ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេ​​ក្រុម​ទាហាន​ស៊ីឈ្នួល​ Wagner​ ​​ទទួល​យក​កិច្ច​ព្រម​ព្រៀង​ដែល​ទម្លាក់​ចោល​បទ​ចោទ​ និង​ត្រូវ​បញ្ជូន​ទៅ​បេឡារុស


ក្រុម​ទាហាន​ស៊ីឈ្នួល Wagner ចាប់​ផ្ដើម​ដក​កងកម្លាំង​ចេញ​ពី​ក្រុង Rostov-on-Don ប្រទេស​រុស្ស៊ី ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៣។
ក្រុម​ទាហាន​ស៊ីឈ្នួល Wagner ចាប់​ផ្ដើម​ដក​កងកម្លាំង​ចេញ​ពី​ក្រុង Rostov-on-Don ប្រទេស​រុស្ស៊ី ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៣។

ក្រោយ​ពី​នាំទាហាន​ត្រឡប់​ពី​ក្បួន​ទាហាន​ទាមទារ​យុត្តិធម៌ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​មូស្គូ​ ​មេ​ដឹកនាំ​ក្រុម​ទាហាន​ស៊ីឈ្នួល​ Wagner​ ទទួល​យក​កិច្ច​ព្រម​ព្រៀង​ដែល​ទម្លាក់​ចោល​បទ​ចោទ​ និង​ត្រូវ​បញ្ជូន​ទៅ​បេឡារុស។​

មេ​ដឹកនាំ​ក្រុម​ទាហាន​ស៊ី​ឈ្នួល​លោក ​Yevgeny Prigozhin ​ដែល​បាន​ដឹកនាំ​ក្រុម​ទាហាន​ស៊ី​ឈ្នួលឈ្មោះ​ Wagner Group ​ប្រឆាំងនឹង​មេដឹកនាំយោធា​ក្នុង​ទីក្រុង​មូស្គូ ​ ​នឹង​ត្រឡប់​ទៅ​កាន់​ប្រទេស​បេឡារុស​វិញ ​ហើយ​ការ​ចោទ​ប្រកាន់​ទៅ​លើ​រូប​លោក​ពី​បទ​ឧក្រិដ្ឋ​ធ្វើ​ការ​បះ​បោរ​ប្រដាប់​អាវុធ​នឹង​ត្រូវ​ទម្លាក់​ចោល។ ​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​វិមាន​ក្រឹមឡាំង​កាល​ពី​ថ្ងៃ​សៅរ៍។ ​

ប្រធានាធិបតី​បេឡារុស​លោក ​Alexander Lukashenko ​បាន​ចរចា​លើ​កិច្ច​ព្រមព្រៀងជាមួយមេដឹកនាំ​ក្រុម​ទាហាន​ស៊ីឈ្នួល ​Wagner Group ​ដោយ​មាន​ការ​ព្រម​ព្រៀង​ពី​ប្រធានាធិបតី​រុស្ស៊ី​លោក ​Vladimir Putin។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ការិយាល័យ​ប្រធានាធិបតី​បេឡារុស។ ​លោក​ Lukashenko ​បាន​ថ្លែង​ថា​ លោក​បានស្គាល់​លោក ​Prigozhin ​ជា​លក្ខណៈ​ឯកជន​អស់​រយៈ​ពេល​ ២០ ​ឆ្នាំ​មក​ហើយ។

ការ​ចរចា​នេះ​ក៏​បាន​ធានា​ថា ​ក្រុម​ទាហាន​ស៊ីឈ្នួល ​Wagner ​នឹង​មិន​ត្រូវ​បាន​កាត់​ទោស​នោះ​ទេ។ ​នេះ​បើ​ការ​បញ្ជាក់​របស់​អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង​លោក Dmitry Peskov ​ដែល​បាន​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​សារ​ព័ត៌មាន។​

មេក្រុម​ទាហាន​ស៊ីឈ្នួល Wagner លោក Yevgeny Prigozhin កំពុង​ដឹក​នាំ​កងកម្លាំង​ចាកចេញ​ពី​ក្រុង Rostov-on-Don ប្រទេស​រុស្ស៊ី ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៣។
មេក្រុម​ទាហាន​ស៊ីឈ្នួល Wagner លោក Yevgeny Prigozhin កំពុង​ដឹក​នាំ​កងកម្លាំង​ចាកចេញ​ពី​ក្រុង Rostov-on-Don ប្រទេស​រុស្ស៊ី ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៣។
ក្រុម​ទាហាន​ស៊ីឈ្នួល Wagner កំពុង​បញ្ជា​រថក្រោះ​មួយ​គ្រឿង​ ខណៈ​ដែល​ពួកគេ​កំពុងល្បាត​តំបន់​មួយ​នៅ​ក្នុង​ក្រុង Rostov-on-Don ប្រទេស​រុស្ស៊ី ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៣។
ក្រុម​ទាហាន​ស៊ីឈ្នួល Wagner កំពុង​បញ្ជា​រថក្រោះ​មួយ​គ្រឿង​ ខណៈ​ដែល​ពួកគេ​កំពុងល្បាត​តំបន់​មួយ​នៅ​ក្នុង​ក្រុង Rostov-on-Don ប្រទេស​រុស្ស៊ី ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៣។

លោក ​Peskov ​បាន​ថ្លែង​ថា ​«យើង​តែងតែ​គោរព​វីរភាព​របស់​ពួក​គេ​នៅ​សមរ​ភូមិ​មុខ»។ ​លោក​បាន​ថ្លែង​បន្ថែម​ទៀត​ថា ​រដ្ឋាភិបាល​ក្រុង​មូស្គូដឹង​គុណលោក​ Lukashenko ​សម្រាប់​តួនាទី​របស់​លោកក្នុង​ការ​បន្ថយ​ភាព​តានតឹង​នៃ​វិបត្តិ​នេះ។​

លោក ​Peskov ​មាន​ប្រសាសន៍​ទៀត​ថា ​ក្រុម​ទាហាន​ស៊ីឈ្នួលដែល​មិន​បាន​ចូល​រួម​នៅ​ក្នុង​ការ​បះបោរ​នោះ ​នឹង​ត្រូវ​បាន​ផ្ដល់​ឱ្យ​នូវ​កិច្ច​សន្យា​ធ្វើ​ការ​ជាមួយ​នឹង​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី ​ដែលបាន​ព្យាយាម​យក​កងកម្លាំង​ស្វយ័ត​ស្ម័គ្រចិត្ត​ទាំង​អស់​នោះ​មក​គ្រប់គ្រង​ឱ្យ​បាន​ត្រឹម​ថ្ងៃទី ​១ ​ខែ​កក្កដា។ ​

នៅ​ពេល​សួរ​ថា​ តើ​នឹង​មាន​ការ​ផ្លាស់ប្ដូរ​មន្ត្រី​នៅ​ក្នុង​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​ដើម្បី​ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​នេះ​ឬ​ទេ ​លោក ​Peskov ​ថ្លែង​ថា ​«បញ្ហា​ទាំង​អស់​នេះ​គឺ​ជា​បុព្វសិទ្ធិ​តែមួយ និង​ស្ថិត​នៅ​ក្នុង​យុត្តាធិការ​របស់​មេ​បញ្ជាការ​កំពូល​គឺ​លោក ​Putin ​យោង​តាម​រដ្ឋធម្មនុញ្ញ​របស់​សហព័ន្ធ​រុស្ស៊ី។ ​ដូច្នេះ​ហើយ ​វា​ទំនង​ជា​មិន​អាច​ទៅ​រួច​ទេ​ដែល​ប្រធាន​បទ​ទាំង​អស់​នេះ​អាច​ត្រូវ​បាន​ពិភាក្សា​នៅ​ក្នុង​កិច្ច​សន្យា​ដែល​បាន​លើក​ឡើង​ខាង​លើ​នេះ»។ ​

អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង​លោក ​Peskov ​មិន​បាន​បញ្ចេញ​នោះ​ទេ​ថា ​តើមាន​សម្បទាន​អ្វីខ្លះ​ក្នុង​ការ​បញ្ចុះបញ្ចូល​ឱ្យ​លោក ​Prigozhin ដក​កង​កម្លាំង​របស់​លោក​វិញ​ទាំងអស់ ក្រៅ​តែ​ពី​ធានា​សុវត្ថិភាព​របស់​លោក​ និង​កង​កម្លាំង​របស់​លោក​ ​ហើយនេះ​ជា​អ្វី​ដែល​លោក​ ថា ​លោក​ Putin ​បាន​និយាយ​ធានា។

លោក​ Peskov ​បាន​ហៅ​ព្រឹត្តិ​ការណ៍​ដែល​បាន​កើត​ឡើង​តាំង​ពី​ថ្ងៃ​សុក្រ​នេះ​ថា​ជា​«សោកនា​ដកម្ម»។​

កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ​លោក ​Prigozhin ​និង​ក្រុម​ទាហាន​របស់​លោក​បាន​ស្ថិត​នៅ​ចម្ងាយ​ ២០០ ​គីឡូម៉ែត្រ​ពី​រដ្ឋធានី​មូស្គូ ​មុនពេល​លោក​បញ្ជា​ឱ្យ​កង​កម្លាំង​របស់​លោក​បញ្ឈប់​ការ​រុល​ទៅ​មុខ ​និង​បញ្ជា​ក្បួន​ទាហាន​របស់​លោកឱ្យ​ត្រឡប់​ទៅ​កាន់​មូលដ្ឋាន​របស់​ខ្លួន​ក្នុង​ប្រទេស​អ៊ុយក្រែន​វិញ​ដើម្បី​ចៀសវាង​ការ​បង្ហូរ​ឈាម៕ ​


ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា

XS
SM
MD
LG