ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden និង​លោក Xi Jinpingនឹង​ធ្វើ​កិច្ចប្រជុំ​កំពូល​តាម​អនឡាញ​នៅ​សប្តាហ៍​ក្រោយ


រូបឯកសារ៖ ប្រធានាធិបតី​ចិន​លោក Xi Jinping ចាប់ដៃ​ជាមួយ​លោក Joe Biden នៅ​ពេល​ដែល​លោក​នៅ​ជា​អនុ​ប្រធានាធិបតី​អាមេរិក នៅខាង​ក្នុង​មហាសាល​ប្រជាជន​ក្នុង​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៣។

ប្រធានាធិបតីសហរដ្ឋ​អាមេរិក លោក ​Joe Biden ​និង​មេ​ដឹកនាំ​ចិន លោក Xi Jinping ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​រៀបចំ​កិច្ច​ប្រជុំ​កំពូល​តាម​អនឡាញ​នៅ​សប្តាហ៍​ក្រោយ​នេះ​ ខណៈភាព​តានតឹង​រវាង​មហា​អំណាច​នុយក្លេអ៊ែរ​ទាំង​ពីរ​ នៅ​តែ​បន្ត។ ​នេះ បើ​យោង​តាម​សារ​ព័ត៌មាន​ជាច្រើន។​

កិច្ច​ប្រជុំ​តាម​អនឡាញ​ ត្រូវ​បាន​យល់​ព្រម​ជា​គោល​ការណ៍​ក្នុង​ខែ​តុលា ​ក្នុង​អំឡុង​កិច្ច​ពិភាក្សា​នៅ​ទីក្រុង ​Zurich ​ប្រទេសស្វីស​រវាង​ទីប្រឹក្សា​សន្តិសុខជាតិ​របស់​សហ​រដ្ឋ​អាមេរិក​លោក​ Jake Sullivan​ និង​អ្នក​ការទូត​ជាន់ខ្ពស់​បំផុត​របស់​ប្រទេស​ចិន​ គឺ​លោក Yang Jiechi។​

មន្ត្រី​សហ​រដ្ឋ​អាមេរិក​បាន​និយាយ​ថា ​កិច្ច​ព្រមព្រៀង​បណ្តោះ​អាសន្ន​ដើម្បី​រៀបចំ​កិច្ច​ប្រជុំ​កំពូល​នេះ​ គឺជា​ផ្នែកមួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ទប់ស្កាត់​មិនឱ្យ​ប្រទេស​ទាំងពីរ​ឈាន​ទៅ​ដល់​ជម្លោះ​អំពី​ពាណិជ្ជ​កម្ម​ សកម្មភាព​យោធា ​និង​បញ្ហា​ផ្សេងៗ​ទៀត។​ ទីភ្នាក់ងារព័ត៌មាន Reuters ​បាន​រាយការណ៍​ថា សេតវិមាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​កិច្ច​ប្រជុំ​នេះ។​ អ្នក​នាំពាក្យ​សេតវិមាន​អ្នកស្រី ​Karine Jean-Pierre​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ថា ​មាន​កិច្ច​ព្រមព្រៀង​«ជាគោល​ការណ៍»សម្រាប់​កិច្ច​ប្រជុំ​កំពូល​តាម​អនឡាញ​ «មុន​ដំណាច់​ឆ្នាំ»។​

បេសកជន​អាមេរិក​ពិសេស​ផ្នែក​អាកាសធាតុ ​លោក​ John Kerry ​បាន​និយាយ​កាល​ពីថ្ងៃ​ពុធ​ថា មេដឹកនាំ​ទាំងពីរ ​នឹង​ជួប​គ្នា​ក្នុង​ពេល​ឆាប់ៗ​នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូលតាម​អនឡាញ​ ហើយ​ថា​ ក្រុម​របស់​លោក​កំពុង​រៀបចំ​ផែន​ការនេះ។​ នេះ បើ​យោង​តាម ​CNN។​

ក្នុង​សន្និសីទ​សារព័ត៌មាន​ជា​ទៀងទាត់​នៅ​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃពុធ​ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​ លោក​ Wang Wenbin ​បាន​និយាយ​ថា​ «ភាគីទាំង​ពីរ​កំពុង​រក្សា​ទំនាក់​ទំនង​ជិតស្និទ្ធ​ដើម្បី​រៀបចំកិច្ច​ប្រជុំ​ប្រមុខរដ្ឋ​នេះ»។​ នេះ​ បើ​យោង​តាម​កាសែត ​Bloomberg​ ដែល​បាន​រាយ​ការណ៍​មុនគេអំពី​គម្រោង​កិច្ច​ប្រជុំ​កំពូល​ដែល​អាច​ធ្វើ​នៅ​ថ្ងៃ​អង្គារ។​

ដោយ​ដក​ស្រង់​សម្តី​ប្រភព​មនុស្សពីរ​នាក់​ដែល​ដឹង​អំពី​បញ្ហា​នេះ​ សារព័ត៌មាន ​Bloomberg​ បាន​រាយការណ៍​ថា​ គេ​កំពុង​ចរចា​អំពី​កាល​បរិច្ឆេទ​នៃ​កិច្ច​ប្រជុំ​កំពូល​នៅ​ឡើយ។ ​កាសែត ​Politico​ បាន​រាយ​ការណ៍​កាលពី​ថ្ងៃពុធ​ថា​ កិច្ច​ប្រជុំ​កំពូល​ត្រូវ​បាន​គ្រោង​ទុក​ជា​បណ្តោះអាសន្ន​នៅ​ថ្ងៃ​ទី១៥​ ខែ​វិច្ឆិកាដោយ​លើក​ឡើង​តាម​មន្ត្រី​សហ​រដ្ឋ​អាមេរិក​ និង​«ប្រភព​ក្រៅ​រដ្ឋាភិបាល»។​

មេ​ដឹកនាំ​ទាំងពីរ​បាន​និយាយ​គ្នា​ចុងក្រោយ​នៅ​ថ្ងៃទី​ ៩​ ខែ​កញ្ញា ​ហើយ​បានពិភាក្សា​អំពី​បញ្ហា​សេដ្ឋកិច្ច​ ការ​ប្រែប្រួល​អាកាសធាតុ ​និងជំងី​កូវីដ​១៩។​ នេះបើ​យោងតាម​មន្ត្រី​ជាន់ខ្ពស់​របស់​សហរដ្ឋ​អាមេរិក។​ កាលពី​ដើម​សប្តាហ៍​នេះ​ ប្រទេស​នានា​ បាន​ប្រកាស​គម្រោង​កិច្ច​ព្រមព្រៀង​នៅ​សន្និសីទ​អង្គការ​សហ​ប្រជាជាតិ​អំពី​អាកាសធាតុ​ធ្វើ​ឡើង​ក្នុង​ប្រទេស​ស្កុតលែន​ដើម្បី​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​ទប់ទល់​ការ​ប្រែប្រួល​អាកាសធាតុ។​

ខណៈមាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​កិច្ច​ប្រជុំកំពូល​តាម​អនឡាញ​ ​បក្ស​កុម្មុយនិស្ត​ចិន​ដែល​កំពុង​កាន់​អំណាច បាន​អនុម័ត​សេចក្តីសម្រេច​ដ៏​កម្រ​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ដែល​លើក​ឋានៈ​របស់​លោក ​Xi Jinping ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ចិន។​ សេចក្តីសម្រេច​នេះ ​ត្រូវ​បាន​អ្នក​សង្កេត​ការណ៍​នយោបាយ​ជាច្រើន​យល់​ថា​ ជា​ការ​ពង្រឹងអំណាច​របស់លោក​ និង​លទ្ធភាព​ឱ្យ​លោក​ធ្វើ​ប្រធានាធិបតីអាណត្តិ​ទីបី​ មិន​ធ្លាប់​មានពីមុននៅ​ឆ្នាំ ២០២២៕​

ព័ត៌មាន​មួយ​ចំនួន​នៅ​ក្នុង​សេចក្ដីរាយការណ៍​នេះ​ ត្រូវ​បាន​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

XS
SM
MD
LG