ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពិភពលោក​មិន​ទាន់​បាន​ត្រៀម​ខ្លួន​ដើម្បី​ប្រឈម​ជាមួយ​នឹង​បដិវត្តន៍​ឧស្សាហកម្ម​លើក​ទី​៤​នៅ​ឡើយ


លោក Klaus Schwab ដែល​ជា​ស្ថាបនិក និង​ប្រធាន​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​បង្ហាញ​ពី​សៀវភៅ​របស់​លោក​ ដែល​មាន​ចំណងជើង​ថា «បដិវត្តន៍​ឧស្សាហកម្ម​លើក​ទី៤» ក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​ក្រុង Cologny កាលពី​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦។
លោក Klaus Schwab ដែល​ជា​ស្ថាបនិក និង​ប្រធាន​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​បង្ហាញ​ពី​សៀវភៅ​របស់​លោក​ ដែល​មាន​ចំណងជើង​ថា «បដិវត្តន៍​ឧស្សាហកម្ម​លើក​ទី៤» ក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​ក្រុង Cologny កាលពី​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦។

លោក​ Klaus Schwab ​និយាយ​ថា ​ការ​បញ្ចូល​គ្នា​នៃ​ភាព​ជឿន​លឿន​ផ្នែក​បច្ចេកវិទ្យា​ផ្សេងៗ​នឹង​ក្លាយ​ជា​ការ​យក​ចិត្ត​ទុកដាក់​មួយ​នៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់​វេទិកា​មួយ​​នៅ​សប្តាហ៍​ក្រោយ នៅ​ក្នុងប្រទេស​ស្វ៊ីស។

លោក​ Klaus Schwab ​ស្ថាបនិក​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​និយាយ​ថា ​ការ​បញ្ចូល​គ្នា​នៃ​ភាព​ជឿន​លឿន​ផ្នែក​បច្ចេកវិទ្យា​ផ្សេងៗ​ដែល​កំពុង​ផ្លាស់​ប្តូរ​ពិភពលោកមិន​ធ្លាប់​មាន​ពី​មុន​មក នឹង​ក្លាយ​ជា​ការ​យក​ចិត្ត​ទុកដាក់​មួយ​នៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់​វេទិកា​នេះ​នៅ​សប្តាហ៍​ក្រោយ នៅ​ក្នុង​ភូមិ​ Swiss Alpine​ ក្រុង ​Davos​ ប្រទេស​ស្វ៊ីស។

មេដឹកនាំ​ជាង​២.៥០០រូប​ មក​ពី​វិស័យ​ធុរៈកិច្ច​ (ជំនួញ) ពី​ជួរ​រដ្ឋាភិបាល គ្រឹះស្ថាន​សិក្សា សង្គម​ស៊ីវិល ស្ថាប័ន​សារព័ត៌មាន​ និង​វិស័យ​សិល្បៈ ​នឹង​មក​ជួប​ប្រជុំ​គ្នា​ដើម្បី​ជជែក​ដេញ​ដោល​លើ​បញ្ហា​សំខាន់ៗ​នៅ​ក្នុង​ក្រុង ​Davos។

មាន​កិច្ច​ពិភាក្សា​ជាង​៣០០​ដែល​នឹង​ផ្តោត​លើ​បញ្ហា​សំខាន់ៗ​ ​ពាក់​ព័ន្ធ​នឹង​សន្តិសុខ​សកល ​វិបត្តិ​ជន​ភៀស​ខ្លួន​និង​ទេសន្តរប្រវេសន៍​ ភាព​តាន​តឹង​លើ​ភូមិសាស្រ្ត​នយោបាយ ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​សេដ្ឋកិច្ច​សកលលោក ដែល​ជា​ផ្នែក​នៃ​របៀបវារៈ​ផ្លូវ​ការ។

កិច្ច​ពិភាក្សា​ដែល​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ជាង​គេ​គឺ​ទៅ​លើ​អ្វី​ដែល​លោក ​Klaus Schwab​ ស្ថាបនិក​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ហៅ​ថា​«បដិវត្តន៍​ឧស្សាហកម្ម​លើក​ទី៤»។ លោក​ Schwab​ និយាយ​ថា បដិវត្តន៍​នេះ​កើត​ឡើង​ដោយ​សារ​ភាព​ជឿនលឿន​នៃ​ភាព​ឆ្លាត​វៃ​របស់​កម្មវិធី​កុំព្យូទ័រ​ ការ​ប្រើប្រាស់​មនុស្ស​យន្ត​ យានយន្ត​ដើរ​ដោយ​ស្វ័យ​ប្រវត្តិ ​ការ​បោះពុម្ភលក្ខណៈ​3-D​ បច្ចេកវិទ្យា​ណាណូ និង​វិទ្យាសាស្ត្រ​ក្នុង​វិស័យ​ផ្សេងៗ​ទៀត។ ​

លោក​និយាយ​ថា មនុស្ស​នា​ពេល​បច្ចុប្បន្ន​នេះ​ មិន​មាន​ពេល​វេលា​ច្រើន​ដូច​នៅ​ក្នុង​បដិវត្តន៍​ឧស្សាហកម្ម​មុនៗ​ទេ​ ដើម្បី​សម្រប​ខ្លួន​ទៅ​នឹង​ភាព​ជឿន​លឿន​នៃ​បច្ចេកវិទ្យា​ដែល​កំពុង​តែ​រីកចម្រើន​យ៉ាង​លឿន​នោះ។

«បដិវត្តន៍​លើក​ទី៤​នេះ​កើត​ឡើង​មក​លើ​យើង​ដូច​ព្យុះ​ស៊ូណាមី​ អីចឹង។ យើង​មិន​អាច​ប្រៀបធៀប​ល្បឿន​របស់​វា​ជាមួយ​នឹង​បដិវត្តន៍​មុនៗ​បាន​ទេ ហើយ​ល្បឿន​នៃ​បដិវត្តន៍​លើក​នេះ​គឺ​លឿន​មែន​ទែន​ ដែល​នឹង​ធ្វើ​ឲ្យ​សហគមន៍​នយោបាយ​ពិបាក ឬ​មិន​អាច​បង្កើត​បទដ្ឋាន​ច្បាប់​និង​បញ្ញត្តិ​ចាំបាច់​នានា​ដើម្បី​គ្រប់គ្រង​វា»។

លោក Schwab និយាយ​ថា បច្ចេកវិទ្យា​មនុស្ស​យន្ត​បង្កើត​ថ្មី​ ដូចជា​រថយន្ត​បញ្ជា​ដោយ​ខ្លួន​ឯង នឹង​ធ្វើ​ឲ្យ​បាត់​បង់​ឱកាស​ការងារ និង​លុប​បំបាត់​មនុស្ស​វណ្ណៈ​កណ្តាល​ជាច្រើន ដែល​ជា​សសរ​ស្នូល​នៃ​ប្រព័ន្ធ​ប្រជាធិបតេយ្យ។

«ក្តី​បារម្ភ​របស់​ខ្ញុំ​គឺ​ថា​ ប្រសិន​បើ​យើង​មិន​ទាន់​ត្រៀម​ខ្លួនទេ​នោះ ​ហើយ​យើង​មាន​ការ​ប្រមូល​ផ្តុំ​ទៅ​លើ​តែ​ការងារ​ដែល​មាន​កម្រិត​ខ្ពស់​ ការងារ​ដែល​ទាមទារ​ការ​ច្នៃ​ប្រឌិត​ខ្ពស់ និង​ការងារ​ដែល​ត្រូវ​ការ​សេវាកម្ម​តិច​តួច ​នេះ​នឹង​បណ្តាល​ឲ្យ​មាន​បញ្ហា​មួយ​ទៀត​គឺការ​បែងចែក​សង្គម​ថ្មី​មួយ ដែល​យើង​ត្រូវ​តែ​ចៀស​វាង​ឲ្យ​បាន»។

លោក​ Schwab​ និយាយ​ថា​ រដ្ឋាភិបាល​ទាំង​ឡាយ​ត្រូវ​តែ​បង្កើត​បញ្ញត្តិ​ច្បាប់​ចាំបាច់​នានា​ក្នុង​ពេល​ឥឡូវ​នេះ​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដែល​លោក​បាន​គិត​ទុក​ថា​ នឹង​កើត​មាន​ឡើង​ដោយសារ​ការ​ផ្លាស់​ប្តូរ​ទាំង​នេះ។ លោក​ព្រមាន​ថា ​បើ​សិន​ជា​ខកខាន​មិន​បាន​បង្កើត​ច្បាប់​ការពារ​នោះ​ទេ វា​នឹង​បណ្តាល​ឲ្យ​មាន​ភាព​តាន​តឹង​ក្នុង​សង្គម​ និង​មាន​ជម្លោះ​នា​ពេល​អនាគត៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG