ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពេល​រថក្រោះ​រុស្ស៊ី​សម្រុក​ចូល ការភ័យខ្លាច​កើនឡើង​ថា រថក្រោះ​ទាំង​នោះ ​នឹង​មិន​ឈប់​នៅ​តំបន់​ភាគ​ខាងកើត​អ៊ុយក្រែន​ទេ


រថក្រោះមួយគ្រឿង បើកនៅតាមផ្លូវមួយក្នុងទីក្រុង Donetsk ដែល​គ្រប់គ្រង​ដោយ​ក្រុមផ្តាច់ខ្លួន​នៅ​អ៊ុយក្រែនកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពី​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​បញ្ជា​ឱ្យ​ដាក់​ពង្រាយ​ទាហាន​រុស្ស៊ី​ទៅ​កាន់​តំបន់​បំបែកខ្លួនចំនួនពីរនៅភាគ​ខាងកើត​អ៊ុយក្រែន។
រថក្រោះមួយគ្រឿង បើកនៅតាមផ្លូវមួយក្នុងទីក្រុង Donetsk ដែល​គ្រប់គ្រង​ដោយ​ក្រុមផ្តាច់ខ្លួន​នៅ​អ៊ុយក្រែនកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពី​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​បញ្ជា​ឱ្យ​ដាក់​ពង្រាយ​ទាហាន​រុស្ស៊ី​ទៅ​កាន់​តំបន់​បំបែកខ្លួនចំនួនពីរនៅភាគ​ខាងកើត​អ៊ុយក្រែន។

រថក្រោះ​របស់​រុស្ស៊ី ​បាន​សម្រុក​ចូល​ក្នុង​តំបន់​ខាង​កើត​ប្រទេស​អ៊ុយក្រែន​ទាំង​យប់​ថ្ងៃ​អង្គារ​នៅ​ក្នុង​អ្វី​ដែល​រុស្ស៊ី​ហៅ​ថា ​បេសក​កម្ម​ថែ​រក្សា​សន្តិភាព​ និង​ដើម្បី​ការពារ​សាធារណ​រដ្ឋ​បំបែក​ខ្លួន​ចំនួន​ពីរ​ដែល​រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​ជួយ​សម្អិត​សម្អាង​កាល​ពី​៨​ឆ្នាំ​មុន ​ហើយ​ឥឡូវ​នេះ​ ត្រូវ​បាន​ទទួល​ស្គាល់​ជា​រដ្ឋ​ឯករាជ្យ។

ក៏ប៉ុន្តែ ​បន្ទាប់​ពី​សុន្ទរកថា​ប្រើ​ពាក្យ​ធ្ងន់ៗ​រយៈ​ពេល​៥៦​នាទី​ដែល​ក្នុង​នោះ​មេ​ដឹកនាំ​រុស្ស៊ី​បាន​បដិសេធ​ថា​ មិន​មាន​ប្រទេស​ដែល​ហៅ​ថា ​អ៊ុយក្រែន​នោះ​មក​ មនុស្ស​តិច​ណាស់​នៅ​ទីក្រុង​កៀវសង្ស័យ​ថា ​ក្បួន​រថពាស​ដែក​នោះ​ មិន​យូរ​មិន​ឆាប់​នឹង​រុលចូល​ហួស​តំបន់ ​Donbas ​របស់​ប្រទេសអ៊ុយក្រែន​ ដោយ​សារ​ការ​សម្រេច​ចិត្ត​របស់​លោក​ Putin ​ទទួល​ស្គាល់​ឯករាជ្យ​ភាព​របស់​សាធារណ​រដ្ឋ​ផ្តាច់​ខ្លួន​ចំនួន​ពីរ​គឺ​ សាធារណរដ្ឋ​ Donetsk ​និង ​សាធារណរដ្ឋ​ Luhansk​ ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ហាក់​ដូចជា​ត្រៀម​សម្រាប់​ការ​ចាប់​ផ្តើម​សកម្ម​ភាព​យោធា​កាន់តែ​ខ្លាំង​ឡើង។​

ក្នុង​សន្ធិ​សញ្ញា​មិត្តភាព​ដែល​លោក ​Putin ​បាន​ចុះ​ហត្ថលេខា​ជាមួយ​សាធារណរដ្ឋ​បំបែក​ខ្លួន​ពី​រដ្ឋាភិបាល​ក្រុង​មូស្គូ​នោះ ​លោក​បាន​តាំងចិត្ត​ការពារ​ព្រំដែន​របស់​សាធារណ​រដ្ឋ​ទាំង​នេះ។​

ផែនទីនៃតំបន់ Donetsk និង​តំបន់ Luhansk។
ផែនទីនៃតំបន់ Donetsk និង​តំបន់ Luhansk។

ពួក​អ្នក​ការទូត​បស្ចឹម​ប្រទេស ​និង​ពួក​អ្នក​ស្រុក​រស់​នៅ​សាធារណរដ្ឋ​ Donetsk ​បាន​បញ្ជាក់​ថា​ បាន​ឃើញ​រថក្រោះ​របស់​រុស្ស៊ី​កាល​ពី​យប់​ថ្ងៃ​អង្គារ។​

ក្នុង​សុន្ទរកថា​របស់​លោក​ ​លោក ​Putin ​បាន​និយាយ​ការពារ​ការ​សម្រេច​ចិត្ត​របស់​លោក​ទទួល​ស្គាល់​សាធារណរដ្ឋ​បំបែក​ខ្លួន​នេះ​ ហើយ​បាន​និយាយ​ថា ​ អ៊ុយក្រែន​ជា​ផ្នែក​មួយ​នៃ​ប្រវត្តិ​សាស្ត្រ​របស់​រុស្ស៊ី។​

លោក​ Putin ​បាន​និយាយ​ទៀត​ថា ​តំបន់​ផ្នែក​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន​ជា​ទឹកដី​របស់​រុស្ស៊ី​កាលពី​សម័យ​បុរាណ។​ វោហាសាស្ត្រ​អំពី​ប្រវត្តិសាស្ត្រ​របស់​លោកដែល​បាន​រៀបរាប់​ការ​ឈឺ​ចាប់​ដែល​លោក​បាន​ផ្សាយ​ជា​ច្រើន​ដង​កាលពី​ពេល​មុននោះ​ កំពុង​រង​ការ​រិះគន់​ពី​អ្នក​ប្រវត្តិ​សាស្ត្រ​អំពី​ប្រវត្តិសាស្ត្រ​ផ្តាច់ការ​ប្រាសចាក​ការណ៍​ពិត។​

សុន្ទរកថា​របស់​លោក​ Putin ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​បណ្តាញ​ទូរទស្សន៍​សំខាន់ៗ​ទាំង​អស់​របស់​រុស្ស៊ីនោះ បាន​ធ្វើ​ឡើង​បន្ទាប់ពី​ជំនួប​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​នៅ​ក្នុង​ទីក្រុង​មូស្គូ ​ដែល​ត្រូវ​បាន​ចាក់ផ្សាយ​ទាំង​ស្រុង​ផង​ដែរ។​

ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin (ឆ្វេង) ធ្វើជា​ប្រធាន​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​នៅ​វិមាន​ក្រឹមឡាំង ក្នុង​ទីក្រុង​មូ​ស្គូ ប្រទេសរុ​ស្ស៊ី កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ២០២២។
ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin (ឆ្វេង) ធ្វើជា​ប្រធាន​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​នៅ​វិមាន​ក្រឹមឡាំង ក្នុង​ទីក្រុង​មូ​ស្គូ ប្រទេសរុ​ស្ស៊ី កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ២០២២។

ក្នុង​អំឡុង​ពេល​ជំនួប​របស់​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​ដែល​ត្រូវ​បាន​បញ្ចាំង​តាម​បណ្តាញ​ទូរទស្សន៍​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​នោះ​ ពួក​ប្រកាន់​នយោបាយ​តឹងរ៉ឹង​បាន​ជំរុញ​ឲ្យ​លោក​ Putin ​ទទួល​ស្គាល់​សាធារណរដ្ឋ​បំបែក​ខ្លួន​ចំនួន​ពី​គឺ​ Donetsk ​និង​ Luhansk។

អ្នក​វិភាគ​ខ្លះ​បាន​និយាយ​ថា ​យោង​តាម​ម៉ោង​ដែល​បង្ហាញ​នៅ​លើ​នាឡិកា​ដៃ​របស់​អ្នក​ជំនួយ​ការ​ម្នាក់ ជំនួប​នៅ​វិមាន​ក្រឹមឡាំង​នោះ​ មិន​ត្រូវ​បាន​ផ្សាយ​បន្ត​ផ្ទាល់​ទេ ​ក៏​ប៉ុន្តែ​បាន​ធ្វើ​ឡើង​ប៉ុន្មាន​ម៉ោង​មុន​ ហើយ​ត្រូវ​បាន​គេ​តុបតែង​ឡើង​ដើម្បី​បញ្ចុះ​បញ្ចូល​អ្នក​មើលដែល​ជា​ជនជាតិ​រុស្ស៊ី​នោះ​ ថា ​ លោក ​Putin ​បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​មេ​ដឹកនាំ​កំពូលៗ ហើយ​នឹង​ទីប្រឹក្សា​ជិត​ស្និទ្ធ​របស់​លោក ខណៈ​បង្ហាញ​ផង​ដែរ​នូវ​ការ​គ្រប់គ្រង​យ៉ាង​ពេញ​ទំហឹង​របស់​លោក​ទាក់ទង​នឹង​ការ​ប្រឈម​យ៉ាងលឿន​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​ជាមួយ​បស្ចឹម​ប្រទេស។​

ក្នុង​អំឡុង​ជំនួប​នោះ​ ពួក​មន្ត្រី​ជាន់​ខ្ពស់​បាន​បន្ទរ​ជា​បន្ត​បន្ទាប់​តាម​ការ​ចោទ​ប្រកាន់​របស់​វិមាន​ក្រឹម​ជា​ច្រើន​ថ្ងៃ​ និង​គ្មាន​ភស្តុតាង​គ្រប់គ្រាន់​ដែល​ថា ប្រទេស​អ៊ុយក្រែន ​បាន​ប្រុង​ប្រៀប​ធ្វើ​ការ​វាយ​ប្រហារ​ដើម្បី​ដណ្តើម​យក​សាធារណរដ្ឋ​ផ្តាច់​ខ្លួន​នោះ​មក​វិញ។ ​លោក ​Sergei Shoigu ​រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី ​បាន​ប្រាប់​លោក​ Putin ​ថា ​កងទ័ព​អ៊ុយក្រែន​ បាន​ត្រូវ​ដាក់​ពង្រាយ​ដើម្បី​ធ្វើ​ការ​វាយ​ប្រហារ។​

រដ្ឋាភិបាល​ក្រុង​កៀវ ​បាន​បដិសេធ​ការ​អះអាង​ទាំង​នេះ​ម្តង​ហើយ​ម្តង​ទៀត។​

ក្នុង​អំឡុង​សុន្ទរកថា​របស់​លោក​ លោក ​Putin ​បាន​ចោទ​ប្រកាន់​សហ​រដ្ឋ​អាមេរិក​ និង​អង្គការ​អូតង់​ថា​ «មិន​ចេះ​ខ្មាសអៀន»​ប្រែក្លាយ​ប្រទេស​អ៊ុយក្រែន​ឱ្យ​ទៅ​ជា​ឆាក​ធ្វើ​សង្គ្រាម ហើយ​លោក Putin ​បាន​លើក​ឡើង​ពី​ការ​អះអាង​ដែល​គ្មាន​ភស្តុតាង​ថា ប្រទេស​អ៊ុយក្រែន​មាន​គម្រោង​បង្កើត​អាវុធ​នុយក្លេអ៊ែរ ​ដែល​បន្ទាប់​មក​ត្រូវ​ប្រើប្រាស់​ដើម្បី​វាយ​ប្រហារ​រុស្ស៊ី។​

សុន្ទរកថា​ទាំងមូល​នេះ​ បាន​ធ្វើ​ឱ្យ​អ្នក​ការទូត​លោក​ខាងលិច ​និង​អ្នក​វិភាគ​ឯករាជ្យ​ជា​ច្រើន​យល់​ឃើញ​ដូច​មន្ត្រី​អាល្លឺម៉ង់ ​និង​មន្ត្រី​បារាំង​ ដែល​ទទួល​ស្គាល់​ជា​លក្ខណៈ​ផ្ទាល់ខ្លួន​ថា ​ពួកគេ​មាន​ការ​ភ្ញាក់​ផ្អើល។ ​ទាំង​មន្ត្រី​អាល្លឺម៉ង់​ និង​មន្ត្រី​បារាំង​បាន​ដឹកនាំ​ការ​ព្យាយាម​ផ្នែក​ការទូត​នៅ​នាទី​ចុង​ក្រោយ​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ការទូត​ចំពោះ​វិបត្តិ​ប្រទេស​អ៊ុយក្រែន ​ហើយ​សង្ឃឹម​ថា នឹង​ទទួល​បាន​កិច្ច​ព្រមព្រៀង​យូរ​អង្វែង​ស្តីពី​បទ​ឈប់បាញ់​ និង​ទទួល​បាន​ដំណោះ​ស្រាយ​នយោបាយ​នៅ​ភាគខាង​កើត​ប្រទេស​អ៊ុយក្រែន ​ ប៉ុន្តែ​ឥឡូវ​នេះ​លោក​ Putin ​ហាក់​ដូច​ជា​បាន​បង្ហាញ​ថា​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​បារាំង-អាល្លឺម៉ង់​នេះ​ ទទួល​បាន​លទ្ធផល​ដែល​អ្នក​ការទូត​ព្រួយ​បារម្ភ។​

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ថ្លែង​ទៅកាន់​ប្រជាជាតិ​តាម​ចាក់ការ​ផ្សាយតាម​កញ្ចក់​ទូរទស្សន៍​ពី​ទីក្រុង​កៀវ​នៃ​ប្រទេស​អ៊ុយក្រែន នៅ​ថ្ងៃ​អង្គារ ទី២២ ខែ​កុម្ភៈ ឆ្នាំ២០២២។
ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ថ្លែង​ទៅកាន់​ប្រជាជាតិ​តាម​ចាក់ការ​ផ្សាយតាម​កញ្ចក់​ទូរទស្សន៍​ពី​ទីក្រុង​កៀវ​នៃ​ប្រទេស​អ៊ុយក្រែន នៅ​ថ្ងៃ​អង្គារ ទី២២ ខែ​កុម្ភៈ ឆ្នាំ២០២២។

ប្រធានាធិបតី​អ៊ុយក្រែន​លោក ​Volodymyr Zelenskiyy ​បាន​ព្យាយាម​ដើម្បី​ធានា​ដល់​ប្រជាជន​អ៊ុយក្រែន​ថា ប្រទេស​នេះ​ ត្រូវ​បាន​ការពារ​យ៉ាង​ល្អ​ ហើយ​លោក​បាន​បន្ថែម​ថា​ ប្រទេស​អ៊ុយក្រែន​រក្សា​សិទ្ធិ​ការពារ​ខ្លួន​ទប់ទល់​សកម្មភាព​គឃ្លើន​របស់​រុស្ស៊ី​បន្ថែម​ទៀត។​ លោក​ថ្លែង​ដូច្នេះ​នៅ​ក្នុង​ការ​សុន្ទរកថា​ផ្សាយ​តាម​ទូរទស្សន៍​ទូទាំង​ប្រទេស​នៅ​ម៉ោង​ពីរ​រំលង​អាធ្រាត្រ​ម៉ោង​ក្នុង​ស្រុក ​គឺ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​កម្មវិធី​នេះ​ ត្រូវ​បាន​កំណត់​ធ្វើ​ឡើង។​

មន្ត្រី​លោក​ខាង​លិច​ផ្នែក​ស៊ើប​ការណ៍​សម្ងាត់​ព្រួយ​បារម្ភ​ថា ​ការ​ទទួល​ស្គាល់​សាធារណ​រដ្ឋ​បំបែក​ខ្លួន​នេះ​ គឺ​ជា​ផ្នែក​មួយ​នៃ​ផែន​ការ​ធ្វើ​សង្រ្គាម​ធំ​ជាង​នេះ ​ដែល​ឥឡូវ​នេះ​កំពុង​បង្ហាញ​ឱ្យ​ឃើញ​តាម​គម្រោង​ដែល​បាន​រៀបចំ​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន។​ ពួកគេ​និយាយ​ថា ​ប្រហែល​២​ភាគ​៣​នៃ​កង​កម្លាំង​រុស្ស៊ី​ដែល​បាន​ប្រមូល​ផ្តុំ​នៅ​ជិត​ព្រំដែន​ប្រទេស​អ៊ុយក្រែន​នោះ​ ឥឡូវ​នេះ​ស្ថិត​នៅ​ចម្ងាយ​៥០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ព្រំដែន ​ហើយ​កំពុង​ស្ថិត​ក្នុង​សភាព​ត្រៀម​ប្រយុទ្ធ និង​ត្រៀម​ចាប់​ផ្តើម​ប្រតិបត្តិ​ការ​យោធា​ ប៉ុន្តែ​ទោះ​ជា​យ៉ាងណា ​ គេ​មិន​ទាន់​ច្បាស់​ទេ​ថា​ តើ​វិមាន​ក្រឹមឡាំង​ បាន​ផ្តល់​ការ​យល់ព្រម​ធ្វើការ​វាយ​លុក​ពេញ​លេញ​ ឬ​នៅ។ ​

ការ​ភ័យ​ខ្លាច​ក្នុង​ចំណោម​មេ​ដឹកនាំ​អឺរ៉ុប​ដែល​បារម្ភ​ថា ​ប្រធានាធិបតី​រុស្ស៊ី​នឹង​បញ្ជា​ឱ្យ​ធ្វើ​សកម្ម​ភាព​យោធា​ធំជាង​នេះ​នៅ​ប្រទេស​អ៊ុយក្រែន​នោះ​ មាន​បង្កប់​មួយ​ផ្នែក​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ Putin ​ជិត​មួយ​ម៉ោង​ ​ដែល​បាន​ចាប់​ផ្តើម​ដោយ​ការ​រៀបរាប់​ដ៏​វែង​នូវ​ទស្សនៈ​របស់​មេ​ដឹកនាំ​រុស្ស៊ី​អំពី​ប្រវត្តិ​សាស្ត្រ​ប្រទេស​អ៊ុយក្រែន ​និង​ថា​ ​ លោក​ខាងលិច​ បាន​ប្លន់​ទឹកដី​រុស្ស៊ី​នៅ​ពេល​សហភាព​សូវៀត​ដួល​រលំ៕​

ប្រែសម្រួលដោយលោក ជឹង ប៉ូជីន

XS
SM
MD
LG