ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​និង​ចិន​ថា ជំនួប​របស់​មេដឹកនាំ​ប្រទេស​ទាំងពីរ​មាន​ភាពប្រសើរ​ទៅមុខ


ការផ្សាយ​របស់​បណ្តាញ​ទូរទស្សន៍​រដ្ឋ​ចិន CCTV លើ​អេក្រង់​មួយ​​នៅ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បង្ហាញ​អំពី​ប្រធានាធិបតី​ចិន​លោក Xi Jinping និង​ប្រធានាធិបតី​អាមេរិក​លោក Joe Biden ក្នុង​អំឡុងពេល​កិច្ចប្រជុំ​កំពូល​តាម​អនឡាញ។
ការផ្សាយ​របស់​បណ្តាញ​ទូរទស្សន៍​រដ្ឋ​ចិន CCTV លើ​អេក្រង់​មួយ​​នៅ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បង្ហាញ​អំពី​ប្រធានាធិបតី​ចិន​លោក Xi Jinping និង​ប្រធានាធិបតី​អាមេរិក​លោក Joe Biden ក្នុង​អំឡុងពេល​កិច្ចប្រជុំ​កំពូល​តាម​អនឡាញ។

មន្ត្រី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​និង​មន្ត្រី​រដ្ឋាភិបាល​ចិន​ បាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គារ​ថា ជំនួប​លើក​ដំបូង​បង្អស់​រវាង​ប្រធានាធិបតី​អាមេរិក​លោក Joe Biden និង​ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ធ្វើ​ឡើង​ដោយ «ស្មោះត្រង់» ហើយ​អាច​ត្រួសត្រាយ​ផ្លូវ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​តានតឹង​រវាង​ប្រទេស​ទាំងពីរ​ទាក់ទិន​នឹង​បញ្ហា​នានា​ដែល​មាន​សារៈសំខាន់​ជា​សាកល។

មេដឹកនាំ​ទាំង​ពីរ ​បាន​ជួប​ប្រជុំ​គ្នា​តាម​អនឡាញ​ក្នុង​កម្រិត​ថ្នាក់​ដឹកនាំ​ជាលើក​ដំបូង​បង្អស់​កាលពី​យប់​ថ្ងៃ​ចន្ទ ដោយ​បាន​ចំណាយ​ពេល​ជាង ៣ ម៉ោង​កន្លះ ពិភាក្សា​អំពី​បញ្ហា​នានា​ដូចជា សិទ្ធិ​មនុស្ស ការ​ប្រកួត​ប្រជែង​សេដ្ឋកិច្ច និង​ឋានៈ​របស់​កោះ​តៃវ៉ាន់​ជាដើម។

សេតវិមាន​ប្រធានាធិបតី​អាមេរិក​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​អង្គារ​ថា៖ «លោក​ប្រធានាធិបតី Biden បាន​គូស​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក ​នឹង​បន្ត​ការពារ​ផល​ប្រយោជន៍​និង​គុណតម្លៃ​របស់​ខ្លួន ហើយ​រួម​ជាមួយ​នឹង​សម្ព័ន្ធមិត្ត​និង​ដៃគូ​របស់​ខ្លួន សហរដ្ឋ​អាមេរិក​នឹង​ធានា​ថា ក្បួន​ច្បាប់​សម្រាប់​សតវត្សរ៍​ទី ២១ នេះ​ នឹង​ជួយ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​អន្តរជាតិ​មួយ​ដែល​មាន​លក្ខណៈ​សេរី បើក​ចំហ និង​យុត្តិធម៌»។

កាលពី​ថ្ងៃ​អង្គារ ទីភ្នាក់ងារ​ព័ត៌មាន Xinhua របស់​រដ្ឋាភិបាល​ចិន បាន​ហៅ​ជំនួប​នេះ​ថា ​មាន​«ភាព​ស្មោះត្រង់ មាន​ប្រយោជន៍ សារៈសំខាន់ និង​ប្រកប​ដោយ​ផ្លែផ្កា»។ ទីភ្នាក់ងារ​ព័ត៌មាន​នេះ ​បាន​បញ្ជាក់​ថា ភាគី​ទាំង​ពីរ​ បាន​ឯកភាព​គ្នា​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​«ក្នុង​ទម្រង់​ផ្សេងៗ» និង«ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​ចិន​និង​សហរដ្ឋ​អាមេរិក​ត្រឡប់​មកកាន់​ផ្លូវ​ត្រូវ​វិញ»។

មួយ​វិញ​ទៀត កាសែត Global Times ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ចិន បាន​រាយការណ៍​ថា ជំនួប​នេះ​ បាន​គូស​បញ្ជាក់​អំពី«ការ​ខ្នះខ្នែង​របស់​លោក​ប្រធានាធិបតី Biden នៅ​ក្នុង​ការ​ស្វះស្វែង​ពង្រីក​ចំណង​ទាក់ទង​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង»៕

XS
SM
MD
LG