឺ​យើង​មិន​កំណត់​ថា​រយៈ​ពេល​ណា​ទេ​ គឺ​សម្តេច​បាន​ប្រកាស​ហើយ​ បើ​សិន​ការ​ រង​នូវ​ផល​ប៉ះពាល់​ដោយសារ​កូវីដ១៩​នេះ​ វា​អូស​បន្លាយ​ អាហ្នឹង​ គឺ​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​របស់​រាជ​រដ្ឋាភិបាល​ គឺ​ឧបត្ថម្ភ​បន្ត​រហូត»។​

លោក​បន្ថែម​ថា ​ នៅ​ថ្ងៃទី​២៥ ​ខែ​កក្កដា​ខាង​មុខ​នេះ​នឹង​មាន​ប្រជា​ពលរដ្ឋ​ចំនួន​ជាង​៦១​ម៉ឺន ​៣​ពាន់​គ្រួសារ​នឹង​ទទួល​ការ​ឧបត្ថម្ភ​សាច់​ប្រាក់​ពី​រដ្ឋាភិបាល​ ដែល​អាច​ផ្តល់​ប្រមាណ​ជា​២៨​លាន​ដុល្លារ​អាមេរិក។ ​

របាយ​ការណ៍​របស់​ធនាគារ​ពិភពលោក​ចេញ​ផ្សាយ​កាល​ពី​ចុង​ខែ​ឧសភា ​ឲ្យ​ដឹង​ថា​ដោយ​សារ​ជំងឺ​កូវីដ១៩ភាព​ក្រីក្រ​ក្នុង​ឆ្នាំ ​២០២០ ​អាច​នឹង​កើន​ឡើង​ពី​៣​ទៅ ​១១​ភាគ​រយ ​ប្រសិន​បើ​អ្នក​ដែល​ស្ថិត​ក្នុង​វិស័យ​រង​ផល​ប៉ះពាល់​បន្ត​បាត់បង់​ចំណូល​អស់​៥០​ភាគ​រយ​ក្នុង​រយៈ​ពេល ​៦​ខែ ​ជាប់​គ្នា។ ​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដឹង​ថា ​អត្រា​ភាព​ក្រីក្រ​របស់​កម្ពុជា​បច្ចុប្បន្ន​នេះ​មាន​ជាង ​១០​ភាគ​រយ។

បើ​តាម​របាយ​ការណ៍​របស់​ធនាគារ​ពិភពលោក​ ជំងឺ​កូវីដ​នេះ​ធ្វើ​ឲ្យ​ការងារ​របស់​ប្រជា​ពលរដុ្ឋ​កម្ពុជា​យ៉ាង​តិច​ ១,៧៦​លាន​នាក់ ​ស្ថិត​ក្នុង​ហានិភ័យ។ ​ចំណែក​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​ព្យាករណ៍​ថា ​ សេដ្ឋកិច្ច​កម្ពុជា​អាច​ធ្លាក់​ចុះ​ក្នុង​រង្វង់​-៥,៥% ​ក្នុង​ឆ្នាំ ​២០២០​ នេះ​ ដោយសារ​តែ​ការ​ថយ​ចុះ​នៃ​សកម្មភាព​ក្នុង​វិស័យ​ទេសចរណ៍​ សំណង់​ និង​ការនាំ​ចេញ​សម្លៀក​បំពាក់ ​ស្បែកជើង ​និង​សម្ភារៈ​ធ្វើ​ដំណើរ។ ​ការ​ធ្លាក់​ចុះ​នេះ​អាច​នឹង​នាំ​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​ប្រមាណ ១,៣​លាន​នាក់​ទៀត​ធ្លាក់​ក្នុង​ភាព​ក្រីក្រ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG