ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​នាយក​កម្មវិធី​អ.ស.ប.​ស្តី​ពី​ជំងឺ​អេដស៍​ថា​ការ​ធ្វើ​តេស្ត​ឈាម​មាន​សារៈ​សំខាន់​ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍


រូបឯកសារ៖ ក្មេងៗ​កំពុង​អុជ​ទៀន​ក្នុង​យុទ្ធនាការ​បញ្ជ្រាប​ការ​យល់​ដឹង​អំពី​ជំងឺ​អេដស៍​ក្នុង​ទិវា​ជំងឺ​អេដស៍​ពិភពលោក នៅ​ទីក្រុង ​Kolkata ប្រទេស​ឥណ្ឌា កាល​ពី​ឆ្នាំ​២០១៧។

នាយក​កម្មវិធី​អង្គការ​សហប្រជាជាតិ​ស្តី​ពី​ជំងឺ​អេដស៍(UNAIDS) ​និយាយ​ថា​ការ​ធ្វើតេស្តឈាមរក​មេរោគ​ហ៊ីវ​មាន​សារៈ​សំខាន់​ក្នុង​ការ​ឈាន​ទៅ​រក​គោល​ដៅ​ដើម្បី​លុប​បំបាត់​មេរោគ​នេះ​ក្នុង​ឆ្នាំ​២០៣០។ ប៉ុន្តែ​មន្រ្តី​អង្គការ​សហប្រជាជាតិ​រូប​នេះ​បាន​ប្រាប់ VOA ថា កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នេះ​ត្រូវ​បាន​បង្អាក់នៅ​ក្នុង​ប្រទេស​ជា​ច្រើន​ដោយសារ​បម្រាម​របស់​សង្គម និង​ការ​មាក់​ងាយ​ភ្ជាប់​នឹង​ជំងឺ​អេដស៍​ ឬ​ជំងឺ​ផ្សេងៗ​ទាក់​ទង​នឹង​មេរោគ​ហ៊ីវ។

ទើប​តែ​ប៉ុន្មាន​ឆ្នាំ​មុន វា​មាន​ការ​ពិបាក​ណាស់​ក្នុង​ការ​ទទួល​ការ​ព្យាបាល​សម្រាប់​អ្នកឆ្លង​មេរោគ​ ដែល​អាច​បណ្តាល​ឲ្យ​កើត​ជំងឺ​អេដស៍​និង​ជំងឺ​ផ្សេង​ទៀត។ ប៉ុន្តែ​ឥឡូវនេះ​ ក្រុម​មន្រ្តី​ផ្នែក​សុខាភិបាល​សង្ឃឹម​ថា​ នឹង​អាច​កម្ចាត់មេរោគ​អេដស៍​ដ៏​សាហាវ​នេះ​ក្នុង​ឆ្នាំ​២០៣០។​

លោក​ MICHEL SIDIBÉ ​នាយក​ប្រតិបត្តិ​នៃ​កម្មវិធី​អង្គការ​សហប្រជាជាតិ​ស្តី​ពី​ជំងឺ​អេដស៍ ​បាននិយាយ​ថា៖ «កាលពី​ឆ្នាំ​២០០១ នៅ​អាហ្រ្វិក​ខាងត្បូង មាន​ប្រជាជន​តែ​៩០​នាក់​ប៉ុណ្ណោះ​ដែល​ទទួល​បាន​សេវាកម្ម​ព្យាបាល​សាធារណៈ»។

​លោក Michel Sidibé គឺ​ជាមន្រ្តី​មា្នក់​នៅ​ក្នុង​អង្គការ​សហប្រជាជាតិទទួល​បន្ទុក​ផ្នែក​កិច្ច​ខិត​ខំ​ប្រឹង​ប្រែងប្រយុទ្ធ​នឹង​មេរោគ​អេដស៍​ជា​សាកល។ លោក​និយាយ​ថាដំណើរ​ការ​សម្រេច​បាន​ អាស្រ័យ​លើ​សាមគ្គី​ភាព​រវាង​ជាតិ​សាសន៍នានា ​និង​កិច្ច​សហ​ប្រតិបត្តិការ​រវាងវិស័យ​ឯកជន​និង​វិស័យ​សាធារណៈ។ ដោយ​មាន​ថ្នាំ​ដែ​លមាន​ប្រសិទ្ធភាព​ជាមុន ​និង​លទ្ធភាព​ក្នុង​ការ​ព្យាបាល ​បណ្តា​ប្រទេស​ក្នុង​ទ្វីប​អាហ្រ្វិក​ជាច្រើនកំពុង​ស្ថិត​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ការ​គ្រប់​គ្រង​ជំងឺ​នេះ។ ប៉ុន្តែ​មិន​មែន​គ្រប់​ប្រទេស​នោះ​ទេ។​

រូបឯកសារ៖ លោក​ MICHEL SIDIBÉ ​នាយក​ប្រតិបត្តិ​នៃ​កម្មវិធី​អង្គការ​សហប្រជាជាតិ​ស្តី​ពី​ជំងឺ​អេដស៍។
រូបឯកសារ៖ លោក​ MICHEL SIDIBÉ ​នាយក​ប្រតិបត្តិ​នៃ​កម្មវិធី​អង្គការ​សហប្រជាជាតិ​ស្តី​ពី​ជំងឺ​អេដស៍។

លោក​ MICHEL SIDIBÉ ​ថ្លែង​ថា៖ «អាហ្រ្វិក​ខាងលិច​និង​អាហ្រ្វិក​កណ្តាល មិន​មាន​ដំណើរ​ការ​ទៅ​មុខ​ទេ។ នៅ​ពេល​ដែល​មនុស្ស​ប្រមាណ​៦០​ភាគ​រយ​នៅ​ទូទាំង​សាកល​លោក​ទទួល​បាន​ការព្យាបាល ​នៅ​ក្នុង​តំបន់​ទាំង​នេះ​មាន​តែ​ប្រជាជន៣៥​ភាគ​រយ​ប៉ុណ្ណោះ ដែល​កំពុងទទួល​បាន​ការ​ព្យាបាល»។​

កិច្ច​ខិតខំ​ប្រឹង​ប្រែង​ត្រូវ​តែ​ពន្លឿន​ថែម​ទៀត ​នៅ​ក្នុង​ប្រទេស​ដែល​មិន​មាន​ដំណើរ​ការ​ទៅ​មុខ។​

លោក MICHEL SIDIBÉ និយាយ​ថា៖ «ការព្យាបាល​សម្រាប់​កុមារ​នៅ​មាន​កម្រិត​ទាប ហើយ​យើង​ត្រូវ​តែ​ពន្លឿន​សកម្មភាព​របស់​យើង​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ»។

​បម្រាម​ផ្នែក​វប្បធម៌​គឺ​ជា​ឧបសគ្គ​មួយ​ផ្សេង​ទៀត ដែល​រារាំង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​នេះ។ លោក Sidibé និយាយ​ថា​ភាគ​ច្រើន​នៃ​បុរស​ជនជាតិ​អាហ្រ្វិក​អាយុ​ចាប់​ពី​២៥ឆ្នាំ​ដល់ ៣៩​ឆ្នាំ គេច​ពី​ការ​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេដស៍ ដោយសារ​តែ​ខ្លាច​ការ​មាក់​ងាយ​ ហើយ​ពួក​គេ​បន្តចម្លង​មេរោគ​នេះ​ទៅ​អ្នក​ដទៃ​ដោយ​មិន​ដឹង​ខ្លួន។ លោកនិយាយ​ថា ក្នុង​សង្គម​បែប​នេះ កិច្ច​ខិតខំ​ប្រឹង​ប្រែង​ដោះ​ស្រាយ គឺ​ត្រូវ​តែ​ធ្វើ​ឲ្យ​ការ​ធ្វើតេស្ត​ឈាម​ដោយ​ខ្លួន​ឯង​ មាន​ភាព​ទូលំ​ទូលាយ។​

លោក MICHEL SIDIBÉ ​និយាយ​ថា៖ «វិធីសាស្រ្ត​ផ្តោត​លើ​គ្រួសារ​និង​សហគមន៍​នឹង​ក្លាយ​ជា​វិធី​សាស្រ្ត​ចម្បង​ក្នុង​អ្វី​ដែល​យើង​នឹង​ធ្វើ​ក្នុង​ពេល​អនាគត បើ​សិន​ជា​យើង​ចង់​ជួល​មនុស្ស​រាប់​លាន​នាក់​ទាំង​នោះ​ដែល​មិន​ដឹង​ពី​ស្ថាន​ភាព​ខ្លួន​ឯង ​ហើយ​នៅ​តែ​បន្ត​ចម្លង​ទៅ​អ្នក​ដទៃ»។​

សន្និសីទ​សាកល​របស់​កម្មវិធី​អង្គការ​សហ​ប្រជាជាតិ​ស្តី​ពី​ជំងឺ​អេដស៍ ​ដែល​ជិត​មក​ដល់ នឹង​ផ្តោត​សំខាន់​លើ​ការ​កែ​លម្អកម្មវិធី​បង្ការ​នានា ជាពិសេស​សម្រាប់​ក្រុម​មនុស្ស​ដែល​ងាយ​រងគ្រោះ​ដូចជា ក្រុម​អ្នក​ញៀន​ថ្នាំ អ្នក​រក​ស៊ី​ផ្លូវភេទ​ និង​អ្នក​រួម​ភេទ​ដូច​គ្នា។ លោក Sidibé ​និយាយ​ថា ​វា​មាន​សារៈ​សំខាន់​ក្នុង​ការ​យល់​ដឹង​ថា ​មេរោគ​ហ៊ីវ​មិន​មែន​ជា​ជំងឺ​ឯកោ​នោះ​ទេ ប៉ុន្តែ​វា​បាន​ភ្ជាប់​ទៅ​នឹង​ជំងឺ​មហារីក​មាត់​ស្បូន​ ជំងឺ​របេង សុខភាព​មាតា​មាន​ផ្ទៃ​ពោះ និង​បញ្ហា​ផ្សេង​ទៀត។​

ចាប់​តាំង​ពី​គេ​រាយការណ៍អំពីករណី​ដំបូង​មួយ​ចំនួន​នៃ​មេរោគ​អេដស៍​កាលពី​ជាង​ ៣៥​ឆ្នាំ​មុន មក​ដល់​ពេល​នេះ​ មនុស្ស​ចំនួន​៧៨​លាន​នាក់​បាន​ឆ្លង​មេរោគ​នេះ ហើយ​៣៥​លាន​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​ទាក់ទង​នឹង​ជំងឺ​អេដស៍។ កម្មវិធី​អង្គការ​សហ​ប្រជាជាតិ​ស្តី​ពី​ជំងឺ​អេដស៍ ​បាន​ចាប់​ផ្តើម​កិច្ច​ប្រតិបត្តិកា​រ​របស់​ខ្លួន​ក្នុង​ឆ្នាំ​១៩៩៦ ដើម្បី​ជំរុញ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​និងការ​បង្កើត​ដំណោះ​ស្រាយ​ថ្មីៗរបស់​ប្រជាជន​ក្នុង​ស្រុក ដើម្បីលុប​បំបាត់ជំងឺ​អេដស៍។

សន្និសីទ​អន្តរជាតិ​ឆ្នាំ​២០១៨ ស្តី​ពីការប្រយុទ្ធ​ប្រឆាំង​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍​ នឹង​ធ្វើ​ឡើង​នៅ​ចុង​ខែ​កក្កដា​ ឆ្នាំ២០១៨ ក្នុង​ទីក្រុង​ Amsterdam ​ប្រទេស​ហូឡង់។

ប្រែសម្រួល​ដោយ ទុំ ម្លិះ

XS
SM
MD
LG