ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាព​ចម្រូង​ចម្រាស​នៃ​ការ​ចុះ​ឈ្មោះ​អ្នក​បោះ​​ឆ្នោត នាំ​ឲ្យ​សង្ស័យ​ពី​​ការ​កេង​ចំណេញ​សំឡេង​ឆ្នោត


រូបឯកសារ៖ បុរសម្នាក់កំពុងរកឈ្មោះរបស់ខ្លួនដើម្បីបោះឆ្នោតជាតិ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ នៅការិយាល័យបោះឆ្នោត​​ក្នុង​​សាលាគរុកោសល្យវិក្រិត្យការក្រុង ក្រុងតាខ្មៅ ខេត្តកណ្តាល។ (ទុំ ម្លិះ/វីអូអេ)
រូបឯកសារ៖ បុរសម្នាក់កំពុងរកឈ្មោះរបស់ខ្លួនដើម្បីបោះឆ្នោតជាតិ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ នៅការិយាល័យបោះឆ្នោត​​ក្នុង​​សាលាគរុកោសល្យវិក្រិត្យការក្រុង ក្រុងតាខ្មៅ ខេត្តកណ្តាល។ (ទុំ ម្លិះ/វីអូអេ)

មន្រ្តី​ជាន់​ខ្ពស់​នៃ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិប​តេយ្យ​ (LDP) ​បាន​លើក​ឡើង​ថា​ មាន​ការ​ចល័ត​មនុស្ស​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក្នុង​ឃុំ​សង្កាត់​មួយ​ចំនួន កាល​ពី​ខែ​តុលា ដែល​ពួកគេ​ថា​មាន​ចេតនា​កេង​ចំណេញ​សំឡេង​ឆ្នោត។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ថ្ងៃ​ពុធ​នេះ លោក អ៊ី សាំង​ឡេង ជា​អនុ​ប្រធាន​គណបក្ស ​LDP បាន​ថ្លែង​ថា​លោក​មាន​ «ភស្តុតាងច្បាស់​លាស់» ដែល​បញ្ជាក់​ថា​ ពិត​ជា​មាន​មនុស្ស​ជាង​៣​ពាន់​នាក់​ដែល​មិន​មែន​ជា​អ្នក​រស់​នៅ​ក្នុង​ឃុំ​សង្កាត់ ប៉ុន្តែ​ពួកគេ​អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន នៅ​ពេល​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​គ.ជ.ប បាន​រៀបចំ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី។ លោក​បន្ត​ថា​ ការ​រក​ឃើញ​នេះ​មិន​មែន​ជា​ការប្តូរ​ទីតាំង​ធម្មតា​របស់​ប្រជាពលរដ្ឋ​នោះ​ទេ គឺ​ក្នុង​គោល​បំណង​ធានា​ចំនួន​មនុស្ស​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ណា​មួយ ដែល​លោក​ថា​ជា​ការ​បង្កើន​សំឡេង​ឆ្នោត​ក្នុង​តំបន់​នោះ។

មន្រ្តី​គណបក្ស​ LDP ​រូប​នោះ​លើក​ឡើង​ទៀត​ថា ភាព​មិន​ប្រក្រតី​នេះ​ ​នាំ​ឲ្យ​គណបក្ស​របស់​លោក​សម្រេច​ដាក់​ពាក្យ​បណ្តឹង​ទៅ​ គ.ជ.ប ក្រោយមាន​របាយការណ៍​ពី​មន្រ្តី​បក្ស​ ដែល​បាន​សង្កេត​ការណ៍​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នេះ។

លោក​មាន​ប្រសាសន៍​ថា៖ «យើង​សម្រេច​ចិត្ត​ប្តឹង​ ទីមួយ​វា​ប៉ះពាល់​ខ្លាំង​ដល់​លទ្ធផល​បោះ​ឆ្នោត។ ទីពីរ​រឿង​ហ្នឹង វា​ខុស​[ច្បាប់]​មែន។ វា​ខុស​មែន វា​ខុស​ម៉េច? គឺ​ជា​ការ​លួច​បន្លំ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋក្នុង​មូលដ្ឋាន​ខ្លាំង​ណាស់។ បើ​បោះ​ឆ្នោត​ឃុំ​សង្កាត់ ប្រជាពលរដ្ឋ​ចង់​រើស​មេឃុំ​នេះ បែរ​ទៅ​ជាប់​មេឃុំ​នោះ។ បើ​បោះ​ឆ្នោត​ថ្នាក់​ជាតិ ប្រជា​ពលរដ្ឋ​សំឡេង​ភាគ​ច្រើន​គាំទ្រ​តំណាង​រាស្រ្ត​គណបក្ស​នេះ បែរ​ជា​គណ​បក្ស​នេះ​ច្រើន​ជាង​យើង​វិញ​ទៅ»។

លោក​បន្ត​ថា​គណបក្ស​បានស៊ើប​អង្កេត​ឃើញ​ថា​ មនុស្ស​ទាំង​នោះ​មិន​មាន​លំនៅឋានរស់​នៅ​ក្នុង​កន្លែង ដែល​ពួក​គេ​ចុះ​ឈ្មោះ​បោះ​ឆ្នោត។ លោក​ថា​ ប្រសិន​បើ ​គ.ជ.ប ស៊ើប​អង្កេត​ពិត​ប្រាកដ នឹង​រក​ឃើញ​ភាព​មិន​ប្រក្រតី​នោះ។

លោក អ៊ី សាំង​ឡេង បញ្ជាក់​ថា៖ «តែ​ស៊ើប​អង្កេត​ទៅ ប្រាកដ​ជា​ឃើញ​ថា​អត់​នៅ​មែន​ហើយ។ ព្រោះ​យើង​ទៅ​មើល​ផ្ទាល់។ យើង​ច្រោះ​ច្រើន​តង់​ណាស់។ ទីមួយ​បង​ប្អូន​យើង​នៅ​កន្លែង​សង្កេត​ការណ៍​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ហ្នឹង ឃើញ​ភាព​មិន​ប្រក្រតី ឃើញ​ឯកសារ​មិន​ប្រក្រតី ឃើញ​ទំនោរ​មកមិន​ប្រក្រតី​ដឹក​មនុស្ស​មក​ច្រើន។ បាន​ទៅ​ស៊ើប​អង្កេត​ដល់​ផ្ទះ​ទៀត [អត់​ឃើញ​មាន​នៅ​ផ្ទះ] មាន​ន័យ​ថា​យើង​ទុក​ចិត្ត​ណាស់​។ ៣​ពាន់​នាក់​ជាង​ប្រាកដ​ជា​អត់​នៅ​ទេ»។

មន្រ្តី​ជាន់​ខ្ពស់​នៃ​គណបក្ស ​LDP ​រូប​នោះ​បន្ថែម​ថា​ គោល​បំណងនៃ​ការ​ប្តឹង​នេះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​អំពី​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ដែល​លោក​ថា​មាន​ភាព​មិន​ប្រក្រតី​នៃ​ការ​នាំ​មនុស្ស​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត ខណៈ​ពួកគេ​មិន​មែន​ជា​ប្រជាជន​ ឬ​អ្នកស្នាក់នៅ​ក្នុង​តំបន់​នោះ។

លោក​មាន​ប្រសាសន៍​ថា៖ «អញ្ចឹង​យើង​សង្ឃឹម​ថា ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​យល់​ដឹង​ថា ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដែល​ខ្លួន​មិន​មាន​ទី​លំនៅ​ក្នុង​ឃុំ​សង្កាត់​នោះ​ពិត​ប្រាកដ គឺ​ជា​រឿង​ខុស​ច្បាប់​យ៉ាង​ជាក់​ច្បាស់។ ឲ្យ​មេឃុំ​ចៅ​សង្កាត់ គាត់​ដឹង​ខ្លួន​គាត់​ផង ថា​គាត់​កំពុង​តែ​ធ្វើ​កិច្ច​ការងារ​បំពាន​ច្បាប់​ហើយ»។

លោក អ៊ី សាំង​ឡេង ក៏​បាន​លើក​ឡើង​ថា ​មាន​ការ​ដឹក​កង​កម្លាំង​នគរ​បាល​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត ហើយ​ធ្វើ​ឡើង​ទាំង​យប់ងងឹត​ទៀត​ផង។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ពុធ​នេះ ក្រុម​ការងារ​របស់​គណបក្ស​ ក៏​បាន​បង្ហាញ​ទាំង​រូបភាព និង​វីដេអូ ដែល​ពួកគេ​ថតបាន ទាក់ទង​នឹង​ភាព​មិន​ប្រក្រតី​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ​អ្នក​ដែល​មិន​មាន​លំនៅឋាន​ក្នុង​ឃុំ​សង្កាត់។

កាល​ពី​ខែ​មេសា ឆ្នាំ​២០១៨ គឺមុន​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ VOA​ បាន​ស៊ើបអង្កេត​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មួយ​ ដោយ​រក​ឃើញ​អំពី​ការ​នាំ​ទាហាន និង​គ្រួសារ​របស់​ទាហាន មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ក្នុង​ឃុំ​ត្រាំសសរ ស្រុកស្រីស្នំ ខេត្ត​សៀមរាប។ មេប៉ុស្តិ៍​ឃុំត្រាំសសរ​បាន​បញ្ជាក់​អាសយដ្ឋាន​របស់​ទាហាន​ជាង​២០០​នាក់​ កាល​នោះ ដើម្បី​ពួកគេ​អាច​បោះ​ឆ្នោត​នៅ​ទី​នោះ​បាន ហើយ​ការ​ដែលពួកគេ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ឃុំ​នោះ ​ប៉ូលិស​ថា​ដើម្បី​ត្រៀម​«​ការពារ​ការ​បោះ​ឆ្នោត»។

លោក ហង្ស ពុទ្ធា ជា​សមាជិក​ជាន់​ខ្ពស់​ម្នាក់នៃ​ស្ថាប័ន ​គ.ជ.ប និង​ជា​អ្នក​នាំពាក្យ ថ្លែង​ប្រាប់ ​VOA នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ជានីតិវិធី​នៃ​ការ​ចុះ​ឈ្មោះ​អ្នកបោះ​ឆ្នោត អ្នក​ដែល​មាន​អាសយដ្ឋាន​ក្នុង​ឃុំ​សង្កាត់ ឬ​ក៏តាំង​ទី​សំណាក់​ក្នុង​តំបន់​នោះ​លើស​ពី​៣០​ថ្ងៃ អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន ក្រោយ​មាន​ការ​បញ្ជាក់ការ​ស្នាក់​នៅ​ពី​ប៉ុស្តិ៍​ប៉ូលិស​ក្នុង​ឃុំ​សង្កាត់​នោះ។

លោក​មាន​ប្រសាសន៍​ថា៖ «អ្នក​ខ្លះ​គាត់​ចាប់​អារម្មណ៍​តែ​មាន​អាសយដ្ឋាន​ក្នុង​ឃុំ​សង្កាត់​ទេ។ គាត់​អត់​គិត​ដល់​ទី​សំណាក់​ទេ។ អញ្ចឹង​បើ​សិន​ជា​កម្មករ​គាត់​អញ្ជើញ​មក​ពី​ខេត្ត​ផ្សេងៗ​ គាត់​មក​ស្នាក់​នៅ​ក្នុង​ឃុំ​សង្កាត់​ហ្នឹង​លើស​ពី​៣០​ថ្ងៃ ខាង​អាជ្ញាធរ​គេ​មាន​សិទ្ធិ​ក្នុង​ការ​ចុះ​ឈ្មោះ​ឲ្យ​ហើយ»។

លោក ហង្ស ពុទ្ធា ឲ្យ​ដឹង​ទៀត​ថា​ ករណី​ដែល​ប៉ូលិស ​ឬ​ទាហាន ​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​តំបន់​ណា​មួយ​ជាក់​លាក់ ដោយសារ​ពួកគេ​មាន​បន្ទាយ​ទាហាន​នៅតំបន់​នោះ ដែល​ត្រូវ​ការ​ពារ​ជាប់​លាប់ ឬ​មួយ​ទៀត​ដោយ​សារ​ពួកគេ​តម្រូវ​ឲ្យមក​ការ​ពារ​នៅ​តំបន់​នោះ នៅ​ថ្ងៃ​បោះ​ឆ្នោត។

រូបឯកសារ៖ ពលរដ្ឋ​ឈរតម្រង់ជួររង់ចាំចូលបោះឆ្នោតនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅការិយាល័យបោះឆ្នោត​ក្នុង​សាលាគរុកោសល្យវិក្រិត្យការក្រុង ក្រុងតាខ្មៅ ខេត្តកណ្តាល។ (ទុំ ម្លិះ/វីអូអេ)
រូបឯកសារ៖ ពលរដ្ឋ​ឈរតម្រង់ជួររង់ចាំចូលបោះឆ្នោតនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅការិយាល័យបោះឆ្នោត​ក្នុង​សាលាគរុកោសល្យវិក្រិត្យការក្រុង ក្រុងតាខ្មៅ ខេត្តកណ្តាល។ (ទុំ ម្លិះ/វីអូអេ)

លោក​បន្ថែមថា៖ «ក្នុង​ករណី​មាន​ការ​បោះ​ឆ្នោត គឺ​មេ​បញ្ជា​ការនឹង​ចាត់​ឲ្យ​គាត់​នៅ​ប្រចាំ​ការ​ក្នុង​បន្ទាយជា​ដើម​អី គឺ​គាត់​មាន​សិទ្ធិ​ចុះ​ឈ្មោះ​នៅ​ក្នុង​ឃុំ​សង្កាត់​ហ្នឹង​បាទ»។

ពាក្យ​បណ្តឹង​ជាង​១០០ ​របស់​គណបក្ស ​LDP ត្រូវ​បាន គ.ជ.ប ច្រាន​ចោល ហើយ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដែល​ជា​ស្ថាប័ន​ត្រួត​ពិនិត្យ​ពាក្យ​បណ្តឹង​របស់​គណ​បក្ស​នយោបាយ ក៏​បាន​ច្រាន​ចោល​ទាំង​ស្រុង​នូវ​ពាក្យ​បណ្តឹងរបស់​គណបក្ស​ផង​ដែរ។

មិន​តែ​ប៉ុណ្ណោះ កាល​ពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ គ.ជ.ប ក៏​បាន​ប្តឹង​លោក អ៊ី សាំង​ឡេង អនុ​ប្រធាន​គណបក្ស​ LDP​ ដែល​បាន​ធ្វើ​សន្និសីទ​នៅ​ថ្ងៃ​ពុធ​នេះ ទៅ​តុលាការ​រាជធានី​ភ្នំពេញ ពី​បទ​ចោទ​ប្រកាន់​ចំនួន​៣​ គឺ«បរិហារកេរ្តិ៍​ជា​សាធារណៈ​ ជេរ​ប្រមាថ​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍» ពាក់ព័ន្ធ​នឹង​ការ​ថ្លែង​ជា​សាធារណៈ​របស់​លោក។

លោក កន សាវាង្ស អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​នៃ​អង្គការ​ខុម​ហ្វ្រែល​ដែល​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត មាន​ប្រសាសន៍​ថា​ កន្លង​ទៅ ក្រុម​ការងារ​របស់​អង្គការ​ក៏​បាន​រក​ឃើញ​ចំណុចខ្លះ ទាក់ទង​នឹង​ការ​មិន​មាន​លំនៅ​ឋាន​ក្នុង​ឃុំ​សង្កាត់ តែ​អាច​ចុះ​ឈ្មោះ​បោះឆ្នោត​បាន។

លោកប្រាប់​ VOA ថា៖ «ជាក់​ស្តែង​យើង​រក​ឃើញ​ថា​មាន​ឈ្មោះ​ខ្លះ​ហ្នឹង ក៏មិន​ស្ថិត​នៅ​ក្នុង​ឃុំ​សង្កាត់​ហ្នឹង​ដែរ។ ក៏​ប៉ុន្តែ​កម្រិត​ក្នុង​ប៉ុន​ណា យើង​មិន​អាចធ្វើ​ការ​វាយ​តម្លៃ​បាន​ច្រើន​ទេ។

លោក​ឲ្យ​ដឹង​ទៀត​ថា​ កន្លង​ទៅ ក៏​មាន​ការ​ចុះ​ឈ្មោះ​កងកម្លាំងដែល​ត្រូវ​បាន​អាជ្ញាធរ​ចាត់​ចែងសម្រាប់ការពារ​នៅ​ពេល​បោះ​ឆ្នោត ដែល​ពួកគេ​ត្រូវ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​តំបន់​ជិត​បំផុត ដើម្បី​អាច​ចូលរួម​បោះ​ឆ្នោត​បាន​ងាយ​ស្រួល។

លោក កន សាវាង្ស បន្ថែម​ថា​ ករណី​ផ្សេង​ទៀត ដូច​ជា​ក្រុម​គ្រួសារ​ ឬ​ក៏​អ្នក​ពាក់ព័ន្ធ​នឹង​បេក្ខ​ជនឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត ដូច្នេះ​ក្រុម​គ្រួសារ​របស់​ពួកគេ​ត្រូវ​ទៅ​ចុះ​ឈ្មោះ​នៅ​ក្នុង​តំបន់​នៃ​ខេត្ត​នោះ ដើម្បី​អាច​ទៅ​បោះ​ឆ្នោត​បាន។

លោក​មាន​ប្រសាសន៍​ថា៖ «អញ្ចឹង​ករណី​បែប​ហ្នឹង បើ​យើង​ទៅ​រក​មនុស្សដែល​រស់​នៅ​ក្នុង​[ឃុំ​សង្កាត់ឲ្យ​ពិត​ប្រាកដ គឺ​រក​អត់​ឃើញ​ទេ»។

ទោះ​ជាយ៉ាងណា អ្នក​សង្កេត​ការណ៍​ការ​បោះ​ឆ្នោត​រូប​នោះ ជំរុញ​ឲ្យ​មាន​ការ​ធានា​ថា ​កុំ​ឲ្យ​មាន​ឈ្មោះ​បោះ​ឆ្នោត​ពីរ​កន្លែង ប្រសិន​បើ​មាន​ការ​ប្តូរ​ទីលំនៅឋាន ហើយត្រូវបញ្ជាក់​ហេតុ​ផល​សម​រម្យ​សម្រាប់​កង​កម្លាំង​ដែល​ជា​អ្នក​ការ​ពារ​នៅ​តំបន់​នោះ ដើម្បី​កុំ​ឲ្យ​គណបក្ស​នយោបាយ​យល់​ច្រឡំ។

លោក​បញ្ជាក់​ថា៖ «ក៏​ប៉ុន្តែ​បើ​សិន​ជា​ហេតុ​ផល​ទាំង​នេះ​មិន​មាន​ទេ ហើយ​រក​ឃើញ​ថាអ្នក​ទាំង​អស់​ហ្នឹង គឺ​ជា​ហេតុ​ផល​នយោបាយមួយ ដែល​មិន​មែនជា​អ្នកមក​ស្នាក់​នៅ នៅ​ហ្នឹង​ផង ហើយ​ពុំមែន​ជា​អ្នក​សន្តិ​សុខ​ការ​ពារ​ផង ហើយ​អាច​ទៅ​បោះ​ឆ្នោត​នៅ​ហ្នឹង អាហ្នឹង​ជា​បញ្ហា​នយោបាយ​មួយ ដែល​គ.ជ.ប ត្រូវ​តែ​ពិនិត្យ​មើល»។

លោក អេង ឆៃអ៊ាង អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ប្រាប់ ​VOA​ ថា​ គ.ជ.ប បច្ចុប្បន្ន​នេះ​«មិន​អាច​យក​ការ​បាន»​សម្រាប់​ការ​បោះ​ឆ្នោត​មួយ​ដោយ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌​ទេ ដោយ​សារ​សមាសភាព​នៃ​សមាជិកថ្នាក់​ដឹកនាំ​ស្ថាប័ន​នេះ គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។

លោក​មាន​ប្រសាសន៍​ថា៖ «យើង​ដឹង​ថា​អំណាច​ទាំង​អស់​ហ្នឹង វា​ស្ថិត​ក្នុង​ដៃ​គណបក្ស​ប្រជាជន កណ្តាប់​ដៃ​លោក ហ៊ុន សែន។ អញ្ចឹង​លោក ហ៊ុន សែន ធ្វើអ្វីៗ​តាម​អំពើ​ចិត្ត។ យើង​ដឹង​ហើយ ដូចការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ហ្នឹង​ វា​ជា​រឿង​ឡប់​ឡែ​ហើយ។ វា​អត់​មាន​អី​ក្រៅ​ពី]​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ ដើម្បី​បំភ័ន្ត​មតិ​សាធារណៈ​ជាតិ​និង​អន្តរ​ជាតិ។ យើង​មិន​ចាំ​បាច់​និយាយ​ទៅ​ដល់​ការ​ចុះ​ឈ្មោះ ការ​អី​ទេ»។

លោក អេង ឆៃអ៊ាង បន្ត​ថា​ កាល​ពី​កន្លង​ទៅ គណ​បក្ស​ប្រឆាំង​បាន​ទាមទារ​ឲ្យ​មាន​ការ​កែ​ទម្រង់ គ.ជ.ប រហូត​ដល់​មាន​ការ​ផ្លាស់​ប្តូរ​សមាសភាព​ថ្នាក់​ដឹកនាំ​ ដោយ​មាន​សមាភាព​ស្មើ​គ្នា​មក​ពី​គណបក្ស​ប្រជា​ជន​កម្ពុជានិង​គណបក្ស​សង្រ្គោះ​ជាតិ។ ប៉ុន្តែ​បក្ស​សង្រ្គោះ​ជាតិ​បាន​បាត់​បង់​សមាសភាព​របស់​ខ្លួន​ពី​ គ.ជ.ប នៅ​ពេល​ស្ថានភាព​នយោបាយ​មិន​ល្អ ហើយ​គណបក្ស​ប្រឆាំង​ត្រូវ​បាន​រំលាយ​ចោល​ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

ចំពោះ​ការ​លើក​ឡើង​ថា ស្ថាប័ន គ.ជ.ប មិន​ឯករាជ្យ លោក ហង្ស ពុទ្ធា អ្នក​នាំពាក្យ​ស្ថាប័ន​នេះ ឆ្លើយ​តប​ថា ​នេះ​ជា«​រឿង​ដដែល​» ដែលលោក​ថាជា​«យុទ្ធ​សាស្រ្ត​នៃ​បុរេ​វិនិច្ឆយ» ប្រសិនគណបក្សរបស់​ខ្លួន​មិន​ឈ្នះការ​បោះ​ឆ្នោត។

ដំណើរ​ការ​ពិនិត្យ​ឈ្មោះ​ និង​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត បាន​ប្រព្រឹត្ត​ទៅ​ទូទាំង​ប្រទេស​រយៈពេល​១៩​ថ្ងៃ ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១​ ដល់​ថ្ងៃ​ទី​១៩​ ខែ​តុលា។ គ.ជ.ប ឲ្យ​ដឹង​ថា​ អ្នក​បោះ​ឆ្នោត​ចំនួន​ជាង​១៥​ម៉ឺន​នាក់ ​អាច​នឹង​ត្រូវ​លុប​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០២០។ ចំនួន​នេះ​សំដៅ​ដល់​អ្នក​ទទួល​មរណ​ភាព ផ្លាស់​ប្តូរ​លំនៅ​ឋាន បាន​ចុះ​ឈ្មោះ​លើស​ពី​មួយ​កន្លែង និង​ត្រូវ​បាន​ដក​ហូត​សិទ្ធិ​បោះ​ឆ្នោត​ជា​បណ្តោះ​អាសន្ន​។

គ.ជ.ប ឲ្យ​ដឹងទៀត​ថា​ ខ្លួន​បាន​ទទួល​ពាក្យ​បណ្តឹង​សរុប​ប្រមាណ​១៤០​បណ្តឹង ក្នុង​នោះ​ភាគ​ច្រើន​លើស​លប់​ប្តឹង​ដោយ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិប​តេយ្យ ទាក់ទង​នឹង​សុំ​ឲ្យ​លុប​ឈ្មោះ​ប្រជាពលរដ្ឋដែល​មិន​មានលក្ខខណ្ឌ​លំនៅ​ឋាន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG