ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្នុង​កិច្ច​ពិភាក្សា​ គណបក្ស​នយោបាយ​វែកញែក​វិធានការ​ប្រឆាំង​អំពើ​ពុករលួយ


ការជជែក​​វែកញែក​អំពី​​វិធានការ​ប្រឆាំង​អំពើ​ពុករលួយ​របស់​គណបក្ស​​នយោបាយ​នានា។
ការជជែក​​វែកញែក​អំពី​​វិធានការ​ប្រឆាំង​អំពើ​ពុករលួយ​របស់​គណបក្ស​​នយោបាយ​នានា។
ភ្នំពេញ៖ នៅ​ក្នុង​កិច្ច​ពិភាក្សា​ថ្នាក់​ជាតិ​ដ៏​កម្រ​មួយ​កាល​ពី​ម្សិលម៉ិញ ​គណបក្ស​នយោបាយ​តូចៗ​ចំនួន​បី​បាន​ជជែក​វែកញែក​គ្នា​អំពី​គោល​នយោបាយរបស់​ខ្លួន​ជុំ​វិញ​បញ្ហា​កំពុង​ប្រឈម​នានា​ក្នុង​សង្គម​កម្ពុជា ​ស្រប​ពេល​ដែល​ការ​បោះឆ្នោត​កាន់​តែ​ខិត​ចូល​មក​ដល់។ ​ក្នុង​កិច្ចពិភាក្សា​នោះ ​វិធាន​ការប្រឆាំង​អំពើ​ពុក​រលួយ​ត្រូវ​បាន​ផ្តោត​ការ​ពិភាក្សាច្រើន​ជាង​គេ។​

គណបក្ស​នយោបាយ​តូចៗ​ដែល​កំពុង​ព្យាយាម​ឃោសនា​ប្រមូល​សំឡេង​ឆ្នោត​បាន​ផ្តោត​ចំៗ​ទៅ​លើ​ការ​ប្រយុទ្ធ​ទៅ​នឹង​អំពើ​ពុករលួយ​ ដែល​កំពុង​រាល​ដាល​ក្នុង​ប្រទេស​កម្ពុជា​ ក្នុងកិច្ចពិភាក្សា​នយោបាយ​ថ្នាក់ជាតិ​មួយ​កាលពី​រសៀល​ថ្ងៃទី​១៧​ខែ​កក្កដា។​

លោកផូ សុធា ​តំណាងគណបក្ស​ហ៊្វុនស៊ីនប៉ិច​ បាន​បញ្ជាក់​ថា ​គណបក្ស​លោក​នឹង​ផ្តោត​លើ​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ដើម្បី​ដោះស្រាយ​បញ្ហា​ពុក​រលួយ​នេះ។​

លោក​និយាយថា៖​ «ច្បាប់​ទាំង​អស់​មាន​ហើយ ​មាន​ទាំង​ច្បាប់​ មាន​ទាំង​អនុក្រឹត្យ។​ សំខាន់​តើ​ការ​អនុវត្ត​ច្បាប់​បាន​កម្រិត​ណា?​ ដូច្នេះ​គណបក្ស​ហ៊ុនស៊ិនប៉ិច​យល់​ឃើញ​ថា ​ដើម្បីធ្វើ​ឱ្យ​អំពើ​ពុក​រលួយ​សាប​រលាប​ យើង​ត្រូវ​តែ​ពង្រឹង​ការ​អនុវត្ត​ច្បាប់»។​

សេចក្តី​ថ្លែង​ការណ៍​នេះ​ធ្វើ​ឡើង​បន្ទាប់ពីប្រជា​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​ប្រមាណ​១០០​នាក់​ដែល​បាន​ចូលរួម បាន​ចោទ​សួរ​តំណាង​គណបក្ស​ចំនួន​បី​ដែល​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​នយោបាយ​នេះ​អំពី​គោល​នយោបាយ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ។​

គណបក្ស​ទាំងនោះ​រួមមាន​គណបក្ស​ហ៊្វុនស៊ីនប៉ិច ​គណបក្ស​ខ្មែរ​ឈប់​ក្រ​ និង​គណបក្ស​សញ្ជាតិ​កម្ពុជា។​ ដោយ​ឡែក​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ ​និង​គណបក្ស​
សាធារណរដ្ឋ​ប្រជា​ធិបតេយ្យ​មិន​បាន​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​វគ្គទី​២​ ដែលរៀបចំ​ឡើង​ដោយ​វិទ្យាស្ថានជាតិ​ប្រជា​ធិបតេយ្យ​របស់​សហ​រដ្ឋអាមេរិក(NDI)​នេះ​ទេ។​

លោក​ក្រវ៉ាញ ដារ៉ន​ ប្រធាន​គណបក្ស​ខ្មែរ​ឈប់​ក្រ​ លើក​ឡើង​ថា​ បញ្ហា​ពុក​រលួយ​កំពុង​កើត​មាន​ជា​ប្រព័ន្ធ​យ៉ាង​ជ្រៅ​ក្នុង​សង្គមខ្មែរ ​ដូច្នេះ​ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ ​គណបក្ស​លោក​នឹង​ផ្តោត​លើ​ការ​ពង្រឹង​និតិរដ្ឋ​ និង​លើក​កម្ពស់​ជីវភាព​ប្រជា​ពលរដ្ឋ។​

លោក​និយាយ​ថា៖​ «យើង​ត្រូវ​បង្កើត​ប្រព័ន្ធ​តម្លាភាព​ពី​ថ្នាក់​លើ​ដល់​ថ្នាក់​ក្រោម ​ បោស​ឱ្យ​ខ្ទេច ​គ្មាន​ថ្នាក់​នាយក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​អ្វី​ទាំង​អស់។​ លោក​ត្រូវ​យក​ច្បាប់​ជា​ធំ ​បង្កើត​និតិ​រដ្ឋ​ឱ្យ​បាន ​បង្កើត​ការ​ងារ​ឱ្យ​បាន​ច្រើន ​លុយ​ឱ្យ​បាន​គ្រប់គ្រាន់ ​ ហើយ​យើង​បង្កើត​ច្បាប់​ឱ្យ​បាន​តឹងរឹង។​ អ្នក​ណា​មិន​គោរព​ច្បាប់​ ត្រូវប្រឈម​មុខ​ហ្នឹង​តុលាការ​ ហើយ​បើ​តុលាការ​ហ្នឹង​មិន​ឯករាជ្យ​ចាប់​ទាំង​តុលាការ​ហ្នឹង​ទៀត»។​

ដោយ​ឡែក ​លោកសេង សុខេង ​តំណាង​គណបក្ស​សញ្ជាតិ​កម្ពុជា​ ផ្តោត​ជា​ពិសេសលើ​ការ​ពង្រឹង​ឯករាជ្យ​ភាព​និង​គណនេយ្យ​ភាព​របស់​ស្ថាប័ន​កំពូល​របស់​រដ្ឋ។​

លោក​និយាយថា៖ ​«យើង​ត្រូវ​បែងចែក​អំណាច​ទាំង​បី​ឱ្យ​ដាច់​ពី​គ្នា។ ​ទី​ពីរ​យើង​ត្រូវ​លើក​កម្ពស់​ការងារ​សវនកម្ម ​ហើយ​ចំណុច​ទី​បី​ យើង​ត្រូវ​ពង្រឹង​ច្បាប់​ និង​ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ ​និង​ទី​បួន​យើង​ត្រូវ​បង្កើត​តុលាការ​ឯក​ទេស​ បង្កើន​ទំនុក​ចិត្ត​ដល់​អ្នក​វិនិយោគ​ក្នុង​ការ​ប្រឆាំង​អំពើ​ពុក​រលួយ»។​

បើ​តាម​ស្ថាប័ន​យូអេស​អេ​អាយ​ឌី ​(USAID)​ របស់​សហ​រដ្ឋ​អាមេរិក ​កម្ពុជា​បាន​បាត់​បង់​ថវិកា​យ៉ាង​តិច​៥០០​លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ​ទៅ​លើ​អំពើ​ពុក​រលួយ។​

ប៉ុន្តែ​ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត គណបក្ស​សង្គ្រោះជាតិ​ ដែល​ជា​គណបក្ស​ប្រឆាំង​ធំជាង​គេ​នៅ​កម្ពុជា​ បាន​បរិហារ​ថា ​ការ​បាត់បង់​ចំណូល​ជាតិ​ដោយ​សារ​អំពើ​ពុករលួយ​មាន​ច្រើន​ជាង​នេះ។​ អង្គការ​តម្លាភាព​អន្តរ​ជាតិ​ កាលពី​នាំ​២០១២ ​បាន​ដាក់​ប្រទេស​កម្ពុជា​ក្នុង​ចំណាត់​ថ្នាក់​ទី​១៥៧​ក្នុង​ចំណោម​១៧៤​ប្រទេស ​ដែល​មាន​អំពើ​ពុក​រលួយ​ធ្ងន់​ធ្ងរ​ជាង​គេ​ក្នុង​ពិភព​លោក។​

ក្រៅ​ពី​អំពើ​ពុក​រលួយ​ ប្រធាន​បទ​ផ្សេងៗ​ក៏​អ្នក​ចូលរួម​ស្នើ​ឱ្យ​គណបក្ស​ទាំង​បី​បង្ហាញ​ពី​គោល​នយោបាយ​របស់​ខ្លួន​ផង​ដែរ ​ទាក់ទង​ទៅ​នឹង​ការ​បង្កើត​ការងារ​ថ្មីៗ​បន្ថែម​ជូន​ប្រជា​ពលរដ្ឋ ​ការ​កាត់​បន្ថយ​ការចំណាក​ស្រុក ​បញ្ហា​បរិស្ថាន ​សិទ្ធិ​មនុស្ស ​និងបញ្ហាជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់។​

កិច្ច​ពិភាក្សា​ថ្នាក់​ជាតិរបស់​គណបក្ស​នយោបាយ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ខណៈ​ដែល​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ត្រឹម​តែ​២​សប្តាហ៍​ទៀត​ប៉ុណ្ណោះ​ ដែល​មាន​ការ​ចូលរួម​ពីគណបក្ស​នយោបាយចំនួន​៨​ ​ក្នុង​នោះ​គណបក្ស​សំខាន់ៗ​ចំនួន​ពីរ​ត្រូវ​គេ​មើល​ឃើញ​ថា​ កំពុងតែ​ស្រូប​យក​អ្នក​គាំទ្រ​បាន​យ៉ាង​ច្រើន​គឺ​គណបក្ស​សង្គ្រោះជាតិ​របស់​លោក​សម រង្ស៊ី ​និង​លោក​កឹម សុខា​ និង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។​

នៅ​ក្នុង​កិច្ច​ពិភាក្សា​នយោបាយ​ដែល​នឹង​ត្រូវ​ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ជាតិ​កម្ពុជា​នៅ​ថ្ងៃ​អាទិត្យ​ទី​២១​ចាប់​ពី​ម៉ោង​៩​ដល់​១១​ព្រឹក​ ប្រជា​ពលរដ្ឋ​ដែល​ចូលរួម​ស្តាប់​ក៏​បាន​ផ្តោត​សំណួរ​លើ​បញ្ហា​ស្ត្រី​ និង​មនុស្ស​ចាស់​និង​បញ្ហា​អប់រំ​ដែរ ​ហើយ​ពួក​គេ​ក៏​បាន​ត្អូញ​ត្អែរ​ពី​ការ​បាត់បង់​ផលត្រី​ទឹកសាប​នៅ​តាម​ទន្លេ​មេគង្គ​ និង​បឹង​ទន្លេសាប​ផង​ដែរ៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG