ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​តំបន់​ Somaliland​ អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ទី​មួយ​ដែល​ចាត់​ទុក​ការ​ចាប់​រំលោភ​ជា​បទ​ឧក្រិដ្ឋ


រូបឯកសារ៖ មនុស្ស​រង់​ចាំ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ ក្នុង​ទីក្រុង Hargeisa នៃតំបន់ Somaliland កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧។
រូបឯកសារ៖ មនុស្ស​រង់​ចាំ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ ក្នុង​ទីក្រុង Hargeisa នៃតំបន់ Somaliland កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

សភា​របស់​តំបន់​ Somaliland​ ដែល​ជា​សាធារណរដ្ឋ​បំបែក​រដ្ឋ​នោះ​ បាន​អនុម័ត​សេច​ក្តី​ព្រាង​ច្បាប់​មួយ​ជា​លើក​ដំបូង​ដែល​ចាត់​​ទុក​ការ​ចាប់​រំលោភ​​សេព​សន្ថវៈ​ជា​បទ​ឧក្រិដ្ឋ​ និង​ដាក់​ពន្ធ​នាគារ​ដល់​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​នេះ។​

សេចក្តី​ព្រាង​ច្បាប់​ដែល​បាន​អនុម័ត​កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​ គឺ​ជាលើក​ដំបូងដែល​តំបន់​ Somaliland​ មិន​ត្រឹម​តែ​ចាត់​ទុក​ការ​ចាប់​រំលោភ​ជា​បទ​ឧក្រិដ្ឋ​ទេ​ ប៉ុន្តែ​ក៏​ចាត់​ទុក​ការ​បំពាន​គ្រប់​ប្រភេទ​ទៅ​លើ​ស្ត្រី​ ជា​បទ​ឧក្រិដ្ឋ​ផង​ដែរ។ សេចក្តី​ព្រាង​ច្បាប់​នេះ​ បាន​រៀប​រាប់​ពី​ដំណើរ​ការ​ក្នុង​ការ​ស៊ើប​អង្កេត​ករណី​ទាំង​នោះ​ និង​កាត់​ទោស​ឧក្រិដ្ឋ​ជន​។

សេចក្តី​ព្រាង​ច្បាប់​នេះ​ នឹង​បញ្ជូន​ទៅសភា​ជាន់​ខ្ពស់​ ហើយ​អាច​ជា​សេច​ក្តី​ព្រាង​ច្បាប់​សំខាន់​លើក​ទី​មួយ​ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​ប្រធានា​ធិបតី​ Muse Bihi Abdi​ ដែល​ជាប់​ឆ្នោត​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំមុន​។

អង្គការ​គាំ​ទ្រ​ស្ត្រី​ និង​សកម្មជន​សិទ្ធិមនុស្ស​នៅ​តំបន់​ Somaliland​ ស្វាគមន៍​ការ​អនុម័ត​សេច​ក្តី​ព្រាង​ច្បាប់​នេះ​ ដែល​បាន​ទទួល​អនុម័ត​ដោយ​សមាជិក​សភា​ ៤៦​រូប​ ក្នុង​ចំណោម​ ៥១​រូប។

​លោក​ស្រី​ Nafisa Yusuf Mohamed​ នាយក​ប្រតិបត្តិ​អង្គការ​ Nagaad​ ដែល​ជា​អង្គការ​គាំ​ទ្រ​ស្រ្តី​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ Hargeisa​ តំបន់​ Somaliland​ ក៏​ជា​អ្នក​សសើរ​ម្នាក់​ដល់​ការ​អនុម័ត​របស់​សភា​ក្នុង​ចំណោម​អ្នក​ផ្សេង​ទៀត​ផង​ដែរ។

លោក​ស្រី​បាន​ប្រាប់​វីអូអេ​ផ្សាយ​ជា​ភាសា​សូម៉ាលី​ថា៖ «យើង​បាន​ធ្វើ​ការងារ​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​ ចាប់​តាំង​ពី​ឆ្នាំ​ ២០១១​មក​ ដោយ​ឆ្លង​កាត់​ដំណើរការ​ផ្សេងៗ​ ប៉ុន្តែ​យើង​សប្បាយ​ចិត្ត​ណាស់​ ដែល​សេចក្តី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត។ ពលរដ្ឋ​ Somaliland​ ស្វាគមន៍​ការ​សម្រេច​នេះ​ យើង​សសើរ​ដល់​សភា​ដែល​បំពេញ​ភារកិច្ច​របស់​ពួក​គេ»។

ក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ​ ការ​ប៉ុនប៉ង​ចាប់​រំលោភ​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ពី​ ៤​ ទៅ​៧​ឆ្នាំ។​ បុគ្គល​ដែល​រំលោភ​ជនរងគ្រោះ​ដោយ​ប្រើ​ហិង្សា​ និង​ការ​គំរាម​កំហែង​ នឹង​ជាប់​ពន្ធនាគារ​ពី​ ១៥​ ទៅ​ ២០​ ឆ្នាំ។ បើ​សិន​ជា​ជន​រងគ្រោះ​ក្រោម​អាយុ​ ១៥​ឆ្នាំ​ នោះ​បុគ្គល​ដែល​ប្រព្រឹត្ត​បទរំលោភ​ នឹង​ជាប់​ពន្ធនាគារ​ពី​ ២០​ ទៅ​ ២៥​ឆ្នាំ។

បុគ្គល​ដែល​ចាប់​រំលោភ​ ហើយ​បង្ក​ឲ្យ​ជនរងគ្រោះ​មាន​របួស​ ឬ​ឆ្លង​មេរោគ​ HIV​ នឹង​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។

មាន​សេចក្តី​រាយការណ៍​កើន​ឡើង​ពីករណី​រំលោភ​ ទាក់​ទង​នឹង​ការ​ចាប់​រំលោភ​ដោយ​ពួក​អន្ធពាល។​ ការ​រំលោភ​ដោយ​ពួក​អន្ធពាល​ មិន​ត្រូវ​បាន​ចែង​នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ​ដែល​មាន​ស្រាប់​នោះ​ទេ​ ប៉ុន្តែ​សេចក្តី​ព្រាង​ច្បាប់​ថ្មី​នេះ​ បាន​ចែង​មាត្រា​ជាក់​លាក់​មួយ​ សម្រាប់​កាត់​ទោស​ការ​រំលោភដោយ​ពួក​អន្ធពាល​ ឲ្យ​ជាប់​ពន្ធនាគារ​ពី​ ២០​ ទៅ​ ២៥​ ឆ្នាំ។

នា​ពេល​ថ្មី​ៗ​នេះ​ មជ្ឍមណ្ឌល​សិទ្ធិមនុស្ស​តំបន់​ Somaliland​ និយាយ​ថា​ ការ​ចាប់​រំលោភ​ គឺ​ជា​បទ​ឧក្រិដ្ឋ​ដែល​ត្រូវ​បាន​គេ​រាយការណ៍​តិច​ជាង​គេ​នៅ​តំបន់​ Somaliland។ នៅ​ឆ្នាំ​ ២០១៧​ ករណី​ចាប់​រំលោភ​ចំនួន​ ៨១​ ត្រូវ​បាន​កាត់​ទោស​ តែ​ចំនួន​នេះ​មាន​តិច​ជាង​ចំនួន​ជន​រង​គ្រោះ​។

មិន​មាន​ការ​សម្រុះសម្រួល​ពី​ចាស់​ទុំទៀត​ទេ

កាល​ពី​មុន​ ព្រឹទ្ធាចារ្យ​បាន​ធ្វើ​ការ​សម្រុះសម្រួល​រវាង​ក្រុម​គ្រួសារ​របស់​ជន​ប្រព្រឹត្ត​បទ​រំលោភ​ និង​ជន​រង​គ្រោះ​ ដែល​ជា​រឿយ​ៗ​តែង​តែ​បង្ក​ឲ្យ​មាន​អំពើ​អយុត្តិធម៌​សម្រាប់​ជន​រង​គ្រោះ។ នៅ​ករណី​មួយ​ចំនួន​ ជន​រង​គ្រោះ​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​ជន​ប្រព្រឹត្ត​បទ​រំលោភ​នោះ​ ដោយ​សារ​សំពាធ​ពី​ក្រុម​គ្រួសារ​របស់​ស្ត្រី​រង​គ្រោះ​ និង​ព្រឹទ្ធាចារ្យ។

លោក​ Mohamed Hersi Farah​ គឺ​ជា​ព្រឹទ្ធាចារ្យ​ម្នាក់​ ដែល​ធ្លាប់​ធ្វើ​ការ​សម្រប​សម្រួល​ ប៉ុន្តែ​លោក​ថា​លោក​បាន​ឈប់​តាំង​ពី​ឆ្នាំ​ ២០០៦។

លោក​ Farah​ ថ្លែង​ថា៖ «មុន​ពេល​យើង​ធ្វើ​ការ​សម្របសម្រួល​ករណី​មួយ​ៗ​ យើង​ដោះ​ស្រាយ​ជា​មួយ​បុគ្គល​ទាំង​អស់​ដែល​ពាក់​ព័ន្ធ​ ហើយ​នា​ពេល​នោះ​មិន​មាន​ច្បាប់​សម្រាប់​ដោះ​ស្រាយ​បញ្ហា​នេះ​នោះ​ទេ។ ប៉ុន្តែ​ ឥឡូវ​មាន​ករណី​រំលោភ​ជា​ក្រុម​ ដោយ​ករណី​មួយ​អាច​មាន​មនុស្ស​ជាង​ ១០​នាក់​ចូលរួម​ប្រព្រឹត្ត​ ដែល​យើង​មិន​ដឹង​ថា​គួរ​ចាប់​ផ្តើម​ដោះ​ស្រាយ​ករណី​បែប​នេះ​តាម​របៀប​ណា​ទេ»។

សេចក្តី​ព្រាង​ច្បាប់​ថ្មី​នេះ​ ចាត់​ទុក​ការ​សម្របសម្រួល​ ឬ​ការ​ព្យាយាម​ណា​ដែល​ចង់​ដោះ​ស្រាយ​ករណី​រំលោភ​ក្រៅ​ប្រព័ន្ធ​តុលាការ​ជា​បទ​ឧក្រិដ្ឋ។

លោក​មេធាវី​ Guled Ahmed Jama​ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​បាន​ថ្លែង​ថា​៖ «នរណា​ដែល​ព្យាយាម​ធ្វើ​ការ​សម្រប​សម្រួល​ករណី​រំលោភ​ នឹង​ត្រូវ​ជាប់​ពន្ធ​នាគារ។ យើង​សង្ឃឹម​ថា​ ការ​ធ្វើ​បែប​នេះ​នឹង​បំភ័យ​បុគ្គល​ដែល​ចង់​ដោះ​ស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ​ ថា​ពួក​គេ​នឹង​ត្រូវ​រដ្ឋាភិបាល​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ»។

លោក​ Jama​ បន្ត​ថា​ លោក​ស្វាគមន៍​សេចក្តី​ព្រាង​ច្បាប់​នេះ​ ដែល​បាន​ផ្តោត​លើ​ការ​ចាប់​រំលោភ​ និង​ការ​បំពាន​ផ្សេងៗ​ទៅ​លើ​ស្ត្រី​ និង​ផ្តល់​អំណាច​ដល់​ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​ក្នុង​ការ​ស៊ើបអង្កេត​ និង​កាត់​ទោស​ជន​ប្រព្រឹត្ត។

លោក​បន្ថែម​ទៀត​ថា​៖ «នេះ​ជា​សេចក្តី​ព្រាង​ច្បាប់​ទំនើប​មួយ​ ដែល​ផ្តោត​លើ​បទ​រំលោភ​ ដែល​កាល​ពី​មុន​ បទ​រំលោភ​គ្រាន់​តែ​ជា​មាត្រា​មួយ​ក្រោម​ក្រម​ព្រហ្មទណ្ឌ​តែ​ប៉ុណ្ណោះ​ តែ​នេះ​ជា​សេចក្តី​ព្រាង​ច្បាប់​ដែល​កាត់​ទោស​បទ​រំលោភ​បាន​គ្រប់​ជ្រុង​ជ្រោយ»។

តំបន់​ Somaliland​ បាន​ប្រកាស​បំបែក​រដ្ឋ​ពី​ប្រទេស​សូម៉ាលី​ កាល​ពី​ខែឧសភា​ ឆ្នាំ​ ១៩៩១​ ប៉ុន្តែ​មិន​ត្រូវ​បាន​អន្តរជាតិ​ទទួល​ស្គាល់​នៅ​ឡើយ​ទេ។

ប្រែសម្រួល​ដោយ លឹម​ ហ្គេចហៀង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG