ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក មាជ សុវណ្ណារ៉ា ជាប់​​ឆ្នោត​ជា​ប្រធាន​គណបក្ស​ជំនាន់​ថ្មី


លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្ស​ជំនាន់ថ្មី ថ្លែងសុន្ទរកថានៅក្នុងសមាជគណបក្សលើកដំបូង នៅខេត្តសៀមរាប នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។ (ហាន ណូយ/វីអូអេ)
លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្ស​ជំនាន់ថ្មី ថ្លែងសុន្ទរកថានៅក្នុងសមាជគណបក្សលើកដំបូង នៅខេត្តសៀមរាប នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។ (ហាន ណូយ/វីអូអេ)

អ្នក​នយោបាយចាស់វស្សាលោក​មាជ សុវណ្ណារ៉ា នៅ​ថ្ងៃ​អង្គារ​នេះ​បានក្លាយ​ជាប្រធាន​គណបក្ស​នយោបាយ​ដែល​ទើបតែបង្កើត​ថ្មីមួយ​ គឺ​ «គណបក្ស​ជំនាន់​ថ្មី» ដែលបានរៀបចំសមាជ​បក្ស​លើកដំបូងរបស់​ខ្លួននៅខេត្ត​សៀម​រាប​ កាល​ពីព្រឹកថ្ងៃអង្គារ​។ ​លោក​ បាន​ប្តេជ្ញានាំមក​ឱ្យប្រទេស​កម្ពុជា​នូវ​លទ្ធិ​ប្រជា​ធិប​តេយ្យ​ពិតប្រាកដ​។

លោក មាជ សុវណ្ណារ៉ា​ គឺជាអតីត​មន្ត្រីជាន់ខ្ពស់​របស់​គណបក្សសង្គ្រោះជាតិ​ ទទួល​បន្ទុកផ្នែក​ព័ត៌មាន​ ហើយក៏ធ្លាប់​ជាប់​ពន្ធនាគារ​ ចំពោះការពាក់​ព័ន្ធរបស់​ក្នុង​បាតុកម្ម​រៀបចំ​ដោយអតីតគណបក្សជំទាស់​ក្រោយការបោះឆ្នោត​ជាតិ​ឆ្នាំ​ ២០១៣។ ​

ថ្លែងនៅ​ក្នុង​ពិធី​សមាជ​លើកដំបូង​របស់​គណបក្សជំនាន់ថ្មីលោក ​មាជ សុវណ្ណារ៉ា អតីត​ប្រធាននាយកដ្ឋាន​ព័ត៌មាន​របស់អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រាប់​អ្នកគាំទ្រ​គណបក្ស​ថា ​គណ​បក្ស​ជំនាន់​ថ្មី​នឹងធ្វើឱ្យ​កម្ពុជាមាន​ប្រជាធិប​តេយ្យ​ពិត​ប្រាកដ​ សេច​ក្តី​ថ្លៃថ្នូរ​និង​ភាព​រុងរឿងដែលស្មើភាពគ្នា។

លោកថ្លែង​ថា​៖« ជយោ​គណបក្សជំនាន់ថ្មី ជយោយុវជនមានគំនិតថ្មី ជយោ​ឈាមថ្មី ជយោ​ការគិតថ្មី ធ្វើថ្មីដើម្បីសេរីភាព ដើម្បី​យុត្តិធម៌​និងសន្តិភាពមួយ​ដែល​មាន​តម្លាភាព​និង​គណនេយ្យភាព អ្វីដែល​ជំនាន់ថ្មី​ចង់បាន។ ការគិតថ្មី ការធ្វើថ្មី​ដោយ​ប្រជាពលរដ្ឋ​ខ្មែរ ដើម្បី​ប្រជាពលរដ្ឋ​ខ្មែរ​ និង​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ មាន​សេដ្ឋកិច្ច​គ្រួសារ​ធូរធា មាន​ភាពខ្ពស់​មុខខ្ពស់​មាត់ សម្បូរ​សប្បាយ​ និងរីករាយ​ជាមួយ​ប្រជាធិបតេយ្យ​ពិតប្រាកដ និងភាព​ស្អាតស្អំ​សេវាកម្ម​សាធារណ​ ជាទីសក្ការ​ ជាទីជីវិត​ថ្លៃបំផុត​របស់ប្អូន​របស់​ប្រជាពលរដ្ឋខ្មែរ​គឺសុខភាព»។

បើតាម​លោក មាជ សុវណ្ណារ៉ា​ គណបក្ស​ជំនាន់ថ្មី​មាន​ចក្ខុវិស័យ​ចង់ឃើញ​ប្រជា​ពល​រដ្ឋកម្ពុជា​ទាំងអស់​ ទាំង​ក្នុងប្រទេស ​និង​ក្រៅប្រទេស​ ជាប្រជាជាតិ​រុងរឿង ថ្កុំថ្កើង មាន​ការ​កោត​សរសើរ​ពីប្រជាជាតិ​ខ្មែរខ្លួនឯង​ និងពី​ប្រជាជាតិ​ផ្សេងៗ​ទៀត​នៃ​ពិភព​លោក ថា​ជាប្រជាជាតិខ្មែរ​មួយនេះ​ មានការ​គោរព លើកស្ទួយ និង​ការពារ​សិទ្ធិ​មនុស្ស​ និងមាន​ប្រជាធិតេយ្យពិត​ប្រាកដ​ មាន​ស្ថិរភាព​ អធិប​តេយ្យភាព សុភ​មង្គល​ ជា​ប្រជាជាតិ​មួយ​ដែល​ស្អាតស្អំ​ និង​មិន​ពុករលួយ។

ប្រធាននិងសមាជិកគណបក្ស​ជំនាន់ថ្មីចូលរួម​ពិធីបើកសមាជលើកដំបូងរបស់គណបក្ស នៅខេត្តសៀមរាប នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។ (ហាន ណូយ/វីអូអេ)
ប្រធាននិងសមាជិកគណបក្ស​ជំនាន់ថ្មីចូលរួម​ពិធីបើកសមាជលើកដំបូងរបស់គណបក្ស នៅខេត្តសៀមរាប នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។ (ហាន ណូយ/វីអូអេ)

គណបក្ស​ជំនាន់ថ្មី ត្រូវ​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​គណបក្ស​នយោបាយ​ជា​ផ្លូវការ​នៅ​ក្រសួងមហាផ្ទៃ​ កាល​ពី​ថ្ងៃ​ទី​ ១២​ ខែ​មេសា​ ឆ្នាំ ​២០២៤​ ហើយ​ទី​ស្នាក់​ការ​កណ្តាល​របស់​គណបក្សថ្មីថ្មោងនេះ ​គឺ​ស្ថិត​នៅ​ភូមិ​ច្រេស​ ឃុំ​កណ្តែក​ ស្រុក​ប្រាសាទ​បាគង​ ខេត្ត​សៀមរាប​។

អនុប្រធាន​គណបក្ស​ជំនាន់ថ្មី លោក​ ប៉ាត មុន្នី លើកឡើង​ថា មូល​ហេតុនៃ​ការ​កកើត​ឡើង​គណបក្ស​ជំនាន់ថ្មី គឺ​ភាពអយុត្តិធម៌​ ការមិន​គោរពសិទ្ធិ​សេរីភាព និង​ការ​គាំពារ​ស្មើមុខ​ស្មើមាត់​ពីច្បាប់​ចំពោះ​ពលរដ្ឋនៅ ​ប្រទេសកម្ពុជា។

លោក​ថ្លែងថា៖« ដែល​សព្វថ្ងៃយើង​ឃើញមាន​ការ​រើសអើង​ ហើយ​មិនទាន់​បាន​ទទួល​បាន​នូវការ​មើល​ថែទាំ​ដោយច្បាប់​ សិទ្ធិសេរីភាព​ត្រឹមត្រូវ​នូវឡើយ។អ៊ីចឹង​បាន​យើង​រៀបចំ​គណបក្ស​ជំនាន់​ថ្មីដើម្បី​រួមគ្នា​ធ្វើកិច្ចការងារ​នេះ​ ហើយ​យើង​បន្តទៅ​អនាគត​ជានិរន្តន៍»។

ក្នុងនាម​ជាវាគ្មិន​កិត្តិយស​អ្នកវិភាគ​នយោបាយ​ លោក មាស នី លើក​ឡើង​ថា​លោកតែង​តែ​លើក​ទឹកចិត្ត​នៅពេល​មានគណបក្ស​ថ្មីៗកើត​ឡើង​ដើម្បី​ឱ្យមាន​ការគិត​ពីប្រជាធិបតេយ្យ​ និង​ថាការធ្វើ​នយោបាយ​នៅ​កម្ពុជា​មាន​ទាំង​ការ​សប្បាយ​និង​ការឈឹចាប់​ជាមួយគ្នា។

លោក​បន្ថែម​ថា​ ប្រជាធិបតេយ្យ​នៅកម្ពុជា​ស្ថិត​ក្នុង​ស្ថាន​ភាព​ផុយស្រួយ ដោយ​សារតែការមាន​ទស្សន​ផ្សេងគ្នា​ទៅលើ​និយមន័យ​នៃប្រជាធិប​តេយ្យ​ ការ​លាប​ពណ៌គ្នា​បែបចងគំនុំ និងបង្ក​សត្រូវ។

អ្នកវិភាគ​នយោបាយ​លោក ​មាស នី​ ប្រាប់វីអូអេ​ថា៖ «រឿងសំខាន់​ដើម្បី​យើង​អាច​ធ្វើ​ដំណើរ​ឆ្ពោះទៅ​រកនយោបាយ​មួយដែល​ឈាន​ទៅរក​ផ្សះផ្សាជាតិ​គឺធ្វើម៉េច​ការពារ​កុំឱ្យមាន​ភាព​ជ្រុលនិយម​ដែល​អ្នកនយោបាយ​កន្លងមក​ចូលទៅ​ដល់​កន្លែងមួយ​ដែលនិយាយ​គ្នាលែង​កើត។ អ៊ីចឹងកាលណា​យើង​ធ្វើនយោបាយ​មួយ​ដល់​និយាយគ្នាលែងបាន​ បាន​ន័យថា​ដំណើរការ​ប្រជាធិបតេយ្យ​ដែល​យើង​កំពុង​តែដឹកនាំ​បរាជ័យ​ហើយ​»។

គួរបញ្ជាក់ថាលោក ​មាជ សុវណ្ណារ៉ា ធ្លាប់​ជាប់ពន្ធនាគារ​ចំនួនពីរ​ដង​ បន្ទាប់ពី​មាន​ការ​ប្រេះឆា​ ​នយោបាយ​រវាង​គណបក្ស​ធំៗពីរ​ដែល​មានអាសនៈ​ក្នុង​រដ្ឋសភា​ គឺ​គណ​បក្ស​ប្រជាជន​កម្ពុជា​របស់​ ​លោក​ ហ៊ុនសែន​ និង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ​របស់​លោក​ សម រង្ស៊ី​ ​និងលោក កឹម​ សុខា​។ ក្រៅពីលោក មាជ សុវណ្ណារ៉ា មាន​សកម្ម​ជន​និង​ ​មន្ត្រីអតីត​គណបក្ស​ជំទាស់​នោះ​ជាច្រើន​រូបទៀត​ត្រូវបានសាលា​ដំបូង​រាជធានី​ភ្នំពេញ​ចាប់​មកផ្តន្ទា​ទោស​ជា​បន្ត​បន្ទាប់។​ ការ​ចា​ប់ខ្លួន​នេះ​បាន​ទទួល​រង​ការរិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​មន្ត្រី​សិទ្ធិ​មនុស្ស​ជាតិ​និង​អន្តរជាតិ៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG