ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងមេដឹកនាំចិនលោក Xi Jinping ប្រជុំតាមអនឡាញកាលពីថ្ងៃចន្ទ។ កិច្ចពិភាក្សានេះមានចំណុចសំខាន់ៗមួយចំនួន។
ប្រកួតប្រជែងដោយមានទំនាក់ទំនង
ទាំងលោក Biden និងលោក Xi Jinping បានថ្លែងជាសាធារណៈអំពីភាពចាំបាច់សម្រាប់រដ្ឋាភិបាលទាំងពីរក្នុងការបើកចំហ និងស្មោះត្រង់ទៅវិញទៅមក។
លោក Biden បានមានប្រសាសន៍ថា មេដឹកនាំទាំង២ មានការទទួលខុសត្រូវ «ដើម្បីធ្វើឲ្យប្រាកដថា ការប្រកួតប្រជែងរវាងប្រទេសទាំងពីរមិនក្លាយជាជម្លោះ ទោះបីដោយចេតនាក៏ដោយ ឬអចេតនាក៏ដោយ។ និយាយឲ្យខ្លី គឺការប្រកួតប្រជែងដោយស្មោះត្រង់»។
លោក Xi Jinping បាននិយាយថា ប្រទេសទាំង២ «ត្រូវគោរពគ្នាទៅវិញទៅមក រួមរស់ក្នុងសន្តិភាព និងអនុវត្តកិច្ចសហប្រតិបត្តិការឈ្នះឈ្នះទាំងអស់គ្នា»។
វិស័យសហប្រតិបត្តិការ
ដោយសារសហរដ្ឋអាមេរិក និងប្រទេសចិន កាន់កាប់អាសនៈសំខាន់ៗនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយជាប្រទេសមានសេដ្ឋកិច្ចធំបង្អស់ក្នុងពិភពលោកនោះ លោក Biden និងលោក Xi Jinping បានកត់សម្គាល់ថា មានវិស័យដ៏សំខាន់ជាច្រើនផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
មានប្រធានបទជាច្រើន
សេតវិមានបានបញ្ជាក់ថា ជំនួបនោះរួមមានការពិភាក្សាអំពីការអនុវត្តសិទ្ធិមនុស្សនៅក្នុងតំបន់ Xinjiang ប្រទេសចិន នៅដែនដីទីបេ និងនៅទីក្រុងហុងកុងផងដែរ។ មេដឹកនាំទាំង២ ក៏បានពិភាក្សាអំពីសេរីភាពនៃការធ្វើនាវាចរណ៍សម្រាប់កប៉ាល់ ភាពចាំបាច់ដើម្បីការពារកម្មករ និងពាណិជ្ជកម្មសហរដ្ឋអាមេរិកប្រឆាំងការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ចមិនយុត្តិធម៌ដោយប្រទេសចិន៕