ក្នុងកិច្ចព្រមព្រៀងមួយដែលបានចុះហត្ថលេខាកាលពីថ្ងៃអង្គារ នៅក្នុងប្រទេសសឹង្ហបូរី លោក Kim Jong Un បានបញ្ជាក់ឡើងវិញនូវការតាំងចិត្តយ៉ាងរឹងមាំ និងមិនងាករេរបស់លោក ដើម្បីលុបបំបាត់កម្មវិធីអាវុធនុយក្លេរអ៊ែរទាំងស្រុងនៅលើឧបទ្វីបកូរ៉េ។ ចំណែកលោកប្រធានាធិបតីស.រ.អា. Donald Trump វិញ «បានប្តេជ្ញាផ្តល់ការធានារ៉ាប់រងខាងសន្តិសុខដល់ប្រទេសកូរ៉េខាងជើង»។
«ថ្ងៃនេះជាថ្ងៃចាប់ផ្តើមដំណើរការយ៉ាងលំបាកមួយ។ ភ្នែករបស់យើងបើកចំហយ៉ាងធំ ប៉ុន្តែសន្តិភាពតែងតែជារឿងសមស្របនឹងកិច្ចប្រឹងប្រែង ជាពិសេសក្នុងករណីនេះ។ បញ្ហាលុប់បំបាត់អាវុធនុយក្លេអ៊ែរនេះគួរតែបានដោះស្រាយជាច្រើនឆ្នាំមុន។ បញ្ហានេះគួរត្រូវបានដោះស្រាយជាយូរមកហើយ ប៉ុន្តែយើងកំពុងដោះស្រាយនៅពេលនេះ»។
លោក Trump បានថ្លែងប្រាប់អ្នករាយការណ៍ជូនវីអូអេ គឺអ្នកស្រី Greta Van Susteren នៅល្ងាចថ្ងៃអង្គារថា «យើងនឹងលុបបំបាត់អាវុធនុយក្លេអ៊ែរនៅប្រទេសកូរ៉េខាងជើង»។
លោក Trump បានប្រកាសការធ្វើសម្បទានមួយឲ្យកូរ៉េខាងជើង ដោយនិយាយថា ស.រ.អា.នឹងលុបចោលអ្វីដែលលោកបានហៅថា ជាល្បែងសង្គ្រាមជាមួយកូរ៉េខាងត្បូង ដែលចំណាយប្រាក់ច្រើន ព្រមទាំងនាំឲ្យមានការបង្ករឿងហេតុយ៉ាងខ្លាំងផងនោះ។
លោក Trump បានថ្លែងថា លោក Kim បានប្រាប់លោកថា កូរ៉េខាងជើងបានបំផ្លាញកន្លែងសាកល្បងអាវុធកាំជ្រួចយ៉ាងធំមួយ ដោយទទួលស្គាល់ថា អត្ថាធិប្បាយរបស់លោក Kim ជាជំហានមួយឆ្ពោះទៅរកផ្លូវត្រូវ។
ប្រទេសទាំង២បានប្តេជ្ញាចិត្តធ្វើការប្រឹងប្រែងដើម្បីកសាងសន្តិភាពជាប់លាប់មួយនៅលើឧបទ្វីបកូរ៉េ ដើម្បីបង្កើតចំណងទាក់ទងថ្មីរវាងស.រ.អា.និងកូរ៉េខាងជើង និងដើម្បីស្វែងរកអដ្ឋិធាតុរបស់ឈ្លើយសឹក និងបុគ្គលិកយោធា ដែលបានបាត់ខ្លួនក្នុងសមរភូមិ។
ភាគីទាំង២ថែមទាំងបានសន្យាថា នឹងធ្វើការចរចាគ្នាជាបន្ត។ លោក Kim បានថ្លែងថា ការផ្លាស់ប្តូរនឹងកើតឡើង។
«យើងបានធ្វើកិច្ចប្រជុំជាប្រវត្តិសាស្ត្រមួយ ហើយប្រុងប្រៀបបំភ្លេចអតីតកាលចោល ហើយយើងនឹងចុះហត្ថលេខាលើឯកសារប្រវត្តិសាស្ត្រនេះ។ ពិភពលោកនឹងឃើញការផ្លាស់ប្តូរដ៏ធំមួយ»។
លោក Trump និង លោក Kim បានអរគុណគ្នាទៅវិញទៅមក ចំពោះកិច្ចប្រជុំកំពូល ហើយលោក Trump បានថ្លែងថា លោកប្រាកដជានឹងអញ្ជើញលោក Kim ទៅបំពេញទស្សនកិច្ចនៅសេតវិមាន។
លោក Trump ថែមទាំងបានថ្លែងអំណរគុណចំពោះមេដឹកនាំចិន ជប៉ុន និង កូរ៉េខាងត្បូង ចំពោះជំនួយរបស់ពួកគេក្នុងការគាំទ្រដល់កិច្ចប្រឹងប្រែង ដើម្បីឲ្យមានសន្តិភាពជាប់លាប់នៅលើឧបទ្វីបកូរ៉េ។
ស្របពេលជាមួយគ្នានេះ លោករដ្ឋមន្ត្រីការបរទេសស.រ.អា. Mike Pompeo បានថ្លែងថា ទណ្ឌកម្មសេដ្ឋកិច្ចនឹងនៅមានជាបន្ត រហូតដល់ពេលណាកូរ៉េខាងជើងលុបចោលកម្មវិធីអាវុធប្រល័យលោករបស់ខ្លួន ដោយពេញលេញ និងអាចត្រួតពិនិត្យបាន។ លោកបន្ថែមទៀតថា «បើសិនជាកិច្ចការការទូតមិនបោះជំហានទៅរកផ្លូវត្រូវទេនោះ ទណ្ឌកម្មសេដ្ឋកិច្ចនឹងកើនឡើង៕
ប្រែសម្រួលដោយលោក ប៉ូច រាសី