ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យើង​អាច​បញ្ចប់​ជំងឺ​អេដស៍​នៅ​ពេល​ឥឡូវ​នេះ ​លើក​លែង​តែ​ស្នាម​ទុរយ៌ស ការ​ភ័យ​ខ្លាច ​និង​ភាព​ល្ងង់​ខ្លៅ


ក្រុម​អ្នកចូលរួម​កាន់​បដា​ក្នុង​ទម្រង់​ជា​បូ​ក្រហម​ ដែល​ជា​និមិត្ត​សញ្ញា​នៃ​ការ​លើក​កម្ពស់​ការ​យល់​ដឹង ​និង​គាំទ្រ​អ្នក​ដែល​​មាន​ផ្ទុក​​មេរោគ​ហ៊ីវ នៅ​ទីក្រុង​ Kolkata ប្រទេស​ឥណ្ឌា កាល​ពី​ថ្ងៃទី​៣០ វិច្ឆិកា ២០១៨។

អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា​ ការភ័យ​ខ្លាច ​ស្នាម​ទុរយ៌ស ​​និង​ ភាព​ល្ងង់​ខ្លៅ​ គឺ​ជា​មូល​ហេតុ​ដែល​ការ​រាល​ដាល​ជំងឺ​អេដស៍ ​មិន​ទាន់​ចប់។

នៅ​ថ្ងៃ​ទី១ ​ខែ​ធ្នូ ​យើង​ប្រារព្ធ​ទិវា​ប្រឆាំង​ជំងឺ​អេដស៍​លើក​ទី៣០។​ មាន​ការ​ជឿនលឿន​យ៉ាងច្រើន​ក្នុង​រយៈ​ពេល​ជាង​៣០​ឆ្នាំ​កន្លង​មក​នេះ ​ក៏ប៉ុន្តែ​មនុស្ស​នៅ​តែ​ស្លាប់​ដោយ​សារការ​ឆ្លង​ជំងឺ​នេះថ្មី​ជា​រៀង​រាល់​ថ្ងៃ។

អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា​ ការភ័យ​ខ្លាច ​ស្នាម​ទុរយ៌ស និង​ ភាព​ល្ងង់​ខ្លៅ​ គឺ​ជា​មូល​ហេតុ​ដែល​ការ​រាល​ដាល​ជំងឺ​អេដស៍ ​មិន​ទាន់​ចប់។ មិន​ទាន់​មាន​ការ​ព្យាបាល​ឲ្យ​ជា​សះ​ស្បើយ​នៅ​ឡើយ​ទេ ​ក៏ប៉ុន្តែ​ពួក​អ្នក​វិទ្យា​សាស្រ្ត​អាច​ព្យាបាល​មេរោគ​ហ៊ីវ​ដែល​ជាមេ​រោគ​បណ្តាល​ឲ្យ​កើត​ជំងឺ​អេដស៍។​ ដោយ​សារ​មាន​ការ​ព្យាបាល​មេរោគនេះ ​មិន​មាន​នរណា​ម្នាក់​គួរ​ស្លាប់​ដោយ​សារ​ជំងឺ​អេដស៍​ទេ។

​អ្នក​ដែល​មាន​ផ្ទុក​មេរោគ​ហ៊ីវ (HIV)​ អាច​រស់​នៅ​ធម្មតា ​រស់​នៅ​ប្រ​កប​ដោយ​សុខ​ភាព​ល្អ។ ​អ្នក​ដែល​បាន​ទទួល​ការ​ព្យាបាល​មិន​អាច​ចម្លង​មេ​រោគ​នេះ​ទៅ​មនុស្ស​ណា​ផ្សេង​ទៀត​ទេ។​ ដោយ​មាន​វិធី​ព្យាបាល​ដើម្បី​ការពារ ​មិន​មាន​នរណា​ម្នាក់​គួរ​ឆ្លង​មេរោគ​នោះ​ទេ។​

វេជ្ជ​បណ្ឌិត​ Jared Baeten ​នៃ​សាកល​វិទ្យា​ល័យ​វ៉ាស៊ីនតោន ​និយាយ​ថា៖ «យើង​មិន​ទាន់​ធ្វើ​បាន​នៅ​ឡើយ​ទេ​ពីព្រោះ​តែ​យើង​នៅ​មិន​ទាន់​មាន​សមត្ថភាព​ដើម្បី​ចែក​ចាយ​ឱសថ​មាន​ទ្រង់​ទ្រាយ​ធំ​ដើម្បី​លុប​បំបាត់​មេរោគ​ហ៊ីវ​នោះ»។

មនុស្ស​ជិត​១​លាន​នាក់​នៅ​តែ​ស្លាប់​ជា​រៀង​រាល់​ឆ្នាំ​ដោយ​សារ​មេរោគ​អេដស៍ ​ពី​ព្រោះ​តែ​ពួក​គេ​មិន​បាន​ដឹង​ថា ​ខ្លួន​មាន​មេរោគ​ហ៊ីវ។ ពួក​គេ​មិន​បាន​ព្យាបាល ​ឬ​ពួក​គេ​ចាប់​ផ្តើម​ព្យាបាល​យឺត។ បញ្ហា​ប្រឈម​មួយ​នៃ​បញ្ហា​ប្រឈម​នានា​គឺ​ថា មេរោគ​ហ៊ីវ​ជា​រឿយៗ​ប៉ះ​ពាល់​មនុស្ស​ដែល​រស់​នៅ​ក្រៅ​សង្គម។​

លោកស្រី​ Steffanie Strathdee ​នៃ​សាកល​វិទ្យា​ល័យ ​California San Diego ​និយាយ​ថា៖ «មាន​មនុស្ស​ជា​ច្រើននៅ​លើ​ពិភពលោក​ដែល​មិន​បាន​ទទួល​ការ​ព្យាបាល​ ហើយ​អ្នក​ទាំង​នោះ​រួម​មាន​អ្នក​ប្រើ​ថ្នាំ​ញៀន​ដោយ​ការ​ចាក់​ម្ជុល​ហើយ​ជាពិសេស​អ្នករក​ស៊ី​ផ្លូវ​ភេទ»។

ការ​ឆ្លង​ទាំង​នោះ​រួម​មាន​ពួក​បុរស​ដែល​មាន​ទំនាក់​ទំនង​ផ្លូវ​ភេទ​ជាមួយ​បុរស​គ្នា​ឯង ​មនុស្ស​ប្តូរ​ភេទ ​ពួក​អ្នក​ទោស​និង​ដៃ​គូ​របស់​អ្នក​ទាំង​នោះ។​ សាស្រ្តា​ចារ្យ ​Strathdee ​និយាយ​ថា ​ក្រុម​មនុស្ស​ដែល​ងាយ​រង​គ្រោះ​បំផុត​មាន​ការ​ព្រួយ​កង្វល់​ខ្លាំង​បំផុត​អំពី​តម្រូវការ​ជា​បន្ទាន់​របស់​ពួក​គេ ​ដូចជា​ម្ហូប​អាហារ ​ទី​ជម្រក​និង​ការ​ងារ។ លោក​ស្រី Steffanie Strathdee នៃ​សាកល​វិទ្យា​ល័យ​ California San Diego បាននិយាយ​ថា៖ «ការ​ស្រាវ​ជ្រាវ​របស់​ខ្ញុំ​នៅ​ក្នុង​វិស័យ​នេះ​បង្ហាញ​ថា​ លោក ​អ្នក ​ត្រូវ​តែ​ជួយ​ដោះ​ស្រាយសេចក្តី​ត្រូវ​ការ​របស់​ពួក​គេ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​មេរោគ​ហ៊ីវ ​ដែល​ជា​ការ​ព្រួយ​កង្វល់​មួយ​ខាង​សុខភាព​របស់​ពួក​គេ»។

ការណ៍​នេះ​មាន​ន័យ​ថា ​រដ្ឋាភិបាល​ត្រូវ​តែ​ផ្តល់​មធ្យោបាយ​ជា​មូលដ្ឋាន​ រួម​មាន​ការ​ថែទាំ​សុខភាព ​ដោយ​មិន​ពិចារណា​ពី​ច្បាប់​ សីលធម៌​ ឬ​សង្គម​ឡើយ។ បើ​ពុំ​ដូច្នេះ​ទេ ​ប្រ​ទេស​ទាំង​នោះ​ ​ត្រូវ​ទទួល​បន្ទុក​ការ​ខាត​បង់​ខាង​សង្គម​ និង​សេដ្ឋ​កិច្ច​យ៉ាង​ធ្ងន់​ធ្ងរ​ដោយសារ​ជំងឺ​អេដស៍។

វេជ្ជបណ្ឌិត​ Jared Baeten ​នៃ​សាកល​វិទ្យា​ល័យ​វ៉ាស៊ីន​តោន​និយាយ​ថា៖ «បញ្ហា​ធំ​បំផុត​ដែល​យើង​បាន​រៀន​សូត្រ​ពី​ការ​រារាំង​មេរោ​ហ៊ីវ​ក្នុងប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ​គឺ​ថា ​មិន​មាន​ឱសថ​ទិព​ទេ ​ក៏ប៉ុន្តែ​នៅ​ពេល​ណា​ដែល​លោក​ អ្នក​ ដាក់​រឿង​ល្អៗ​ទាំង​នោះ​ជាមួយ​គ្នា ​វាប្រាកដ​មាន​ឥទ្ធិពល ​ដូច​ឱសថ​ទិព​ដែល​ផ្តល់​ទៅ​ឲ្យ​លោក ​អ្នក​អញ្ចឹង»។

​អ្នក​វិទ្យាសាស្រ្ត​និយាយ​ថា ​ការ​ប្រើ​ឧបករណ៍ ​ការ​អប់រំមនុស្ស​និងការ​ធ្វើ​ឲ្យ​មនុស្សកាន់​តែ​ច្រើន​ឡើង​ទៅ​ព្យាបាល ​នឹង​ជួយ​កាត់​បន្ថយ​ស្នាមទុរយ៌ស។ ហើយ​បន្ទាប់​មក ​នៅ​ពេល​ដែល​គេ​រក​ឃើញ​ថ្នាំ​វ៉ាក់សាំង​ចាក់​ការពារ​ ពិភព​លោក​នឹង​ខិត​កាន់​តែ​ជិត​ទៅ​នឹង​ការ​បញ្ចប់​ជំងឺ​អេដស៍៕

ប្រែ​សម្រួល​ដោយ​ជឹង ប៉ូជីន

XS
SM
MD
LG