ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក និង​កូរ៉េ​ខាង​ជើង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​មួយ


លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ចាប់​ដៃ​ជាមួយ​នឹង​លោក​ គីម ជុនអ៊ុន​ មេដឹកនាំ​កូរ៉េ​ខាង​ជើង នៅ​សណ្ឋាគារ Capella នៅ​ក្នុង​ប្រទេស​សិង្ហបុរី កាលពី​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។

នៅ​ក្នុង​កិច្ច​ព្រមព្រៀង​មួយ​ដែល​បាន​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​អង្គារ​នេះ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un «បាន​បញ្ជាក់​ឡើង​វិញ​នូវ​ការ​ប្ដេជ្ញា​ដ៏​ម៉ឺងម៉ាត់ និង​មិន​ងាករេ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ឧបទ្វីប​កូរ៉េ​មួយ​ដែល​គ្មាន​អាវុធ​នុយក្លេអ៊ែរ» ចំណែក​ឯ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump វិញ «បាន​ប្ដេជ្ញា​ផ្ដល់​នូវ​ការ​ធានា​ផ្នែក​សន្តិសុខ» ដល់​ប្រទេស​កូរ៉េ​ខាង​ជើង។

កិច្ច​ព្រមព្រៀង​នេះ​ក៏​បាន​អំពាវនាវ​ផង​ដែរ​ឲ្យ​ប្រទេស​ទាំង​ពីរ​ធ្វើ​ការ​រួម​គ្នា​លើ​កិច្ច​ប្រឹងប្រែង​មួយ​ចំនួន​ដើម្បី​កសាង​សន្តិភាព​ជា​និរន្តរ៍​នៅ​លើ​ឧបទ្វីប​កូរ៉េ ដើម្បី​បង្កើត​ទំនាក់ទំនង​ថ្មី​មួយ​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​កូរ៉េ​ខាង​ជើង និង​ដើម្បី​ស្វែង​រក​សាកសព​របស់​អ្នក​ទោស​សង្គ្រាម និង​សាកសព​យោធា​ដែល​បាន​បាត់​ខ្លួន​នៅ​ក្នុង​សមរភូមិ។ ភាគី​ទាំង​ពីរ​ក៏​បាន​ឯកភាព​គ្នា​បន្ត​ការ​ចរចា​ជា​បន្ត​ទៀត​ផង​ដែរ។

លោក Trump បាន​ប្រាប់ VOA ថា៖ «យើង​នឹង​ធ្វើ​ឲ្យ​ប្រទេស​កូរ៉េ​ខាង​ជើង​គ្មាន​អាវុធ​នុយក្លេអ៊ែរ»។ លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា គ្មាន​ភាគី​ណា​មួយ​ចេញ​ឱសានវាទ​នោះ​ទេ ហើយ​កិច្ច​ព្រមព្រៀង​ដែល​សម្រេច​បាន​នៅ​ថ្ងៃ​អង្គារ​នេះ​គឺ​ជា​លទ្ធផល​នៃ​ការ​ចរចា​ជា​ច្រើន​ខែ​កន្លង​មក។

លោក Trump បាន​និយាយ​ថា៖ «បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​អាច​បញ្ចប់​បាន​ដោយ​កិច្ច​ព្រមព្រៀង គឺ​មិន​មែន​ដោយសារ​ការ​ធ្វើ​សង្គ្រាម ដែល​ធ្វើ​ឲ្យ​ជីវិត​មនុស្ស​រាប់​លាន​នាក់​ស្លាប់​បាត់បង់​ជីវិត​នោះ​ទេ»។

ចំពោះ​បញ្ហា​សិទ្ធិ​មនុស្ស​វិញ លោក Trump បាន​និយាយ​ថា ជំនួប​នៅ​ថ្ងៃ​អង្គារ​នេះ​គឺ​ផ្ដោត​តិចតួច​ប៉ុណ្ណោះ​លើ​បញ្ហា​នេះ ប៉ុន្តែ​ភាគី​ទាំង​ពីរ​នឹង​ពិភាក្សា​ពី​បញ្ហា​នេះ​ជា​បន្ត​ទៀត​នៅ​ពេល​អនាគត។ នៅ​ពេល​ដែល​សួរ​អំពី​អ្នក​ជាប់​ឃុំ​នៅ​ក្នុង​ជំរំ​គុក​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង លោក Trump បាន​បញ្ជាក់​ថា លោក​បាន​ជួយ​ពួកគេ ដោយ​ហេតុ​ថា រឿង​រ៉ាវ​នានា​នឹង​ផ្លាស់ប្ដូរ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង។

លោក Trump ក៏​បាន​ថ្លែង​អំណរគុណ​ផង​ដែរ​ដល់​ប្រទេស​ចិន ជប៉ុន និង​កូរ៉េ​ខាង​ត្បូង​ដែល​ជួយ​ធ្វើ​ឲ្យ​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​អង្គារ​នេះ​លេច​ជា​រូបរាង​ឡើង៕

XS
SM
MD
LG