ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ឧតុនិយម​ពិភពលោក​ថា ការ​ប្រែប្រួល​ធាតុអាកាស​អាច​បង្ក​គ្រោះថ្នាក់​ខ្លាំង​ជាង​ជំងឺ​កូវីដ១៩


រូបឯកសារ៖ តំបន់​​នៅ​ជុំវិញ​បឹង Mead National Recreation ក្នុង​រដ្ឋ Arizona សហរដ្ឋអាមេរិក ដែល​ធ្លាប់​មាន​ទឹក​ប្រែ​ជា​ស្ងួត​ហួតហែង ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៤។
រូបឯកសារ៖ តំបន់​​នៅ​ជុំវិញ​បឹង Mead National Recreation ក្នុង​រដ្ឋ Arizona សហរដ្ឋអាមេរិក ដែល​ធ្លាប់​មាន​ទឹក​ប្រែ​ជា​ស្ងួត​ហួតហែង ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៤។

អង្គការ​ឧតុនិយម​ពិភពលោក ដែល​ហៅ​កាត់ថា WMO ព្រមាន​ថា ប្រសិនបើ​ផែនដី​ក្តៅ​ជាង​មុន​តាម​ល្បឿន​បច្ចុប្បន្ន សីតុណ្ហភាព​នឹង​កើនឡើង ១,៥ អង្សាសេ ក្នុង​ពេល ១០ ឆ្នាំ​ខាង​មុខ។ មន្ត្រី​អង្គការ​ឧតុនិយម​ពិភពលោក​នេះ​និយាយ​ថា ការ​កើន​សីតុណ្ហភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​អាកាសធាតុ​កាន់តែ​អាក្រក់​ជាងមុន ហើយ​ផល​ប៉ះពាល់​ដ៏​គ្រោះថ្នាក់​ភាគ​ច្រើន​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ប្រហែល​ជា​មិន​អាច​កែប្រែ​បាន​ទេ។

អង្គការ​ឧតុនិយម​ពិភពលោក រាយការណ៍​ថា​ការបិទ​ការ​ដឹកជញ្ចូន ឧស្សាហកម្ម និង​ផលិតកម្ម​ថាមពល​នៅក្នុង​ប្រទេស​ជា​ច្រើន​ដោយសារ​ការ​រាត​ត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ បាន​បណ្ដាល​ឱ្យ​ការ​សាយភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទៅ​ក្នុង​បរិយាកាស​ថយចុះ ៦%។

ក៏​ប៉ុន្តែ លោក Petteri Taalas អគ្គលេខាធិការ​នៃអង្គការ​ឧតុនិយម​ពិភពលោក និយាយ​ថា​ដំណឹង​ល្អ​នេះ​មាន​រយៈពេល​ខ្លី​តែ​ប៉ុណ្ណោះ។ លោក​ថ្លែង​ថា ការ​ចាប់ផ្តើម​សកម្មភាព​ឧស្សាហកម្ម​ឡើង​វិញ​នឹង​នាំ​ឱ្យ​មាន​ការ​បង្កើន​ការ​សាយភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ថែម​ទៀត។ លោក​និយាយ​ថា ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ នេះ បាន​នាំ​ឱ្យ​អង្គការ​លោក​មាន​ការ​ពិបាក​ជាង​មុន​នៅ​ក្នុង​ការ​ឃ្លាំមើល​ធាតុអាកាស​និង​ហានិភ័យ​ផ្សេង​ទៀត។

លោក Petteri Taalas បញ្ជាក់​ដូច្នេះ​ថា៖ «វិបត្តិ​ជំងឺ​កូវីដ១៩ នៅ​ពេល​បច្ចុប្បន្ន​នេះ​បាន​នាំ​ឱ្យ​មាន​ការ​ថយចុះ​នៃ​ការ​វាស់វែង​ខ្លះ។ ...ជា​ឧទាហរណ៍ ក្រុម​ហ៊ុន​អាកាសចរណ៍​បាន​ធ្វើ​ការ​វាស់វែង​ទាំង​នេះ។ប៉ុន្តែ ដោយសារ​មាន​ការ​ហោះហើរ​តិចតួច​បំផុត​នៅ​ពេល​នេះ យើង​ទទួល​បាន​ការ​វាស់វែង​តិច​ជាង​មុន​ពី​យន្តហោះ ដែល​បណ្តាល​ឱ្យ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​គុណភាព​នៃ​ការ​ព្យាករណ៍​ធាតុអាកាស»។

លោក Taalas និយាយ​ថា នៅ​ពេល​ដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​ការ​ដោះស្រាយ​បញ្ហា​ធំៗ​ពីរ​នៅពេល​ជា​មួយ​គ្នា ទំហំ​នៃ​បញ្ហា​នានា​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួល​ធាតុអាកាស​គឺ​ធំ​ជាង​បញ្ហា​ជំងឺ​កូវីដ១៩ ទៅ​ទៀត។ លោក​និយាយ​ថា បញ្ហា​សុខភាព និង​បញ្ហា​សេដ្ឋកិច្ច​ដែល​បណ្តាល​មក​ពី​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​នេះ​គឺ​មាន​លក្ខណៈ​ធំធេង ក៏​ប៉ុន្តែ​លោក​កត់​សម្គាល់​ថា បញ្ហា​ទាំង​នេះ​នឹង​មាន​រយៈពេល​តែ​ពីរ ឬ​បី​ឆ្នាំ​ប៉ុណ្ណោះ។

លោក Taalas បញ្ជាក់​ដូច្នេះ​ថា៖ « ប្រសិន​បើ​យើង​មិន​អាច​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាស​ធាតុ​បាន​ទេ យើង​នឹង​ឃើញ​មាន​បញ្ហា​ខាង​សុខភាព​កើត​ឡើង​ជា​បន្ត​ជានិច្ច ជាពិសេស​បញ្ហា​អត់ឃ្លាន និង​សមត្ថភាព​ក្នុង​ការ​ចិញ្ចឹម​មនុស្ស​នៅ​ក្នុង​ពិភពលោក​ដែល​មាន​កាន់តែ​ច្រើនឡើងៗ ហើយ​ក៏​នឹង​មាន​ផល​ប៉ះពាល់​ធំ​ជាង​មុន​លើ​សេដ្ឋកិច្ច​ផង​ដែរ»។

លោក Taalas ថ្លែង​ថា ពិភពលោក​ចាំបាច់​ត្រូវ​បង្ហាញ​ការ​ប្តេជ្ញា និង​សាមគ្គីភាព​លើ​ការ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​ធាតុអាកាស​ឲ្យ​ដូច​ទៅ​នឹង​ការ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ ដែរ។ លោក​បន្ថែម​ថា មនុស្ស​នៅ​គ្រប់​កន្លែង​ត្រូវតែ​ចាត់​វិធានការ​រួមគ្នា​ដើម្បី​ជា​ប្រយោជន៍​ដល់​សុខភាព និង​សុខុមាលភាព​របស់​មនុស្សជាតិ សម្រាប់​ជំនាន់​នេះ និង​ជំនាន់​ខាងមុខ៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG