ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ដក​ប្រព័ន្ធ​អនុ​គ្រោះពន្ធ​ EBA ​ពី​កម្ពុជា​បន្ត​ដំណើរ​ទៅ​មុខ


រូបភាព​ឯកសារ​៖ លោកGeorge Edgar ​ឯក​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា កាល​ពី​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០១៦។(ហ៊ាន សុជាតា/VOA)
រូបភាព​ឯកសារ​៖ លោកGeorge Edgar ​ឯក​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា កាល​ពី​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០១៦។(ហ៊ាន សុជាតា/VOA)

នីតិវិធី​ដក​កម្មវិធីអនុគ្រោះ​ពន្ធ​ «គ្រប់មុខទំនិញ​លើកលែង​សព្វាវុធ‍» (​EBA)​ ពីកម្ពុជាកំពុង​ដំណើរការ​ទៅមុខ​បន្ទាប់ពី​សហភាព​អឺរ៉ុប​បាន​ជូនដំណឹង​ទៅរដ្ឋាភិបាល​កម្ពុជា​កាលពីខែ​តុលា ប៉ុន្តែស្ថានទូត​សហភាព​អឺរ៉ុបប្រចាំនៅ​កម្ពុជា​ និយាយថា​ កម្ពុជា​នៅ​មាន​ពេល​ដើម្បី​ស្តារស្ថានការណ៍​របស់​ខ្លួន​ឡើងវិញ។

លោក​ ​George Edgar​ ​ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជាបានប្រាប់ ​VOA​ ​តាម​សារ​អេឡិក​ត្រូនិក​ ​Email​ ​នៅ​ថ្ងៃអង្គារ​នេះ​ដោយ​បញ្ជាក់​ជាថ្មី​នូវ​នីតិវិធី​នៃដកប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ ថាបាន​ឆ្លុះ​បញ្ចាំង​ពីការបារម្ភធ្ងន់​ធ្ងរចំពោះ​ការវិវត្តន៍នានា​នៅ​កម្ពុជា​ទាក់ទិន​ការ​គោរព​សិទ្ធិ​មនុស្ស និង​សេរីភាព​ដូច​មាន​ចែង​ក្នុង​ច្បាប់​នានា​របស់​អង្គការ​សហប្រជាជាតិ និង​កតិការ​សញ្ញាស្តីពី​សិទ្ធិមនុស្ស និង​សិទ្ធិ​ការ​ងារ​ ​ជា មូល​ដ្ឋាន​របស់​អង្គការ​ពលកម្ម​អន្តរជាតិ (ILO)។​

លោក​ ​George Edgar​ ​បាន​បន្ថែម​ថា៖

«នីតិវិធី​នៃ​ការ​ដក​គម្រោង គ្រប់​មុខ​ទំនិញ​លើកលែងតែ​អាវុធ​ ដែលមាន​ជាប់ទាក់​ទង​នឹង កម្ពុជា​មិនទាន់​ត្រូវបាន​ធ្វើឡើង​នៅឡើយ។​ ការរៀបចំ​ទាំង​ឡាយ​កំពុង​ត្រូវ​បាន​ធ្វើ​ឡើងសម្រាប់​ការ​សម្រេច​ជាផ្លូវ​ការ​ដោយ​គណៈកម្មការ​សហភាព​អឺរ៉ុប ដែល​នឹង​បើក​នីតិវិធី​ដក​គម្រោង​នេះ»។​

លោក​ឯកអគ្គរដ្ឋទូត​បាន​បញ្ជាក់​ទៀត​ថា​នៅ​ពេល​គណៈកម្មការ​សហភាព​អឺរ៉ុប​ធ្វើការ​សម្រេច​ចិត្ត​ហើយ​នោះ នីតិវិធី​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​បណ្តោះ​អាសន្ននឹងត្រូវចាប់​ផ្តើម​ក្នុងរយពេល​ប្រាំមួយ​ខែ​ ដែល​ជារយៈពេល​ផ្លូវការ​សម្រាប់​ការតាមដាន។​ ​ក្នុងអំឡុង​ពេល​នេះ​ គណៈកម្មការ​ផ្តល់ដល់​ប្រទេស​ពាក់ព័ន្ធ​នូវ​រាល់​ឱកាស​ដើម្បី​សហការ​ និង​ប្រមូល​ព័ត៌មាន​ដែល​ចាំបាច់​។​ ការណ៍នេះ​ នឹង​ធ្វើ​ឡើង​រយៈពេល​ប្រាំមួយ​ខែ​បន្ថែម​ទៀត ដើម្បី​ធ្វើ​របាយការណ៍​ស្តីពី​ការ​រក​ឃើញ​ទាំង​ឡាយ​ហើយ​ធ្វើ​សេចក្តី​សន្និដ្ឋាន​នីតិវិធី​ជាមួយ​ការ​សម្រេច​ចិត្ត​មួយ​ផ្សេង​ទៀតដោយគណៈកម្មការ​ដែល​នឹង​ពិចារណា​ថានឹងដកប្រព័ន្ធពន្ធអនុគ្រោះ​នោះ​ ឬយ៉ាងណា​។

យ៉ាងណា​ក៏ដោយសហភាព​អឺរ៉ុប នៅ​ទុក​ពេល​ឲ្យមាន​ការ​សន្ទនា​ជាមួយ​កម្ពុជា ហើយប្រសិន​បើ​កម្ពុជា​កែ​ប្រែ​ស្ថាន​ភាព​បានយ៉ាងឆាប់នោះ នោះ​រាល់​វិធាន​ការ​នានា​អាច​នឹង​ត្រូវយកមកធ្វើការ​ពិចារ​ណា​ឡើង​វិញ។​

លោក​ ​George Edgar​ ​ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជាបាន​បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយ​ទៅ​លើ​ផល​ប៉ះពាល់​លើ​ការងារ​របស់​កម្មករក្នុងករណី​មានការ​ដក​ប្រព័ន្ធ​អនុគ្រោះពន្ធ​នេះ​ទេ​ តែ​សហ​ភាព​អឺរ៉ុបសង្ឃឹម​ថា អាជ្ញាធរ​កម្ពុជា​នឹង​ចាត់​វិធានការ​ដែល​ស្រប​នឹង​កតិការ​សញ្ញា​ទាំង​ឡាយ។

ទោះ​ប្រមុខ​ការទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​មិនបាន​ថ្លែង​បញ្ជាក់​អំពី​ផល​វិបាក​នៃការ​ ​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ក្តី ក្រុម​អ្នក​ឃ្លាំ​មើល​មួយ​ចំនួន​បាន​និយាយ​ថា​ ការ​បាត់​បង់​ប្រព័ន្ធ​ពន្ធ​អនុគ្រោះ​របស់​សហភាព​អឺរ៉ុប​នេះ​ អាច​នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​រង្គោះរង្គើ​ រក​កល់​នឹង​រលំ​ផង​ដែរ។​

ធនាគារ​ពិភព​លោក​ក៏បាន​ព្រមាន​កាល​ពី​កន្លង​មក​ថា​ សេដ្ឋកិច្ច​កម្ពុជា​ ក៏​នឹង​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​ធំ​មួយ​ផងដែរ​ ក្នុង​ករណីមាន​ការសើរើ​ឡើងវិញ​នៃការ​អនុគ្រោះពន្ធ​ដល់​ទំនិញ​កម្ពុជា​ និង​ការ​ធ្លាក់​ស្រុតចុះ​របស់​សេដ្ឋកិច្ច​ប្រទេស​ចិន។​

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ ​(GMAC)​ ដែល​តំណាង​ឲ្យក្រុមអ្នកនាំ​ចេញ​សម្លៀក​បំពាក់​នៅ​ប្រទេស​កម្ពុជា​ ​ក៏​បាន​ឲ្យ​ដឹង​ពី​ការបារម្ភ​របស់​ខ្លួន​ ​ចំពោះ​ការ​ប្រកាស​ថ្មី​ៗរបស់​សហភាព​អឺរ៉ុប​ ​ដែល​បាន​បញ្ជាក់​ឲ្យ​ដឹង​ពីការ​ព្យួរ​ទុក​ជា​បណ្តោះ​អាសន្ន​នៃ​គំនិត​ផ្តួចផ្តើម EBAនេះ​។

ក្រុមអ្នកនាំ​ចេញ​សម្លៀក​បំពាក់​នៅ​ប្រទេស​កម្ពុជា​ ​បាន​ទទូច​សុំ​ឲ្យ​សហគមន៍​អឺរ៉ុប​កុំ​ដាក់​ទណ្ឌកម្ម​ណា​មួយ​មក​លើ​ប្រទេស​កម្ពុជា​ដែល​ពួក​គេ​អះអាង​ថា​នឹង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​យូរអង្វែង​មក​លើ​ឧស្សាហកម្ម​កាត់ដេរ​ដែល​កំពុង​ផ្តល់​ការងារ​ដល់​ប្រជារាស្ត្រ​ខ្មែរយ៉ាង​ហោច​ណាស់៧០ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស។​ ពួកគេបានកត់​សម្គាល់​ថា​ ការ​នាំ​ចេញ​សម្លៀក​បំពាក់​ និង​ស្បែកជើង​របស់​ពួកគេ​ទៅ​សហភាព​អឺរ៉ុប​ គឺ​មាន​ដល់​ទៅ​ជាង​៤៦ភាគរយ​ ហើយ​បាន​តាំងចិត្ត​ថា​នឹង​បង្កើន​ចំនួន​នៃ​ការ​នាំ​ចេញ​ទៅ​ឆ្នាំ​ខាង​មុខ​ទៀត។​

ភ្នាក់ងារ​ផ្តល់​ចំណាត់​ថ្នាក់​ខាង​ឥណទាន​ ​Moody’s​ ​បាន​រក​ឃើញ​ថា ​ការ​បាត់បង់​ដ៏​មាន​សក្តានុ​ពល​នៃ​ការ​អនុ គ្រោះ​ខាង​ពាណិជ្ជកម្ម​ដើម្បី​នាំ​ទំនិញ​ចូល​ទីផ្សារ​សហភាព​អឺរ៉ុប​ ​នឹង​បង្ក​ផល​ប៉ះ​ពាល់​ជា​អវិជ្ជមាន​លើ​ផ្នែក​ឥណទាន​របស់​កម្ពុជា។ ​ភ្នាក់​ងារ​បាន​ឲ្យ​ដឹង​ថា ការ​កើនឡើង​នៃ​ថ្លៃ​ចំណាយ​ដែល​បណ្តាល​មក​ពី​ការ​ជាប់ពន្ធ​នេះ​ ​នឹង​ធ្វើ​ឲ្យ​ខូចខាត​ដល់​លទ្ធភាព​នៃ​ការ​ប្រកួត​ប្រជែង​ការ​នាំ​ចេញ​របស់​កម្ពុជា​ លុះ​ត្រា​តែ​ផលិតភាព​កម្ពុជា​មាន​លក្ខណៈ​ប្រសើរ​ ដើម្បី​ទូទាត់​នឹង​ការ​ចំណាយ​ដែល​កើន​ឡើង​ថ្មី​បន្ថែម​ទៀតនោះ​។

ក៏ប៉ុន្តែ​អ្នកនាំពាក្យ​រដ្ឋាភិបាល​ខ្មែរ​លោក​ផៃ​ ស៊ីផាន​បានបញ្ជាក់​កាល​ពី​ពេល​កន្លង​មក​ថា ​កំណើន​សេដ្ឋ​កិច្ច​របស់​កម្ពុជា​នឹង​នៅ​បន្ត​រឹងមាំ​ ​ដោយ​ហេតុ​ថា​កម្ពុជា​រក​បាន​ចំណូល​ផ្សេង​ទៀត​ក្រៅ​ពី​វិស័យ​កម្មន្ត​សាល ​ដើម្បី​រក្សា​លំនឹង​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន។ លោក​អះអាងថា ការកើនឡើង​ប្រាក់​ចំណូល​ជាង​១៥០០​ដុល្លារ​ក្នុងមួយ​ខែ​របស់​ពលរដ្ឋ​កម្ពុជា​ ក៏​នឹង​រួម​ចំណែក​ដល់ការ​ធ្វើឲ្យ​កម្ពុជា បាត់​បង់​អត្ថ​ប្រយោជន៍​ខ្លះ​នៃ​កម្ម​វិធី​អនុគ្រោះពន្ធ​ EBA ដែល​នឹង​តម្រូវ​ឲ្យ​កម្ពុជា​បង់​ពន្ធ​សម្រាប់​ការ​នាំ​ចេញ​ទំនិញ​របស់​ខ្លួន​។​ លោក​ថាកម្ពុជា​ក៏​នឹង​មិន​ត្រូវ​បង់​ពន្ធ​ ​១០០​ភាគ​រយ​សម្រាប់​ការ​នាំ​ចេញ​ទំនិញ​របស់​ខ្លួន​ទៅ​កាន់​សហភាព​អឺរ៉ុប​នោះ​ដែរ។

លោក​ផៃ ស៊ីផាន​ ប្រាប់​ VOA ​នៅ​ថ្ងៃ​អង្គារ​នេះ​បន្ថែម​ទៀតថា​ រដ្ឋាភិបាល​កម្ពុជា​នៅ​បន្ត​រក្សា​ការ​ពិភាក្សា​ជាមួយ​សហភាព​អឺរ៉ុប​ ដើម្បី​ពិនិត្យ​លើ​ចំណែកនានា​ក្នុងកញ្ចប់​កម្មវិធី​ EBA ​ដែល​រួម​មាន​កិច្ចការ​ពាណិជ្ជកម្ម​ ការ​សហការ​ខាង​ពាណិជ្ជកម្ម​ និង​ការ​ផ្តល់ហិរញ្ញប្បទាន​សម្រាប់​កិច្ចការ​កែទម្រង់​រដ្ឋបាល​ជាដើម។ អ្នក​នាំពាក្យ​រដ្ឋាភិបាល​រួប​នេះ​ បានឲ្យដឹងបន្ត​ថា​ រដ្ឋាភិបាល​បាន​ត្រៀម​ខ្លួន​រួចរាល់​តាំងពី​ពាក់​កណ្តាល​អាណត្តិ​ទីប្រាំ​ ក្នុង​ករណី​សហភាព​អឺរ៉ុបតម្រូវ​ឲ្យកម្ពុជា​បង់​ពន្ធ​លើ​ការនាំ​ចេញ​ទំនិញ​របស់​ខ្លួន​នោះ​។

«​ចាប់​តាំងពី​ពាក់​កណ្តាល​អាណត្តិទីប្រាំហ្នឹង​ យើង​បាន​ត្រៀម​លក្ខណៈ​រួច​ស្រេច​ទៅហើយ​ ដោយ​សារ​អាច​នឹង​មាន​ កំណើន​ពន្ធ​ដារ​ បន្ថែម​ពីលើ​បន្តិចបន្តួច​ជាជាង​អត់​បាទ ជាជាង​អត់​បង់​ពន្ធ​សុទ្ធ​។ អាហ្នឹង​យើង​ត្រៀម​លក្ខណៈ​រួច​ស្រេច​ទៅហើយ។ រួចសួរ​ថា​តើ​បើសិន​ជា​ការ​ ដែល​បង្កើន​ពន្ធ​ហ្នឹង​ តើ​វា​ប៉ះពាល់​អ្វី​ខ្លះ​ ក៏ដូច​ជីវភាព​របស់​កម្មករ​ សូមជម្រាប​ថា​ ប្រាក់​បៀវត្សរ៍​ គឺ​ធានា​ដោយ​ច្បាប់​កម្ពុជា​រួចស្រេច​ទៅហើយ​ ហើយនៃការ​សម្រេច​រវាង​ភាគី​សហជីព​ ភាគី​អ្នកទិញ​ ហើយ​និង​អ្នកកូម៉ង់​របស់​ ហើយ​និង​ ILO​ ហើយ​និងរាជរដ្ឋាភិបាល​ ដែលយើង​មាន​បួន​ poles ​បួន​ភាគី​ក្នុង​ការ​ពិចារណា​ ធ្វើយ៉ាងម៉េច​ កុំឲ្យ​កំណើន​បៀវត្សរ៍​ហ្នឹង​ វាប៉ះពាល់​ទៅដល់​ ការផលិត​ និងការ​បញ្ចេញ​ឥវ៉ាន់​ទៅហ្នឹង​ឯង»។

យ៉ាង​ណា​ក៏ដោយ​ សមាគម​រោងចក្រ​កាត់​ដេរ​នៅកម្ពុជា​បាន​លើក​ឡើង​ថា ការ​ផ្អាក​បណ្តោះ​អាសន្ន​នូវ​កម្មវិធី​អនុគ្រោះ​ពន្ធ​EBA​ ​ឬ​ក៏​ការ​ដាក់​ទណ្ឌ​កម្ម​ឯកតោ​ភាគី​រយៈ​ពេល​ខ្លី​ណា​មួយ​ អាច​នឹង​មាន​ផល​ប៉ះ​ពាល់​រយៈ​ពេល​វែង​លើ​ជីវិត​កម្មករ​និង​គ្រួសារ​របស់​ពួកគេ។​ ​រាល់​ការ​រីកចម្រើន​របស់​កម្ពុជា​ ​ដែល​សម្រេច​បាន​ក្នុងរយៈពេល​២ទសវត្សរ៍​មក​នេះ​ តាមរយៈ​កិច្ច​ខិតខំ​របស់​រាល់​អ្នកពាក់​ព័ន្ធ​ ដោយ​រាប់​បញ្ចូល​ទាំង​ដៃគូ​អភិវឌ្ឍន៍​ ដូចជា​សហភាព​អឺរ៉ុប​អាច​នឹង​ត្រូវ​បាន​បំផ្លាញ​ចោល​យ៉ាង​ឆាប់​រហ័ស​ផងដែរ៕

XS
SM
MD
LG