ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ផល​ប៉ះពាល់​នៃ​ជំងឺ​កូវីដ១៩​ទៅ​លើ​បរិស្ថាន​នៅ​តែ​មាន​ភាព​មិន​ប្រាកដ​ប្រជា​


រូបឯកសារ៖ អ្នកជិះម៉ូតូពាក់ម៉ាស់នៅលើផ្លូវកាត់មួយក្នុងក្រុងហាណូយ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។
រូបឯកសារ៖ អ្នកជិះម៉ូតូពាក់ម៉ាស់នៅលើផ្លូវកាត់មួយក្នុងក្រុងហាណូយ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។

អាកាស​កខ្វក់​និង​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​បាន​ចុះ​ថម​ថយ​នៅ​ទូទាំង​ពិភពលោក​នៅ​ពេល​ដែល​ប្រទេស​ជា​ច្រើន​បាន​ប្រឹង​ប្រែង​ទប់ទល់​នឹង​ការ​រាល​ដាល​នៃ​វីរុសកូរ៉ូណា​ដោយ​បញ្ជា​ឱ្យ​មនុស្ស​នៅ​ក្នុង​ផ្ទះ។​

នៅ​ក្នុង​ចំណោម​ការណ៍​ពិត​ជាក់​ស្តែង​ជា​ច្រើន​ដែល​គេ​មិន​ដឹង​គឺ​អំពី​ថា​ តើ​វីរុស​ថ្មី​នេះ​នឹង​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​រយៈ​ពេល​យូរ​បែប​ណា​ដល់​បរិស្ថាន។​

ចាប់​តាំង​ពី​មាន​ការ​រាលដាល​វីរុស​នេះ​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០១៩​និង​ការ​រាតត្បាត​ជា​សាកល​នា​ពេល​បន្ទាប់​មក​នេះ​ ​វិស័យ​ធុរកិច្ច​មាន​ផល​ប៉ះពាល់​ខ្លាំង​ ក្រុមហ៊ុន​អាកាស​ចរណ៍​បាន​កាត់​បន្ថយ​សេវា​ហើយ​មនុស្ស​ច្រើន​ឡើងៗ​បាន​ធ្វើការ​ពី​ផ្ទះ​ឬ​មិន​ធ្វើការ​តែម្តង​ ហើយ​ការណ៍​នេះ​បាន​កាត់​បន្ថយ​ចរាចរណ៍​ដល់​កម្រិត​ទាប​បំផុត។​

ការ​ផ្អាក​សកម្មភាព​ទូទាំង​ពិភព​លោក​បាន​ក្លាយ​ទៅ​ជា​បទ​ពិសោធន៍​ក្នុង​ការ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់។​

កាល​ពី​ពេល​ថ្មីៗ​នេះ​ទី​ភ្នាក់​ងារ ​NASA ​បាន​ចេញ​ផ្សាយ​ទិន្នន័យ​ផ្កាយ​វិទ្យាសាស្ត្រ​នៃ​តំបន់​ឦសាន​ស.រ.អា.​ដែល​បង្ហាញ​ថា​ មាន​ការ​ចុះ​ថយ​៣០%​នៃ​ខ្យល់​កខ្វក់​នៅ​ក្នុង​តំបន់​ក្រុង​ដែល​មាន​ដង់ស៊ីតេ​ប្រជា​រាស្ត្រ​ខ្ពស់។​ សារធាតុ​ Nitrogen dioxide ​[អ៊ីដ្រូសែន​ឌីអុកស៊ីដ]​ដែល​កើត​មក​ពី​ចំហេះ​ប្រេង​ឥន្ធនៈ​នៃ​ការ​ដឹក​ជញ្ជូន​និង​ពី​រោង​ចក្រ​អគ្គិសនី​ បង្ហាញ​ថា ​នៅ​ក្នុង​ខែ​មីនា​មាន​កម្រិត​នៃ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទាប​បំផុត​ចាប់​តាំង​ពី​ឆ្នាំ​២០០៥​មក។​

ទីភ្នាក់​ងារ​ NASA​ បាន​រាយ​ការណ៍​ថា ​នៅ​ក្នុង​ក្រុង ​Wuhan ​នៃ​ប្រទេស​ចិន​ដែល​ជា​កន្លែង​ផលិត​ប្រដាប់​ប្រដា​ប្រើប្រាស់​ច្រើន​ដែល​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​ បាន​ចាប់​ផ្តើម​នៅ​ទីនោះ​ ​កម្រិត​ខ្យល់​កខ្វក់​បាន​ចុះថយ​រវាង​១០%​និង​៣០%​ចាប់​តាំង​ពី​មាន​ការ​បិទ​តំបន់​ខាង​កើន​និង​ប៉ែក​កណ្តាល​នៃ​ប្រទេស​ចិន​កាល​ពីចុង​ខែ​មករា​មក។​

នៅ​ក្នុង​ផ្នែក​ខាង​ជើង​នៃ​ប្រទេស​អ៊ីតាលី​ដែល​ជា​តំបន់​ឧស្សាហ​កម្ម​មាន​ចរាចរណ៍​ច្រើន​ ​ក៏​មាន​កម្រិត​Nitrogen dioxide​[អ៊ីដ្រូសែន​ឌីអុកស៊ីដ]​ ចុះ​ថយ​ប្រមាណ​៤០%​ចាប់​តាំង​ពី​ដើម​ខែ​មីនា​នៅ​ពេល​មាន​ការ​ចាប់​ផ្តើម​ឱ្យ​មនុស្ស​នៅ​ដាច់​ពី​គ្នា។​

លោក​វេជ្ជបណ្ឌិត​ John Balmes ​ជា​សាស្ត្រា​ចារ្យ​វេជ្ជសាស្ត្រ​និង​ជា​អ្នក​នាំ​ពាក្យ​នៃ​សមាគម​អាមេរិកាំង​ខាង​ការ​ព្យាបាល​ជំងឺ​សួត។​លោក​បាន​និយាយ​ប្រាប់​វីអូអេ​ថា៖​« ទិន្នន័យ​ទាំង​នេះ​បង្ហាញ​យើង​ថា​ តើ​ខ្យល់​កខ្វក់​នេះ​មក​ពី​ណា។​វា​មក​ពី​យាន​យន្ត​និង​ប្រភព​ឧស្សាហ​កម្ម​ ហើយ​នៅ​ពេល​សេដ្ឋកិច្ច​បិទ​ យើង​មាន​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​តិច​ជាង​មុន​ច្រើន​ពី​ប្រភព​ទាំង​នោះ»។​

អ្នក​បរិស្ថាន​ខ្លះ​យល់​ឃើញ​ថា​ ការណ៍​នេះ​ជា​ឱកាស​មួយ​ដើម្បី​ខិត​ខំ​ប្រឹង​ប្រែង​ច្រើនគួរ​សម​ក្នុង​ការ​បញ្ចៀស​កុំ​ឱ្យ​មាន​លទ្ធផល​ធ្ងន់ធ្ងរ​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ។​ អ្នក​បរិស្ថាន​ឯ​ទៀតៗ​បាន​ថ្លែង​ថា ​ បទ​បញ្ជា​ជា​សាកល​នៃ​ការ​ឱ្យ​ឋិត​នៅ​ក្នុង​ផ្ទះ​បាន​នាំ​ឱ្យ​មាន​ផល​ប្រយោជន៍​ខាង​ធាតុ​អាកាស​ដោយ​សារ​មាន​ខ្យល់​ស្អាត​ជាង​មុន​ ដែល​ត្រូវ​បាន​រាយការណ៍​ជាទូទៅ ​ តែ​លទ្ធផល​នៃ​វិបត្តិ​សុខភាព​សាកល​នេះ​មិន​មែន​សុទ្ធតែ​វិជ្ជមាន​សម្រាប់​បរិស្ថាន​ទូទៅ​ទេ។​

កំណើន​សំរាម​ប្លាស្ទិក

សំរាម​ ប្លាស្ទិក​បាន​ក្លាយ​ជា​បញ្ហា​មួយ​ ពី​ព្រោះ​ក្រុង​ធំៗ​ខ្លះ​ក្នុង​ពិភព​លោក​បាន​ផ្អាក​កម្មវិធី​ចាត់​ចែង​ការ​កែ​ច្នៃ​វត្ថុ​បោះ​ចោល​សម្រាប់​ប្រើការ​ជា​ថ្មី​ដែល​ភាសា​អង់គ្លេស​ហៅ​ថា​ recycling programs ​ ដោយសារ​ពួក​មន្ត្រី​បារម្ភ​អំពី​ហានិភ័យ​នៃ​ការ​រាលដាល​វីរុស​នេះ​នៅ​ក្នុង​កន្លែង​កែ​ច្នៃ​វត្ថុ​បោះ​ចោល​សម្រាប់​ប្រើការ​ជា​ថ្មី។​

នៅ​ក្នុង​ទ្វីប​អឺរ៉ុប​ ជម្រើស​នៃ​ការ​ចោល​សំរាម​បាន​ត្រូវ​បន្ថយ។​នៅ​ក្នុង​ប្រទេស​អ៊ីតាលី​ ​ ពួក​អ្នកស្រុក​ដែល​ឆ្លង​ជំងឺ​នេះ​បាន​ត្រូវ​ហាម​ប្រាម​មិន​ឱ្យ​បែងចែក​សំរាម​តាម​ប្រភេទ​ផ្សេងៗ​គ្នា​ទេ។​

បន្ថែម​ពីលើ​កំណើន​សំរាម​ ប្លាស្ទិក​ ក៏​មាន​សេចក្តី​ត្រូវការ​ច្រើន​នៃ​វត្ថុ​ជា​ចាំបាច់​ដូច​ជា​ដបទឹក ម៉ាស់ ស្រោម​ដៃ​ពេទ្យ ​ ក្រណាត់​សម្រាប់​ជូត​សម្អាត​និង​វត្ថុរាវ​សម្រាប់​សម្អាត​ដៃ​ជា​ដើម។​

ទោះ​ណា​ជា​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ ​ ក្រុម​ហ៊ុន​ជា​ច្រើន​បាន​ប្រឹង​ប្រែង​កាត់​បន្ថយ​សេចក្តី​ត្រូវការ​ផលិតផល​ ប្លាស្ទិក​សម្រាប់​ប្រើ​តែ​ម្តង​ក៏​ដោយ​ក៏​ក្រុម​ហ៊ុន​ខ្លះ​បាន​វិល​ទៅ​ផលិត​ប្រដាប់​ប្រដា​ទាំង​នេះ​វិញ​ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ឆ្លង​រោគ​ ទោះ​ណា​ជា​ពួក​អ្នក​ជំនាញ​ខាង​បរិស្ថាន​បាន​ព្រមាន​ថា​ វត្ថុ​ប្លាស្ទិក​សម្រាប់​ប្រើ​តែ​ម្តង​អាច​មាន​វីរុស​និង​បាក់តេរី​ដែរ។​

អាជ្ញាធរ​បូរី​ញូយ៉ក​បាន​លើក​ពេល​ការ​ហាម​ប្រាម​មិន​ឱ្យ​ប្រើ​ស្បោង​ ប្លាស្ទិក ​តែ​មួយ។​ សមាគម​ Waste360 ​ដែល​ជា​សមាគម​ឧស្សាហ​កម្ម​ខាង​សំរាម​មាន​មូល​ដ្ឋាន​នៅក្នុង​ស.រ.អា.​ឲ្យដឹង​ថា ​ក្រុម​ហ៊ុន​កាហ្វេ​ Starbucks​ បាន​ប្រាប់​ពួក​អតិថិជន​មិន​ឱ្យ​ទិញ​កាហ្វេ​បន្ថែម​ដោយ​ប្រើ​ពែង​របស់​ពួក​គេ​ដែល​អាច​ប្រើ​ជា​ថ្មី​បាន​ទៀត។​ការ​ទិញ​កាហ្វេ​ជា​ថ្មី​អាច​ធ្វើ​បាន​ដោយ​ប្រើ​ពែង​ក្រដាស។​

នៅ​ពេល​ដែល​អតិថិជន​ច្រើន​នាក់​អនុវត្ត​គម្លាត​សង្គម​នៅ​ក្នុង​ផ្ទះ ​ក៏​មាន​ការ​កើន​ច្រើន​នៃ​សំរាម​ដែរ​ពី​ព្រោះ​មនុស្ស​ទិញ​ឥវ៉ាន់​តាម​អ៊ីនធឺណិត​និង​បញ្ជា​ទិញ​ម្ហូប​ដែល​តម្រូវ​ឱ្យ​មាន​ការ​ខ្ចប់​ច្រើន។​

សំរាម​វេជ្ជ​សាស្ត្រ​ក៏​កើន​ច្រើន​ដែរ។​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​កាល​ពី​ពេល​ថ្មីៗ​ដែល​ចាត់ចែង​ដោយ​ក្រសួង​អេកូឡូស៊ី​និង​បរិស្ថាន គេ​រាយ​ការណ៍​ថា​ មន្ទីរ​ពេទ្យ​ទាំង​ឡាយ​នៅ​ក្នុង​ក្រុង ​Wuhan​ ប្រទេស​ចិន​មាន​សំរាម​ជាង​២០០​តោន​ក្នុង​មួយ​ថ្ងៃ​ ​រីឯ​កាលពី​ពេល​មិន​ទាន់​មាន​ការ​រាតត្បាត​នៃ​ជំងឺ​នេះ​មាន​សំរាម​តិច​ជាង​៥០​តោន​ក្នុង​មួយ​ថ្ងៃ។​

ផល​ប៉ះពាល់​ក្នុង​រយៈ​ពេល​យូរ​

ពួក​អ្នក​ជំនាញ​និយាយ​ថា​ ជា​ការ​ពិបាក​ក្នុង​ការ​ទស្សន៍​ទាយ​ថា​ តើ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩​ នឹង​មាន​រយៈពេល​យូរ​ប៉ុន្មាន​និង​ថា ​តើ​នឹង​មាន​ផល​ប៉ះពាល់​បែបណា​លើ​បរិស្ថាន​និង​សេដ្ឋកិច្ច។​

លោក ​Balmes ​នៃ​សមាគម​អាមេរិកាំង​ខាង​ព្យាបាល​ជំងឺ​សួត​បាន​និយាយ​ថា​ ភាព​មិន​ប្រាកដ​ប្រជា​នៃ​ការណ៍​នេះ​នាំ​ឱ្យ​មាន​កង្វល់​ច្រើន។​

លោក​បាន​ថ្លែង​ថា៖​« អ្វី​ដែល​ខ្ញុំ​ខ្វល់ខ្វាយ​នោះ​គឺ​ប្រហែល​មាន​ការ​គាំទ្រ​ជា​សាធារណៈ​ឲ្យ​មាន​ការ​ដឹក​ជញ្ជូន​ស្អាត​ជាង​មុន​និង​ការ​ផលិត​អគ្គិសនី​ស្អាត​ជាង​មុន​ ក៏​ប៉ុន្តែ​គេ​ត្រូវការ​ឱ្យ​មាន​កំណើន​សេដ្ឋ​កិច្ច​ដែរ។​ខ្ញុំ​ខ្វល់​ខ្វាយ​ថា​ នឹង​មាន​ការ​កើន​ឡើង​នៃ​ការ​សាយភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅ​ពេល​មាន​ការ​កើន​ឡើង​នៃ​សេដ្ឋ​កិច្ច។​ ប៉ុន្តែ​យើង​ត្រូវ​តែ​មាន​លទ្ធភាព​គឺ​ធ្វើ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ផង​និង​ប្រុង​ប្រយ័ត្ន​អំពី​កំណើន​នៃ​ការ​សាយ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ផង​ដែរ»។

លោក ​Balmes ​មិន​មែន​ជា​អ្នក​ជំនាញ​តែ​ម្នាក់​គត់​ដែល​បារម្ភ​អំពី​លទ្ធភាព​នៃ​ការ​សាយ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ច្រើន​ទេ។​

លោក ​Mathis Wackermagel​ ជា​អ្នក​បង្កើត​បណ្តាញ ​Global Footprint Network។​ លោក​បាន​ព្រមាន​អំពី​ការ​កើន​ឡើង​នៃ​ឧស្ម័ន​ផ្ទះ​កញ្ចក់។​កាល​ពី​ពេល​ថ្មីៗ​នេះ​ លោក ​Wackermagel​ បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជា​មួយ​វិទ្យុ ​KCRW-FM ​ក្នុង​ក្រុង ​Los Angeles​ រដ្ឋ​កាលីហ្វ័រញ៉ា​ថា​ សូម្បី​ក្រោយ​ពី​ការ​នៅ​ដាច់​ពី​គេ​និង​វិធាន​ការ​គ្រាមាន​អាសន្ន​ឯ​ទៀតៗ​បាន​ត្រូវ​លប់​ចោល​ក៏​ដោយ​ ក៏​ប្រេង​ឥន្ធនៈ​មាន​ប្រភព​ពី​ហ្វូស៊ីល​នៅតែ​មាន​តម្លៃ​ថោកដែល​បណ្តាល​ឱ្យ​ពិភព​លោក​ប្រញ៉ាប់​ប្រញ៉ាល់​ប្រើ​ប្រភព​ថាមពល​នេះ​សម្រាប់​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ប្រទេស​មាន​ស្ថិរភាព​ឡើង​វិញ។​

នៅ​ក្នុង​ blog ​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ​លោក ​Laurel Hanscom ​នាយក​ប្រតិបត្តិ​នៃ​បណ្តាញ​Global Footprint Network ​សរសេរ​ថា៖​«យើង​បាន​និយាយ​ញឹក​ញយ​ហើយ​ថា ​ជាយថាហេតុ​យើង​នឹង​មាន​ចីរភាព​ ក្រោយ​ពី​មានមហន្តរាយ​ឬ​ដោយ​សារ​យើង​មាន​ចេតនា​រៀបចំ។​នៅ​ពេល​ដែល​ផ្លូវ​ស្ងាត់ជ្រងំ​និង​យន្តហោះ​មិន​ដំណើរការ ​ខ្យល់​កខ្វក់​បាន​ចុះ​ថយ​ហើយ​ឧស្ម័ន​កាបូនិក​នៅ​ទូទាំង​ពិភពលោក​បាន​ថម​ថយ​ដែរ​ ទាំង​នេះ​មិន​មែន​ជា​អ្វី​ដែល​យើង​គិត​ថា​នឹង​មាន​ទេ»។

លោក ​Balmes ​យល់​ស្រប​ថា ​វីធី​ទៅមុខ​គឺ​ធ្វើ​សេចក្តី​សម្រេច​ឱ្យ​បាន​ល្អ​ប្រសើរ​ជាង​មុន។

លោក​បាន​និយាយ​ថា៖​«ខ្ញុំ​សង្ឃឹម​ថា​ ក្នុង​នាមជា​សង្គម​មួយ​ ​ យើង​គួរ​មាន​ការ​គិត​ពិចារណា​ឱ្យ​បាន​ទូលំ​ទូលាយ​ហ្មត់​ចត់​ជាង​មុន​អំពី​ការ​ប្រែប្រួល​អាកាសធាតុ»៕​

ប្រែសម្រួល​ដោយ​ឈឹម សុមេធ​

XS
SM
MD
LG