ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ដោយ​ខ្វះ​ទំនុក​ចិត្ត​លើ​តុលាការ សកម្មជន​មាតា​ធម្មជាតិ​ងាក​មក​ធ្វើ​ពិធី​បន់ស្រន់​មុខ​តុលាការ


សកម្មជនមាតាធម្មជាតិនិងអ្នកគាំទ្រអង្គុយនៅមុខរបាំងឃាំងរបស់កងកម្លាំងសន្តិសុខនៅច្រកចូលសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤។ (ចិត្ត ស្រីយ៉ា/វីអូអេ)
សកម្មជនមាតាធម្មជាតិនិងអ្នកគាំទ្រអង្គុយនៅមុខរបាំងឃាំងរបស់កងកម្លាំងសន្តិសុខនៅច្រកចូលសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤។ (ចិត្ត ស្រីយ៉ា/វីអូអេ)

កម្លាំង​សន្ដិសុខ​ចម្រុះ​នៃ​តុលាការ​បាន​រារាំង​មិន​អនុញ្ញាត​ឱ្យ​ក្រុម​សកម្មជន​មាតាធម្មជាតិ និង​អ្នកសារព័ត៌មាន​ចូល​ទៅ​ខាង​មុខ​បរិវេណ​សាលាដំបូង​រាជធានី​ភ្នំពេញ ជាទី​ដែល​សកម្មជន​មាតា​ធម្មជាតិ​គ្រោង​នឹង​ធ្វើ​ពិធី​ហៅព្រលឹង​បុព្វបុរស​ធ្វើ​ជាសាក្សី​សវនាការ​។ នេះ​បើ​តាម​សកម្មជន​មាតា​ធម្មជាតិ។

នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ​តុលាការ​បើក​សវនាការ​ជំនុំ​ជម្រះ​លើក​ទីពីរ គេ​ឃើញ​មានវត្ត​មាន​មេធាវី​ការ​ពារក្តី និង​សកម្ម​ជន​ចលនា​មាតា​ធម្មជាតិ រួម​មាន​លោក យីម លាងហ៊ី លោក លី ចាន់​ដារ៉ាវុត ​លោក ​ថុន ​រដ្ឋា ​កញ្ញា ​ឡុង គន្ធា​ កញ្ញា​ ភួន កែវ​រស្មី ក្នុង​សម្លៀកបំពាក់​ដូច​នឹង​សវនាការ​លើកមុន ស្លៀកពាក់​ស ​ហើយ​ដៃ​កាន់​ផ្កា​ឈូក​ ជាមួយក្រុម​អ្នកគាំទ្រ​ជួយ​កាន់​ឆ័ត្រ​បាំងកម្ដៅ​ថ្ងៃអង្គុយ​នៅ​មុខច្រក​ចូល​ដែល​កម្លាំងសន្តិសុខ​ដាក់​ឃាំង​។

លោក យីម លាងហ៊ី សកម្មជន​មាតាធម្មជាតិ​បាន​ឱ្យ​ដឹង​ថា បើ​តាម​គម្រោង​របស់​ក្រុម​មាតាធម្មជាតិ​ ពួក​លោក​គ្រាន់​តែ​ចង់​ធ្វើ​ពិធី​អុជធូប​ហៅ​ព្រលឹង​ដូងតា​ដើម្បី​មក​ធ្វើជាសាក្សី​ជួយ​ថែរក្សា​ក្រុម​របស់​លោក មុន​នឹង​ក្រុម​មាតាធម្មជាតិ​ឡើង​សវនាការ​លើក​ទីពីរ​នេះ។ សកម្មជន​មាតាធម្មជាតិ​រូបនេះ​បង្ហាញ​ការសោកស្ដាយ​នៅ​ពេល​ដែល​កង​កម្លាំង​សន្តិសុខ​របស់​តុលាការ​រារាំង​មិន​អនុញ្ញាត​ឱ្យ​ក្រុម​អ្នកសារព័ត៌មាន​ចូល​ទៅ​ខាង​មុខ​តុលាការ​ជាមួយ​ក្រុម​សកម្មជន​មាតាធម្មជាតិ។ លោក​បន្ត​ថា ការ​ដែល​តុលាការ​មិន​អនុញ្ញាតឱ្យ​ក្រុម​អ្នកគាំទ្រ និង​អ្នក​សារព័ត៌មាន​ចូលទៅ​ខាង​ក្នុង​គឺជា​រូបភាព​មិន​ប្រក្រតី។ ​

លោក យីម លាងហ៊ី ថ្លែង​ថា៖ «បើ​សិន​ជា​កាល​ណា​អត់ឱ្យ​អ្នកសារព័ត៌មាន​និង​អ្នកគាំទ្រ​ចូល​ទៅ​ខាង​ក្នុង​ យើង​យល់​ថា​សវនាការ​របស់​យើង​ហាក់​ដូច​ជា​មិនមាន​ភាព​បើក​ជាសារធារណៈ ឬក៏​ហៅ​ថាមាន​ការ​រឹតត្បិត​។ ចុះ​បើសិន​ជា​យើង​ចូល​ទៅ​ថា​តើ​មាន​បញ្ហា​អី​មួយ​កើតឡើង​ឬក៏​យ៉ាងណា​ ខាង​សារព័ត៌មាន​នៅ​ខាង​ក្រៅ​អ្នក​គាំទ្រ​យើង​នៅ​ខាង​ក្រៅ​ទាំង​អស់​ ចឹង​វា​បង្ហាញ​ភាព​មិន​ប្រក្រតី​សម្រាប់​សវនាការ​របស់​យើង​ដែរ។

សកម្មជន​រូបនេះ​បញ្ជាក់​ថា បើ​ទោះ​បី​ជា​រូប​លោកនិង​សកម្មជន​ផ្សេង​ទៀត​ដឹង​មុន​ហើយ​ថា​លទ្ធផល​ដែល​ពួក​គេ​អាច​នឹង​ទទួល​បាន​យុត្តិធម៌​មាន​ឱកាស​តិចតួច យ៉ាងណាមិញ​ពួកលោក​នឹង​ចូល​សវនាការ​នេះ​ដើម្បី​ជំនុំ​ជម្រះប្រសិន​បើ​សវនាការ​បើក​ជា​សារធារណៈ​។

លោក យីម លាងហ៊ី អង្គុយបាំងឆ័ត្រនៅមុខរបាំងឃាំងរបស់កងកម្លាំងសន្តិសុខនៅច្រកចូលសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤។ (ទឹម រក្សា/វីអូអេ)
លោក យីម លាងហ៊ី អង្គុយបាំងឆ័ត្រនៅមុខរបាំងឃាំងរបស់កងកម្លាំងសន្តិសុខនៅច្រកចូលសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤។ (ទឹម រក្សា/វីអូអេ)
លោក លី ចាន់ដារ៉ាវុត និងសកម្មជនមាតាធម្មជាតិផ្សេងទៀត ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន នៅច្រកចូលសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤។ (ទឹម រក្សា/វីអូអេ)
លោក លី ចាន់ដារ៉ាវុត និងសកម្មជនមាតាធម្មជាតិផ្សេងទៀត ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន នៅច្រកចូលសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤។ (ទឹម រក្សា/វីអូអេ)

ចំណែក​សកម្មជន​ម្នាក់​ទៀត លោក លី ចាន់ដារ៉ាវុត បានឱ្យ​ដឹង​ថា​តុលា​បាន​ដាក់​របាំង​មិន​អនុញ្ញាត​ឱ្យ​អ្នក​គាំទ្រ​ និង​អ្នក​សារព័ត៌មាន​ចូល​ទៅ​ក្នុង​បន្ទប់​សវនាការ​របស់​ក្រុម​មាតា​ធម្មជាតិដោយ​លើក​ហេតុ​ផល​ថា​សាល​ពេញ។ លោក​បន្ថែម​ថា​សកម្មភាព​នេះ​អាច​បញ្ជាក់​បាន​ថា​តុលា​មិន​គោរព​តាម​នីតិវិធី​របស់​ច្បាប់​ក្នុង​ការ​ធ្វើ​សវនាការ​ដោយ​មិន​ឱ្យ​អ្នក​គាំទ្រ​និង​អ្នកសារ​ព័ត៌មាន​ចូល​រួម​សវនាការ​។

លោក​ លី ចាន់ដារ៉ាវុត ថ្លែង​ថា៖ «ខ្ញុំ​យល់​ថា​នេះ​មិន​មែន​ជា​កំហុស​របស់​ពួក​យើង​ទេដែល​ពួក​យើង​មិន​ចូល​ប៉ុន្ដែ​វា​ជា​កំហុស​និតិ្ត​វិធី​របស់​តុលាការ​ខ្លួន​ឯង ទៅ​មើល​ច្បាប់​ស្ដី​ពី​ការ​រៀបចំ​តុលាការ​ ទៅ​មើល​ច្បាប់​ស្ដី​ពី​រដ្ឋធម្មនុញ​យើង​ឃើញ​ហើយ​ថា​រាល់​សវនាការ​គឺ​ត្រូវ​ធ្វើ​ឡើង​ក្នុង​នាម​ជា​ប្រជាជាតិ​ខ្មែរ​ហើយ​ត្រូវ​ធ្វើឡើង​ជាសារធារណៈ​ចឹង​សំណួរ​យើង​សួរ​ថា​បើ​មាន​របង​នៅ​ទីនេះ​បិទទ្វា​តាំងពី​មាត់​ច្រក​ចូល​ផ្ទះ​គេហើយ​ ចឹង​យើង​មាន​ភាព​ជាសារធារណៈ​ពី​ណាមក»។​

​លោក រ៉ុង ឈុន ទី​ប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​ដែល​បាន​ទៅ​ឃ្លាំមើល​សកម្មភាព​នៅ​តុលាការ​លើកឡើង​ថា ការធ្វើ​ពហិការ​របស់​ក្រុម​មាតាធម្មជាតិ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ចង់​ឱ្យ​តុលាការ​អនុញ្ញាតឱ្យ​ក្រុម​អ្នកគាំទ្រ និង​អ្នកសារព័ត៌មាន​ចូល​ទៅ​ក្នុង​បន្ទប់​សវនាការ​ឬអាច​ត្រឹម​ចូល​ដល់​មុខ​របង​តុលាការ។

លោក រ៉ុង ឈុន ថ្លែងថា៖ «តាម​ពិត​ទៅ​រឿង​សវនាការ​មិន​មាន​រឿង​អី​អាថ៌កំបាំង​ពី​ព្រោះ​សវនាការ​ជា​សាធារណៈ​ត្រូវ​តែ​បើក​លំហ​ បើក​សេរីភាព​ឱ្យអ្នកសារព័ត៌មាន​ ក៏ដូច​ជា​អ្នក​គាំទ្រចូល​រួមគាំទ្រ​បើ​មិន​បាន​ចូល​ដល់​ក្នុង​បន្ទប់​សវនាការ​ យ៉ាង​ហោច​ក៏បាន​នៅ​មុខ​តុលាការ​ដែរ»។

លោក អំ សំអាត ​នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គ​ការ​លីកាដូ ​ប្រាប់​វីអូអេ​ថា ការ​ធ្វើ​ពិធី​ហៅ​ព្រលឹង​បុព្វបុរស​របស់​ក្រុម​មាតា​ធម្មជាតិ​គឺ​ជា​សិទ្ធ​របស់​ពួក​គាត់​ក្នុង​ការ​ជឿ​លើ​ជំនឿ​របស់​ពួក​គេ ហើយ​ប្រ​ជា​ពលរដ្ឋមាន​សិទ្ធ​ក្នុង​ការ​ចូល​រួម​ការ​ធ្វើសវនាការ។

លោកថ្លែង​ថា៖ « សាធារណ​ជន​មាន​សិទ្ធ​ក្នុង​ការ​ចូល​រួម​មើល​សវនាការ​ក៏​ប៉ុន្តែ​ប្រសិន​ជា​សាល​សវនា​នឹង​វា​តូច​ដាក់​មនុស្ស​មិនបាន​ច្រើន​អានឹង​ប្រសិន​ជា​មាន​សាធារណ​ជន​ច្រើន​នៅ​ខាង​មុខ​ហើយ​ចង់​ដឹង​តុលា​ការ​អាច​រក​មធ្យោបាយ​ផ្សេង​ដើម្បី​ឱ្យ​សាធារណ​ជន​នឹង​គាត់​បានមើល​ហើយ​នឹង​តាម​ដាន​នូវ​សវនាការ​ហ្នឹង»។

វីអូអេ​មិន​ទាន់​អាច​សុំការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក អ៊ី រិន្ទ​បាន​នៅ​ឡើយទេ។

ក្រោយ​ការ​ធ្វើ​ពហិការ​មួយព្រឹក​របស់​សកម្មជន​មាតា​ធម្មជាតិ នៅ​រសៀល​ថ្ងៃពុធ​ក្នុង​សវនាការ​វគ្គ​បន្ទាប់​នៅ​ពេល​ថ្ងៃ សកម្មជន​ក្រុម​មាតាធម្មជាតិ​នៅ​តែ​មិន​ទាន់​ចូល​រួម​ក្នុង​សវនាការនេះ ដោយ​ពួក​គេ​បញ្ជាក់​ថា តុលាការ​នៅ​តែ​មិន​ទាន់​អនុញ្ញាត​ឱ្យ​ក្រុម​អ្នក​សារព័ត៌មាន​និង​អ្នកគាំទ្រ​ចូល​រួម​ស្ដាប់​សវនាការ​។ នេះ​បើ​តាម​វីដេអូ​បង្ហោះដោយ​ក្រុម​មាតាធម្មជាតិ។

គួរបញ្ជាក់ថា សកម្មជន​មាតា​ធម្មជាតិ​ រួម​មានលោក ថុន រដ្ឋា កញ្ញា ភួន កែវ​រស្មី​ លោក យីម លាង​ហ៊ី​ កញ្ញា ឡុង គន្ធា​ លោក លី ចាន់​ដារ៉ាវុត ត្រូវ​បាន​តុ​លា​ការ​ចោទ​ពី​បទ​«រួម​គំនិត​ក្បត់» និង​«ប្រមាថ​ព្រះ​មហាក្សត្រ» ពាក់ព័ន្ធ​នឹង​ការ​ថ្លែង​របស់​ពួក​គេ​នៅ​ក្នុង​វីដេអូ​មួយ​នៅ​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​កន្លង​ទៅ។ នេះ​ជា​បទ​ចោទ​ដាច់​ដោយ​ឡែក​ផ្សេង​ទៀត​លើ​សកម្មជន​មាតា​ធម្មជាតិ​មួយ​ចំនួន ដែល​ធ្លាប់​ត្រូវ​បាន​ចោទ​ប្រកាន់​ក្នុង​សំណុំ​រឿង​ញុះ​ញង់ ហើយ​ពួកគេ​ត្រូវ​បាន​តុលា​ការ​កាត់​ទោស​រួច​មក​ហើយ៕ ​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG