ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ផ្ទុះ​ឡើង​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ នៅ​ក្នុងសេតវិមាន​ ធ្វើ​ឲ្យ​មាន​ការ​ចាប់អារម្មណ៍​លើ​បេក្ខជន​អនុ​ប្រធានាធិបតី


បរិវេណ​សាកលវិទ្យាល័យ Utah សម្រាប់​រៀបចំ​ការ​ជជែក​ដេញដោល​គ្នា​រវាង​បេក្ខជន​អនុប្រធានាធិបតី​លោក Mike Pence និង​អ្នកស្រី Kamala Harris នៅ​យប់​ថ្ងៃ​ពុធ​នេះ។
បរិវេណ​សាកលវិទ្យាល័យ Utah សម្រាប់​រៀបចំ​ការ​ជជែក​ដេញដោល​គ្នា​រវាង​បេក្ខជន​អនុប្រធានាធិបតី​លោក Mike Pence និង​អ្នកស្រី Kamala Harris នៅ​យប់​ថ្ងៃ​ពុធ​នេះ។

ការជជែក​ដេញ​ដោល​នៅ​យប់​ថ្ងៃ​ពុធនេះ​រវាង​លោក​អនុ​ប្រធានាធិបតី​ Mike Pence និង​អ្នកស្រីសមាជិក​ព្រឹទ្ធសភា Kamala Harris គឺ​ជា​ព្រឹត្តិការណ៍​នយោបាយ​ដ៏​សំខាន់​មួយ​ទៀត​ដែល​បាន​រង​ផល​ប៉ះពាល់ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។

នៅក្នុង​ការវិវត្តិ​ទូទៅ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ការជជែកចេញ​ដោល​របស់​បេក្ខជនអនុប្រធានាធិបតីគឺ​ជា​ព្រឹតិ្តការណ៍​សំខាន់​ទីពីរ ​បន្ទាប់​ពី​ការ​ជជែក​ដេញ​ដោល​របស់​បេក្ខជន​ប្រធានា ធិបតី​ ហើយ​ជា​ទូទៅ​ការជជែកចេញ​ដោល​របស់​បេក្ខជនអនុ​ប្រធានាធិបតី​ បង្កើត​ជាព្រឹត្តិការ​ដ៏គួរ​ឲ្យ​ចងចាំ​បំផុត​សម្រាប់​អ្នក​បោះ​ឆ្នោត។​

លោក Pence អាយុ​៦១ឆ្នាំ ដែល​ជា​អតីត​សមាជិក​សភា​ និង​អភិបាលរដ្ឋ​ Indiana នឹង​ឡើង​វេទិកា​ជជែក​ដេញ​ដោល​របស់​បេក្ខជន​អនុ​ប្រធានាធិបតី​នៅ​ក្នុង​ទីក្រុង Salt Lake City រដ្ឋ Utah ស្ថិត​ក្នុង​តួនាទី​ដ៏​សំខាន់​មិន​ធ្លាប់​មាន​មួយ ខណ:​ពេល​ដែល​លោក​ Trump កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូវីដ១៩​ ដ៏គ្រោះថ្នាក់​នៅ​សេតវិមាន។

ចំណែក​អ្នកស្រី Harris អាយុ ៥៥ ឆ្នាំ​ ដែល​ជា​អតីត​រដ្ឋអាជ្ញា​ប្រចាំ​រដ្ឋ​កាលីហ្វ័រញ៉ា​ ដែល​កំពុង​ខ្នះ​ខ្នែង​ដើម្បី​ក្លាយ​ខ្លួន​ជា​ស្ត្រី​ទីមួយ និងជាស្ត្រី​ស្បែកខ្មៅ​ទី​មួយ​ ​ដែល​កាន់តំណែង​អនុ​ប្រធានាធីបតី​ កំពុងធ្វើ​ឲ្យ​មានការ​ចាប់​អារម្មណ៍​ ដោយ​សារ​ដៃគូនយោបាយ​របស់​អ្នក​ស្រី គឺលោក Biden មាន​អាយុ​ច្រើន​ពេក ។

លោក​ Todd Belt ប្រធាន​កម្មវិធី​គ្រប់គ្រង​នយោបាយ​ក្រោយថ្នាក់​ឧមត្ត​សិក្សា​នៃ​សាកល​វិទ្យាល័យ George Washington បាន​និយាយ​ថា៖ «ឆ្នាំ​នេះ​គឺខុស​ប្លែក​ដោយ​សារ​តែ​ជំងឺ​កូវីដ១៩​ ហើយ​ដោយ​សារតែ​យើង​អាច​នឹង​គ្មាន​ការជជែក​ដេញ​ដោល​រវាង​បេក្ខជន​ប្រធានាធិបតី​ទៀតទេ​ ព្រមទាំង​ដោយ​សារ​យើង​មាន​បេក្ខជនប្រធានាធិបតី​ពីរ​រូប​ដែល​មាន​អាយុ​៧០ឆ្នាំ​ប្លាយ»។

លោក​បន្ថែម​ថា៖ «យើង​ដឹង​ថា ប្រធានាធិបតី​ម្នាក់​ក្នុង​ចំណោម​ប្រធានាធិបតី​បួន​នាក់​មិន​បាន​បញ្ចប់​អាណត្តិ​របស់​ពួក​គេ​ទេ ពេល​កាន់​ដំណែង។ ការណ៍​នេះធ្វើ​ឲ្យ​លោក​អនុប្រធានាធិបតី Pence និង​អ្នកស្រី​ Kamala Harris ក្លាយជា​ចំណាប់​អារម្មណ៍​របស់​មហាជន ស្របពេល​ដែលពួកគេ​អាច​ស្នង​ដំណែង​របស់​បេក្ខជន​ប្រធានាធិបតី»៕

XS
SM
MD
LG