ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បដិវត្តន៍​ដ៏​ស្ងៀមស្ងាត់​ខាង​ទិន្នន័យ​នៅ​អ៊ូហ្គង់ដា


ផែនទី​ប្រទេស​អ៊ូហ្គង់ដា នៅ​ភាគ​កណ្តាល​ទ្វីប​អាហ្វ្រិក

នៅ​ប្រទេស​អ៊ូហ្គង់ដា​ ការ​អាច​ទទួល​បាន​ទិន្នន័យ​រដ្ឋាភិបាល ​កំពុង​តែ​ប្រែ​ផ្លាស់​ទិដ្ឋភាព​នៃ​ការ​យក​ព័ត៌មាន​ និង​ការ​ផ្តល់​សិទ្ធិ​ដល់​សហគមន៍។ មធ្យោបាយ​សម្រាប់​ស៊ើបអង្កេត​ទៅ​លើ​កញ្ចប់​ថវិកា​នានា​ និង​ការ​តាមដាន​គម្រោង​ផ្សេងៗ​ពី​សំណាក់​ប្រជាជន​ក្នុង​ស្រុក​ បាន​បង្កើត​ជា​សហគមន៍​មួយ​ដែល​ពឹង​ផ្អែក​លើ​ទិន្នន័យ​ (information-driven) ដែល​កំពុង​តែ​ផ្លាស់ប្តូរ​អត្ថន័យ​នៃតម្លាភាព​របស់​រដ្ឋាភិបាល។

ពិភព​ទិន្នន័យ​រដ្ឋាភិបាល ​កម្រ​ត្រូវ​បាន​ពណ៌នា​ថាគួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់។ ប៉ុន្តែ​សម្រាប់​ក្រុមអ្នកសារព័ត៌មាន​ទិន្នន័យ​ ឬ data journalists និងអ្នកជំនាញ​បច្ចេកវិទ្យា​អ៊ូហ្គង់ដា​ថ្មី​មួយ ចំនួន​ប្រព័ន្ធ​ទិន្នន័យ​ដែល​កំពុង​ចាប់​ផ្តើម​បញ្ចេញ​ទិន្នន័យនៅ​ទូទាំង​ប្រទេស​ គឺ​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍។

កន្លែង​ផ្ទុក​ទិន្នន័យ​ ដែល​មាន​នូវ​បណ្តុំ​ព័ត៌មាន​ដ៏​សម្បូណ៌​បែប លើ​កញ្ចប់​ថវិកា​ពី​អង្គការ​ផ្តល់​ជំនួយ ទីភ្នាក់ងារ​រដ្ឋាភិបាល​ និង​អង្គការ​សង្គម​ស៊ីវិល​ កំពុង​ជួយ​បង្កើត​នូវ​បែបផែន​ការ​ទទួល​ខុសត្រូវ​ថ្មី​មួយ​នៅ​ពាសពេញ​ប្រទេស។

ទោះ​បី​ជា​ការ​ពិនិត្យ​មើលព័ត៌មាន​ដែល​មាន​រាប់​ពាន់​សន្លឹក​ គឺ​ជា​កិច្ចការ​លំបាក​មួយ មធ្យោបាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណែត​ថ្មី​មួយ​នេះ​ ដែល​ភាគ​ច្រើន​នៃ​ព័ត៌មាន​នោះ​អាច​ទាញ​យក​បាន​ដោយ​ឥត​គិត​ថ្លៃ​កំពុង​តែ​ធ្វើ​ឲ្យ​ដំណើរការ​នេះ​មាន​លក្ខណៈ​ងាយ​ជាង​មុន។ ព័ត៌មាន​ដែល​ពី​មុន​មក​បាន​ទាមទារ​ពេលវេលា​ច្រើន​ដើម្បី​រក​ អាច​ត្រូវ​ប្រែ​សម្រួល​ជា​កថាខណ្ឌ​ងាយ​អាន​នៅ​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​នាទី​តែ​ប៉ុណ្ណោះ។

ការ​ជំរុញ​ទៅ​កាន់​ព័ត៌មាន​បើក​ចំហ​ គឺ​ជា​ផ្នែក​មួយ​នៃ​អ្វី​ដែល​បំផុស​អតីត​អ្នកសារព័ត៌មានស៊ើបអង្កេត​ លោក​ Edward Sekyewa ឲ្យ​បង្កើត​នូវ​អង្គការ​ព័ត៌មាន​ស៊ើបអង្កេត Hub for Investigative Media។ លោក​ Sekyewa បាន​ចំណាយ​ពេលវេលាប្រចាំ​ថ្ងៃ​របស់​លោក ​ឆែក​ព័ត៌មាន​ក្នុង​របាយការណ៍​រដ្ឋាភិបាល។ ប្រសិន​បើ​លោក​ជួប​ប្រទះ​នឹង​ទិន្នន័យ​ដែល​បាត់បង់​ លោក​នឹង​ដាក់​សំណើ​សម្រាប់​ទិន្នន័យ​នោះ។

ច្បាប់​ទទួល​បាន​ព័ត៌មាន​ឆ្នាំ​២០០៥​ របស់​ប្រទេស​អ៊ូហ្គង់ដា​ចែង​ថា​ ទីភ្នាក់ងារ​រដ្ឋាភិបាល​ត្រូវ​តែ​ឆ្លើយតប​នឹង​សំណើ​សុំ​ព័ត៌មាន​នៅ​ក្នុង​រយៈពេល​២១​ថ្ងៃ​ ហើយ​អនុញ្ញាត​ឲ្យ​រក្សា​ទុក​ព័ត៌មាន​តែ​ក្នុង​ករណីដើម្បី​ការពារ​បូរណភាព​ទឹកដី​ សន្តិសុខ​ជាតិ​ ឬ​ផលប្រយោជន៍​ឯកជន​តែ​ប៉ុណ្ណោះ។ នៅ​ដើម​ខែ​កុម្ភៈ លោក​ Sekyewa បាន​ឈ្នះ​ក្តី​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​មួយ​ប្រឆាំង​នឹង​អាជ្ញាធរ​រុក្ខា​ប្រមាញ់​អ៊ូហ្គង់ដា នៅ​ពេល​ដែល​អាជ្ញាធរ​នោះ​មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​របស់​លោក​សម្រាប់​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​ផ្គត់ផ្គង់​គ្រឿង​សម្ភារៈពន្លត់អគ្គិភ័យ។

លោក Sekyewa​ បកស្រាយ​ពី​ហេតុផល​ដែល​បញ្ហា​ទាំង​នោះ​មាន​សារៈសំខាន់​សម្រាប់​រូប​លោក។

«ខ្ញុំ​ពិត​ជា​គិត​ថា​ អ្នក​សារព័ត៌មាន​នៅ​ទី​នេះ​មិន​បាន​ប្រើ​ច្បាប់​ដែល​មាន​ឲ្យ​ពេល​លេញ​ទេ។ ជា​ពិសេស​នោះ​ គឺ​ច្បាប់​ទទួល​បាន​ព័ត៌មាន​ និង​ក្រមច្បាប់អ្នក​ដឹកនាំ។ ហើយ​ខ្ញុំ​បាន​រក​ឃើញ​ថា​ ច្បាប់​ទាំង​នោះ​ពិត​ជា​ផ្នែក​យ៉ាង​សំខាន់​នៃ​ការ​អនុវត្តច្បាប់​ ដែល​អាច​មាន​សារៈសំខាន់​មិន​ត្រឹម​តែ​សម្រាប់​ការ​ទទួល​បាន​ព័ត៌មាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សម្រាប់​ការ​ពាំនាំ​យក​នូវ​ការ​ទទួល​ខុស​ត្រូវ​របស់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ការ​ព្យាយាម​ធានា​ថា​ ប្រទេស​នេះ​ត្រូវ​បានដឹកនាំ​នៅ​ក្នុង​បែបផែន​មួយ​ប្រកប​ទៅ​ដោយ​ការ​ទទួល​ខុសត្រូវ​និង​តម្លាភាព។ នេះ​ពិត​ជា​សំខាន់​ណាស់។ នេះ​ជា​សសរ​ទ្រូង​នៃ​ការ​ចូលរួម​សាធារណៈ​នៅ​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល។ ដូចនេះ​តើ​អ្នក​អាច​ចូល​រួម​បាន​យ៉ាង​ដូច​ម្តេច នៅ​ពេល​ដែល​អ្នក​មិន​សួរ​រក​ព័ត៌មាន​នោះ»។

ទិន្នន័យ​បើក​ចំហ​ ក៏​កំពុង​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​ក្រុម​អ្នក​ជំនាញ​ព័ត៌មានវិទ្យា​ ដើម្បី​បង្កើត​ជា​មធ្យោបាយ​សម្រាប់​ប្រជាជន​ទូទៅ។ គេហទំព័រ​ដូច​ជា Ask Your Government Uganda បាន​ជួយ​ភ្ជាប់​ទំនាក់ទំនង​ប្រជាជន​ទៅនឹង​ទីភ្នាក់ងារ​រដ្ឋាភិបាល​ចំនួន​៧៦​ផ្សេង​ទៀត។ គេហទំព័រ​និង​កម្មវិធី​កុំព្យូទ័រ​ដទៃ​ទៀត​ ដែល​តាមដាន​មតិ​សាធារណៈ​ចំពោះ​បញ្ហា​សង្គម​ លំហូរ​ថវិកា​ជំនួយ និង​កញ្ចប់​ថវិកា​ចំណាយ​ក៏​បាន​ទទួល​ប្រជាប្រិយភាព​ផង​ដែរ។

Emmanuel Opio អ្នក​ជំនាញ​បច្ចេកវិទ្យា​វ័យ​ក្មេង​មួយរូប បាន​និយាយ​ថា​ នៅ​ខណៈ​ដែល​ប្រព័ន្ធ​ទាំង​នេះ​នៅ​មាន​លក្ខណៈ​ថ្មី​ថ្មោង​នៅ​ឡើយ​ ប្រជាជន​អ៊ូហ្គង់ដា​កំពុង​តែ​ធ្វើ​ការ​សម្រប​ខ្លួន​យ៉ាង​លឿន​ទៅ​នឹង​តម្រូវ​ការ​សម្រាប់​ទិន្នន័យ។

«យើង​កំពុង​តែ​ទៅ​ដល់​ទី​នោះ ហើយ​ច្បាស់​ណាស់​ដែល​អាជីព​របស់​ខ្ញុំ​នឹង​ត្រូវ​ផ្លាស់ប្តូរ។ ខ្ញុំ​នឹង​ធ្វើ​ការ​ជំរុញ​នៅ​ក្នុង​ផ្នែក​ទាញ​យក​ព័ត៌មាន​ឲ្យ​សាធារណជន។ ខ្ញុំ​នឹង​ធ្វើ​ការ​វិភាគ​ទិន្នន័យ​ទាំង​នោះ​ ព្រោះ​ខ្ញុំ​មិន​ចង់​ឲ្យ​សាធារណជន​មាន​ការ​លំបាក​ក្នុង​ការ​វិភាគ​ទិន្នន័យ​នោះ​ទេ។ ហើយ​ខ្ញុំ​គ្រាន់​តែ​ចង់​ឲ្យ​ពួកគេ​ឃើញ​ និង​ធ្វើ​សេចក្តី​សម្រេច​ផ្សេងៗ​ចេញ​ពី​ទិន្នន័យ​នោះ។ ធាតុ​ពិត​ផ្សេងៗ​ពី​ទិន្នន័យ​ដែល​មាន​ក្នុង​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ​លើ​អ៊ិនធឺណែត ហើយ​យើង​នឹង​ទាញ​យក​ធាតុ​ពិត​ទាំង​នោះ​ចេញ​មក។ ហើយ​ខ្ញុំ​គ្រាន់​តែ​សង្ឃឹម​ថា​ មាន​អ្នក​បង្កើត​កម្មវិធី​កុំព្យូទ័រ​ច្រើន​ថែម​ទៀត​នឹង​ចូលរួម​សហការ​និង​ធ្វើ​វា​ឲ្យ​កើត​ឡើង»។

ការ​ងាយ​ទទួល​បាន​ព័ត៌មាន​ និង​ប្រភព​ឯកសារ​ផ្សេងៗ​កំពុង​តែ​ប្រែផ្លាស់​នូវ​របៀប​ដែល​មនុស្ស​មួយ​ចំនួន​យល់​ឃើញ​ពី​ការ​ទទួល​ខុសត្រូវ​របស់​រដ្ឋាភិបាល​នៅ​ប្រទេស​អ៊ូហ្គង់ដា។ ហើយ​ជាមួយ​នឹង​ការ​ដែល​រដ្ឋាភិបាល​ចេញ​ផ្សាយ​ព័ត៌មាន​កាន់​តែ​ច្រើន​ជាង​ពេល​មុនៗ វិស័យ​នេះ​ទំនង​ជា​នឹង​បន្ត​រីក​ចម្រើន​ថែមទៀត៕

ប្រែសម្រួល​ដោយ ណឹម សុភ័ក្ត្របញ្ញា

XS
SM
MD
LG