ក្រុមអាជ្ញាធរក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានចេញការព្រមានដល់អ្នកទេសចរដែលចូលចិត្តទៅមើលផ្កាសាគូរ៉ារីក។ រដូវផ្កាសាគូរ៉ារីកកំពុងបង្កើនការលំបាកកាន់តែខ្លាំងក្នុងការដាក់ឲ្យមនុស្សនៅឆ្ងាយពីគ្នា ខណៈវីរុសកូរ៉ូណាកំពុងរាតត្បាតកាន់តែខ្លាំង។ ការព្រមាននេះកើតឡើងស្របពេលដែលមនុស្សជាង១ពាន់៥សែនលាននាក់នៅទូទាំងពិភពលោកត្រូវបានស្នើឬបញ្ជាឲ្យស្នាក់នៅតែក្នុងផ្ទះ។
ខណៈមនុស្សកាន់តែច្រើនទៅមើលផ្កាសាគូរ៉ានៅជុំវិញអាងទឹក Tidal ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ទីភ្នាក់ងារសេវាឧទ្យានជាតិស្នើឲ្យមនុស្សរាល់គ្នាគិតពិចារណាឡើងវិញអំពីការចូលទៅទស្សនាផ្កាសាគូរ៉ា។ ទីភ្នាក់ងារសេវាឧទ្យានជាតិបានបង្ហោះសារនៅលើ Twitterថា៖ «ក្រុមអាជ្ញាធរនឹងអនុវត្តវិធានការត្រួតពិនិត្យចរាចរណ៍ ដើម្បីទប់ស្កាត់មិនឲ្យមានមនុស្សច្រើនចូលមកមើលផ្ការីកនៅទីតាំងនេះ»។
កាលពីថ្ងៃអាទិត្យ លោកប្រធានាធិបតី Trump បាននិយាយយោងដល់វីរុសកូរ៉ូណាថា អាមេរិកាំងកំពុងស្ថិតក្នុងស្ថានភាពសង្គ្រាម។ លោកប្រធានាធិបតី Donald Trump បានថ្លែងថា៖
«មិនដែលធ្លាប់មានរឿងដូចនេះកើតឡើងពីមុនមកទេ។ នេះគឺជាស្ថានភាពអាក្រក់បំផុត»។
ក៏ប៉ុន្តែភ្ញៀវទេសចរណ៍មួយចំនួនមិនយល់ឃើញដូច្នោះទេ។ នាង Christina Verna ជាភ្ញៀវទេសចរណ៍ម្នាក់និយាយបែបលេងសើចថា៖
«អ្នកមិនឆ្លងវីរុសកូរ៉ូណាពីផ្កាសាគូរ៉ាទេ។ អ្នកត្រូវតែនៅកន្លែងមានសុវត្ថិភាព ធ្វើតាមបទបញ្ជា។ កុំធ្វើអ្វីដែលមើលទៅគ្រោះថ្នាក់»។
«ខ្ញុំមើលឃើញថាយើងរក្សាគម្លាតពីគ្នា។ ខ្ញុំមិននៅយូរទេ។ កន្លែងនេះមានខ្យល់អាកាសល្អណាស់ ហើយខ្ញុំមិនប៉ះពាល់អ្វីទាំងអស់»។
ស្របពេលដែល រដ្ឋាភិបាលនានានៅជុំវិញពិភពលោកកំពុងលើកទឹកចិត្ត និងពេលខ្លះចេញបទបញ្ជាដល់ពលរដ្ឋរបស់ខ្លួនឲ្យស្នាក់នៅក្នុងផ្ទះ នាង Pamm Fontana ដែលជាអ្នកទស្សនាម្នាក់យល់ឃើញផ្សេងពីនេះ។ នាងនិយាយថា៖
«យើងចង់ចេញទៅក្រៅដើម្បីធ្វើឲ្យសុខភាពរាងកាយនិងផ្លូវចិត្តរបស់យើងមាំមួន»។
នាងនិយាយបន្តថានាងដឹងថាវាបង្កើនគ្រោះថ្នាក់ ប៉ុន្តែទាំងនាងនិងកូនប្រុសបីនាក់របស់នាងមានការប្រុងប្រយ័ត្ន។ នាងនិយាយបន្ថែមថា៖ «ត្រូវបន្ថែម ការយល់ដឹងបន្តិចទៀត ជាពិសេសសម្រាប់មនុស្សចាស់ៗ។ ខ្ញុំចង់ឲ្យកូនៗរបស់ខ្ញុំកុំរត់ឆ្វេងឆ្វាច កុំទៅជិតមនុស្សចាស់ ដើម្បីឲ្យពួកគាត់អាចដើរមើលផ្កាបានស្រួល។ »។
កម្មវិធីនានាដែលពាក់ព័ន្ធនឹងរដូវផ្កាសាគូរ៉ាត្រូវបានលុបចោល ហើយខ្សែរថភ្លើងមួយចំនួនត្រូវបានបិទដើម្បីកុំឲ្យមានអ្នកទៅចូលរួមកម្មវិធីច្រើនពេក៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា