ធនាគារពិភពលោកនៅសប្តាហ៍នេះ បានព្យាករណ៍ថា សន្ទុះសេដ្ឋកិច្ចកម្ពុជា នឹងនៅតែបន្តកើនឡើងដល់៧,១ភាគរយក្នុងឆ្នាំ២០១៨នេះ ទោះបីជាសេដ្ឋកិច្ចពិភពលោកមានបញ្ហាប្រឈមក៏ដោយ។ តែធនាគារនេះក៏បានព្រមានកម្ពុជាផងដែរ ពីប៉ះពាល់ដែលអាចកើតមានឡើង នៅពេលមានការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធលើការនាំចេញទំនិញរបស់ខ្លួនទៅកាន់ទីផ្សារសំខាន់ៗ ក្នុងនោះមានសហភាពអឺរ៉ុប។
ធនាគារពិភពលោកបានឲ្យដឹងកាលពីថ្ងៃពុធថា ស្របពេលដែលសេដ្ឋកិច្ចពិភពលោកត្រូវបានគេព្យាករណ៍ថា នឹងនៅតែបន្តបន្ថយល្បឿន និងមានហានិភ័យកើនឡើងនោះ អត្រាកំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងបន្តិចបន្តួច ខ្ពស់ជាងឆ្នាំកន្លងទៅ គឺកើនឡើងដល់៧,១ភាគរយ នៅក្នុងឆ្នាំ២០១៨ ដែលកំណើននេះនាំមុខដោយការប្រើប្រាស់ទំនិញក្នុងស្រុក និងការនាំចេញ។
ធនាគារពិភពលោកដែលមានទីស្នាក់ការកណ្តាលនៅសហរដ្ឋអាមេរិក បានលើកឡើងថា បន្ទាប់ពីមានការងើបឡើងវិញបន្តិចម្តងៗនៃសេដ្ឋកិច្ចនៅឆមាសទី២ក្នុងឆ្នាំ២០១៧មកនោះ ការនាំចេញរបស់កម្ពុជាបានកើនឡើងយ៉ាងរហ័ស ដោយមួយភាគធំគឺតម្រូវការដ៏ច្រើននៅក្នុងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។
ក៏ប៉ុន្តែកម្ពុជានឹងប្រឈមនឹងហានិភ័យជាច្រើន ក្នុងពេលកំណើនសេដ្ឋកិច្ចនៅត្រូវបានគេមើលឃើញថា បន្តមានភាពរឹងប៉ឹង។
ធនាគារពិភពលោកបានសរសេរក្នុងសេចក្តីប្រកាសខ្លួនដែលចេញផ្សាយកាលពីថ្ងៃពុធ តាមន័យដើមថា៖
«ហានិភ័យនានានៅក្នុងវិស័យហិរញ្ញវត្ថុបន្តកើនឡើង វានឹងពាក់ព័ន្ធច្រើនទៅលើវិស័យសំណង់ និងអចលនទ្រព្យ។ ហានិភ័យពីមជ្ឈដ្ឋានខាងក្រៅ រួមមានសក្ដានុពលនៃការដកប្រព័ន្ធអនុគ្រោះពន្ធលើទំនិញនាំចេញសម្រាប់កម្ពុជា និងផលប៉ះពាល់ដែលមិនអាចព្យាករណ៍ទុកបានដែលកើតចេញពីជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន»។
ការថ្លែងបញ្ជាក់ជាថ្មីរបស់ធនាគារពិភពលោកអំពីហានិភ័យដែលអាចកើតចេញពីការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនេះកើតមានឡើង បន្ទាប់ពីសហភាពអឺរ៉ុបដែលកាលពីដើមខែតុលា បានជូនដំណឹងទៅរដ្ឋាភិបាលកម្ពុជាថា ប្រទេសកម្ពុជានឹងបាត់បង់ឋានៈអនុគ្រោះពន្ធសម្រាប់នាំទំនិញចូលទីផ្សាររបស់សហគមន៍អឺរ៉ុបដែលជាទីផ្សារដ៏ធំជាងគេបំផុតនៅលើពិភពលោក ដោយសារតែការរំលោភសិទ្ធិមនុស្ស។ ឋានៈអនុគ្រោះពន្ធត្រូវបានផ្តល់ជូនកម្ពុជាតាមកម្មវិធីពាណិជ្ជកម្ម«គ្រប់មុខទំនិញទាំងអស់លើកលែងតែសព្វាវុធ ឬ EBA»។
មានប្រតិកម្មជាច្រើនពីថៅកែរោងចក្រ និងអ្នកការពារសិទ្ធិកម្មករ។ ខាងសមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថា GMAC បានទទូចសុំឲ្យសហគមន៍អឺរ៉ុបកុំដាក់ទណ្ឌកម្មណាមួយមកលើប្រទេសកម្ពុជាដែលពួកគេអះអាងថា នឹងធ្វើឲ្យមានផលប៉ះពាល់អវិជ្ជមានយូរអង្វែងមកលើឧស្សាហកម្មកាត់ដេរដែលកំពុងផ្តល់ការងារដល់ប្រជារាស្ត្រខ្មែរយ៉ាងហោចណាស់៧០ម៉ឺននាក់នៅទូទាំងប្រទេស។
របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជារបស់ធនាគារពិភពលោកដែលចេញផ្សាយកាលពីថ្ងៃទី២៨ខែវិច្ឆិកាបានបញ្ជាក់ឲ្យដឹងទៀតថា កម្ពុជាក៏ស្ថិតក្នុងចំណោមប្រទេសមួយចំនួនតូចក្នុងតំបន់អាស៊ីបូព៌ា ដែលគេរំពឹងថា នឹងមានកំណើនសេដ្ឋកិច្ចតិចតួច។
ធនាគារពិភពលោកបានបន្តឲ្យដឹងថា ស្របពេលដែលទស្សនវិស័យវែងឆ្ងាយនៅតែមានភាពវិជ្ជមាន កម្ពុជាចំាបាច់ត្រូវអភិវឌ្ឍលើធនធានរូបវ័ន្ត និងធនធានមនុស្សរបស់ខ្លួន ដើម្បីទទួលបានចំណាត់ថ្នាក់ជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ជាងមុនក្នុងរយៈពេលវែង។
អ្នកស្រី អ៊ីង ហ្គូណា ដូប្រាចា (Inguna Dobraja) ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា ត្រូវបានស្រង់ប្រសាសន៍តាមន័យដើមថា៖
«ដើម្បីសម្រេចបានគោលបំណងរបស់ខ្លួនក្នុងការទទួលបានចំណាត់ថ្នាក់ជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់កម្រិតមធ្យម កម្ពុជាចាំបាច់ត្រូវបង្កើនការវិនិយោគរបស់ខ្លួនលើផ្នែកធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ និងធ្វើកំណែទម្រង់នានាដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចលើគ្រប់វិស័យ និងប្រកបដោយចិរភាព។ ការកៀរគរប្រាក់សន្សំក្នុងស្រុកឲ្យបានច្រើនដើម្បីយកទៅបង្កើនការវិនិយោគគឺជាកត្តាសំខាន់ក្នុងការឈានទៅដល់គោលដៅដូចដែលបណ្តាប្រទេសមានសេដ្ឋកិច្ចល្អជាងគេនៅអាស៊ី សម្រេចបាននោះ»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលខ្មែរ បានប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា ការកើនឡើងប្រាក់ចំណូលប្រចាំឆ្នាំរបស់ពលរដ្ឋខ្មែរ បានឈានដល់កម្រិតមួយ ដែលមិនអនុញ្ញាតឲ្យកម្ពុជាទទួលបានការអនុគ្រោះពន្ធទេ។ យ៉ាងណាក៏ដោយ លោកបានឲ្យដឹងទៀតថា រដ្ឋាភិបាលនៅតែបន្តពិភាក្សាជាមួយសហគមន៍អឺរ៉ុបនៅឡើយ ទាក់ទិនឋានៈអនុគ្រោះពន្ធនេះ ក៏ប៉ុន្តែមិនទាន់មានលទ្ធផលជាដុំកំភួនណានៅឡើយទេ។
«រាជរដ្ឋាភិបាលនៅតែមានបំណងជជែកគ្នានៅក្នុងសាច់រឿងហ្នឹង ហើយប្រព័ន្ធ EBA ហ្នឹង វាមានច្រើនកញ្ចប់ណាស់ ដូច្នេះឥឡូវនេះ យើងអត់មានលទ្ធផលអ្វីដែលជម្រាបជូនបាន»។
របាយការណ៍ដដែលរបស់ធនាគារពិភពលោកស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ក៏បានស្នើសុំឲ្យតភ្ជាប់ភាពខ្វះខាតនៃហេដ្ឋារចនាសម្ត័ន្ធដើម្បីស្រូបយកវិនិយោគទុនផ្ទាល់ពីបរទេសលើផ្នែកផលិតកម្ម និងការកែច្នៃកសិកម្មដែលកំពុងតែកើនឡើង ព្រមទាំងការកែលម្អជាបន្តបន្ទាប់លើបរិយាកាសអាជីវកម្ម៕