ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​ពិភពលោក​មាន​សុទិដ្ឋិនិយម​ចំពោះ​លទ្ធផល​នៃ​កិច្ច​ប្រជុំ​រវាង​សហរដ្ឋ​អាមេរិក និង​កូរ៉េ​ខាង​ជើង


លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​ លោក គីម ជុនអ៊ុន ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​នៅ​សណ្ឋាគារ Capella ប្រទេស​សិង្ហបុរី កាលពី​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។
លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​ លោក គីម ជុនអ៊ុន ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​នៅ​សណ្ឋាគារ Capella ប្រទេស​សិង្ហបុរី កាលពី​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។

មេដឹកនាំ​នានា​នៅ​ទូទាំង​ទ្វីប​អាស៊ី និង​កន្លែង​ផ្សេង​ទៀត​បាន​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​អនាគត​មួយ បន្ទាប់ពី​កិច្ច​ប្រជុំ​រវាង​ប្រធានាធិបតី​អាមេរិក​លោក Donald Trump និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un បាន​បិទ​បញ្ចប់​នៅ​ថ្ងៃ​អង្គារ​នេះ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី។

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae In ដែល​សំណើ​ការទូត​របស់​លោក​ចំពោះ​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ត្រួសត្រាយ​ផ្លូវ​ឲ្យ​មាន​កិច្ច​ប្រជុំ​រវាង​លោក Trump និង​លោក Kim Jong Un នេះ​ឡើង បាន​បង្ហាញ​ក្ដី​សង្ឃឹម​នៅ​ក្នុង «ការ​ធ្វើ​ឲ្យ​គ្មាន​អាវុធ​នុយក្លេអ៊ែរ​ទាំង​ស្រុង និង​មាន​សន្តិភាព» នៅ​លើ​ឧបទ្វីប​កូរ៉េ។

នៅ​ក្នុង​ទីក្រុង​ប៉េកាំង រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi បាន​ប្រាប់​អ្នក​សារព័ត៌មាន​នានា​ថា វា​គឺ​ជា​ក្ដី​សង្ឃឹម​របស់​ប្រទេស​ចិន​ដែល​ថា ការ​ពិភាក្សា​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​ទី​បំផុត​អាច​ឈាន​ទៅ​ដល់​កិច្ច​ព្រមព្រៀង​សន្តិភាព​មួយ​ដែល​បាន​បញ្ចប់​ជា​ផ្លូវការ​នូវ​សង្គ្រាម​កូរ៉េ។

ចំណែក​ឯ​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe វិញ បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ពេល​ធ្វើ​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​មួយ​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ថា ប្រទេស​កូរ៉េ​ខាង​ជើង «នឹង​មាន​អនាគត​ដ៏​ត្រចះត្រចង់ ប្រសិនបើ​ប្រទេស​នេះ​ដើរ​នៅ​លើ​ផ្លូវ​ត្រូវ»។ នៅ​ក្នុង​សេចក្ដី​ប្រកាស​ជា​លាយលក្ខណ៍​អក្សរ​មួយ​ដែល​បាន​ចេញ​ផ្សាយ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក លោក Shinzo Abe បាន​និយាយ​ថា ការ​សន្យា​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​នៅ​ក្នុង​ការ​លុប​ចោល​ទាំង​ស្រុង​នូវ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន គឺ​ជា​ជំហាន​វិជ្ជមាន​ដំបូង​មួយ​នៅ​ក្នុង​ដំណោះស្រាយ​ដ៏​ទូលំទូលាយ​មួយ។

រី​ឯ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​វិញ អនុ​រដ្ឋមន្ត្រី​ការបរទេស​លោក Sergei Ryabkov បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ក្រុង​មូស្គូ​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ដើម្បី​ជួយ​អនុវត្ត​កិច្ច​ព្រមព្រៀង​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន TASS របស់​រុស្ស៊ី៕

XS
SM
MD
LG