ពលរដ្ឋមួយចំនួនក្នុងទីក្រុងសេអ៊ូលនៅថ្ងៃអង្គារនេះបាននិយាយថា ពួកគេសប្បាយរីករាយដែលបានឃើញលោកប្រធានាធិបតី Donald Trump និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ជួបចរចាគ្នាជាជាងគំរាមកំហែងសង្គ្រាមពាណិជ្ជកម្មដាក់គ្នាទៅវិញទៅមក។ លោក Lee Jun-keun អ្នកលក់ដូរម្នាក់នៅក្នុងទីក្រុងសេអ៊ូលបាននិយាយថា «ខ្ញុំមានក្តីរំភើបខ្លាំងណាស់ពីព្រោះថាការចរចានេះគឺជាដំណោះស្រាយបញ្ចប់ជម្លោះការបែកបាក់គ្នារវាងកូរ៉េទាំងពីរអស់រយៈពេល៧០មកហើយ»។
កាលពីឆ្នាំមុនមេដឹកនាំទាំងពីរនេះបានរិះគន់ដាក់គ្នាទៅវិញទៅមកដោយលោក Trump បានហៅលោក Kim ថា «អាល្អិតរ៉ុក្កែត» ហើយមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានហៅលោក Trump ដែលជាប្រធានាធិបតីសហរដ្ឋអាមេរិកថាជា «មនុស្សល្ងង់»។ មេដឹកនាំទាំងពីរបានគំរាមកំហែងប្រើប្រាស់អំណាចយោធាដាក់គ្នាទៅវិញទៅមក ខណៈភាពតានតឹងបានកើនឡើងកាន់តែខ្លាំងជុំវិញការបាញ់សាកល្បងសមត្ថភាពអាវុធនុយក្លេអ៊ែរ និងកាំជ្រួចមីស៊ីលផ្លោងឆ្លងទ្វីបរបស់ប្រទេសកូរ៉េខាងជើង។
ក៏ប៉ុន្តែបន្ទាប់ពីកូរ៉េខាងជើងបានទទួលជោគជ័យពីការបាញ់សាកល្បងកាំជ្រួចមីស៊ីល ដោយបានអះអាងថាអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរមានសមត្ថភាពបាញ់ដល់សហរដ្ឋអាមេរិកនោះ រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានផ្តោតសំខាន់លើបញ្ហាការទូត និងបានផ្អាកសកម្មភាពបង្កហេតុនានា និងបានបង្ហាញពីឆន្ទៈចូលរួមចរចាអំពីការធ្វើមិនឲ្យមាននុយក្លេអ៊ែរ។ លោក Trump ក៏បានធ្វើឲ្យប្រទេសជាសម្ព័ន្ធមិត្ត និងប្រទេសជាសត្រូវនានាភ្ញាក់ផ្អើលដោយលោកបានឆ្លើយយល់ព្រមជួបលោក Kim ភ្លាមៗនៅមុនកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាក់លាក់នេះអាចត្រូវបានចរចាឡើង។
ជំនួបកំពូលជាលើកទីមួយរវាងលោកប្រធានាធិបតីសហរដ្ឋអាមេរិក និងមេដឹកនាំកូរ៉េខាងជើងនៅថ្ងៃអង្គារនេះបានចេញជាលទ្ធផលដោយបានប្រកាសពីការលុបចោលអាវុធនុយក្លេអ៊ែរពីឧបទ្វីបកូរ៉េទាំងមូល និងបង្កើតសន្ធិសញ្ញាសន្តិភាពមួយដើម្បីបញ្ចប់អរិភាពដែលមានជាយូរមកហើយរវាងសហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងជើង។
លោក Trump បានហៅកិច្ចព្រមព្រៀងនេះថាជាកិច្ចព្រមព្រៀងទូលំទូលាយមួយ ប៉ុន្តែវានឹងអាស្រ័យទៅលើភាគីចរចាដើម្បីដោះស្រាយភាពខុសគ្នានៅពេលបន្ទាប់ទៀត រវាងអ្វីដែលក្រុងវ៉ាស៊ីនតោនអាចចាត់ទុកថាជាការបញ្ចប់ និងអាចផ្ទៀងផ្ទាត់បានពីការធ្វើមិនឲ្យមាននុយក្លេអ៊ែរ មុននឹងទណ្ឌកម្មនានាត្រូវបានដកចេញ ហើយសម្បទាននានាចំពោះក្រុងព្យុងយ៉ាងនឹងចាប់ផ្តើមដំណើរការផ្អែកលើការវិវត្តន៍នៃកិច្ចព្រមព្រៀងនេះ៕