ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អំពើ​ពុក​រលួយ​ជាអាទិភាព​ដែល​ពលរដ្ឋចង់ឲ្យ​រដ្ឋាភិបាល​កម្ចាត់​នៅ​អាណត្តិក្រោយ


កងដៃ​ប្រឆាំងអំពើ​ពុករលួយ​ ដែល​និស្សិត​ពាក់​ក្នុង​កម្មវិធី​រៀបចំ​ដោយ​អង្គការ​តម្លាភាព​កម្ពុជា។​
កងដៃ​ប្រឆាំងអំពើ​ពុករលួយ​ ដែល​និស្សិត​ពាក់​ក្នុង​កម្មវិធី​រៀបចំ​ដោយ​អង្គការ​តម្លាភាព​កម្ពុជា។​
មន្ត្រី​អង្គការ​សង្គមស៊ីវិល​ និង​សមាជិក​សភា​ជាប់​ឆ្នោត​ថ្មីមួយ​ចំនួន​ចង់​ឃើញ​ការ​ទប់​ស្កាត់​អំពើ​ពុក​រលួយ​មាន​ ប្រសិទ្ធិភាពនៅ​អាណត្តិ​ថ្មី​ដោយ​ចាប់​ផ្តើម​ពីការ​ធ្វើ​វិសោធន​កម្ម​ច្បាប់ ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ដែល​ពួកគេ​គិត​ថា ​គួរតែ​ត្រូវ​កែ​សម្រួលជា​ពិសេស​លើ​បញ្ហា​ប្រកាស​ទ្រព្យ​សម្បត្តិ​ បញ្ហា​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ និង​បញ្ហា​ការពារ​អ្នក​រាយ​ការណ៍។​ ​

ពីរដ្ឋធានី ​វ៉ាស៊ីនតោន​ លោក​សុខ ខេមរា​នៃ​វីអូអេបាន​ត្រួត​ពិនិត្យ​មើល​អំពី​បញ្ហា​ចម្រូងចម្រាស​ផ្នែក​ នីតិកម្ម​នេះ​ ហើយ​បាន​រាយ​ការណ៍​ថា​ ក្រុម​អ្នក​តាក់តែង​ច្បាប់​មកពី​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​បង្ហាញ​ពីឆន្ទៈ ចង់​កែ​ប្រែច្បាប់​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ។​

​ទោះជា​មន្ត្រី​សង្គម​ស៊ីវិល​អះអាង​ថា​ ច្បាប់​ប្រឆាំង​នឹង​អំពើ​ពុករលួយ​មិនអាច​ធានា​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ អំពើ​ពុករលួយ​ឲ្យមាន​ប្រសិទ្ធិភាព​មែន​ តែ​សមាជិក​សភា​ដែល​ជាប់ឆ្នោត​ថ្មី​មកពី​គណបក្ស​កាន់​អំណាច​ និង​គណបក្ស​ជំទាស់​បាន​និយាយ​ថា ​ពួកគេ​នឹង​ពិនិត្យ​មើល​ឡើងវិញ​ទៅ​លើ​បញ្ហា​កែប្រែ​ចំណុច​ខ្លះ​ដែល​រារាំង​ ការ​អនុវត្ត​ច្បាប់​មិន​បាន​ល្អ​នោះ។​

ក្រុម​មន្ត្រី​ប្រឆាំង​នឹង​អំពើ​ពុករលួយ​និង​អ្នក​ តាក់តែង​ច្បាប់​ខ្លះ​បានថ្លែង​ស្រដៀង​គ្នា​ថា ​បញ្ហា​សំខាន់ៗ​យ៉ាងតិច​បី​ដែលគេ​មើល​ឃើញ​ថា ​ ធ្វើឲ្យ​សាធារណជន​រារែកក្នុងការរាយ ​ការណ៍​ពី​អំពើ​ពុក​រលួយ។​ ទី១ ​ដោយ​ខ្លាច​មាន​ការ​សងសឹក​និង​ចាប់​ដាក់ទោស​ពីបទ​បរិហារ​កេរ្តិ៍ ​និង​ផ្សាយ​ព័ត៌មាន​មិនពិត។​ ទី២​គឺពលរដ្ឋ​គ្មាន​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ដើម្បី​ផ្ទៀងផ្ទាត់​ ប្រសិន​បើមាន​ការ​ដេញ​ថ្លៃ ​ឬ​ទិញ​លក់​អ្វីមួយ​នោះ។​ ទី៣​គឺ​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​ដែល​គ្មាន​តម្លា​ភាព​ មិន​ឲ្យ​សារធារណ​ជន​ដឹង ​ហើយ​ក្រុម​គ្រួសារ​មន្ត្រី​ដែល​គួរ​ត្រូវ​ប្រកាស​ទ្រព្យ​សម្បត្តិ​ដែរ​នោះ​ ក៏​មិនត្រូវ​បាន​គិត​គូរ​ក្នុង​ច្បាប់​ដែរ។​

លោក​ព្រាប កុល ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា ​បានថ្លែង​ប្រាប់​វីអូអេ​ថា ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​គ្មាន​ដំណើរ​ការ​ជឿន​លឿន​ទេ ​បើគ្មាន​សេចក្តី​ស្នើ​ច្បាប់​ ឬកែ​សម្រួលច្បាប់​លើ​បញ្ហា​ទាំងបី​នេះ​ទេ។​

«ច្បាប់​ថ្មី​នេះ​ត្រូវមាន​ការ​គិតគូរ​ ហើយ​យើង​ចង់ឃើញ​អ្នក​តំណាង​រាស្ត្រ​ដែល​ជាប់​ឆ្នោត​ហើយ​នឹង​គណបក្ស​នយោបាយ​ ហ្នឹង​ ត្រូវ​គិតគូរ​អំពី​ចំណុច​ទាំង​នេះ​សម្រាប់​លើក​តម្កើងយុទ្ធនាការ​ប្រយុទ្ធ​ ប្រឆាំង​នឹង​អំពើ​ពុករលួយ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធិ​ភាព»។

លោក​ព្រាប កុល​បាន​ពន្យល់​ថា​ ការ​ចាប់ផ្តើម​ប្រកាស​ទ្រព្យ​សម្បត្តិ ​ដែល​មន្ត្រី​រាជ​រដ្ឋាភិបាលនិង​សមាជិក​ព្រឹទ្ធ​សភា​ និង​សមាជិក​សភា​បាន​ប្រកាស​នោះ​ បាន​កើត​ឡើង​ពីរ​ឆ្នាំ​ម្តង​មែន​ តែ​វា​បាន​ធ្វើ​ឲ្យ​មាន​សំណួរជាច្រើន​ថា​ ការ​ប្រកាសទ្រព្យ​សម្បត្តិ​ដាក់​ក្នុង​ស្រោម​សំបុត្រ​បិទជិត​នោះ​ នឹងមិនធ្វើ​ឲ្យ​ពល​រដ្ឋ​អាច​ផ្ទៀងផ្ទាត់​បាន​ទេ។​

«នៅក្នុង​ស្តង់ដារ​អន្តរជាតិ​ដែល​យើង​ចាត់ទុក​ថា​ ជា​ការ​អនុវត្ត​មាន​ប្រសិទ្ធិភាពល្អ​ហ្នឹង​គឺ​ទាមទារ​ឲ្យ​មាន​ការ​ប្រកាស​ ទ្រព្យ​សម្បត្តិ​ហ្នឹង​ឲ្យ​មាន​លក្ខណៈ​ បើក​ចំហ​ឲ្យ​សារធារណ​ជន​ហ្នឹង​បាន​ដឹង​ថា ​សមាជិក​ ឬក៏​មន្ត្រី​ជាន់ខ្ពស់​ ឬក៏​សមាជិក​សភា​ ព្រឹទ្ធ​សភា​ហ្នឹង​គាត់​មាន​ទ្រព្យ​សម្បត្តិ​អី​ខ្លះ​ក្នុង​ពេល​បច្ចុប្បន្ន ​ ហើយ​មិន​ត្រឹម​តែ​គាត់​ទេ​បាទ! ​គឺត្រូវ​មាន​ទាំង​ក្រុម​គ្រួសារ​ ភរិយា ​ឬ​ក៏ស្វាមី​ ឬ​ក៏​កូន​ចៅ​គាត់​នៅ​ក្នុង​ក្រុម​គ្រួសារ​ហ្នឹង​ឲ្យ​បាន​ដឹង»។

លោក​កុល​បាន​បន្ថែម​ថា៖​ «ព្រោះ ​អី​ បើសិន​ជាយើង​ប្រកាស​តែ​បុគ្គល​ជាប់​កាតព្វ​កិច្ច​ហ្នឹង​ ក្នុង​ករណី​ដែល​គាត់​ផ្ទេរ​ទ្រព្យ​ ផ្ទេរសម្បត្តិ ​ផ្ទេរថវិកាអីទៅ​ឲ្យ​កូន​ចៅ​ឬ​ក៏​ក្រុម​គ្រួសារ​គាត់​ អាហ្នឹង​គឺ​រួចផុត​ពី​ច្បាប់​ដែរ។​ ចំណុច​ខ្សោយ​នៃ​ច្បាប់​របស់​យើង​នៅ​បើក​ផ្លូវឲ្យ ​និង​មិន​ទាន់​មាន​លក្ខណៈ​តម្លាភាព​គ្រប់​គ្រាន់។​ អញ្ចឹង​ប្រសិទ្ធិ​ភាព​នៃ​ការ​ប្រកាស​ទ្រព្យ​សម្បតិ្ត​ហ្នឹង​ក៏​មិនសូវ​មាន​ ប្រសិទ្ធិ​ភាព​ដែរ»។​

សមាជិក​សភា​និង​មន្ត្រី​ធ្វើការ​នៅ​ស្ថាប័ន​សភា​ និង​មន្ត្រី​រដ្ឋាភិបាល​បាន​ចាប់​ផ្តើម​ប្រកាស​ទ្រព្យ​សម្បត្តិ​តាម​អង្គភាព ​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​ដឹកនាំ​ដោយ​លោក​ឱម យិនទៀង ​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ កាលពី​ដើម​ឆ្នាំ ​ហើយ​ដែល​គេ​ដឹង​ថា ​គឺ​ជា​ឆ្នាំ​ទីពីរ​សម្រាប់មន្ត្រី​កម្ពុជា។​

លោក​អ៊ូ ច័ន្ទឫទ្ធិ​ (Ou Chanrith)​ អតីត ​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់​និង​ជា​តំណាង​រាស្ត្រ​ជាប់ឆ្នោត​នៅ​មណ្ឌល​ ខេត្ត​កណ្តាល​ បាន​អះអាង​ថា ​លោក​បាន​ប្រកាស​ទ្រព្យសម្បត្តិ​ដែរ។​ លោក​ថ្លែង​ថា​ ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​ទំនងជា​មិន​មាន​ប្រសិទ្ធិ​ភាព​ទេ ​ដោយសារ​គ្មាន​ការ​លាត​ត្រដាង​ឲ្យ​សាធារណ​ជន​បាន​ដឹង​ ហើយ​មួយ​ទៀត​លោក​សង្កេត​ឃើញ​ថា​ ចំណាត់​វិធាន​ការ​របស់​អាជ្ញាធរ​នៅ​មាន​កម្រិត​តិចតួច ​បើប្រៀប​ធៀប​នឹង​ប្រទេស​នានា​ក្នុង​ពិភព​លោក។​

«ឧទាហរណ៍​ ប្រសិន​បើ​មន្ត្រី​ហ្នឹង​ប្រាក់ខែ​១​ពាន់​ ឬ​២ពាន់​ដុល្លារ​ ហើយ​មាន​លុយ​ទៅ​ទិញ​ផ្ទះ​មួយ​២០​ទៅ​៣០​ម៉ឺន​ បង់ផ្តាច់​អញ្ចឹង​ទៅ​ គេត្រូវ​ស៊ើប​អង្កេត ថា​តើ​គាត់​បាន​លុយ​ពីណា?​ អី ​ហ្នឹង​គឺគេ​ស៊ើប​អង្កេត​អំពី​រឿង​ហ្នឹង។​ ចំណែក​នៅ​ប្រទេស​កម្ពុជា​យើង​នេះ ​យើង​ឃើញ​ថា ​មាន​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​មែន​ តែ​យើង​ឃើញ​ថា ​ការ​អនុវត្ត​ ​ឬ​ការ​ស៊ើប​អង្កេត ការ​តាម​ដាន​ជន​ពុក​រលួយ​ហ្នឹង​មាន​ តិច​តួច​បំផុត»។​

លោក​អះអាង​ថា ​លោក​គាំទ្រ​ឲ្យ​មាន​ការ​កែ​ប្រែច្បាប់​ដែរ​នៅ​អាណតិ​ថ្មី​នេះ​ដើម្បី​ធ្វើ​ ឲ្យ​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​កាន់​តែ​មាន​ប្រសិទ្ធិ​ ភាព។​

នៅ​ពេល​វីអូអេ​ព្យាយាម​សុំ​អត្ថាធិប្បាយ​បំភ្លឺ​តាម​ ទូរស័ព្ទ​អំពី​បញ្ហា​ទប់ស្កាត់​អំពើ​ពុក​រលួយ​ ការ​ធ្វើ​វិសោធន​កម្ម​ច្បាប់​នាថ្ងៃ​ខាងមុខ​ ​ទាំង​លោក​កែវ រ៉េម៉ី ​អ្នក​នាំពាក្យ​និង​លោក​ឱម យិនទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​បដិសេធ​មិន​ផ្តល់​អត្ថាធិប្បាយ​ទេ។​

តែលោក​ជៀម យាប​ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ជា​ប្រធាន​គណៈ​កម្មការ​អចិន្ត្រៃ​សភា​និង​ជា​សមាជិក​សភា​ជាប់ឆ្នោត​ ថ្មី​នៅ​មណ្ឌល​ព្រៃវែង​ បាន​អះអាង​ថា៖​ «អត់មាន ​បញ្ហា​អី​ទេ​រឿង​ហ្នឹង​ ពីព្រោះ​ថា ​រដ្ឋ​ធម្មនុញ្ញ​បាន​ចែង​ហើយ​ថា ​អ្នក​ដែល​មាន​សិទ្ធិ​ផ្តួច​ផ្តើម​គំនិត​ធ្វើ​ច្បាប់ ​និង​ធ្វើ​វិសោធន​កម្ម​ច្បាប់​ហ្នឹង​គឺ​មាន​សមាជិក​រដ្ឋ​សភា​ សមាជិក​ព្រឹទ្ធ​សភា ​និង​នាយក​រដ្ឋមន្ត្រី​ តែបី​ហ្នឹង​ទេ។​ យើង​ត្រូវ​និយាយ​គ្នា​ទៀត​ទៅ​ កន្លែង​ណា​ដែល​មាន​ផល​ប្រយោជន៍​ចំពោះ​ជាតិ​ យើង​ត្រូវ​វិសោធន​កម្ម ​យើង​ធ្វើ។​ កន្លែងណា​ដែល​យើង​ត្រូវ​រៀបចំ​ច្បាប់​ យើង​ធ្វើ​ច្បាប់។ ​អត់មាន​បញ្ហា​ទេ។ ​តែត្រូវ​ឲ្យ​រដ្ឋ​សភា​ចេញ​រូបរាង​សិន»។​

ក៏​ប៉ុន្តែ​លោក​ចាត់ទុក​ថា ​ច្បាប់​ប្រឆាំង​នឹង​អំពើ​ពុករលួយ​បច្ចុប្បន្ន​ជា​ច្បាប់​អាច​ប្រើ​ការ​បាន​ ហើយ​ ដោយសារ​ការ​តាក់តែង​ច្បាប់នានា​ រួមទាំង​ច្បាប់​ប្រឆាំង​នឹង​អំពើ​ពុករលួយ​គឺ​មាន​ការ​ចូលរួម​ពីក្រុម​អ្នក​ ជំនាញ​ និង​ការ​ផ្តល់យោបល់​ពី​សង្គម​ស៊ីវិល។​ លោក​ជៀម យាប​បាន​អះអាង​ថា​ ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​មាន​ចែងច្បាស់​ហើយ។ ​លោក​អះអាង​ថា​ ការ​បើក​មើល​ទ្រព្យ​សម្បត្តិ​ដែល​ប្រកាស​ នៅ​ក្នុង​ស្រោម​សំបុត្រ​អាច​ធ្វើ​បាន​ នៅពេល​ណា​ដែល​មាន​ការ​ប្តឹង​ផ្តល់​ នៅពេល​ណា​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ទទួល​ពាក្យ​បណ្តឹង​ទៅលើ​ បុគ្គល​ណា​ លើ​មន្ត្រី​ណា​នោះ​ គេត្រូវ​បើក​មើល​ហើយ។​

«ក្នុង​ការងារ​នេះ​ គេ​ត្រូវការ​ចាំបាច់​ត្រូវតែ​រក្សាការ​សម្ងាត់​ជូន​ទៅ​ដល់​សាម៉ី​ខ្លួន។​ អញ្ចឹង​នៅ​ក្នុង​ហ្នុង​ម្ចាស់​ខ្លួន​មាន​ទទួល​ទុក​មួយ​ឯកសារ​ ហើយ​ផ្តល់​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយមួយ​ឯកសារ។​ អញ្ចឹង​ទៅ​ទាល់តែ​ផ្ទៀង​ដូច​គ្នា។​ អញ្ចឹង​ទៅ​វា​ងាយ​ស្រួល​ទៅ​ដល់​ចៅក្រម​កាត់ក្តី។ ​ពេលណា​ដែល​យក​មក​ពិនិត្យ​មើល​ វា​ខុសគ្នា​យ៉ាង​ម៉េចៗ​ហ្នឹង ​ហើយ​ទៅ​តាម​ពាក្យ​បណ្តឹង​ហ្នឹង នោះ​យើង​អត់​មាន​បញ្ហា​អី​ត្រូវ​តវ៉ា​ប្រឆាំង​អី​ទៀត​ទេ»។​

លោក​អះអាង​ថា​ សមាជិក​សភា​បាន​អះអាង​ថា​ ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​បាន​ធ្វើ​រួច​រាល់​អស់​ហើយ​តាម​តម្រូវការ​របស់​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​គឺ​ការ​ប្រកាស​ទ្រព្យសម្បត្តិ​ពីរ​ឆ្នាំ​ម្តង។​

«ហើយ​យើងបាន​ធ្វើរួចរាល់​អស់​ហើយ​ក្នុងឆ្នាំ​២០១៣​នេះ ​ដែល​បាន​ប្រកាស​តាំង​ពីដើម​ឆ្នាំ​ដែល​ជា​ការ​ណែនាំ​ផ្ទាល់​និង​ជា​ការ​ ផ្តល់​នូវ​ឯកសារ​របស់​អង្គភាព​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ដល់​ទៅ​មន្ត្រី​ រាជ​ការ​ទាំងឡាយ​ដែល​ច្បាប់​បាន​ចែង​ត្រូវ​តែ​ប្រកាស​ពីទ្រព្យ​សម្បត្តិ​ ផ្ទាល់​ខ្លួន​របស់​ខ្លួន»។​

លោក​ថ្លែង​ថា ​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​អត់មាន​ចាប់​ថ្នាក់​ទោស​កំហុស​មុន​ពេល​ ប្រកាស​ឬ​អនុវត្ត​ថយក្រោយ​ទេ ​តែគេ​គិត​ចាប់ពី​ថ្ងៃ​ប្រកាស​ទៅ​មុខ។​

លោក​ព្រាប កុល​បានពន្យល់​បន្ថែម​ថា ​ពលរដ្ឋ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​រាយ​ការណ៍​ទៅ​បែរជា​មាន​ទោស​ដល់​ខ្លួន​ វិញ​ ដោយសារ​គ្មាន​ច្បាប់​ការពារ​ពួក​គេ។​ ហើយ​ចំពោះ​បញ្ហា​ការ​ប្រកាស​ទ្រព្យ​សម្បតិ្ត​ជា​ចំហ​ ​លោក​កុល​ចង់ឲ្យ​ប្រជា​ពលរដ្ឋ​ទូទៅ​ដឹង​ពី​ទ្រព្យ​សម្បតិ្ត​របស់​មន្ត្រី​ ពាក់​ព័ន្ធ​ និង​មន្ត្រី​ជាប់​កាតព្វ​កិច្ច​ ប្រសិន​បើ​គាត់​រក​ចំណូល​ពី​ការ​ប្រព្រឹត្ត​បទ​ល្មើស​ ពុក​រលួយ ​រក​ចំណូល​បាន​ខុស​ពី​ប្រក្រតី​ ​គាត់​អាច​ដឹង​ហើយ​រាយ​ការណ៍​ទៅ​សមត្ថកិច្ច។​ មួយវិញ​ទៀត ​លោក​បាន​បន្ថែម​ថា​ ច្បាប់​ទទួល​បាន​ព័ត៌មាន​គឺ​ជា​រឿង​សំខាន់​ដើម្បី​ស៊ើប​អង្កេត​លើ​ដំណើរ​ការ ​មួយ​ចំនួន​របស់​ស្ថាប័ន​រដ្ឋ។

«យើង​ត្រូវការ​ព័ត៌មាន​អំពី​ក្រុម​ហ៊ុន​ដែល​បាន​ ដេញថ្លៃ​កុងត្រា​ដែល​គ្រប​ដណ្តប់​ការ​សាង​សង់។​ យើង​ធ្វើ​ការ​ត្រួត​ពិនិត្យ​ទៅលើ​លទ្ធកម្ម​ ឬ​ក៏ការ​ដេញ​ថ្លៃ​ហ្នឹង។​ ហើយ​បើយើង​ស្នើ​សុំ​ឯកសារ​ទាំងអស់​ហ្នឹង ​យើង​សុំ​ឥឡូវ​នេះ ​បើគេ​មិនឲ្យ​យើង​ ក៏​យើង​អត់​ដឹង​ធ្វើ​ម៉េច​ដែរ។​ បើសិន​ជាមាន​ច្បាប់​ហ្នឹង​ទៅ​ ត្រូវ​ដាក់ទោស​មន្ត្រី​ដែល​មិន​ផ្តល់​ឯកសារ​ហ្នឹង។ ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ ដូចនៅ​ក្នុង​ប្រទេស​ឥណ្ឌា​អី​ គេ​ធ្វើការ​ហ្នឹង​មាន​ប្រសិទ្ធិភាព។​ នៅ​ហ្វ៊ីលីពីន​ នៅ​ឥណ្ឌា​ហ្នឹង​គឺថា​ បើ​ប្រជា​ពលរដ្ឋ​ចង់​បាន​ព័ត៌មាន​ មន្ត្រី​ហ្នឹង​គឺ​ត្រូវតែ​ផ្តល់​ឲ្យ​គាត់​ ហើយ​មាន​រយៈ​ពេល​កំណត់​ទៀត ​ភ្លាមៗ​ ឬ​ក៏​រយៈពេល​យ៉ាង​យូរ​មួយ​សប្តាហ៍»។​

តែ​លោក​ជាម យៀប​បាន​អះអាង​ថា​ សភា​កម្ពុជា​បាន​ធ្វើ​ច្បាប់ជាង​៤០០​ហើយ​ ហើយ​នឹងពិនិត្យ​មើល​ទៅ​មុខ​ទៀត​ចំពោះ​សេចក្តី​ត្រូវការ​ចាំបាច់​របស់​ ប្រជាជន​ និង​មាតុភូមិ​ដែល​ត្រូវ​រៀបចំ​ឲ្យបាន​សមស្រប។​

សភា​កម្ពុជា​ថ្មី​និង​រដ្ឋាភិបាល​កម្ពុជា​ថ្មី​ដែល​ ស្របច្បាប់​អាច​កើត​ឡើង​នៅ​ថ្ងៃទី​២៣ខែ​កញ្ញា​ ប្រសិន​បើការ​ជាប់​គាំង​នយោបាយ​ត្រូវ​បាន​ដោះស្រាយ​ ហើយ​មាន​ការ​ចូល​រួម​ពី​គណ​បក្ស​ជំទាស់​ដែល​កំពុង​តវ៉ា​ដោយ​ធ្វើ​មហា​ បាតុកម្ម​ មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​៦៨​អាសនៈ​ ហើយដែល​អាច​បង្កើត​រដ្ឋាភិបាល​តែម្នាក់​ឯង​បាន​នោះ៕​

អត្ថបទ​ទាក់ទង

XS
SM
MD
LG