ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​និង​អ្នករិះគន់​ប្រឈម​ការ​វាយ​ប្រហារ​រាង​កាយ​ក្នុង​ការ​បង្រ្កាប​នយោបាយ​ឆ្នាំ​២០២០


អ្នក​ស្រី អ៊ុក​ ឆាយ៉ាវី​ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ ផ្តល់​បទ​សម្ភាស​ជាមួយ​វីអូអេ​នៅ​ផ្ទះ​អ្នក​ស្រី​ក្នុង​ស្រុក​កៀនស្វាយ​ ខេត្ត​កណ្តាល​ ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២០។ (ហ៊ុល រស្មី​/វីអូអេ)
អ្នក​ស្រី អ៊ុក​ ឆាយ៉ាវី​ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ ផ្តល់​បទ​សម្ភាស​ជាមួយ​វីអូអេ​នៅ​ផ្ទះ​អ្នក​ស្រី​ក្នុង​ស្រុក​កៀនស្វាយ​ ខេត្ត​កណ្តាល​ ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២០។ (ហ៊ុល រស្មី​/វីអូអេ)

រថយន្ត​ផលិត​នៅ​ប្រទេស​កូរ៉េ​ធុន​តូច​មួយ​គ្រឿង​ត្រូវ​បាន​ចត​នៅ​ក្បែរ​វិហារ​សាសនា​គ្រិស្ត​មួយ ស្ថិត​នៅ​ក្នុង​ឃុំ​ដី​ឥដ្ឋ​ស្រុក​កៀន​ស្វាយ​ ខេត្ត​កណ្តាល។ វា​ជា​រថយន្ត​របស់​អ្នកស្រី អ៊ុក ឆាយ៉ាវី ជា​អ្នក​តស៊ូ​មតិ​លើ​វិស័យ​អប់រំ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ បច្ចុប្បន្ន អ្នកស្រី​ជា​ប្រធាន​សមាគមគ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ។

អង្គុយ​នៅ​ផ្ទះ​ក្រោយ​វិហារ​យេស៊ូ​គ្រិស្ត អ្នកស្រី អ៊ុក ឆាយ៉ាវី អាយុ​៤៦​ឆ្នាំ ចាប់​ផ្តើម​រៀបរាប់​ថាអ្នកស្រី​ទិញ​រថ​យន្ត​តូច​នេះ​មក​ប្រើប្រាស់ បើ​ទោះ​ត្រូវ​ជំពាក់​លុយ​គេ ដើម្បី​ការពារ​សុវត្ថិភាព​របស់​អ្នកស្រី។

អ្នកស្រី​ថ្លែង​ប្រាប់​VOA​ថា៖ «ពេល​ផ្ទះ​នេះ​ខ្ញុំ​បាន​រក​លុយ​គេ​ធ្វើ​មួយ​ហើយ។ ឥឡូវ​ហ្នឹងខ្ញុំ​នៅ​រក​លុយ​គេ​ទិញ​ឡាន​មួយ​ដើម្បី​សុវត្ថិភាព​ដើម្បី​ខ្ញុំ​ធ្វើ​ដំណើរ​ទៅភ្នំពេញ។ ឃើញ​ឡាន​តូច​មួយ​ហ្នឹង!»។

អារម្មណ៍​ភ័យ​ខ្លាច​បាន​ហួង​ហែង​អ្នកស្រី​ឲ្យ​រអា​នឹង​ការ​ធ្វើ​ដំណើរ​តាម​ម៉ូតូ ក្រោយ​អ្នកស្រី​រង​ការ​វាយ​ប្រហារ​ពីជន​មិន​ស្គាល់​មុខ​ពីរ​នាក់ ដោយ​បាន​ជិះ​ម៉ូតូ​មក​ទាញ​ដៃ​ម៉ូតូរបស់​អ្នកស្រីឲ្យ​ដួល​ផ្ទប់​នឹង​ថ្នល់ កាល​ពី​ខែ​សីហា ឆ្នាំ​នេះ។ ហេតុការណ៍​នេះ​បណ្តាល​ឲ្យ​អ្នកស្រី​រង​របួស​ត្រង់​មុខ និង​ម្រាម​ដៃ​ខាង​ឆ្វេង។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «សព្វថ្ងៃ​នេះ​ខ្ញុំ​លែង​ចង់​ហ៊ាន​ជិះ​ម៉ូតូ​សូម្បី​តែ​ភ្នំពេញ​អី ខ្ញុំ​ខ្លាច​ហើយ​លែង​ហ៊ាន​ជិះ​ម៉ូតូ​ហើយ​ឥឡូវ​ហ្នឹង។ ដល់​ដំណាក់​កាល​មួយ​ដែល​ខ្ញុំ​ភ័យ​ខ្លាច​មែន​ទែន»។

អ្នក​តស៊ូ​មតិ​រូប​នេះ​មិនមែន​ជា​បុគ្គល​តែ​ម្នាក់ដែល​រង​ការ​វាយ​ប្រហារ​ពី​ជន​មិន​ស្គាល់​មុខ​នោះ​ទេ។អតីត​មន្ត្រី ​សកម្មជន អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ទៀត ក៏​មាន​ជោគ​វាសនា​ស្រដៀង​គ្នា​នេះ​ដែរ។ អ្នក​ធ្វើ​ការ​លើ​ផ្នែក​សិទ្ធិ​មនុស្ស​បង្ហាញ​ក្តី​បារម្ភ​ចំពោះ​ការ​ប្រើ​ប្រាស់​ហិង្សា​លើ​អ្នក​តស៊ូ​មតិ​ឬ​ក៏​សកម្ម​ជន​បក្ស​ប្រឆាំង នៅ​ក្នុង​ការបន្ត​បង្រ្កាប​នយោបាយ​ឆ្នាំ​២០២០​នេះ។

អ្នកស្រី អ៊ុក ឆាយ៉ាវី ដែល​ជា​ម្តាយ​កូន​២នាក់ គឺ​ជា​អ្នករិះគន់​រដ្ឋាភិបាល​មិន​សំចៃ​មាត់​ម្នាក់ ពាក់​ព័ន្ធ​នឹង​វិស័យ​អប់រំ​ក្នុង​នោះ​មាន​ការ​ដំឡើង​ប្រាក់​ខែ​គ្រូ​បង្រៀន​ជា​ដើម។

អ្នកស្រី​បាន​ទទួល​តំណែង​ជា​ប្រធាន​សមាគមគ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ក្រោយ​លោក ​រ៉ុង​ ឈុន បាន​លាលែងហើយ​ចូល​ទៅ​ធ្វើ​ជា​សមាជិកគណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(គ.ជ.ប)​កាល​ពី​ឆ្នាំ​២០១៥។ លោក រ៉ុង ឈុន ដែល​ជាមេដឹកនាំ​សហជីព​មួយ​រូប កំពុងជាប់​ពន្ធនាគារ ក្រោយ​រិះគន់​ការ​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម ដោយ​លោកត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ចុង​ខែ​កក្កដា ឆ្នាំ​២០២០។

របួស​របស់​អ្នកស្រី អ៊ុក​ ឆាយ៉ាវី ដែល​ជា​គ្រូ​បង្រៀន​ផ្នែក​អប់រំ​កាយ និង​កីឡា​ម្នាក់ ជាប់​ទាក់​ទង​នឹង​ការ​ឃុំ​ខ្លួន​លោក​រ៉ុង ឈុន​ព្រោះ​អ្នកស្រី​បានចេញ​មុខ​តវ៉ា​ជំទាស់​នឹងការ​ចាប់​ខ្លួន​លោក​រ៉ុង​ ឈុន ​ជា​បន្ត​បន្ទាប់។ អ្នកស្រី​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយកាល​ពី​ថ្ងៃ​ទី​១០​ខែ​សីហា​ គឺ​នៅ​ពេល​អ្នកស្រីចេញ​ពី​ពន្ធនាគារព្រៃស បន្ទាប់​ពី​សួរ​សុខ​ទុក្ខ​លោក​រ៉ុង ឈុន។

អ្នកស្រីរំ​ឭក​ឡើង​វិញ​ថា៖ «​ខ្ញុំ​មក​វិញ​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ជន​មិន​ស្គាល់​មុខ​ជិះ​ម៉ូតូ​តាម​ក្រោយ​ហើយ​ក៏​ទាញ​ទាញ​ដៃ​ចង្កូត​ខ្ញុំ​ផ្តួលប៉ង​សម្លាប់ខ្ញុំ​តែ​ម្តង។ ហើយ​នៅ​ពេល​កើត​ហេតុ​ហ្នឹង គឺ​ខ្ញុំ​បាន​សន្លប់​បាត់​ហើយ។ ខ្ញុំ​បាន​សន្លប់​បាត់​ទៅ។ អ៊ី​ចឹង​ប្តី​ខ្ញុំ​ប្តី​ខ្ញុំ​ក៏​យក​ខ្ញុំ​មក​គាត់​ធ្វើ​ចលនា​ឲ្យ​ខ្ញុំ​ដឹង​ខ្លួន។ ហើយ​គាត់​ក៏​យក​ខ្ញុំ​ទៅ​ពេទ្យ​...បើ​សិន​ជាខ្ញុំ​អត់​មាន​ប្តី​ទៅ​ជាមួយ​ខ្ញុំ​ប្រហែលជាគេ​ថា​យើង​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​អ្វីដែល​យើង​ជិះ​ម៉ូតូ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដោយ​ចៃដន្យ​របស់​យើងហើយ។ តាម​ពិត​នេះ​មិន​មែន​ចៃដន្យ​ទេ»។

នៅ​ក្នុង​របាយការណ៍​មួយ​ចេញ​ផ្សាយ​ក្នុង​ខែ​ធ្នូ​នេះ​ស្តីពី​«ការ​តស៊ូ​ដើម្បី​សេរីភាព៖​ការ​រំលោភ​បំពាន​អ្នកការពារ​សិទ្ធិមនុស្ស​២០១៨​-២០២០» អង្គ​ការ​សិទ្ធិ​មនុស្ស​លីកាដូ​ឲ្យ​ដឹង​ថា​គិត​ចាប់​តាំង​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ២០១៧​មក​នោះ អ្នក​ការពារ​សិទិ្ធ​មនុស្ស​ត្រូវបានគេ​គំរាម​កំហែង ចាប់​ឬ​ឃុំខ្លួន​ដោយ​សារ​អ្នកទាំង​នោះអនុវត្ត​នូវ​សិទិ្ធ​សេរីភាព​របស់​ពួក​គេ​លើ​ការ​ជួប​ជុំ​ប្រមូល​ផ្តុំ ​និង​បញ្ចេញ​មតិ​ដោយអហិង្សា។

របាយការណ៍​បញ្ជាក់​ថា៖ «ការ​ចាប់​និង​ឃុំ​ខ្លួន​អ្នក​ការពារ​សិទិ្ធ​មនុស្ស​ជា​ច្រើន​នាក់​នៅ​ក្នុង​អំឡុង​ពេល​៦​ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ​នេះ គឺជា​ការ​កើន​ឡើង​ដ៏​ខ្ពស់​បំផុត​មួយ​នៃ​ការ​បង្ក្រាប​លើ​ការ​តស៊ូ​មតិ និង​ភាព​សកម្ម​និយម​អហិង្សា ក្នុង​រយៈ​ពេល​បី​ឆ្នាំ​ចុង​ក្រោយ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​អាជ្ញាធរ​រដ្ឋ»។

លោក​អំ សំអាត នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​និង​ការ​ពារ​សិទ្ធិ​មនុស្ស​នៃ​អង្គ​ការ​លីកាដូ មាន​ប្រសាសន៍​ថា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​រាង​កាយ​អ្នក​មាន​ទស្សនៈ​ផ្ទុយ​ពី​រដ្ឋាភិបាល​និង​សកម្មជន​បក្ស​ជំទាស់​បាន​កើន​ឡើង​ខ្លាំង​នៅ​ឆ្នាំ​២០២០​នេះ ធៀប​នឹង​មុន​ពេល​រំលាយ​បក្ស​សង្គ្រោះជាតិ​ដែល​មាន​តែ​ការ​បំភិត​បំភ័យ​គំរាម​កំហែង ឬ​ការ​ទម្លាក់​ស្លាក​គណបក្ស។

លោក ​អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​ និងការ​ពារ​សិទ្ធិ​មនុស្ស​នៃ​អង្គ​ការ​លីកាដូ​ និយាយ​ជាមួយ​វីអូអេ​នៅ​ទីស្នាក់​កណ្តាល​របស់​អង្គការ​លីដូ​ ក្នុង​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​ ថ្ងៃទី​១៨ ខែធ្នូ​ ឆ្នាំ​២០២០។​ (ហ៊ុល រស្មី/វីអូអេ)
លោក ​អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​ និងការ​ពារ​សិទ្ធិ​មនុស្ស​នៃ​អង្គ​ការ​លីកាដូ​ និយាយ​ជាមួយ​វីអូអេ​នៅ​ទីស្នាក់​កណ្តាល​របស់​អង្គការ​លីដូ​ ក្នុង​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​ ថ្ងៃទី​១៨ ខែធ្នូ​ ឆ្នាំ​២០២០។​ (ហ៊ុល រស្មី/វីអូអេ)

នៅ​ឯ​ការិយាល័យ​របស់​លោក​ក្នុង​សង្កាត់​បឹង​ត្របែកខណ្ឌចំការមន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ​ដែល​ធ្លាប់​រង​ការ​វាយ​ប្រហារ​ក្នុង​ពេល​បំពេញ​ការងារ​ប្រាប់​VOA​ថា៖ «កាល​ពី​មុន​មក​យើង​ឃើញ​ថា​អំពើ​ហិង្សា​ ឬ​ការ​គំរាម​កំហែង​វា​មាន​រូបភាព​ខុស​ពី​ហ្នឹង​ដែលវា​មិន​សូវ​ជា​រូប​ភាព​មួយ​មាន​ការ​ព្រួយ​បារម្ភ​ដូច​ឥឡូវ ដែល​យើង​ឃើញ​ថា​មាន​ជន​មិន​ស្គាល់​មុខ​តាម​វាយ​តាម​អី​ចឹង វា​កាន់​តែ​ជា​រូប​ភាព​មួយ​អាក្រក់​ជាង​ពីមុន ព្រោះ​ពី​មុន​គ្រាន់​តែ​ថា​ការ​គំរាម​កំហែង​ទម្លាក់​ស្លាក​អីហ្នឹង​អាហ្នឹងអាច​ដោះ​ស្រាយ​គ្នា​ជជែក​គ្នា​បាន។ ប៉ុន្តែ​រឿង​ដែល​ថា​ប្រើ​ប្រាស់​អំពើ​ហិង្សា​ក្នុង​ការ​លប​វាយ​អីនេះ​ជា​ដើម ​វា​ជា​រឿង​មួយ​ធ្ងន់​ធ្ងរ​ណាស់»។

បើ​តាម​លោក​អំ សំអាត​ ករណី​វាយដំ​ឬ​បង្ក​គ្រោះ​ថ្នាក់​លើ​ក្រុម​អ្នក​រិះគន់​រដ្ឋាភិបាល និង​សកម្មជន​ឬ​ក៏​សាច់​ញាតិ​របស់​អតីត​មន្ត្រី​បក្ស​ប្រឆាំង ឬ​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ក្នុង​ឆ្នាំ​២០២០​នេះ មាន​ជាង​២០​ករណី។ លោក​បន្ថែម​ថា​អាជ្ញាធរ​មិន​ទាន់​ចាប់​បាន​ជន​សង្ស័យ​ណា​ម្នាក់​ទេ។

លោក អំ សំអាត មាន​ប្រសាសន៍​ថា៖ «បញ្ហា​នេះ​វា​ហាក់​បី​ដូច​ជា​មិន​ទាន់​បាន​បញ្ចប់​ហើយ​ក៏​មិន​ទាន់​ឃើញ​ថាចំណាត់​ការ​ហ្នឹង យក​ជន​ដែល​ប្រព្រឹត្ត​បទល្មើស​ណាមួយ​ហ្នឹង​ទៅ​ផ្តន្ទាទោស ដើម្បី​ជា​គំរូ ដើម្បី​ទប់​ស្កាត់ ឬ​ក៏​បញ្ឈប់​នូវ​អំពើ​ហិង្សា​នេះ​បន្ត​ទៅ​ទៀត​នោះ​ណា៎។ អ៊ីចឹង​អា​ចំណុច​នេះ គឺ​យើង​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​ជា​បន្ត​ទៅ​ទៀត»។

ចំណែក​លោក គង់​ រ៉ៃយ៉ា គឺជា​សកម្ម​ជន​ម្នាក់​ដែលរិះគន់​រដ្ឋាភិបាល ដែល​រង​អំពើ​ហិង្សាដោយ​ជន​មិន​ស្គាល់​មុខ​ដែរ។ មិន​ខុស​ពី​ហេតុការណ៍​របស់​អ្នកស្រី​អ៊ុក ឆាយ៉ាវី លោក ​រ៉ៃយ៉ា​អាយុ​២៩ឆ្នាំ​ដែល​មាន​កូន​ស្រី​អាយុ២​ឆ្នាំ ត្រូវ​បាន​ក្រុម​ជន​មិន​ស្គាល់​មុខ​២​នាក់ជិះម៉ូតូ​មក​ធាក់​លោក​ឲ្យ​ដួល​ទៅ​នឹង​ដី​ក្នុង​ខណ្ឌ​សែនសុខ រាជធានី​ភ្នំ​ពេញ​វេលា​ម៉ោង​ប្រមាណ​១​រសៀល កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ នៅ​ពេល​លោក​ដឹក​ទឹក​ឃ្មុំ​លក់​ឲ្យ​គេ។ លោក​បន្ត​ថា​ជន​មិន​ស្គាល់​មុខ​ថែម​ទាំងវាយ​លោក​យ៉ាង​កម្រោល​ជាមួយ​ដំបង​ដែក​ទីប។

លោក​ថ្លែង​ប្រាប់​VOA​ថា៖ «ការ​វាយ​ដំ​នេះ គឺ​ជា​ការ​រៀបចំ​ឡើង​ដោយ​ប្រព័ន្ធ​មួយ ដើម្បី​កម្ទេច​សំឡេង​ដែល​ហ៊ាន​រិះគន់​ភាព​អសកម្ម​របស់​មន្ត្រី​ដែល​បំផ្លាញ​ជាតិ​មួយ​ចំនួន​ហ្នឹង...ហើយ​ខ្ញុំ​ជឿ​ជាក់​ថា​អា​ការ​បង្រ្កាប​ដោយ​ហិង្សា​ហ្នឹង​គឺ​សមត្ថកិច្ច​គ្មាន​សមត្ថភាព​រក​ឃើញ​ទេ​ដោយ​សារ​តែ​វា​ជា​រឿង​ដែល​ពាក់​ព័ន្ធ​ជាមួយ​នឹង​រឿង​នយោបាយ»។

ការ​វាយ​ប្រហារ​មក​លើ​លោក​គង់ រ៉ៃយ៉ា​ កើត​មាន​ឡើងក្រោយ​លោក​ទើប​តែ​ត្រឡប់​មក​ពី​ប្រទេស​ថៃ កាល​ពី​ខែ​វិច្ឆិកា។ លោក​បានភៀស​ខ្លួន​រស់​នៅ​ប្រទេស​ថៃ​មួយ​រយៈ​ដើម្បី​បញ្ចៀស​ពីការ​ធ្វើ​ទុក្ខម្នេញ​ខាង​នយោបាយ។ ក្រោយ​ការ​វាយ​ប្រហារកាល​ពី​ថ្ងៃ​សោរ៍​នោះ​លោក​ត្រូវ​អាជ្ញាធរ​នាំ​ខ្លួន​ទៅ​ធ្វើ​ចត្តាឡីស័ក ក្រោម​ហេតុ​ផល​ថា​បារម្ភ​ពីមាន​ផ្ទុក​ជំងឺ​កូវីដ ខណៈ​មាន​ករណី​ផ្ទុះ​ឆ្លង​សហគមន៍​ក្នុង​ប្រទេស​ថៃ។

លោក គង់ រ៉ៃយ៉ា ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​២​ដង​មក​ហើយ និយាយ​ថា​ការ​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ ដោយ​សារ​លោក​ត្រូវ​មើល​ថែភរិយា​របស់​លោក និង​កូន​តូច។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​អត់​មាន​បំណង​ទៅ​ធ្វើ​រឿង​នយោបាយ​អី​ក្នុង​ខណៈ​ពេល​នេះ​ទេ។ ខ្ញុំ​គ្រាន់​តែ​មក​រស់​នៅ​ជួប​ជុំ​គ្រួសារ​និង​រកស៊ី​ចិញ្ចឹម​គ្រួសារ​តែ​ប៉ុណ្ណោះ​ទេ។ ប៉ុន្តែ​ខ្ញុំ​ក៏​មិន​យល់​ថាហេតុ​អី​បាន​ជា​ជន​លើ្មស​ហ្នឹង​វា​សាហាវ​ឃោរ​ឃៅ​ម៉្លេះ។ អា​ខ្ញុំ​មិន​មាត់ មិន​ពាក់​ព័ន្ធ​រឿង​នយោបាយ​ហើយ ក៏មិន​លើក​លែង។ មាន​បំណង​ចង់​ផ្តាច់​ជីវិត​ខ្ញុំ​ទៀត​វា​ដូច​ជា​ជ្រុល​ហួស​ហេតុ​ពេក»។

លោក អ៊ុំ​ សំអាន​អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​រស់​នៅ​ឯ​សហរដ្ឋ​អាមេរិក ថ្លែង​ប្រាប់ ​VOA ​ថា​ការ​លប​វាយ​ដំ​របស់​ជន​មិន​ស្គាល់​អត្តសញ្ញាណ​មក​លើ​អ្នកគាំទ្រ ឬ​សកម្មជន និង​មន្ត្រី​គណបក្ស​ប្រឆាំង​នេះ គឺ​ដើម្បីបំបាក់​ស្មារតី​របស់​ពួកគេ។

អតីត​តំណាងរាស្ត្រដែលធ្លាប់​ជាប់​ពន្ធនាគារ និង​ហើយ​ធ្លាប់​រង​ការ​ព្រមាន​ចាប់​ខ្លួន​ពី​លោក ហ៊ុន សែន​ អះអាងទៀត​ថា​ការ​វាយ​ដំ​នេះ​រមែង​កើត​ឡើង​រាល់​ពេល​ដែល​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រកាស​ពី​ផែន​ការ​វិល​ចូល​ប្រទេស​វិញ ពោលគឺ​គិត​ចាប់​តាំង​ពីឆ្នាំ​២០១៩​មក​ជា​ពិសេស គឺ​នៅ​មុន​និង​ក្រោយ​ការ​ប្រកាស​មាតុភូមិ​និវត្តន៍របស់​លោក ​សម រង្ស៊ី មេដឹកនាំ​បក្ស​ប្រឆាំង កាល​ពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា​ឆ្នាំ​២០១៩។

លោក​មាន​ប្រសាសន៍​ថា៖ «គេ​ធ្វើ​ហ្នឹង​ដើម្បី​បំភិត​បំភ័យ​ដើម្បី​ធ្វើ​ឲ្យ​អ្នក​ដទៃ​ទៀត​ភិត​ភ័យ​ខ្លប​ខ្លាច​មិន​ហ៊ាន​ចូល​រួម​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​នៅ​ពេល​ខាង​មុខ​ ហើយ​មិន​ឲ្យ​ចូលរួម​តវ៉ា បញ្ហា​អយុត្តិធម៌​ផ្សេងៗ​មិន​ឲ្យ​ចូល​រួម​សកម្មភាព​ណា​ដែល​គាំទ្រ​សកម្ម​ភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ»។

លោក​បន្ថែម​ថា៖ «ខ្ញុំ​យល់​ថាការ​លួច​វាយ​ទៅ​លើ​សកម្មជន និង​ក្រុម​គ្រួសារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង​គឺ​ជា​ការ​រៀបចំ​ជា​ប្រព័ន្ធ​ដោយ​របប​ក្រុង​ភ្នំពេញ​ដើម្បី​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​សកម្មជន​និង​ក្រុម​គ្រួសារ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ។ ហើយ​ខ្ញុំ​យល់​ថា​រឿង​នេះ​នឹង​បន្ត​កើត​មាន​ឡើង​បន្ត​ទៀត​ព្រោះ​កន្លង​មក​នេះ​ជន​ល្មើស​ដែលលួច​វាយ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង​មិន​ត្រូវ​បាន​សមត្ថកិច្ចចាប់​ខ្លួន​នោះ​ទេ»។

ចំណែក​អ្នកស្រី សេង​ ចាន់ថន ជា​ពលរដ្ឋ​ម្នាក់ មក​ពី​ខេត្ត​កំពង់​ធំ មាន​ស្វាមី​របស់​អ្នកស្រី គឺ​លោក ស៊ុន ធន់ អតីត​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ធំ​របស់​បក្ស​ប្រឆាំង ក៏​ធ្លាប់​ត្រូវ​បាន​វាយ​ប្រហារ​ដែរ។ អ្នកស្រី​បាន​ឡើង​មក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ​ជា​បន្ត​បន្ទាប់ ដើម្បី​ទាមទារ​ឲ្យ​ដោះ​លែង​ស្វាមី ដែល​ជា​មនុស្ស​សកម្ម​ម្នាក់​របស់​បក្ស​ប្រឆាំង ហើយ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​មិថុនា។

លោក ​ស៊ុន ធន់​ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះ​ញង់ ក្នុងបទ​ល្មើស​មួយ​ចំនួន ក្នុង​នោះ​ក៏ទាក់​ទង​នឹង​គម្រោង​របស់​លោក​សម រង្ស៊ី​ វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​កាល​ពី​ថ្ងៃទី​៩​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៩។

អ្នកស្រី​សេង​ ចាន់ថន អាយុ​៤៩​ឆ្នាំ មាន​ប្រសាសន៍​ថា​លោក​ ស៊ុន ធន់ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​៤​នាក់​វាយ​ដំ​ក្នុង​ខេត្ត​កំពង់​ធំ​កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១៩ ហើយ​គំរាម​មិន​ឲ្យ​លោក​ធ្វើ​សកម្មភាព​នយោបាយតទៅ​ទៀត។

នៅ​ក្នុង​ការ​តវ៉ា​ជា​ច្រើន​ដង​នៅ​រាជធានី​ភ្នំពេញ យុត្តិធម៌​សម្រាប់​ស្វាមី​ក៏​មិន​បាន ហើយ​អ្នក​ស្រី សេង ចាន់​ថន​ក៏​រង​គ្រោះ​ពីការ​ប្រើ​អំពើ​ហិង្សា​យ៉ាង​ចាស់​ដៃ​ពី​កង​សន្តិ​សុខ ហើយ​មាន​ពេល​មួយ​នោះ អ្នកស្រី​ត្រូវ​បាន​រុញ​ឲ្យ​ផ្ទប់​ទៅ​នឹង​ថ្នល់​ផង​ដែរ។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «ដោយ​សារ​គាត់​មិន​មាន​កំហុស​អីសោះ​ហើយ​គេ​ទៅ​ចាប់​ទៅ​ចង​គាត់​ដាក់​ពន្ធនាគារ​អ៊ីចឹង​...ដូច្នេះ​ដូចធ្វើ​ឲ្យ​ខ្ញុំ​មាន​ទឹក​ចិត្ត​មាន​កម្លាំង​តស៊ូ​ ដើម្បី​ទាម​ទារ​ដែល​គេ​ចាប់​គាត់​ទៅ​ដោយ​គ្មាន​កំហុស»។

ទាក់​ទង​នឹង​ការ​លប​វាយ​ដំ​លើ​អ្នក​គាំទ្រ ឬ​ក៏​សកម្ម​ជន​បក្ស​ប្រឆាំង​នេះ លោក សាន សុខ​សីហា​អ្នក​នាំពាក្យ​របស់​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​មាន​ប្រសាសន៍​ថា​ក្រុម​ប្រឆាំង​តែងចោទ​ប្រកាន់​អាជ្ញាធរ​ដោយ​ពុំ​មាន​មូល​ដ្ឋាន​ច្បាស់​លាស់។

លោក​មាន​ប្រសាសន៍​ថា៖ «ចំពោះ​ខ្ញុំ​ផ្ទាល់​ខ្ញុំ​មិន​គិត​ថា​អ៊ីចឹង​ទេ។ បញ្ហា​សំខាន់​បើ​មិន​ទាន់​មាន​ភស្តុតាង​ច្បាស់​លាស់​សមត្ថកិច្ច​មិន​ទាន់​ស្រាវ​ជ្រាវ​ឃើញ យើង​មិន​អាច​និយាយ​ថា​អាហ្នឹង​ជា​ករណី​អី​ទេ។ ការ​និយាយ​ចោទ​ប្រកាន់​របស់​គាត់​មក​លើ​រដ្ឋាភិបាល ឬ​ក៏​មក​លើ​ថ្នាក់​ដឹកនាំ វា​ជា​ទម្លាប់​របស់​គាត់​ទៅ​ហើយ។ ទាក់ទង​អា​បញ្ហា​ចោទ​ប្រកាន់​ទោះ​បី​ជា​ករណី​ជា​រឿង​គំនុំ​បុគ្គល ឬក៏​ករណី​អី​ ក៏​គាត់​យក​ទៅ​ចូល​រឿង​ហ្នឹង​ដែរ។ អ៊ីចឹង​វា​ជា​ទម្លាប់​របស់​ពួកគាត់​ទៅ​ហើយ»។

លោក​បណ្ឌិត​អ៊ា សុផល​សាស្ត្រាចារ្យ​ផ្នែក​ការទូត​និង​កិច្ចការ​អន្តរជាតិ​នៅ​មហាវិទ្យា​ល័យ​Occidental​ទីក្រុង​Los Angeles​ នៅ​សហរដ្ឋ​អាមេរិក​លើក​ឡើង​ក្នុង​សារ​អ៊ីមែល​មួយ​ថា​បរិយាកាស​នយោបាយ​នៅ​កម្ពុជា​មាន​ស្ថាន​ភាព​អាក្រក់​ជាង​ពេល​ណា​ទាំង​អស់​នៅ​ក្នុង​ឆ្នាំ​២០២០​នេះ។

លោក​មាន​ប្រសាសន៍​ថា៖ «វា​ជា​ឆ្នាំ​ដែល​អាក្រក់​មួយ​ទៀត​សម្រាប់​លទ្ធិ​ប្រជាធិប​តេយ្យ​សេរីភាព​ និង​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ក្រុម​អ្នក​រិះគន់​១៣០​នាក់​កំពុង​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្នុង​ការ​កាត់​ទោសដូច​ឆាក​ល្ខោន​ដែល​ប្រទេស​អ៊ីរ៉ង់​ធ្វើ និង​សហភាព​សូវៀត​ធ្លាប់​បាន​ធ្វើ។ ស្ថាន​ភាព​នេះ​អាក្រក់​ជាង​ពេល​ណា​ទាំង​អស់»។

លោក​បន្ថែម​ថា៖ «ការ​វាយ​ប្រហារ​លើ​រាង​កាយ​លើ​អតីត​អ្នក​គាំទ្រ សកម្មជននិង​អ្នករិះគន់​រដ្ឋាភិបាល​មិន​ត្រូវ​មាន​ទេ​នៅ​កម្ពុជា។ កម្ពុជា​បានងាក​ជាថ្មី​ទៅ​រក​របប​កម្ពុជា​ប្រជាធិបតេយ្យ។ ហេតុអ្វី​ចាំបាច់​ត្រូវ​ត្រឡប់​ទៅ​ពិភព​នោះ​វិញ?»

លោក ​Phil Robertson​ នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​Human Rights Watchវាយ​តម្លៃ​ថា​ឆ្នាំ​២០២០​នេះ​នឹង​ត្រូវ​គេ​ចង​ចាំ​ថា​ជា​ឆ្នាំ​ដែល​លោក​ថាលោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ពូន​ផ្តុំ«អំណាច​ផ្តាច់​ការ​ពេញ​ទី»​ខណៈប្រទេស​ផ្សេង​ទៀត​នៅ​លើ​សាកលលោកត្រូវ​បាន​រំខាន​ដោយ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩។

លោកថ្លែង​ប្រាប់​VOA​តាមសារ​អ៊ីមែល​មួយ​ថា៖ «បើ​មើល​ជុំវិញ​តំបន់ វា​ក្រៀម​ក្រំ​ណាស់ ប៉ុន្តែ​វា​ជា​ការពិត​ដែល​ត្រូវ​និយាយ​ថា​កម្ពុជា​ជា​ឧទាហរណ៍​ដ៏​ច្បាស់​មួយ ដែល​ជំងឺ​រាត​ត្បាត​ត្រូវ​បាន​គេ​យក​មក​បម្រើ​ដល់​ការ​គ្រប់​គ្រង​រំលោភ​បំពាន​សិទ្ធិ​បន្ថែម​ទៀត។ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​នៅ​សេស​សល់​បាន​រង​ការ​វាយ​ប្រហារ​ពី​រដ្ឋាភិបាល ដោយ​ពួក​គេ​ជា​ច្រើន​នាក់ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ និង​នាំ​ខ្លួន​មក​ចូលរួម​សវនាការ​ដែល​នឹង​ចាប់​ផ្តើម​ឡើង​នៅ​ក្នុង​ខែ​ខាង​មុខ​នេះ ឬ​ក៏​ត្រូវ​បង្ខំ​ឲ្យ​ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃ»។

លោក​បន្ថែមថា៖«ក្រុម​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើ​បញ្ហា​រសើប​មួយ​ចំនួន​ដូច​ជា​សិទ្ធិ​មនុស្ស និង​ការ​ដណ្តើម​ដីធ្លី​បាន​ប្រឈម​មុខ​នឹង​ការ​ឃ្លាំ​មើល​ដែល​មិនធ្លាប់​មាន​ពី​មុន​មក ការ​គំរាម​កំហែង និង​ការ​ជ្រៀត​ជ្រែក​ពី​រដ្ឋា​ភិបាល។ រឿង​នេះ គឺ​វា​អាក្រក់​ខ្លាំង​ណាស់ និង​មិន​អាច​ទទួល​យក​បាន​ទេ។ ហើយ​សហគមន៍​អន្តរជាតិ​ត្រូវ​តែ​បង្ហាញ​ការ​ជំទាស់​នឹង​រឿង​នេះ»។

លោក​បន្ត​ថា​ការ​វាយ​ប្រហារ​រាង​កាយ​មក​លើ​អតីត​សកម្មជន​និង​ក្រុម​គាំទ្រ​គណបក្ស​ប្រឆាំង កំពុង​តែ​កើន​ឡើង​ដោយ​សារ​ជន​ដែល​ប្រព្រឹត្ត​អំពើ​ហិង្សា​នេះ មិន​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ។

លោក ​យ៉ង សាំងកុមារ​ប្រធាន​គណៈកម្មាធិការ​នាយក​ប្រតិបត្តិ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​មាន​ប្រសាសន៍​ថា​ការ​លប​វាយអតីត​សកម្មជន​ឬ​ក៏​អ្នកគាំ​ទ្រ​បក្ស​ប្រឆាំង​បាន​បង្កើតឲ្យ​មាន​បរិយាកាស​ភ័យ​ខ្លាច​ដែល​បង្ក​ការ​លំបាក​ដល់​គណបក្ស​របស់​លោក​ក្នុង​ការ​កៀរគរ​ពលរដ្ឋ​ឲ្យ​មក​ចូល​រួម​ជាមួយគណបក្ស​របស់​លោក។

លោក​មាន​ប្រសាសន៍​ថា៖ «យើង​ក៏​ជួបការ​លំបាក​ការ​លំបាក​ ជា​ពិសេស​ក្នុង​ការ​ចលនា​ឲ្យ​ប្រជាពលរដ្ឋ​ចូល​រួម​ក្នុង​កិច្ច​ការ​នយោបាយ​ជា​មួយ​យើង​ចូល​រួម​ក្នុង​ការ​ត្រៀម​ខ្លួន​បោះ​ឆ្នោត​ឃុំ​សង្កាត់​អីចឹង​ដោយ​សារ​ជា​ទូទៅ​គាត់​នៅ​មាន​ការ​ភ័យ​ខ្លាច។ គាត់​ភ័យ​ខ្លាច​ គាត់​រាង​ចាល។ ហើយ​អាហ្នឹង​វា​យើង​ជួប​នូវការ​លំបាក​ច្រើន។ អាហ្នឹង​វា​ជា​ដូច​ខ្ញុំ​បញ្ជាក់​ពី​ដើម​ទី​ហ្នឹង​វា​ជា​សញ្ញា​មិន​ល្អ​សម្រាប់​ការ​កសាង​សង្គម​មួយ​ដែល​មាន​ភាព​រស់​រវើក​ដែល​ប្រជាពលរដ្ឋ​ចូលរួម​ក្នុង​ការ​ងារ​កសាង​ប្រទេស​ជាតិ​ហ្នឹង»។​

ឆ្នាំ​២០២០​រៀប​តែ​ជិត​បញ្ចប់​ទៅ​ហើយ ប៉ុន្តែ​តុលាការ​កម្ពុជា​បាន​ចេញ​ដីកា​កោះ​ហៅ​ក្រុម​ថ្នាក់​ដឹកនាំ​មន្ត្រី និង​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ប្រមាណ​១៤០​នាក់​គិត​ចាប់តាំង​ពី​ចុង​ខែ​តុលា​មកដើម្បី​ចូលរួម​ការ​កាត់​ទោស​ក្នុង​សំណុំ​រឿង​ក្បត់​ជាតិ​ដ៏​ធំ​មួយ។

ត្រឡប់​ទៅ​អ្នកស្រី អ៊ុក​ ឆាយ៉ាវី ក្នុង​ស្រុក​កៀនសា្វយ​ខេត្ត​កណ្តាល​វិញ រថយន្ត​កូរ៉េ​តូច​មួយ​ដែល​មាន​តម្លៃ​ប្រមាណ​២.៥០០​ដុល្លារ​សហរដ្ឋអាមេរិក​នោះ​ត្រូវ​ចត​ចោល​ក្នុង​រោង​មួយ​ជាប់​នឹង​វិហារ​ព្រះ​យេស៊ូ​គ្រិស្ត។

ថ្វី​ដ្បិត​ថា​រថយន្ត​តូច​នេះអាច​ជួយ​ការពារ​សុវត្ថិភាព​ពេល​ធ្វើ​ដំណើរក៏​ដោយ​ភាព​ភ័យ​ខ្លាចពី​ការ​លប​វាយ​ប្រហារ​នៅ​តែស្ថិត​ក្នុង​អារម្មណ៍​របស់​អ្នក​ស្រី​ជានិច្ច។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «ប៉ុល ពត​ គេ​យក​ទៅ​សម្លាប់​ក្នុង​ព្រៃ​ដោយ​យើង​ខ្លួន​ឯង​អត់​ដឹង​ផង​...​យើង​អត់​ដឹង​ទេ​គាត់​ស្លាប់​បាត់​ទៅ។ ប៉ុន្តែ​ឥឡូវ​នេះ​សម័យ​នេះ​ គឺ​បាញ់​សម្លាប់​កណ្តាល​ក្រុង​ដូច​មើល​បណ្ឌិត ​កែម​ ឡី​នៅ​ក្នុង​ម៉ាត​ ឃើញ​ទេ។ វា​សាហាវ​ ដូច​មើល​លោក ជា​វិជ្ជា​...កំពុង​តែ​អាន​កាសែត​...សម្លាប់​នៅ​កណ្តាល​ក្រុង​ហើយ​អ្នក​ច្រើន​ទៀត​ហើយ​វាយ​ព្រុសៗ​ រាល់​ថ្ងៃ​ហ្នឹង​វាយ​តែ​មុខៗ​ គ្មាន​ទៅ​ខ្វល់​ទេ​ច៎ា! យើង​ឃើញ​ហើយ​ថា​ការ​សម្លាប់ ការ​គំរាម​កំហែង​គ្រប់​រូបភាព​ហ្នឹង​នៅ​តែ​កណ្តាល​ក្រុង​ហ្នឹង​ហើយ​ក្នុង​ពេល​ហ្នឹង​ពេល​សម័យ​ហ្វេសប៊ុក​ទៀត​អត់​មាន​ខ្លាច​ អត់​មាន​ញញើត​ផង​ហ្នឹង»៕

XS
SM
MD
LG