គេឃើញយូរមកហើយថា លោកស្រី Kamala Harris គឺជាអ្នកនាំមុខគេនៅក្នុងការស្វែងរកបេក្ខជនអនុប្រធានាធិបតីរបស់លោក Joe Biden។ លោក Biden ត្រូវបានសន្មតថានឹងទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកខាងគណបក្សប្រជាធិបតេយ្យ។
សមាជិការូបនេះនៃព្រឹទ្ធសភាសហរដ្ឋអាមេរិក ប្រចាំរដ្ឋ California បំពេញតាមលក្ខណៈ វិនិច្ឆ័យរបស់លោក Biden ថាជាស្ត្រីម្នាក់មានគុណសម្បត្តិខ្ពស់។ លោក Biden ក៏បានប្រឈមនឹងសម្ពាធពីខាងក្នុងគណបក្សលោកឱ្យជ្រើសរើសយកជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិកម្នាក់នៅពេលភាគច្រើននៃប្រទេសកំពុងផ្តោតការយកចិត្តទុកដាក់លើយុត្តិធម៌ខាងពូជសាសន៍ផងដែរ។ លោក Jared Leopold ជាអ្នកយុទ្ធសាស្ត្រខាងគណបក្សប្រជាធិបតេយ្យនៅឯអង្គការ Evergreen Mission។ លោកបាននិយាយថា៖
«ខ្ញុំយល់ថា នេះជាជម្រើសល្អប្រសើររបស់លោក Biden។ នេះពេលនេះវាអាស្រ័យលើលោកក្នុងការធ្វើយុទ្ធនាការបោះឆ្នោតដ៏ឈ្លាសវៃ និងប្រកបដោយសុវត្ថិភាពផងដែរ។ លោកស្រី Kamala Harris ជាឥស្សរជន ដែលគេស្គាល់រួចស្រេចហើយ។ គេទុកចិត្តលោកស្រី។ លោកស្រីបានត្រូវពិនិត្យមើលសមត្ថភាពរួចស្រេចហើយនៅលើឆាកជាតិ ហើយលោកស្រីជាជម្រើសដ៏ឆ្លាតវៃសម្រាប់លោក Biden»។
ការជ្រើសរើសលោកស្រី Harris ដែលជាកូនស្រីរបស់ជនអន្តោប្រវេសន៍ Jamaica និងឥណ្ឌានឹងលើកកម្លាំងមណ្ឌលបោះឆ្នោតសំខាន់ៗខាងគណបក្សប្រជាធិបតេយ្យ។ អ្នកស្រី Daniella Gibbs Leger ជាអ្នកយុទ្ធសាស្ត្ររបស់មជ្ឈមណ្ឌលសម្រាប់ការជឿនលឿនអាមេរិកាំង។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំពិតជាសប្បាយចិត្តដែលលោក Biden បានជ្រើសរើសលោកស្រី Harris ហើយក្នុងនាមជាស្ត្រីស្បែកខ្មៅ នេះជារឿងអស្ចារ្យណាស់ ដែលខ្ញុំបានឃើញមនុស្សម្នាក់ដែលដូចខ្ញុំ ទទួលការតែងតាំងជាបេក្ខជនអនុប្រធានាធិបតី នៅក្នុងជីវិតខ្ញុំ។ ដូច្នេះខ្ញុំពិតជារំភើបចិត្តណាស់»។
លោកស្រី Harris អួតអំពីបទពិសោធន៍ជាអតីតរដ្ឋអាជ្ញាកំពូលនៃរដ្ឋ California ហើយនៅក្នុងព្រឹទ្ធសភាស.រ.អ.លោកស្រីល្បីឈ្មោះដោយសារលោកស្រីបានដាក់សំណួរតឹងតែងដល់បណ្តាបេក្ខជនដែលលោក Trump បានតែងតាំងឱ្យកាន់តំណែងសំខាន់ៗក្នុងប្រទេសដោយមានរួមបញ្ចូលទាំងលោក Brett Kavanaugh សម្រាប់តំណែងចៅក្រមតុលាការកំពូលនៅក្នុងសវនាការកាលពីឆ្នាំ២០១៨សម្រាប់តែងតាំងលោកឱ្យកាន់មុខងារនេះ។
លោកស្រី Harris ដែលពូកែនិយាយ និងដែលធ្លាប់ជាគូប្រជែងរបស់លោក Biden សម្រាប់ការតែងតាំងជាបេក្ខជនប្រធានាធិបតីកាលពីមុននោះ ត្រូវរំពឹងថាជាគូបដិបក្ខខ្លាំងក្លាម្នាក់របស់លោកអនុប្រធានាធិបតី Mike Pence ខាងគណបក្សសាធារណរដ្ឋនៅលើឆាកជជែកដេញដោលគ្នា។
លោកប្រធានាធិបតី Trump បាននិយាយថា លោកស្រី Harris «កាចនិងគ្មានការគោរពទេ» នៅពេលសួរដេញដោលលោក Brett Kavanaugh។
លោក Trump ក៏បានថ្លែងដែរថា លោកស្រី Harris «កំណាច» ដោយនិយាយយោងដល់ការឮល្ហិចល្ហៀងក្នុងក្រុមការងារលោក Biden អំពីការរិះគន់ចំពោះការវាយប្រហារតាមពាក្យសម្តីរបស់លោកស្រីទៅលើប្រវត្តិលោក Biden នៅក្នុងការជជែកដេញដោលមួយកន្លងមកដែលលោកស្រីបានចោទប្រកាន់លោកថាជំទាស់នឹងការដាក់សិស្សក្នុងឡានក្រុងទៅសាលារៀនដើម្បីបង្កើនការរួមបញ្ចូលគ្នាខាងពូជសាសន៍ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ដែលជាការចោទប្រកាន់មួយលោក Biden បាននិយាយថាជា«សន្មតខុសមួយ»។
ពួកអ្នកធ្វើការឃោសនាបោះឆ្នោតឱ្យលោក Trump បានចេញផ្សាយការវាយប្រហារមួយដោយបានហៅលោកស្រី Harris ថាជាអ្នកប្រកាន់នយោបាយនិយមឆ្វេងជ្រុលម្នាក់។លោក Patrick Basham ជាអ្នកវិភាគនៅឯវិទ្យាស្ថានលទ្ធិប្រជាធិបតេយ្យ។ លោកបាននិយាយថា៖
«ពួកអ្នកឃោសនាបោះឆ្នោតឱ្យលោក Trump គ្មានការខ្មាស់អៀនទេ។ ពួកគេមានប្រាក់ច្រើន។ ពួកគេមានសមត្ថភាពនិងមធ្យោបាយដើម្បីបន្តុះបង្អាប់ជម្រើសបេក្ខជនអនុប្រធានាធិបតីរូបនេះ»។
គេមិនដឹងច្បាស់លាស់ទេថា តើការហៅលោកស្រី Harris ថាជាអ្នកជ្រុលនិយមម្នាក់នឹងមានឥទ្ធិពលលើអ្នកបោះឆ្នោតឬទេ។ មនុស្សខ្លះមានជំនឿថា ការវាយប្រហារទាំងនេះ អាចធ្វើឲ្យខូចប្រយោជន៍វិញ បើសិនជាគេយល់ឃើញថាជាការប្រកាន់ភេទជ្រុលនោះ។ អ្នកស្រី Daniella Gibbs Leger ជាអ្នកយុទ្ធសាស្ត្ររបស់មជ្ឈមណ្ឌលសម្រាប់ការជឿនលឿនអាមេរិកាំង។ អ្នកស្រីបាននិយាយថា៖
«ខ្ញុំយល់ថាពួកសាធារណរដ្ឋគួរតែប្រុងប្រយ័ត្នខ្លាំងណាស់ ពីព្រោះពួកគេនឹងធ្វើឱ្យពួកស្ត្រីស្បែកសក្នុងតំបន់ជាយក្រុងមានការមិនពេញចិត្តពីព្រោះពួកគេត្រូវការការគាំទ្រពីក្រុមស្ត្រីទាំងនេះដើម្បីឱ្យឈ្នះឆ្នោត»។
ការជ្រើសរើសលោកស្រី Harris ដែលជាអ្នកមិននិយមជ្រុលខាងនយោបាយនៅក្នុងគណបក្សមួយដែលមាននិន្នាការងាកទៅខាងឆ្វេងអាចពង្រឹងការគាំទ្រលោក Biden ក្នុងចំណោមពួកអ្នកបោះឆ្នោតឯករាជ្យ ដែលលម្អៀងទៅខាងធុរកិច្ច។ ក៏ប៉ុន្តែលោកស្រីប្រហែលធ្វើឱ្យមានការខកចិត្តក្នុងចំណោមពួកអ្នកជឿនលឿនខ្លាំងបំផុតនៅក្នុងគណបក្សដែលទាមទារឱ្យមានអន្តរាគមន៍ខ្លាំងពីរដ្ឋាភិបាលក្នុងវិស័យសេដ្ឋកិច្ច។
គេយល់ឃើញថាលោកស្រី Harris ជាជម្រើសមួយមានសុវត្ថិភាពសម្រាប់ការឃោសនាបោះឆ្នោតមួយដែលនាំមុខរួចស្រេចហើយនៅក្នុងការស្ទង់មតិសាធារណៈដោយប្រឆាំងនឹងប្រធានាធិបតីម្នាក់ដែលភាពជាមេដឹកនាំបានត្រូវដាក់ធ្វើជាតេស្ត ដោយការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ចមួយ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ