ខណៈដែលរាជរដ្ឋាភិបាលកម្ពុជារំពឹងកំណើននៃសកម្មភាពសេដ្ឋកិច្ចក្នុងតំបន់តាមរយៈកំពង់ផែពហុបំណងកំពត ដែលត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃព្រហស្បតិ៍នេះ អ្នកឃ្លាំមើលមួយចំនួនកំពុងព្រួយបារម្ភពីការអនុវត្តគោលនយោបាយសេដ្ឋកិច្ចគន្លឹះនានា ដើម្បីជំរុញឱ្យមានសកម្មភាពនាំចេញទំនិញរបស់កម្ពុជាទៅក្រៅប្រទេសច្រើនជាងមុន។
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លើកឡើងថា កំពង់ផែពហុបំណងកំពត ជាកំពង់ផែស្តង់ដាកម្រិតអន្តរជាតិផ្ដល់ប្រយោជន៍សម្រាប់ការធ្វើពាណិជ្ជកម្ម និងជំរុញដល់កំណើនសេដ្ឋកិច្ចកម្ពុជាតាមរយៈការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ «កំពង់ផែពហុបំណងកំពត» នៅព្រឹកថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២៤ដែលសាងសង់រួចរាល់ដំណាក់កាលទី ១ និងមានតម្លៃប្រមាណ ១៤០ លានដុល្លារអាមេរិកថា កំពង់ផែពហុបំណងកំពតនឹងផ្ដល់ប្រយោជន៍សម្រាប់ការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជាតាមរយៈការដឹកជញ្ជូនតាមផ្លូវសមុទ្រកម្ពុជា។
លោក ហ៊ុន ម៉ាណែត ថ្លែងថា៖ «កំពង់ផែនេះ នឹងចូលរួមចំណែកក្លាយជាសរសៃឈាមដ៏សំខាន់ថ្មីមួយទៀត សម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រកម្ពុជា និងធ្វើឱ្យប្រសើរឡើងនូវសកម្មភាព ពាណិជ្ជកម្ម និងការផ្លាស់ប្ដូរទំនិញ រួមទាំងជួយជំរុញកំណើនសេដ្ឋកិច្ចនៅកំពត ក៏ដូចជាការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជាផងដែរ»។
លោក ហ៊ុន ម៉ាណែត បន្ថែមថា កំពង់ផែពហុបំណងកំពតនឹងត្រូវចាត់ទុកជាកំពង់ផែទឹកជ្រៅមួយទៀតនៅកម្ពុជានិងជាកំពង់ផែដ៏ទំនើបដែលជួយបំពេញបន្ថែមលើ មុខងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ។
អ្នកវិភាគនយោបាយ និងសង្គម លោកបណ្ឌិត មាស នី យល់ឃើញថា ការពង្រីកវិស័យដឹកជញ្ជូននៅកម្ពុជាជា កត្តាអាទិភាពមួយដែលរដ្ឋាភិបាលតែងតែរកដំណោះស្រាយ ដើម្បីបង្កលក្ខណៈនៃការដឹកជញ្ជូនកាន់តែមានភាពងាយស្រួល និងចំណេញ។ ប៉ុន្តែលោកថា ក្រៅពីនេះរដ្ឋាភិបាលក៏ត្រូវពង្រឹងនូវការនាំចេញទំនិញដែលមានក្នុងស្រុកទៅក្រៅប្រទេសផងដែរ ដើម្បីកុំឲ្យការដឹកជញ្ជូនទំនិញពីខាងក្រៅចូលមកកាន់តែច្រើន។
លោកថ្លែងថា៖ «យើងក៏ត្រូវគិតពី ថាតើយើងពង្រឹងពង្រីកវិស័យផលិតផលយ៉ាងម៉េច ដើម្បីឱ្យមានរបស់ដឹកជញ្ជូននៅលើផ្លូវ ដើម្បីកុំឱ្យយើងមាន[ផ្លូវ]ហើយ ដល់ពេលដឹកជញ្ជូន យើងអត់មានរបស់ដឹកជញ្ជូន ឬមួយក៏ការនាំចេញរបស់យើងនៅតែមានឱនភាព មិនស្មើដៃគ្នាជាមួយការនាំចូល! អាហ្នឹងយើងបើកទ្វារកាន់តែច្រើនក៏វាជាឱកាសសម្រាប់ឱ្យការចូលអីវ៉ាន់ពីក្រៅមកកាន់តែច្រើន ដែលអាចលុបលើផលិតផលនៅក្នុងស្រុកយើងដែរ។វាជាបញ្ហាមួយដែលរដ្ឋត្រូវគិតក្នុងពេលដំណាលគ្នា»។
លោកបណ្ឌិត គី សេរីវឌ្ឍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រាប់វីអូអេថា កំពង់ផែពហុបំណងកំពតគឺជាកំពង់ផែបំពេញបន្ថែមឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានសារៈសំខាន់ក្នុងការបំបែកបន្ថែមនូវប្រសិទ្ធិភាពនៃផែសមុទ្រកម្ពុជា។
លោក គី សេរីវឌ្ឍ ថ្លែងថា៖ «កំពង់ផែនេះមានសារៈសំខាន់នៅក្នុងការបំបែកបន្ថែមនូវប្រសិទ្ធិភាពនៃផែ ដើម្បីជំរុញឱ្យការចរាចរណ៍ទំនិញរបស់កម្ពុជាប្រកបដោយភាពងាយស្រួលទាំងការនាំចេញនិងនាំចូល»។
ជាមួយគ្នានេះ អ្នកជំនាញសេដ្ឋកិច្ចរូបនេះយល់ថាកំពង់ផែនេះអាចនឹងធ្វើឱ្យមានបញ្ហាប្រឈមខ្លះកើតឡើងប្រសិនបើមិនមានការបែងចែកច្បាស់លាស់អាចធ្វើឱ្យមានករណីដណ្ដើមអតិថិជនគ្នាទៅវិញទៅមក។
លោក សាន់ ម៉ាឡា ប្រធានកម្មវិធីបណ្តាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ លើកឡើងថាលោកសាទរចំពោះគម្រាងអភិវឌ្ឍទាំងឡាយណាដែលធ្វើឡើងក្នុងគោលបំណងដើម្បីបម្រើដល់ផលប្រយោជន៍សង្គមជាតិ ដោយមិនបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋមូលដ្ឋាន។ លោក សាន់ ម៉ាឡា សង្ឃឹមថាកំពង់ផែពហុបំណងកំពតនឹងជួយជំរុញការនាំចេញកសិផលរបស់កសិករកម្ពុជាទៅកាន់ទៅផ្សារអន្តរជាតិ។
លោក សាន់ ម៉ាឡា ថ្លែងថា៖ «យើងសង្ឃឹមថា ការកសាងកំពង់ផែនេះនឹងជួយជំរុញដល់ការនាំចេញកសិផលរបស់ប្រជាពលរដ្ឋខ្មែរទៅលក់ទៅកាន់ទៅទីផ្សារអន្តរជាតិ ហើយក៏ជាផ្នែកមួយដើម្បីបង្កើតការងារទៅដល់ប្រជាជននៅក្នុងតំបន់ផងដែរ»។
លោកក៏បានអំពាវនាវដល់រដ្ឋាភិបាលក្នុងការបង្ហាញនិងផ្សព្វផ្សាយពីគម្រាងអភិវឌ្ឍន៍ផេ្សងៗដោយមានតម្លាភាព និងទូលំទូលាយ ជៀសវាងការកើតឡើងនៅភាពមិនប្រក្រតីផ្សេងៗដែលធ្វើឱ្យខាតបង់ថវិកាជាតិ ដូចករណីគម្រាងកំពង់ផែទេសចរណ៍នៅខេត្តកំពតដែលក្រសួងទេសចរណ៍ធ្លាប់បានលើកឡើង។
គួរបញ្ជាក់ថា កំពង់ផែពហុបំណងកំពតមានទីតាំងស្ថិតនៅភូមិគីឡូ១២ សង្កាត់កោះតូច និងសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត។ កំពង់ផែនេះ ធ្វើឡើងក្រោមការវិនិយោគទុនរបស់ក្រុមហ៊ុនកំពតផត(Kampot Port) ដែលជាក្រុមហ៊ុនឯកជនទទួលបានអាជ្ញាបណ្ណក្នុងការសាងសង់ពីក្រសួងសារធារណៈការនិងដឹកជញ្ជូន កាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០១២។ ក្នុងដំណាក់កាលទីមួយក្នុងឆ្នាំ ២០២៤ កំពង់ផែថ្មីនេះមានជម្រៅទឹកប្រមាណ ១០ ម៉ែត្រ ដែលអាចឱ្យកំប៉ាល់ដឹកទំនិញចំណុះ ១០ ម៉ឺនតោនចូលចតបាន និងអាចលើកដាក់ទំនិញចេញចូលបានចំនួនប្រមាណ ២០ ម៉ឺន TEU និងប្រមាណ ៦០ ម៉ឺនTEUនៅដំណាក់កាលបន្តបន្ទាប់៕
វេទិកាបញ្ចេញមតិ