ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​គាំទ្រ​គណបក្ស​ទាំង​ពីរ​បញ្ចេញ​ប្រតិកម្ម​ផ្ទុយ​គ្នា​អំពី​ការ​ជជែក​ដេញដោល​រវាង​លោក Trump និង​លោក Biden


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ខាង​គណបក្ស​សាធារណរដ្ឋ និង​លោក Joe Biden ដែល​ជា​គូ​ប្រជែង​របស់​លោក​ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​ប៉ះ​ទង្គិច​ពាក្យ​សម្ដី​គ្នា​ នៅ​ក្នុង​ការជជែក​ដេញដោល​ដ៏​តានតឹង​ ​កាល​ពី​យប់​ថ្ងៃ​អង្គារ នៅ​ក្នុង​ទីក្រុង Cleveland រដ្ឋ Ohio។

អ្នក​គាំទ្រ​គណបក្ស​សាធារណរដ្ឋ និង​អ្នក​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​ មាន​ប្រតិកម្ម​ផ្ទុយ​គ្នា​ចំពោះ​ការ​ជជែក​ដេញដោល​ កាល​ពី​យប់​ថ្ងៃ​អង្គារ ​រវាង​លោក​ប្រធានាធិបតី Donald Trump និង​លោក Joe Biden ដែល​ជា​គូ​ប្រជែង​របស់​លោក​ខាង​គណបក្ស​ប្រជាធិបតេយ្យ។

អ្នកស្រី Ronna McDaniel ប្រធាន​គណៈកម្មាធិការ​ជាតិ​គណបក្ស​សាធារណរដ្ឋ បាន​សរសេរ​នៅ​លើ Twitter ក្រោយ​ពេល​ការ​ជជែក​ដេញដោល​បាន​បញ្ចប់​ថា៖

«សម្រាប់​រយ:ពេល ៩០ នាទី លោក Donald Trump បាន​លើកឡើង​ប្រកប​ដោយ​ទំនុកចិត្ត មាន​ភាព​ជា​អ្នក​ដឹកនាំ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍ សម្រាប់​ការ​ឈរ​ឈ្មោះ​នៅ​អាណត្តិ​ទី​ពីរ​របស់​លោក និង​បាន​រិះគន់​លោក Biden ថា​បាន​គាំទ្រ​គោល​នយោបាយ​ជ្រុល​និយម ដែល​នឹង​ដំឡើង​ពន្ធ បំផ្លាញ​ការងារ និង​ធ្វើ​ឲ្យ​សហគមន៍​គ្មាន​សុវត្ថិភាព​ជាង​មុន»។

លោក Tim Murtaugh ប្រធាន​ផ្នែក​ទំនាក់ទំនង​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក Trump បាន​បញ្ជាក់​ថា៖ «អ្វី​ដែល​អ្នក​ទស្សនា​បាន​ឃើញ​ គឺ​លោក​ប្រធានាធិបតី Trump ដែល​នាំ​មុខ​គ្រប់​ទិដ្ឋភាព​ទាំង​អស់​នៃ​ការ​ជជែក​ដេញដោល និង​លោក Joe Biden ដ៏​ខ្សោយ​ម្នាក់»។

ចំណែក​ឯ​អ្នក​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​វិញ បាន​សរសើរ​លោក Biden និង​បាន​និយាយ​ថា​លោក Trump បាន​ផ្ដល់​ហេតុផល​គ្រប់គ្រាន់​ថា លោក Trump ខ្លួន​ឯង​មិន​សក្តិសម​នឹង​ជាប់​ឆ្នោត​នៅ​អាណត្តិ​ទី​ពីរ។

លោក Cory Booker សមាជិក​ព្រឹទ្ធសភា​តំណាង​រដ្ឋ New Jersey ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​សរសេរ​នៅ​លើ Twitter ថា៖

«លោក Donald Trump បាន​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​បរាជ័យដោយ​ការ​ដឹកនាំ​ពោរពេញ​ដោយ​ការ​ភូត​កុហក ភាព​អួត​ក្អេងក្អាង និង​ខ្ជីខ្ជារ។ លោក Booker បាន​បរិហារ​ជា​ពិសេស​លើ​លោក Trump ដែល​បាន​បដិសេធ​មិន​ថ្កោលទោស​ក្រុម​ពលរដ្ឋ​ស្បែក​ស​ដែល​គិត​ថា​ខ្លួន​ឯង​អស្ចារ្យ​ជាង​គេ តែ​បែរ​ជា​ប្រាប់​ឲ្យ​ក្រុម​នោះ «ត្រៀម​ខ្លួន» វិញ។

អ្នក​ទស្សនា​ការ​ជជែក​ដេញដោល​ជា​ច្រើន​នាក់ រួម​មាន​អ្នកស្រី Karen Attiah ការី​និពន្ធ​បទ​អត្ថាធិប្បាយ​សកល​របស់​កាសែត The Washington Post បាន​រិះគន់​ខ្លាំងខ្លា​លើ​ការ​ឈ្លោះ​ប្រកែក​កាត់​សម្តី​គ្នា​រវាង​បេក្ខជន​ទាំងពីរ។ អ្នកស្រីបាន​ហៅ​ព្រឹត្តិការណ៍​នេះ​ថា​ជា «ការ​អាម៉ាស់​មួយ​សម្រាប់​ប្រទេស​ជាតិ»។

សម្រាប់​អ្នក​ខ្លះ​ទៀត ដូចជា​លោក Michael Beschloss ប្រវត្តិ​វិទូ​ផ្នែក​ប្រធានាធិបតី បាន​ដាក់​កំហុស​ខ្លាំងក្លា​លើ​លោក​ប្រធានាធិបតី Trump។ លោក​បាន​សរសេរ​ដូច្នេះ​ថា៖

«លទ្ធិ​ប្រជាធិបតេយ្យ​ត្រូវ​បាន​លោក​ប្រធានាធិបតី Trump ធ្វើ​ឲ្យ​ដូច​សំរាម​អញ្ចឹង​ កាល​ពី​យប់​មិញ។ លោក Trump បាន​បំពាន​លើ​វិន័យ [នៃ​ការ​ជជែក​ដេញដោល]។ លោក Trump បាន​បដិសេធ​មិន​ថ្កោលទោស​ក្រុម​ជន​ស្បែក​ស​ ដែល​គិត​ថា​ខ្លួន​ឯង​អស្ចារ្យ​ជាង​គេ និង​មិន​អាច​អត់ធ្មត់​បាន​ជាមួយ​នឹង​ការ​ប្រឆាំង​គ្រប់​ទម្រង់​ទាំង​អស់ ដែល​នេះ​ជា​សញ្ញាបង្ហាញ​ឲ្យ​ឃើញ​ថា អាណត្តិ​ទី​ពីរ​របស់​លោក ​នឹង​ទៅ​ជា​ដូច​ម្ដេច​នោះ»។

ចំណែក​ឯ​អតីត​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​លោក Jeff Flake វិញ បាន​បង្ហាញ​ការ​ខក​ចិត្ត​ចំពោះ​ទិដ្ឋភាព​ទាំងស្រុង [នៃ​ការ​ជជែក​ដេញដោល​នេះ]។ លោក​បាន​សរសេរ​នៅ​លើ Twitter ថា៖ «សហរដ្ឋ​អាមេរិក​ជា​ប្រទេស​ប្រសើរ​ជាង ​អ្វី​ដែល​បាន​បង្ហាញ​កាល​ពី​យប់​មិញ»។

លោក Larry Sabato អ្នក​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកល​វិទ្យាល័យ University of Virginia បាន​បង្ហោះ​សារ​លើ Twitter ថា៖ «លុប​ចោល​ការ​ជជែក​ដេញដោល​ពីរ​លើក​ទៀត​ទៅ»។

ប៉ុន្តែ លោក Murtaugh ប្រធាន​ផ្នែក​ទំនាក់ទំនង​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក Trump បាន​ការពារ​ការ​ជជែក​ដេញដោល​នេះ​ថា​ មាន​លក្ខណៈ​រស់រវើក។

លោក​បញ្ជាក់​ដូច្នេះ​ថា៖ «ខ្ញុំ​គិត​ថា ការ​សន្ទនា​ដោយ​សេរី ដូច​ដែល​លោក​ប្រធានាធិបតី​បាន​ធ្វើ​គឺ​ពិតជា​ល្អ។ ការ​សន្ទនា​ដូច​នេះ​អនុញ្ញាត​ឲ្យ​មាន​ការ​ផ្ដោះប្តូរ​គំនិត​ប្រសើរ​ជាង​មុន​ច្រើន និង​សម្រាប់​អ្នក​ទស្សនា​ឲ្យ​ឃើញ​នូវ​ភាព​ខុស​គ្នា​ពិត​ប្រាកដ​រវាង​បេក្ខជន​ទាំង​ពីរ»៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG