ពេលនេះជាពេលវេលាសំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ដែលអ្នកស្រី Kamala Harris ដែលជាពលរដ្ឋអាមេរិកាំងជាប់ពូជពង្សហ្សាម៉ាអ៊ីក និងឥណ្ឌា ទទួលយកការតែងតាំងជាបេក្ខជនអនុប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ។
អ្នកស្រី Harris បាននិយាយថា៖ «យើងទាំងអស់គ្នាឋិតនៅក្នុងការប្រយុទ្ធនេះជាមួយគ្នា។ នេះជាកាតព្វកិច្ចមួយដ៏អស្ចារ្យ។ នេះជាបុព្វសិទ្ធិមួយដ៏អស្ចារ្យ»។
ការអំពាវនាវរបស់អ្នកស្រីគឺត្រូវចិត្តរបស់អ្នកបោះឆ្នោតគាំទ្រគណបក្សប្រជាធិបតេយ្យជាច្រើន។
អ្នកស្រី Dorian Tyus ដែលជាអ្នកបោះឆ្នោតគាំទ្រគណបក្សប្រជាធិបតេយ្យ និយាយថា៖ «យុវជនជាច្រើននៅទូទាំងប្រទេសអបអរសាទរ និងមានអារម្មណ៍ជិតស្និទ្ធជាមួយនឹងអ្នកស្រី ដោយសារតែការអំពាវនាវនេះ»។
កន្លងមកធ្លាប់មានបេក្ខជនអនុប្រធានាធិបតី ២ នាក់មុនអ្នកស្រី Harris ដែលនោះគឺអ្នកស្រី Geraldine Ferraro ខាងគណបក្សប្រជាធិបតេយ្យកាលពីឆ្នាំ ១៩៨៤ និងអ្នកស្រី Sarah Palin ខាងគណបក្សសាធារណរដ្ឋកាលពីឆ្នាំ ២០០៨។
អ្នកស្រី Ferraro និងអ្នកស្រី Palin ត្រូវបានជ្រើសតាំងដើម្បីផ្តល់កម្លាំងដល់ការឃោសនាបោះឆ្នោតសម្រាប់គណបក្សដែលមានអត្រាគាំទ្រតិចជាងគូប្រជែងនៅក្នុងការស្ទង់មតិ។ ក៏ប៉ុន្តែ សម្រាប់អ្នកស្រី Harris វិញ អ្នកស្រីចូលរួមជាមួយលោក Biden នៅពេលដែលការស្ទង់មតិបង្ហាញថា លោក Biden ជាអ្នកនាំមុខគូប្រជែង។
លោក William Howell នៃសាកលវិទ្យាល័យ Chicago និយាយថា៖ «លោក Biden ពឹងពាក់លើកម្លាំងពិតប្រាកដរបស់គណបក្ស ហើយលោកយល់ថាអ្នកស្រី Harris ដែលជាស្ត្រីមិនមែនស្បែកសស័ក្តិសមជាដៃគូឈរឈ្មោះរបស់លោកសម្រាប់ការបោះឆ្នោតនេះ។ ករណីនេះបង្ហាញឲ្យឃើញពីទិសដៅនៃគណបក្សប្រជាធិបតេយ្យ និងទិសដៅសម្រាប់សហរដ្ឋអាមេរិក»។
អ្នកនយោបាយជាស្ត្រីនៅក្នុងសហរដ្ឋអាមេរិកបានជួបប្រទះជាយូរមកហើយនូវឧបសគ្គបន្ថែម បើប្រៀបធៀបជាមួយអ្នកនយោបាយជាបុរស។ ឧបសគ្គបន្ថែមទាំងនោះមានដូចជាការណ៍ដែលត្រូវគេវាយតម្លៃលើរូបរាង ឬក៏សំឡេងរបស់ពួកគេជាដើម។
បន្ថែមពីលើនេះទៀត ក្នុងនាមជាបេក្ខជនជាស្ត្រីមិនមែនស្បែកស អ្នកស្រី Harris ប្រឈមនឹងការវាយតម្លៃបន្ថែមទាក់ទិននឹងប្រវត្តិគ្រួសាររបស់អ្នកស្រី។ ទោះបីជាអ្នកស្រីជាពលរដ្ឋអាមេរិកាំងកើតក្នុងរដ្ឋCalifornia ក៏ដោយ ក៏លោកប្រធានាធិបតី Donald Trump មិនបានច្រានចោលនូវការអះអាងគ្មានមូលដ្ឋានដែលថា អ្នកស្រី Harris គ្មានសិទ្ធិឈរឈ្មោះជាបេក្ខជនអនុប្រធានាធិបតីនោះទេ ដោយសារតែមានឪពុកម្ដាយជាជនអន្តោប្រវេសន៍។
ទោះបីជាយ៉ាងណាក៏ដោយ នៅទីបំផុតវាអាស្រ័យលើអ្នកបោះឆ្នោត ដែលជាអ្នកសម្រេចលើរឿងដែលត្រូវជឿ។
លោក Abullah Haydar ដែលជាអ្នកបោះឆ្នោតឯករាជ្យ និយាយថា៖ «ក្នុងនាមជាមនុស្សម្នាក់ដែលមានឪពុកម្តាយជាជនអន្តោប្រវេសន៍ អ្នកមិនចាំបាច់ត្រូវព្យាយាមបង្ហាញឲ្យគេឃើញថាអ្នកជាពលរដ្ឋអាមេរិកាំងម្ដងហើយម្ដងទៀតនោះទេ ដោយសារពួកអ្នករើសអើងជាតិសាសន៍នឹងមិនងាយជឿអ្នកឡើយ [ដោយសារគំនិតរើសអើងនេះនៅដក់ជាប់នឹងគំនិតរបស់ពួកគេរួចស្រេចទៅហើយ]»។
អ្នកស្រី Harris ដែលជាអតីតរដ្ឋអាជ្ញា នឹងបំពេញមុខនាទីសំខាន់មួយនៅក្នុងការបង្ហាញឲ្យឃើញអំពីការវាយប្រហារដោយពាក្យសម្តីរបស់គណបក្សប្រជាធិបតេយ្យលើរដ្ឋបាលរបស់លោកប្រធានាធិបតី Trump។
លោកប្រធានាធិបតី Trump កន្លងមក ធ្លាប់បានហៅអ្នកស្រី Harrisថាជាមនុស្ស «អាក្រក់» និង «កំណាច» ដែលអ្នកខ្លះចាត់ទុកពាក្យទាំងនេះថាមានលក្ខណៈប្រកាន់ភេទ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រី Harris មានឱកាសច្រើនធ្វើជាអនាគតនៃគណបក្សរបស់អ្នកស្រី។
សម្រាប់លោក Biden ប្រសិនបើជាប់ឆ្នោត លោកនឹងមានអាយុ ៧៨ ឆ្នាំនៅពេលស្បថចូលកាន់តំណែងនៅខែមករា ដោយធ្វើឲ្យលោកក្លាយជាបុរសដែលមានវ័យចំណាស់ជាងគេបំផុតដែលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក។
សន្និបាតជាតិគណបក្សប្រជាធិបតេយ្យកាលពីពេលថ្មីៗនេះបានបង្ហាញឲ្យឃើញអំពីភាពចម្រុះជាតិសាសន៍និងវប្បធ៌មរបស់គណបក្សប្រជាធិបតេយ្យ និងគម្លាតជំនាន់នៅក្នុងគណបក្ស។
លោក William Howell នៃសាកលវិទ្យាល័យ Chicago ថ្លែងថា៖ «លោក Biden បង្ហាញសញ្ញាថាលោកមានចំណាប់អារម្មណ៍នៅក្នុងការផ្ទេរកិច្ចការឱ្យអ្នកស្រី Harris និងអ្នកដែលមានលក្ខណៈសម្បត្តិ ទស្សនៈវិស័យ និងបទពិសោធន៍ជីវិតដូចអ្នកស្រី Harris»។
ករណីនេះមានន័យថា មិនថាលោក Joe Biden ឈ្នះ ឬក៏ចាញ់នៅក្នុងការបោះឆ្នោតឆ្នាំ ២០២០ នេះនោះទេ អ្នកស្រី Kamala Harris ទំនងជានឹងសម្លឹងឆ្ពោះទៅមុខសម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ ២០២៤៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ