ក្រុមអ្នកវិទ្យាសាស្ត្រជំនាញផ្នែកអាកាសធាតុរំពឹងថា សីតុណ្ហភាពនឹងកើនខ្ពស់ជាងធម្មតានៅក្នុងរយៈពេល ៣ ខែខាងមុខ បើទោះបីជាមិនមានវត្តមានបាតុភូត El Nino ដែលជាបាតុភូតធម្មជាតិមួយអាចបង្កើនសីតុណ្ហភាពសកលលោកក៏ដោយ។
ប៉ុន្មានឆ្នាំកន្លងទៅនេះ បាតុភូត El Nino កើតមានឡើង ប៉ុន្តែករណីនេះបានប្រែប្រួល។ អង្គការឧតុនិយមពិភពលោកបានឲ្យដឹងថា ខែមេសាឆ្នាំ ២០២០ នេះ ដែលជាពេលមិនមានបាតុភូត El Nino កើតឡើង គឺជាខែដែលក្តៅបំផុតដូចកាលពីខែមេសា ឆ្នាំ ២០១៦ ដែរ ដែលនៅពេលនោះមានបាតុភូត El Nino ខ្លាំងក្លា ក៏ដូចជាមានបញ្ហានៃការប្រែប្រួលអាកាសធាតុផងដែរ។
អ្នកនាំពាក្យអង្គការឧតុនិយមពិភពលោកអ្នកស្រី Claire Nullisថ្លែងថា ឆ្នាំក្រោយៗបន្ទាប់ពីឆ្នាំ ២០១៦ មានសីតុណ្ហភាពក្តៅដោយពុំមានបាតុភូត El Nino ដែលក្នុងនោះមានទាំងឆ្នាំ ២០១៩ ផងដែរ ដែលជាឆ្នាំក្តៅបំផុតទី ២ ក្នុងប្រវត្តិសាស្ត្រ។ អ្នកស្រីកត់សម្គាល់ថា និន្នាការនេះនឹងបន្តនៅឆ្នាំ ២០២០ នេះដែរ។
អ្នកស្រី Nullis ថ្លែងថា៖ «សីតុណ្ហភាពសកលលោកនៅខែមករា កុម្ភៈ និងមីនាក៏មានសភាពក្តៅខ្លាំងបំផុតទី ១ និងទី ២ ផងដែរ។ នេះបើយោងតាមទិន្នន័យអន្តរជាតិ។ ដូច្នេះ យើងឃើញថា ឥទ្ធិពលរបស់មនុស្សទៅលើអាកាសធាតុមានភាពកាន់តែខ្លាំងក្លាជាងមុន។ វាមានឥទ្ធិពលខ្លាំងជាងប្រភពធម្មជាតិដូចជាបាតុភូត El Nino ទៅទៀត»។
អង្គការឧតុនិយមពិភពលោកបានឲ្យដឹងថា អាកាសធាតុអាក្រក់ខ្លាំងបំផុតកំពុងកើតមានឡើងនៅក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។ អង្គការនេះថា រលកកម្តៅកំពុងកើនឡើងដោយសារតែបញ្ហានៃការប្រែប្រួលអាកាសធាតុ ហើយវាកំពុងតែមានផលប៉ះពាល់ធ្ងន់ធ្ងរទៅលើបាតុភូតធម្មជាតិនានា ដូចជាព្យុះស៊ីក្លូន និងភ្លៀងធ្លាក់ខ្លាំងជាដើម។ ឧទាហរណ៍ ទ្វីបអាហ្វ្រិកខាងកើតកំពុងទទួលរងការធ្លាក់ភ្លៀងខ្លាំងក្លា និងបញ្ហាទឹកជំនន់ នៅក្នុងប្រវត្តិសាស្ត្រ។
អ្នកស្រី Nullis ប្រាប់ VOA ថា ការត្រៀមលក្ខណៈទប់ទល់ និងការគ្រប់គ្រងផលប៉ះពាល់ដែលបណ្ដាលមកពីបញ្ហាអាកាសធាតុអាក្រក់បំផុតនានា បានក្លាយជាបញ្ហាកាន់តែពិបាកដោះស្រាយ ដោយសារតែជំងឺកូវីដ១៩។ អ្នកស្រីពន្យល់ថា បណ្តាប្រទេសនានាមិនបានផ្តោតការយកចិត្តទុកដាក់គ្រប់គ្រាន់ទៅលើប្រព័ន្ធដែលព្រមានជាមុនអំពីបញ្ហានេះឡើយ ដោយសារតែជំងឺរាតត្បាតនេះ។
អ្នកស្រី Nullis ថ្លែងថា៖ «យើងត្រូវការប្រព័ន្ធព្រមានជាមុនដែលខ្លាំងក្លា ដើម្បីទប់ទល់នឹងព្យុះកំណាច និងរលកកម្តៅនានា ពីព្រោះតែបញ្ហាទាំងនេះមានទំនាក់ទំនងជាមួយនឹងគ្នា។ បញ្ហាទាំងនេះមានផលប៉ះពាល់ខ្លាំង ហើយជំងឺកូវីដ១៩ឥឡូវនេះក៏ជាបញ្ហាគ្រោះថ្នាក់មួយក្នុងចំណោមបញ្ហាទាំងនេះផងដែរ»។
ក្រុមអ្នកវិទ្យាសាស្ត្រនៃអង្គការឧតុនិយមពិភពលោកថ្លែងថា ជំងឺរាតត្បាតកូវីដ១៩ បង្កើនឲ្យមានតម្រូវការទស្សន៍ទាយអាកាសធាតុឲ្យកាន់តែច្បាស់ជាងមុនជាងពេលណាៗទាំងអស់ ការប្រមើលមើលលើអាកាសធាតុរយៈពេលវែងផងដែរ។ ពួកគេថាសីតុណ្ហភាព និងការធ្លាក់ភ្លៀងមានផលប៉ះពាល់ធ្ងន់ធ្ងរទៅលើប្រព័ន្ធសេដ្ឋកិច្ចសំខាន់ៗ និងប្រព័ន្ធសុខភាពសាធារណៈ។ ពួកគេបញ្ជាក់ថា ប្រព័ន្ធសេដ្ឋកិច្ចនិងប្រព័ន្ធសុខភាពសាធារណៈភាគច្រើនកំពុងតែប្រឈមនឹងការដួលរលំដោយសារតែជំងឺរាតត្បាតកូវីដ១៩៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា