ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​តម្លាភាព​កម្ពុជា​រក​ឃើញ​ស្ថាប័ន​រដ្ឋ​បួន​ពុករលួយ​ធ្ងន់ធ្ងរ


កងដៃ​ប្រឆាំងអំពើ​ពុករលួយ​ ដែល​និស្សិត​ពាក់​ក្នុង​កម្មវិធី​មួយ​​ រៀបចំ​ដោយ​អង្គការ​តម្លាភាព​កម្ពុជា។
កងដៃ​ប្រឆាំងអំពើ​ពុករលួយ​ ដែល​និស្សិត​ពាក់​ក្នុង​កម្មវិធី​មួយ​​ រៀបចំ​ដោយ​អង្គការ​តម្លាភាព​កម្ពុជា។
ភ្នំពេញ៖ ស្រប​ពេល​ដែល​គណបក្ស​នយោបាយ​កំពុង​ឃោសនា​រក​សំឡេង​ឆ្នោត អង្គការ​តម្លាភាព​កម្ពុជា​បាន​ចេញ​របាយការណ៍​មួយ​ដោយ​បាន​រក​ឃើញ​ថា មាន​ស្ថាប័ន​ចំនួន​បួន​សំខាន់ៗ​គឺ តុលាការ​ នគរបាល មន្ត្រី​សាធារណៈ​និង​គណបក្ស​នយោបាយ បាន​ជាប់​ពាក់ព័ន្ឋ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ខ្លាំង​ជាង​គេ។

ក៏​ប៉ុន្តែ​ស្ថាប័ន​គយ​និង​រដ្ឋាករ​ដែល​បាន​ទទួល​រង​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ពី​សាធារណជនថា​ជា​ប្រភព​នៃ​អំពើ​ពុក​រលួយ​ខ្លាំង​ជាង​គេនោះ មិន​ត្រូវ​បាន​ដាក់​បញ្ជូល​នៅ​ក្នុង​របាយការណ៏​របស់​ខ្លួន​ទេ។​

មាន​គណបក្ស​នយោបាយ​ចំនួន​ប្រាំបី​ ​កំពុង​បើក​យុទ្ឋនាការ​ឃោស​នារក​សំឡេង​ឆ្នោត​ក៏ប៉ុន្តែ​ មាន​តែគណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​កាប់​អំណាច​តែមួយ​ប៉ុណ្ណោះ​ដែលបាន​ទទួល​រង​ការ​រិះគន់​ពីគណបក្ស​ប្រឆាំង​ថា មានអំពើ​ពុក​រលួយ​ខ្លាំង​ជាង​គេ​ហើយ​គណបក្ស​ប្រឆាំង​បាន​ដាក់​បញ្ហា​ពុក​រលួយនៅ​ក្នុង​គោលនយោបាយ​របស់​ខ្លួន​ដើម្បី​ឃោសនា​រក​សំឡេង​ឆ្នោត​និង​ធ្វើការវាយ​ប្រហារ​យ៉ាង​ចាស់​ដៃ​ទៅ​លើ​គណបក្ស​គ្រប់​គ្រង​អំណាច។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដែល​បាន​អាន​ដោយ​លោក​ សួង សារឿន​ សមាជិក​គណៈកម្មការនាយក​នៃ​អង្កការ​តម្លាភាព​កម្ពុជា​បាន​និយាយ​នៅ​ក្នុង​អង្គ​សន្និសីទព័ត៌មាន​នៅ​ថ្ងៃ​អង្គារ​នេះ​ថា លទ្ឋផល​បង្ហាញ​ថា​៦៥%​នៃ​អ្នក​ផ្តល់​សម្ភាសន៍​ទាំងអស់​បាន​សូក​ប៉ាន់​មន្ត្រី​តុលាការ​និង​នគរបាល ហើយ​៦២​%បានសូក​មន្រ្តី​ចុះបញ្ជី​អត្រា​នុកូលដ្ឋាន​និង​៥៧%​សូកមន្ត្រី​ពាក់ព័ន្ឋ​នឹង​សេវាកម្ម​ដីធ្លី។ បន្ថែម​ពីនេះ​ទៅ​ទៀត​អ្នក​ផ្តល់​សម្ភាសន៍​ចំនួន​៣៨%​បាន​សូកប៉ាន់​មន្ត្រី​សុខាភិបាល​និង​៣០%​សូក​មន្ត្រី​អប់រំ។​

«សម្រាប់​ប្រទេស​កម្ពុជា​លទ្ឋផល​នេះ​បង្ហាញ​ថា ស្ថាប័ន​ដែល​បាន​បង្កើត​ឡើង​ដើម្បី​ការពារ​ពលរដ្ឋ​ ដើម្បី​ផ្តល់យុត្តិធម៌​និង​លើក​កម្ពស់​សិទ្ឋិ​មនុស្ស​ត្រូវ​បាន​មើល​ឃើញ​ជា​សារធារណៈថា ​កំពុង​តែ​រំលោភ​បំពាន​សិទ្ឋិ​អំណាច​របស់​ខ្លួន»។​
ទាញ​យក​ពី​តំណភ្ជាប់​ដើម

របាយ​ការណ៍​របស់​អង្គការ​តម្លាភាព​កម្ពុជា​ត្រូវ​បាន​រៀប​ចំ​សម្រាប់​វាស់​វែង​អំពើ​ពុក​រលួយ​ជា​សកល​ប្រចាំ​ឆ្នាំ​២០១៣​ ដែល​បាន​ធ្វើ​នៅ​ក្នុង​ប្រទេស​ចំនួន​១០៧​ដែល​មាន​ប្រជាជន​ចំនួន​១១៤,​២៧០​នាក់​ដែល​បាន​ចូល​រួម​ផ្តល់​បទសម្ភាសន៍​ទាក់ទងនឹង​ទស្សនៈ​និង​បទពិសោធន៍​របស់​ពួកគេ​ចំពោះ​អំពើ​ពុករលួយ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន។​

លោក ​ព្រាប កុល​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​បាន​និយាយ​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា នេះ​មិន​មែន​អង្គការ​តម្លាភាព​ជាអ្នក​និយាយ​ទេ​ គឺ​ប្រជា​ពលរដ្ឋ​បាន​ចាត់​ទុក​ស្ថាប័ន​ទាំង​បួន​នេះ​ជា​ស្ថាប័ន​ដែល​ជាប់​ពាក់​ព័ន្ឋ​នឹង​អំពើពុក​រលួយ​ច្រើន​ជាងគេ។

«ហើយ​ប្រសិន​បើ​ស្ថាប័នសំខាន់​បែប​ហ្នឹង​ជាស្ថាប័ន​ដែល​ពុក​រលួយ​ឬ​រំលោភ​អំណាច​គឺ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​គាត់​ខាត​ប្រយោជន៍​ច្រើន។ គាត់​ក្លាយ​ជាជន​រង​គ្រោះ​នៃ​ស្ថាប័ន​នេះ​វិញ។ ​បាទ អញ្ចឹង​ជា​ស្ថាប័ន​ដែល​សំខាន់​ហើយ​យើង​លើក​ទឹក​ចិត្ត​និង​ទទូច​រដ្ឋាភិបាល​ឲ្យ​ដោះស្រាយ​អំពើ​ពុក​រលួយ​នៅ​ក្នុង​ស្ថាប័ន​អទិភាព​ទាំង​អស់​នេះ»។​

មន្ត្រី​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក មន្ត្រី​ណបក្ស​ប្រឆាំង​និង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​បាន​រក​ឃើញ​ថា ​កម្ពុជា​បាន​បាត់​ប្រាក់​ចំណូល​ប្រមាណ​ពី​៣០០លាន​ទៅ​៥០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ​ដោយសារ​អំពើ​ពុក​រលួយ។​

លោក​ ឧិម យិនទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល​មិន​អាច​ស្នើ​សុំ​ដើម្បីផ្តល់សេចក្តី​អត្ថាធិប្បាយ​បានទេ។ ក៏ប៉ុន្តែ​លោក​ ផៃ ស៊ីផាន អ្នកនាំពាក្យ​នៃទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​បាន​ច្រាន​ចោល​ការ​លើក​ឡើង​របស់​អង្កការ​តម្លាភាព​កម្ពុជា។​

លោក​បាន​និយាយ​ថា ការ​លើក​ឡើង​នៅ​ចំ​ពេល​នេះ​គឺគ្រាន់​តែ​ជាយុទ្ឋនាការ​វាយប្រហារ​មក​លើ​រដ្ឋាភិបាល​តែប៉ុណ្ណោះ។ លោក​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​បាន​ប្រឹង​ប្រែង​យ៉ាង​ខ្លាំងប្រឆាំង​នឹង​អំពើ​ពុករលួយ។​

«យើង​បាន​បង្កើត​ឲ្យ​មាន​យន្តការ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ ទី​៣​យើង​បង្កើត​ឲ្យ​មាន​ច្បាប់​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ។ នេះ​ជា​ទង្វើ​ ជាការងារ​ដែល​យើង​បាន​ធ្វើ​ដែល​ខុស​ពី​អង្គការ​មួយក្រុម​តូច​ដែល​ទទួល​លុយ​ដើម្បី​គ្រាន់​តែ​ធ្វើ​វិភាគ​វាយ​ប្រហារ​យើង​ទេ»។​

នៅ​ក្នុង​ចំណោម​ប្រទេស​អាស៊ីអាគ្នេយ៍​ចំនួន​ប្រាំមួយ​ដែល​រួម​មាន​កម្ពុជា​ ឥណ្ឌូនេស៊ី​ ម៉ាឡេស៊ី​ ហ្វីលីពីន ថៃ​និង​វៀតណាម កម្ពុជាគឺ​ជាប្រទេស​ដែល​មាន​អត្រា​សូក​ប៉ាន់​ខ្ពស់​ជាង​គេ​ប្រមាណ​៥៧%​បន្ទាប់​មក​ឥណ្ឌូនេស៊ី​៣២%។ នេះ​បើតាម​បទបង្ហាញ​របស់​អង្គការ​តម្លាភាព​កម្ពុជា។​

លោក​ព្រាប កុល​ បាន​បញ្ជាក់​ថា ប្រជាជន​ប្រមាណ​៨០%​បាន​បញ្ជាក់​ថា គាត់​អាច​ផ្លាស់ប្តូរអំពើ​ពុក​រលួយ​បាន​ តាម​រយៈចុះ​ហត្ថលេខា​លើញ្ញត្តិ​ដើម្បី​ទាម​ទារ​ប្រឆាំង​នឹងអំពើ​ពុក​រលួយ​ ការ​ដឹកនាំ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​និង​ចូល​រួម​យុទ្ឋនាការ​ជាមួយ​អង្កការ​ក្រៅ​រដ្ឋាភិបាល​ដើម្បី​ប្រយុទ្ឋ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ។

លោក​ យឹម សុវណ្ណ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​បាន​បញ្ជាក់​ថា​ មាន​ស្ថាប័ន​ស្ទើតែ​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ហើយ​បើ​ចង់​បំបាត់​អំពើ​ពុក​រលួយ​ទាល់​តែ​ផ្លាស់​ប្តូរ​របប​គ្រប់​គ្រងដែល​ដឹកនាំដោយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន៕
XS
SM
MD
LG