ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈកម្មការ​រៀបចំ​ការ​ជជែក​ដេញដោល​រវាង​លោក Trump និង​លោក Biden នឹង​បន្ដឹង​របៀប​នៃ​ការ​ជជែក​ដេញដោល


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ខាង​គណបក្ស​សាធារណរដ្ឋ និង​លោក Joe Biden ដែល​ជា​គូ​ប្រជែង​របស់​លោក​ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​ប៉ះ​ទង្គិច​ពាក្យ​សម្ដី​គ្នា​នៅ​ក្នុង​ការជជែក​ដេញដោល​ដ៏​តានតឹង​និង​វីវក់​ កាល​ពី​យប់​ថ្ងៃ​អង្គារ នៅ​ក្នុង​ទីក្រុង Cleveland រដ្ឋ Ohio។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ខាង​គណបក្ស​សាធារណរដ្ឋ និង​លោក Joe Biden ដែល​ជា​គូ​ប្រជែង​របស់​លោក​ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​ប៉ះ​ទង្គិច​ពាក្យ​សម្ដី​គ្នា​នៅ​ក្នុង​ការជជែក​ដេញដោល​ដ៏​តានតឹង​និង​វីវក់​ កាល​ពី​យប់​ថ្ងៃ​អង្គារ នៅ​ក្នុង​ទីក្រុង Cleveland រដ្ឋ Ohio។

គណៈកម្មការ​នៃ​ការ​ជជែក​ដេញដោល​របស់​បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក (Commission on Presidential Debates) បាន​បញ្ជាក់​ថា ខ្លួន​មាន​បំណង​រឹត​បន្តឹង​របៀប​នៃ​ការ​ជជែក​ដេញដោល មុន​ពេល​លោក​ប្រធានាធិបតី Donald Trump និង​លោក Joe Biden ដែល​ជា​គូ​ប្រជែង​របស់​លោក​ខាង​គណបក្ស​ប្រជាធិបតេយ្យ ប្រឈម​មុខ​គ្នា​ជា​លើក​ទី​ពីរ បន្ទាប់ពី​ការ​តតាំង​លើក​ដំបូង​របស់​លោក​ទាំង​ពីរ​ កាលពី​ថ្ងៃ​អង្គារ​ត្រូវ​បាន​ចាត់ទុក​ថា ​ជា​ការ​ជជែក​ដេញដោល​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នយោបាយ​សហរដ្ឋ​អាមេរិក។

បេក្ខជន​ទាំង​ពីរ ជារឿយៗ​ បាន​បង្អាក់​គ្នា​ទៅ​វិញ​ទៅ​មក ឬ​និយាយ​ក្នុង​ពេល​តែ​មួយ ដោយ​អ្នក​កាសែត​ទូរទស្សន៍ Fox News លោក Chris Wallace ដែល​ជា​អ្នក​សម្រប​សម្រួល​ការ​ជជែក​ដេញដោល​នេះ បាន​បន្ទោស​លោក Trump ថា ​មិន​ធ្វើ​តាម​វិន័យ​ដែល​អនុញ្ញាត​ឲ្យ​បេក្ខជន​នីមួយៗ​ឆ្លើយ​សំណួរ​ដោយ​គ្មាន​ការ​បង្អាក់។

គណៈកម្មការ​ឯករាជ្យ​ដែល​រៀបចំ​ការ​ជជែក​ដេញដោល​នេះ បាន​លើក​ឡើង​ថា របៀប​នៃ​ការ​ជជែក​ដេញដោល​ត្រូវការ​រចនា​សម្ព័ន្ធ​បន្ថែម «ដើម្បី​ធានា​ថា ការ​ពិភាក្សា​មាន​របៀប​រៀបរយ​ប្រសើរ​ជាង​មុន» បន្ទាប់ពី​ការ​ជជែក​ដេញដោល​កាលពី​ថ្ងៃ​អង្គារ​ នៅឯ​សាកល​វិទ្យាល័យ​ Case Western Reserve ​ក្នុង​ទីក្រុង Cleveland រដ្ឋ Ohio មាន​លក្ខណៈ​ច្របូកច្របល់​មក។

គណៈកម្មការ​នេះ​បាន​បន្ថែម​ថា ខ្លួន​នឹង​ដាក់​ការ​រឹតត្បិត​ថ្មី​នៅ​ពេល​ឆាប់ៗ​នេះ មុន​ពេល​ការ​ជជែក​ដេញដោល​លើក​ទី ២ និង​ទី ៣ រវាង​លោក Trump និង​លោក Biden ចូល​មក​ដល់​នៅ​ថ្ងៃ​ទី ១៥ និង​ទី ២២ ខែ​តុលា​នេះ។

អ្នក​ដែល​រិះគន់​លើ​ការ​ជជែក​ដេញដោល​លើក​ទី​មួយ​រវាង​បេក្ខជន​ទាំង​ពីរ បាន​ស្នើ​ថា នៅ​ពេល​ដែល​បេក្ខជន​ណា​ម្នាក់​កំពុង​និយាយ ឧគ្ឃោសនសព្ទ​របស់​បេក្ខជន​ម្នាក់​ទៀត​គួរ​ត្រូវ​បិទ។

លោក Trump ក្នុង​អំឡុង​ពេល​នៃ​ការ​ឃោសនា​ កាលពី​ល្ងាច​ថ្ងៃ​ពុធ ​នៅ​អាកាសយាន​ដ្ឋានមួយ​ក្នុង​ទីក្រុង Duluth រដ្ឋ Minnesota បាន​ប្រកាស​ខ្លួន​លោក​ថា ​ជា​អ្នក​ឈ្នះ​នៃ​ការ​ជជែក​ដេញ​ដោល​លើក​ទី​មួយ ហើយ​បាន​រិះគន់​អ្នក​សម្របសម្រួល​ការ​ជជែក​ដេញដោល ដោយ​និយាយ​ថា «ខ្ញុំ​បាន​ជជែក​ដេញដោល​ជាមួយ​មនុស្ស ២ នាក់​កាលពី​យប់មិញ» ដែល​នោះ​គឺ​លោក Biden និង​លោក Wallace។

លោក Biden ដែលជា​បេក្ខជន​ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ក្នុង​រដ្ឋ​Ohio កាលពី​ថ្ងៃពុធ​ម្សិលមិញ​ថា៖ «លោក​ទន្ទឹង​រង់ចាំ» ជជែក​ដេញដោល​ជាមួយ​លោក Trump ម្តង​ទៀត។ លោក Biden បាន​បញ្ជាក់​ថា ការ​សម្ដែង​ឡើង​របស់​លោក Trump នៅ​ក្នុង​ការ​ជជែក​ដេញដោល​កាល​ពី​យប់​ថ្ងៃ​អង្គារ​ គឺ​ជា «ការ​អាម៉ាស់​របស់​ជាតិ»៕

XS
SM
MD
LG