ក្រសួងការងារកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ បានស្នើដល់ក្រុមមេដឹកនាំសហជីពដែលរងការប្តឹងផ្តល់នៅតុលាការឲ្យផ្តល់របាយការណ៍អំពីសំណុំរឿងរបស់ពួកគេមកក្រសួង ដើម្បីជាទុនសម្រាប់ឲ្យក្រសួងធ្វើការសហការជាមួយស្ថាប័នតុលាការក្នុងការបញ្ចប់សំណុំរឿងទាំងនោះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារដែល VOA ទទួលបាន។
សេចក្តីជូនដំណឹងរបស់ក្រសួងការងារធ្វើឡើង ក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឲ្យតុលាការកម្ពុជាបិទបញ្ចប់រឿងក្តីប្រឆាំងនឹងតំណាងសហជីពនានានៅត្រឹមចុងឆ្នាំ២០១៨ ដើម្បីឲ្យមានលំហសេរីភាពនៃការបំពេញការងារសម្រាប់សហជីពពេញលេញ។
សេចក្តីជូនដំណឹងរស់ក្រសួងការងារ ចុះនៅថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៨នេះ បានសរសេរក្នុងន័យដើមថា៖
«យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត កាលពីថ្ងៃទី៧ និងថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០១៨ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនអង្គការវិជ្ជាជីវៈ ជាពិសេសថ្នាក់ដឹកនាំសហជីពទាំងអស់ដែលកំពុងមានករណីបណ្តឹងនៅតុលាការ ឲ្យបានជ្រាបថា ដើម្បីសហការជាមួយក្រសួងយុត្តិធម៌ ក្នុងការផ្តល់សេវាកម្មផ្នែកច្បាប់នៅក្នុងដំណើរការនីតិវិធីតុលាការ សំដៅឈានទៅដល់ការពន្លឿន និងបញ្ចប់សំណុំរឿងឲ្យបានឆាប់រហ័ស ស្របតាមបទប្បញ្ញត្តិជាធរមាន សូមអង្គការវិជ្ជាជីវៈ ជាពិសេស ថ្នាក់ដឹកនាំសហជីព ផ្តល់របាយការណ៍អំពីសំណុំរឿងរបស់ខ្លួនមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឲ្យបានមុនថ្ងៃទី១០ខែធ្នូឆ្នាំ២០១៨»។
កាលពីថ្ងៃពុធ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកទឹកចិត្តឲ្យសហជីពទាំងអស់ដែលកំពុងមានវិវាទនៅតុលាការ ត្រូវបញ្ជូនសំណើទៅកាន់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដើម្បីឲ្យមានការដោះស្រាយបញ្ចប់នាចុងឆ្នាំ២០១៨នេះ។
លោក ហ៊ុន សែន ក៏បានបញ្ជាឲ្យក្រសួងការងារធ្វើការជាមួយក្រសួងយុត្តិធម៌ដើម្បីក្រសួងយុត្តិធម៌ធ្វើការបន្តជាមួយតុលាការ ក្នុងការបញ្ចប់សំណុំរឿងទាំងនោះ កុំឲ្យឈានចូលដល់ឆ្នាំ២០១៩។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ដែលរងការប្តឹងផ្តល់នៅតុលាការជាច្រើនបណ្តឹងនោះ យល់ថា ការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងការជូនដំណឹងរបស់ក្រសួងការងារគឺមានភាពស៊ីសង្វាក់គ្នា ដែលបង្ហាញពីសញ្ញាណវិជ្ជមាន ឈានដល់ការបញ្ចប់រឿងក្តីរបស់លោក និងមេដឹកនាំសហជីពដទៃទៀត។
លោកសង្ឃឹមថា ក្រសួងការងារ និងក្រសួងយុត្តិធម៌នឹងបង្កើនការខិតខំពិនិត្យលើសំណុំរឿងរបស់ក្រុមមេដឹកនាំសហជីព ដើម្បីបញ្ចប់រាល់សំណុំរឿងទាំងអស់នោះ។
«ប្រសិនជាក្រសួងការងារ និងក្រសួងយុត្តិធម៌ដុតដៃ ដុតជើងធ្វើការងារហ្នឹង រឿងការងារប្រហែលចប់ នៅក្នុងឆ្នាំនេះបានច្រើន ហើយអាសេសសល់អីអាចនៅឆ្នាំក្រោយបានទៀតអ៊ីចឹង។ ប៉ុន្តែអ្វីដែលខ្ញុំ ក៏ខ្ញុំចង់ចប់ឲ្យបានលឿនដែរ ក្នុងសំណុំរឿងហ្នឹង។ បើសិនជាអាច ក្រសួងធ្វើបានចប់ឆ្នាំហ្នឹង ខ្ញុំគិតថា វាជារឿងល្អមួយសម្រាប់ខាងសហជីពផងដែរ បាទ»។
មេដឹកនាំសហជីពរូបនេះបានឲ្យដឹងទៀតថា ការព្យាយាមរបស់រដ្ឋាភិបាលកម្ពុជា បញ្ចប់សំណុំរឿងទាំងឡាយរបស់ក្រុមថ្នាក់ដឹកនាំសហជីពនៅតុលាការក៏បានបង្ហាញការវិវត្តមួយរបស់រដ្ឋាភិបាលកម្ពុជា ដែលទំនងជាចង់រក្សាទុកនូវឋានៈអនុគ្រោះពន្ធពីសហគមន៍អឺរ៉ុប។
«អាហ្នឹងវាអាចបង្ហាញទៅសហគមន៍អឺរ៉ុបថា វាមានការវិវត្ត។ នៅក្នុងសហគមន៍អឺរ៉ុបក៏បានបញ្ជាក់ដែរថា កិច្ចព្រមព្រៀងពាណិជ្ជកម្មហ្នឹងជាប់ជាមួយនឹងការពង្រឹងលក្ខខណ្ឌការងារនេះឯង»។
កាលពីដើមខែតុលា សហភាពអឺរ៉ុបបានជូនដំណឹងទៅរដ្ឋាភិបាលកម្ពុជាថា ប្រទេសកម្ពុជានឹងបាត់បង់ឋានៈអនុគ្រោះពន្ធសម្រាប់ការនាំទំនិញចូលទីផ្សាររបស់សហគមន៍អឺរ៉ុប ដោយសារតែការរំលោភសិទ្ធិមនុស្ស។
លោក ឃុន ថារ៉ូ មន្ត្រីសម្របសម្រួលការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សហៅកាត់ថា អង្គការសង់ត្រាល់ (Central) ប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា ការប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការដោះស្រាយសំណុំរឿងរបស់ក្រុមថ្នាក់ដឹកនាំសហជីពនៅតុលាការនេះផ្សារភ្ជាប់និងអាចរក្សាឲ្យបាននូវកម្មវិធីពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប ដែលគេស្គាល់ថា«គ្រប់មុខទំនិញទាំងអស់លើកលែងតែសព្វាវុធ» ឬហៅថា EBA។
«វា វាផ្សារភ្ជាប់ទៅនឹងចំណុចមួយហ្នឹងដែរ ពីព្រោះថា សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសហភាពអឺរ៉ុប ក៏ដូចជាដំណោះស្រាយ ដែលចេញដោយសភាសហភាពអឺរ៉ុបហ្នឹងគឺនិយាយច្បាស់ ទាក់ទងទៅនឹងចំណុចទីមួយ នៅក្នុងដំណោះស្រាយផ្សេងៗទៀត ដែលសហភាពអឺរ៉ុបចង់មើលឃើញហ្នឹងគឺទាក់ទងទៅនឹងសិទ្ធិមនុស្ស ហើយនិងផ្សារភ្ជាប់ជាមួយនឹងលក្ខខណ្ឌការងារ សិទ្ធិការងាររបស់កម្មករនិយោជិតហ្នឹង»។
ក្រុមមេដឹកនាំសហជីពមួយចំនួន រួមមានលោកវន់ ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធហៅកាត់ថា IDEA និងលោកប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា បានឲ្យដឹងថា ពួកគេកំពុងរៀបចំដាក់របាយការណ៍ស្តីអំពីសំណុំរឿងនៅតុលាការ ជូនទៅក្រសួងការងារ។ ចំណែកលោកអាត់ ធន់បានឲ្យដឹងថា លោកបានដាក់សំណើដោះស្រាយសំណុំរឿងរបស់ក្រុមមេដឹកនាំសហជីពទៅក្រសួងការងារ ទៅលោកនាយករដ្ឋមន្ត្រីហ៊ុន សែនតាំងពីមុនពិធីបុណ្យអុំទូក។ លោកថា សហជីពលោកមានករណីប្តឹងផ្តល់ជិត១០០ករណី ដែលការប្តឹងផ្តល់ទាំងនោះធ្វើឡើងដោយក្រុមហ៊ុនចំនួន៥០។
សហភាពអឺរ៉ុបបានសម្រេចទុកពេល១២ខែឲ្យកម្ពុជាស្តារស្ថានភាពប្រជាធិបតេយ្យឡើងវិញ មុននឹងសម្រេចដកពន្ធអនុគ្រោះពន្ធ ដែលនឹងមិនឲ្យកម្ពុជាជាប់ពន្ធមានទឹកប្រាក់ជាង៦០០លានដុល្លារក្នុងមួយឆ្នាំៗ៕