ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ.ជ.ប ប្តឹង​អ្នក​នយោបាយ​មួយ​រូប​ពី​បទ​ញុះញង់​ពាក់ព័ន្ធ​នឹង​ការ​ចុះ​ឈ្មោះ​​បោះ​ឆ្នោត


លោក អ៊ី សាំងឡេង អនុប្រធាន​​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ។ (រូបថត​ដកស្រង់​ពី​ហ្វេសប៊ុក​ League for Democracy Party)
លោក អ៊ី សាំងឡេង អនុប្រធាន​​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ។ (រូបថត​ដកស្រង់​ពី​ហ្វេសប៊ុក​ League for Democracy Party)

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប) កាល​ពី​ថ្ងៃ​ច័ន្ទ បាន​ប្តឹង​អ្នក​នយោបាយ​មួយ​រូប​នៃ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ពី​បទ​ចោទប្រកាន់​ចំនួន​៣ ​គឺ«បរិហារកេរ្តិ៍​ជា​សាធារណៈ​ ជេរ​ប្រមាថ​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ ពាក់ព័ន្ធ​នឹង​ការ​ថ្លែង​ជា​សាធារណៈ​របស់​មន្ត្រីគណបក្ស​នេះ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​មួយ​របស់​គ.ជ.ប

គ.ជ.ប​ បាន​ចោទ​លោក ​អ៊ី សាំងឡេង អនុ​ប្រធាននៃ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ថា ​បាន​ផ្តល់​ការ​អធិប្បាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពាក់ព័ន្ធ​នឹង​ការ​ចុះ​ឈ្មោះ​ប្រជាពលរដ្ឋ​បោះ​ឆ្នោត កាលពី​អំឡុង​ខែ​វិច្ឆិកា ដែល​ស្ថាប័ន​បោះ​ឆ្នោត​អះអាង​ថា​ជា​ការ​បរិហារ​កេរ្តិ៍​ឈ្មោះ កិត្តិយស​ និង​សេចក្តី​ថ្លៃ​ថ្នូរ​របស់​ស្ថាប័ន​គ.ជ.ប។

គ.ជ.ប បាន​ស្រង់​សេចក្តី​អធិប្បាយ​របស់​លោក​ អ៊ី សាំង​ឡេង ដែល​ចោទ​គ.ជ.ប​ថា​ជា«ចោរ» និង«អ្នក​អនុវត្ត​ផែន​ការ​ចុះ​ឈ្មោះ​មនុស្ស​ដោយ​ខុស​ច្បាប់​ ដើម្បី​ធានា​ថា​បរទេស​នៅ​តែ​អាច​ត្រួត​ត្រា​ខ្មែរ​បាន»។

ក្នុង​សេចក្តី​ប្រកាស​របស់​គ.ជ.ប​ ចុះ​ថ្ងៃ​ទី​៧ ខែ​ធ្នូ​ លោក សោម សូរីដា​ អគ្គ​លេខាធិការ​រង​របស់​គ.ជ.ប លើក​ឡើង​ថា​ការ​ចែកចាយ​ព័ត៌មាន ឬ​បញ្ចេញ​មតិ​តាម​រយៈ​បណ្តាញ​សង្គម​របស់​អ្នក​នយោបាយ​នោះ មាន​លក្ខណៈ​បំផ្លើស និង«ញុះញង់​ឲ្យ​មាន​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា ឬ​បង្ក​អសន្តិសុខ​ដល់​សង្គម»។

លោក ហង្ស​ ពុទ្ធា​ អ្នក​នាំ​ពាក្យ​របស់​គ.ជ.ប ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ពាក្យបណ្តឹង​ប្រឆាំង​នឹង​មន្ត្រី​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​រូប​នោះ បាន​ចូល​ដល់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ហើយ​កាល​ពី​ថ្ងៃ​ច័ន្ទ។

លោក​បន្ថែម​ថា​ព័ត៌មាន​ដែល​អ្នក​នយោ​បាយ​រូប​នោះ​លើក​ឡើង ​មិន​ពិត​នោះ​ទេ បើ​ទោះ​បីជា​លោក​ទទួល​បាន​ពី​ភ្នាក់ងារ​របស់​គណបក្ស​នៅ​តាម​បណ្តា​ខេត្ត​ក៏​ដោយ។

លោក​បញ្ជាក់​ថា៖ «ដោយ​សារ​គាត់​ទទួល​ព័ត៌មាន​ពី​បណ្តាញ​របស់​គាត់។ ប៉ុន្តែ​ព័ត៌មាន​របស់​គាត់​ គឺ​មិន​មាន​ភស្តុតាង​ ហើយ​ជួន​កាល​បណ្តាញ​របស់​គាត់​មិន​ក្តាប់​បាន​នូវ​នីតិវិធី។ ទាល់​តែ​អ៊ីចឹង​ទៅ​គាត់​ធ្វើ​ការ​ប្តឹង។ ហើយ​អ្វី​ដែល​ខ្ញុំ​បាន​ជួប​ប្រទះ​ផ្ទាល់​ហ្នឹង គឺ​សួរ​ទៅ​បណ្តាញ​របស់​គាត់​ទៅ​ បណ្តាញ​ថា​អត់...រយៈ​ពេល​ទុក​ឲ្យ​ប្តឹង​ខ្លី​ពេក។ អ៊ីចឹង​...គាត់​អត់​មាន​ពេល​គិត។ អ៊ីចឹង​គាត់​ត្រូវ​ប្តឹង​សិន ដើម្បី​គាត់​មានឱកាស​ប្តឹង​បន្ត​ទៅ​ទៀត»។

លោក​បាន​ពន្យល់​បន្ថែម​ពី​ហេតុ​ផល​ដែល​ក្រុម​គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិប​តេយ្យតវ៉ា​រឿង​ការ​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​យ៉ាង​ដូច្នេះ​ថា៖«អ្វី​ដែល​គាត់​ប្តឹង​ហ្នឹង គឺ​គាត់​ចង់​សំដៅ​ទៅ​លើ​ថា​អត់​មាន​អាសយ​ដ្ឋាន​នៅ​ក្នុង​ឃុំ​សង្កាត់​...​ប៉ុន្តែ​មន្ត្រី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ហ្នឹង​ ចុះ​ឈ្មោះ​ឲ្យ។ អ្វី​ដែល​គាត់​ប្តឹង គឺ​ភាគ​ច្រើន​ទៅ​លើ​បញ្ហា​ហ្នឹង»។

ភ្លាមៗ​ក្រោយ​ទទួល​បាន​ដំណឹង​នៃ​ការ​ដាក់​ពាក្យ​បណ្តឹង​របស់​គ.ជ.​ប ទៅ​តុលាការ​ក្រុង​ភ្នំពេញ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​បាន​ប្រតិកម្ម​ជា​បន្តបន្ទាប់​នៅ​លើ​បណ្តាញ​សង្គម​របស់​ខ្លួន គិត​ចាប់​តាំង​ពី​ថ្ងៃ​ច័ន្ទ​មក។

នៅ​ក្នុង​សារ​មួយ​តាម​ទំព័រហ្វេសប៊ុក​របស់​ខ្លួន​ គណបក្សនេះ​បាន​លើក​ឡើង​ថា«បើ​ គ.ជ.ប​ ប្រាកដ​ថា​ខ្លួន​ត្រឹម​ត្រូវ​ មិន​មែន​ជា​ចោរ​មែន បើក​សវនា​ការ​មួយ​មក​ និយាយ​តតាំង​គ្នា​ជាមួយ​គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ ហើយ​ផ្សាយ​ផ្ទាល់​ឲ្យ​ប្រជាពលរដ្ឋ​បាន​មើល​ឃើញ​ទាំង​អស់​គ្នា។ នេះ​ជា​ទី​ភ្លឺ ​បើ​មិន​ហ៊ាន​ឡើង​ទី​ភ្លឺ​ទេ គឺ​គេ​និយាយ​ថា​ គ.ជ.ប​ ជា​ចោរ​នេះ ​មិន​មាន​អី​ខុស​ទេ»។

សារ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​នោះ ក៏​មាន​ភ្ជាប់​រូប​ថត​របស់​លោក ​អ៊ី សាំងឡេង ដែល​ត្រូវ​បាន​ស្ថាប័ន​គ.ជ.ប ​ប្តឹង។

កន្លង​ទៅ លោក​ អ៊ី សាំងឡេង​ បាន​អធិប្បាយ​តាម​ការ​ផ្សាយ​វីដេអូផ្ទាល់​លើ​បណ្តាញ​សង្គម​របស់​គណ​បក្ស​លោក ពាក់​ព័ន្ធ​នឹង​ភាព​មិនប្រក្រតី​មួយ​ចំនួនដែល​បាន​កើត​ឡើង​ក្នុង​ពេល​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត។ លោក​និយាយ​ថា​មេឃុំ​មួយ​ចំនួន​បាន​ធ្វើខុស​នីតិវិធី​ក្នុង​ការ​បើក​ផ្លូវ​ឲ្យ​ជន​ដែល​មិន​ស្នាក់​នៅ​ក្នុង​ឃុំ​ដែល​ត្រូវ​បោះ​ឆ្នោត​នោះ បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត។

លោក​មាន​ប្រសាសន៍​ថា៖ «យើង​សួរ​ថានៅ​អត់​ អត់​នៅ​ទេ។ គាត់​អត់​ដឹង​ថា​ អា​ចេញ​លិខិត​បញ្ជាក់​ទី​លំនៅ​ឲ្យ​គេ​ ទាំង​គេ​អត់នៅ​ក្នុង​ឃុំ​នេះ គឺ​ខុស​ទេ។ គាត់​អត់​ដឹង​ទេ។ ស្ថាន​ភាព​[ប្រជា​ពលរដ្ឋ​ខ្មែរ]​ មេឃុំ​របស់​យើង ​គឺ​អ៊ីចឹង»។

លោក​អះអាង​ថា​ភ្នាក​ងារ​គណបក្ស​របស់​លោក​បាន​ចុះ​ទៅ​សង្កេត​ការណ៍​ផ្ទាល់​ និង​តាម​រក​អ្នក​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ តែ​មិន​ស្នាក់​នៅ​ក្នុង​ឃុំ​ដែល​បាន​ចុះ​ឈ្មោះ។

«​យើង​ទៅ​សង្កេត​ការណ៍​ តើ​បង​ប្អូន​ធ្វើ​យ៉ាង​ម៉េច​បង​ប្អូន​ ទៅ​ចាប់​គេ​ថាធ្វើ​មិន​ត្រឹមត្រូវ​ តើ​បង​ប្អូន​ធ្វើ​យ៉ាង​ម៉េច? មិន​ទៅ​តាម​មើល​ថា​ប្រជាពលរដ្ឋ​ហ្នឹង​នៅ​ក្នុង​ឃុំ​ហ្នឹង​ដែរ​ឬ​អត់។ អា​ឯកសារ​មើល​ហើយ ប៉ុន្តែ​មើល​រូបភាព​ជាក់​ស្តែង​ដែរ។ ការ​ពិត​តើ​ប្រជា​ពលរដ្ឋ​ហ្នឹង​នៅ​ក្នុង​ឃុំ​មែន​អត់​ យើង​មិន​ទៅ​មើល»។

វីអូអេ​មិន​ទាន់​អាច​ទាក់​ទង​សុំ​ការ​អធិប្បាយ​ពី​លោក អ៊ី សាំងឡេង អនុ​ប្រធាន​ទី​មួយ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិប​តេយ្យ​បាន​ទេ នៅ​ថ្ងៃ​ច័ន្ទ​នេះ ទាក់ទង​នឹង​ពាក្យ​បណ្តឹង​របស់​គ.ជ.ប។ ​

លោក ​ហង្ស​ ពុទ្ធា​ អ្នក​នាំ​ពាក្យ​របស់​គ.ជ.ប​ ច្រាន​ចោល​ការ​អធិប្បាយ​របស់​លោក​ អ៊ី សាំងឡេង​ ហើយ​ថា​ភ្នាក់​ងារ​របស់​គណបក្ស​សម្ព័ន្ធដើម្បី​ប្រជាធិបតេយ្យ​ ដែល​ប្តឹង​មក​គ.ជ.ប​ មិន​ទទួល​យក​ការ​ដោះ​ស្រាយ​ពាក្យ​បណ្តឹង ដែល​គ.ជ.ប​ បាន​ធ្វើ​រួច​ទៅ​ហើយ មុន​គ.ជ.ប សម្រេច​ប្តឹង​ទៅ​តុលាការ។

លោក​កត់​សម្គាល់​ថា​ភ្នាក់ងារ​គណ​បក្ស​នយោ​បាយ​នេះ​ ក៏​បាន​ធ្វើ​ហួស​ពី​ការ​ប្តឹង​ផ្តល់ ដោយ​ការ​ងាក​ទៅ​បរិហារ​កេរ្តិ៍ស្ថាប័ន​គ.ជ.ប។

«ក្រៅ​ពី​នីតិវិធី​ដែល​គាត់​បាន​ធ្វើ​កន្លង​មក​ គឺ​គាត់​បាន​ធ្វើ​ការ​បរិហាកេរ្តិ៍​ជា​សាធារណៈ​ ធ្វើ​ការ​ញុះញង់​ ហើយ​និងជេរ​ប្រមាថ​ជា​សាធារណៈ​ ដែល​ប៉ះពាល់​ដល់​ស្ថាប័ន»។

លោក កន សាវាង្ស​ អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល​យល់​ថា ការ​ដាក់​ពាក្យប្តឹង​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ មិនមែន​ជា​យន្តការ​សម​ស្រប​ដើម្បី​ដោះស្រាយ​ការ​ខ្វែង​គំនិត​គ្នា​បាន​ទេ។

«ខ្ញុំ​និយាយ​ត្រង់​នេះ​ មិន​មែន​ខ្ញុំ​សំដៅ​ទៅ​លើក​ទឹក​ចិត្ត​ លើក​អ្នក​និយាយ​បញ្ហា​ចោទ​ប្រកាន់​ផ្តេសផ្តាស​ ខ្ញុំ​អត់​ចង់​និយាយ​រឿង​ហ្នឹង​ទេ។ ខ្ញុំ​ចង់​និយាយ​ថា​ ស្ថាប័ន​គ.ជ.ប​ ស្ថាប័ន​រដ្ឋ​គឺ​ជា​ស្ថាប័ន​បម្រើ​សេវា​ គួរ​តែ​យក​យន្តការ​ក្នុង​ការ​បង្ហាញ ក្នុង​ការ​ពន្យល់​ជា​រឿង​ដែល​ល្អ និង​ត្រឹមត្រូវ​វិញ។ បាទហ្នឹង​ជា​រឿង​មួយ​ដែល​ប្រសើរ​សម្រាប់​ការ​ដោះ​ស្រាយ»។

មន្ត្រី​អង្កេត​ការ​បោះ​ឆ្នោត​រូប​នេះ​បន្ថែម​ថា​ករណី​ប្តឹង​ផ្តល់​របស់​គ.ជ.ប ប្រឆាំង​សកម្មជន​នយោបាយទៅ​កាន់​តុលាការ​នេះ​ គឺ​ជា​រឿង​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ទេ។

ដំណើរ​ការ​ពិនិត្យ​ឈ្មោះ និង​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត បាន​ប្រព្រឹត្ត​ទៅ​ទូទាំង​ប្រទេស​រយៈពេល​១៩​ថ្ងៃ ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១​ដល់​ថ្ងៃ​ទី​១៩​ ខែ​តុលា។ គ.ជ.ប ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​ អ្នក​បោះឆ្នោត​ចំនួន​ជាង​១៥​ម៉ឺន​នាក់ ​អាច​នឹង​ត្រូវ​លុបចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០២០។ ចំនួន​នេះ​សំដៅ​ដល់​អ្នក​ទទួល​មរណភាព ផ្លាស់ប្តូរ​លំនៅ​ឋាន​ បាន​ចុះ​ឈ្មោះ​លើស​ពី​មួយ​កន្លែង និង​ត្រូវ​បាន​ដក​ហូត​ជា​បណ្តោះ​អាសន្ន​នូវ​សិទ្ធិ​បោះ​ឆ្នោត។

ទាក់​ទិនការ​ប្តឹង​ផ្តល់​ប្រឆាំង​នឹង​ភាព​មិន​ប្រក្រតី​នៃ​ការ​ចុះ​បញ្ជី​ឈ្មោះ​បោះឆ្នោត​នោះ​ គ.ជ.ប​ឲ្យ​ដឹង​ថា ខ្លួន​បាន​ទទួល​ពាក្យ​បណ្តឹង​សរុប​ចំនួន​១៤០​បណ្តឹង ក្នុង​នោះ​នៅ​ថ្នាក់​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ​បាន​ទទួល​១៣៨​បណ្តឹង និង​នៅ​ថ្នាក់​គ.ជ.ប មាន​បណ្តឹង​ចំនួន​២​បណ្តឹង។ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិប​តេយ្យ ​បាន​ដាក់​ពាក្យ​ប្តឹង​ចំនួន​១១១​បណ្តឹង៕

XS
SM
MD
LG