ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​អូស្ត្រាលី​និង​ចិន​ជួប​ពិភាក្សា​គ្នា​នៅ​ក្រៅ​កិច្ច​ប្រជុំ​នៃ​ក្រុម​ប្រទេស G-20


នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Anthony Albanese (ឆ្វេង) បាន​ជួប​ពិភាក្សា​ជាមួយ​នឹង​ប្រធានាធិបតី​ចិន​លោក Xi Jinping នៅ​ក្រៅ​កិច្ច​ប្រជុំ​កំពូល​របស់​ក្រុម​ប្រទេស G-20 នៅ​កោះ Bali ប្រទេស​ឥណ្ឌូណេស៊ី​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០២២។

នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Anthony Albanese បាន​ជួប​ពិភាក្សា​ជាមួយ​នឹង​ប្រធានាធិបតី​ចិន​លោក Xi Jinping នៅ​ក្រៅ​កិច្ច​ប្រជុំ​កំពូល​របស់​ក្រុម​ប្រទេស G-20 នៅ​កោះ Bali ប្រទេស​ឥណ្ឌូណេស៊ី​កាលពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ។

នេះ​គឺ​ជា​លើក​ដំបូង​បង្អស់​ដែល​មេដឹកនាំ​អូស្ត្រាលី​បាន​ជួប​ពិភាក្សា​ផ្លូវការ​ជាមួយ​នឹង​ប្រធានាធិបតី​ចិន​តាំងពី​ឆ្នាំ ២០១៦ មក។

អ្នក​ជំនាញ​នានា​បាន​និយាយ​ថា ចាប់​តាំងពី​ឆ្នាំ ២០១៦ មក ទំនាក់ទំនង​រវាង​ប្រទេស​អូស្ត្រាលី​និង​ចិន​បាន «ជាប់​គាំង​យ៉ាង​ខ្លាំង» ដោយសារតែ​ជម្លោះ​ជា​ច្រើន​ផ្នែក​នយោបាយ​និង​ពាណិជ្ជកម្ម។

គេ​ឃើញ​មាន​ការ​ចោទ​ប្រកាន់​ថា ចិន​បាន​ជ្រៀតជ្រែក​នៅ​ក្នុង​នយោបាយ​ផ្ទៃក្នុង​របស់​ប្រទេស​អូស្ត្រាលី​និង​បាន​ប្រព្រឹត្តិ​អំពើ​ចារកម្ម​តាម​អ៊ីនធឺណិត។ រដ្ឋាភិបាល​ចិន​បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​ទាំង​នេះ និង​ក្រោយ​មក​បាន​ចោទ​រដ្ឋាភិបាល​អូស្ត្រាលី​វិញ​ថា «ជ្រួលច្រាល់​ប្រឆាំង​នឹង​ចិន»។

ទំនាក់ទំនង​ទ្វេភាគី​នេះ​នឹង​កាន់តែ​យ៉ាប់យ៉ឺន​បន្ថែម​ទៀត​ទាក់ទិន​នឹង​ក្ដី​បារម្ភ​របស់​អូស្ត្រាលី​លើ​ប្រវត្តិ​សិទ្ធិ​មនុស្ស​របស់​ប្រទេស​ចិន​នៅ​ក្នុង​តំបន់ Xinjiang លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ទីក្រុង​ហុងកុង និង​មហិច្ឆតា​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​និង​តំបន់​ប៉ាស៊ីហ្វិក។

កន្លង​មក ការ​អំពាវនាវ​របស់​ប្រទេស​អូស្ត្រាលី​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​អន្តរជាតិ​លើ​ប្រភព​ជំងឺ​កូវីដ១៩ បាន​ធ្វើ​ឱ្យ​ចិន​អាក់អន់​ចិត្ត ដោយ​ចិន​បាន​ចាត់ទុក​ការ​អំពាវនាវ​នេះ​ថា​ជា​ការ​រិះគន់​លើ​វិធានការ​របស់​ខ្លួន​នៅ​ក្នុង​ការ​គ្រប់គ្រង​ជំងឺ​នេះ។

លោក Albanese បាន​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​កាសែត បន្ទាប់ពី​លោក​បាន​ជួប​ពិភាក្សា​ជាមួយ​នឹង​លោក Xi រួច​មក​ថា ជំនួប​នេះ​មាន​លក្ខណៈ​វិជ្ជមាន។

លោក Albanese និយាយ​ដូច្នេះ​ថា៖ «ការ​ពិភាក្សា​នេះ​មាន​លក្ខណៈ​វិជ្ជមាន​និង​ប្រកប​ដោយ​ផ្លែផ្កា​ខ្លាំង។ ខ្ញុំ​សប្បាយ​ចិត្ត​ដែល​ការ​ពិភាក្សា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង។ យើង​ដឹង​ថា​ប្រទេស​ចិន​គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​ប្រទេស​អូស្ត្រាលី។ ទំហំ​ពាណិជ្ជកម្ម​របស់​អូស្ត្រាលី​ជាមួយ​ចិន​គឺ​ធំ​ជាង​ទំហំ​ពាណិជ្ជកម្ម​រវាង​អូស្ត្រាលី​ជាមួយ​នឹង​ជប៉ុន សហរដ្ឋ​អាមេរិក និង​កូរ៉េ​ខាង​ត្បូង​បញ្ចូល​គ្នា​ទៅ​ទៀត។ ដូច្នេះ វា​ជា​ទំនាក់ទំនង​ដ៏​សំខាន់​មួយ​សម្រាប់​ប្រទេស​អូស្ត្រាលី»។

អ្នក​ជំនាញ​នានា​បាន​និយាយ​ថា ការ​ពិភាក្សា​របស់​លោក Albanese ជាមួយ​នឹង​លោក Xi នៅ​ក្រៅ​កិច្ច​ប្រជុំ​របស់​ក្រុម​ប្រទេស G-20 នេះ ទំនងជា​មិន​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​មាន​ភាព​ប្រសើរ​ឡើង​ភ្លាមៗ​នោះ​ទេ ប៉ុន្តែ​នេះ​គឺ​ជា​ការ​ចាប់ផ្ដើម​ដ៏​វិជ្ជមាន​មួយ។

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អូស្ត្រាលី​លោក Jim Chalmers បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន ABC របស់​អូស្ត្រាលី​កាលពី​ថ្ងៃ​អង្គារ​ថា រដ្ឋាភិបាល​អូស្ត្រាលី​ចង់​បាន​នូវ​ទំនាក់ទំនង​មួយ​ដែល​មាន​លក្ខណៈ​បើក​ចំហ​និង​រឹងមាំ​ជាមួយ​នឹង​ចិន។

លោក Chalmers ថ្លែង​ដូច្នេះ​ថា៖ «យើង​មិន​មែន​ធ្វើ​ពុត​ជា​មិន​ដឹង​ថា​យើង​មាន​ការ​ខ្វែង​គំនិត​គ្នា​នោះ​ទេ។ មាន​ការ​ខ្វែង​គំនិត​គ្នា​យ៉ាង​ខ្លាំង​រវាង​ប្រទេស​យើង​ទាំង​ពីរ ហើយ​យើង​នឹង​និយាយ​ឡើង​ដើម្បី​ផល​ប្រយោជន៍​ជាតិ​របស់​យើង​នូវ​ចំណុច​ណា​ដែល​ជា​ការ​ចាំបាច់។ ប៉ុន្តែ យើង​ជឿ​ថា​ការ​ប្រឡូក​ជាមួយ​គ្នា​គឺ​ជា​រឿង​សំខាន់»។

ប្រទេស​ចិន​គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​មាន​តម្លៃ​បំផុត​របស់​ប្រទេស​អូស្ត្រាលី។ ទណ្ឌកម្ម​របស់​ប្រទេស​ចិន​បាន​ធ្វើ​ឱ្យ​ប្រទេស​អូស្ត្រាលី​បាត់បង់​ទឹក​ប្រាក់​អស់​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​សម្រាប់​ការ​នាំចេញ​ស្រូវ​សាឡី ស្រា និង​ទំនិញ​កសិកម្ម​ចម្បងៗ​ផ្សេង​ទៀត។

អ្នក​វិភាគ​នានា​បាន​និយាយ​ថា ទំនាក់ទំនង​ការទូត​ទ្វេភាគី​ទំនងជា​នៅ​មាន​ភាព​តានតឹង​ដដែល ដោយសារតែ​សម្ព័ន្ធភាព​ផ្នែក​យោធា​ដ៏​ជិតស្និទ្ធ​របស់​អូស្ត្រាលី​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។ ប៉ុន្តែ ពួកគេ​បាន​បញ្ជាក់​ថា ទំនាក់ទំនង​ដែល​មាន​ភាព​ស្និទ្ធស្នាល​និង​ស្ថិរភាព​ដែល​មាន​ការ​ទាក់ទង​គ្នា​ច្រើន​ជាង​មុន​នឹង​ផ្ដល់​ផល​ប្រយោជន៍​ដល់​ភាគី​ទាំង​ពីរ៕

ប្រែ​សម្រួល​ដោយ​លោក ជឹង ប៉ូជីន

XS
SM
MD
LG