ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅ​តំបន់​ជន់​លិច​ លោក​ហ៊ុន សែន​លើក​ពី​«ចំណុច​ខ្លាំង​នៃ​រដ្ឋាភិបាល​របស់​លោក» ខណៈ​រង​ការ​រិះគន់​រឿង​លុប​បឹង


លោក ហ៊ុន សែន ថ្លែងនៅផ្សារព្រែកជ្រៃ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP)
លោក ហ៊ុន សែន ថ្លែងនៅផ្សារព្រែកជ្រៃ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP)

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ចេញ​ទៅ​ពិនិត្យ​តំបន់​ទឹក​លិច​ក្នុង​ខណ្ឌ​ដង្កោ ​ភាគ​ខាង​ត្បូង​រាជធានី​ភ្នំពេញ​ កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ ដែល​លោក​មិន​ភ្លេច​ពាំនាំ​សារ​នយោបាយ ​និង​លើក​ពី​«ចំណុច​ខ្លាំង​នៃ​រដ្ឋាភិបាល»​ លោក​ទេ។​

យ៉ាង​ណា​ក៏​ដោយ​ ​រដ្ឋាភិបាល​របស់​លោក​ក៏​ត្រូវ​បាន​រិះគន់​ការ​លុប​បឹង​ បណ្តាល​ឲ្យ​ទីក្រុង​ភ្នំពេញ​មិន​មាន​កន្លែង​រំដោះ​ទឹក​ ពេល​មាន​ភ្លៀង​ធ្លាក់​ជោគជាំ ​និង​ការ​រារាំង​មិន​ឲ្យ​លោក ​កឹម សុខា​ មេ​ដឹកនាំ​បក្ស​ប្រឆាំង​ចែក​អំណោយ​ដល់​អ្នក​រង​គ្រោះ។

នៅ​ចំពោះ​មុខ​អ្នក​សារ​ព័ត៌មាន​និង​អ្នក​រងគ្រោះ​ដោយ​ទឹក​ជំនន់​ក្បែរ​ស្ទឹង​ព្រែកត្នោត ​លោក ​ហ៊ុន សែន ​បាន​បង្ហាញ​វត្តមាន​ជា​លើក​ដំបូង​ នៅ​ទីតាំង​ជន់​លិច​ចាប់​តាំង​ពី​ទឹក​ជំនន់​ បាន​វាយ​លុក​បណ្ដើរៗ​ពី​ដើម​ខែ​តុលា​មក។

ក្នុង​ឯក​សណ្ឋាន​យោធា​ ​លោក ​ហ៊ុន សែន ​ដែល​មាន​មន្ត្រី​អ្នក​មុខ​អ្នកការ​និង​ឧកញ៉ា​នៅ​ឈរ​ពី​ខាង​ក្រោយ​ខ្នង​ បាន​ថ្លែង​ថា ​អាទិភាព​ដំបូង​របស់​លោក​គឺ «​ឱ្យ​ប្រជាជន​រស់​សិន»។​

«ប្រជាជន​យើង​បាន​រួម​សាមគ្គី​គ្នា​ល្អ​ណាស់​ នៅ​ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស។​ រឿង​អ្នក​ដទៃ​និយាយ​ពី​ខាង​ក្រៅ​មក ​វា​ជា​រឿង​មួយ ប៉ុន្តែ​សម្រាប់​ព្រះ​សង្ឃ​ប្រជា​ពលរដ្ឋ ​អាជ្ញាធរ​និង​កងកម្លាំង​ប្រដាប់​អាវុធ​បាន​ធ្វើ​សកម្ម​ភាព​ព្រមៗ​គ្នា​ស្រុះ​គ្នា។​ នោះ​ហើយ​ជា​ចំណុច​ពិសេស​ ជា​ចំណុច​ខ្លាំង​នៃ​រដ្ឋាភិបាល​ហ៊ុន សែន»។​

លោក ​ហ៊ុន សែន​ បន្ថែម​ថា៖​ «ប៉ុន្តែ​សំខាន់​បំផុត​នៅ​ពេល​នេះ ​រស់​សិន ​ធ្វើ​ម៉េច​ឱ្យ​រស់​សិន។​ បើ​គ្មាន​ជីវិត​ទេ​ គឺ​មិន​អាច​និយាយ​ពី​អ្វី​ទាំង​អស់​ រាប់​ទាំង ​មិន​អាច​ទៅ​សរសេរ​កាសែត ​មិន​អាច​ទៅ​រក​លទ្ធិ​ប្រជា​ធិបតេយ្យ​ ឬ​សិទ្ធិ​មនុស្ស​អ្វី​ទេ។​ បើ​វា​ងាប់​បាត់​ទៅ​ហើយ​នោះ ​កុំនិយាយ ​កុំនិយាយ»។​

នាយក​រដ្ឋមន្ត្រី​ដែល​កាន់​អំណាច​ពី​ឆ្នាំ​ ១៩៨៥ ​រូប​នេះ​ បាន​ថ្លែង​អំពាវនាវ​កុំឱ្យ​មាន​ការ​រើស​អើង​ក្នុង​ការ​ជួយ​សង្រ្គោះ​ប្រជា​ពលរដ្ឋ។​

«អ្នក​ឯង​ចង់​និយាយ​ពី​ប្រទេស​អាមេរិក​ ពី​ប្រទេស​បារាំង​ ពី​ប្រទេស​កាណាដា​ រឿង​របស់​អ្នក​ឯង។ ក៏​ប៉ុន្តែ ​នៅ​ទីនេះ​យើង​បាន​ជួប ​ហើយ​យើង​ធ្វើការ​ជាមួយ​គ្នា ​ដោយ​មិន​ថា​ អ្នកណា​នៅ​និន្នាការ​បក្ស​ណា។​ យើង​អត់​គិត​ទេ។​ យើង​គិត​ធ្វើ​យ៉ាង​ម៉េច​ឱ្យ​ប្រជាជន​របស់​យើង​ បាន​រស់​រាន​មាន​ជីវិត»។​

ការ​ថ្លែង​របស់​លោក ​ហ៊ុន សែន​ មាន​ឡើង​បន្ទាប់​ពី​មាន​សេចក្ដី​រាយ​ការណ៍​ថា អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​ចំណោម​ស្រុក​មង្គល​បុរី​ ខេត្ត​បន្ទាយមានជ័យ​ បាន​រារាំង​ពុំ​អនុញ្ញាត​ឱ្យ​លោក ​កឹម សុខា ​មេ​ដឹកនាំ​បក្ស​ជំទាស់​ ដែល​កំពុង​រង​ក្ដីក្ដាំ​នៅ​តុលាការ​ ធ្វើ​កម្មវិធី​ចែក​អំណោយ​សង្គ្រោះ​ដល់​អ្នក​រងគ្រោះ​ក្នុង​តំបន់​នោះ​ឡើយ។​

ក្រុមការងារនៃអ្នកជួយសង្គ្រោះ កំពុងលីរបស់របររបស់ប្រជាពលរដ្ឋដែលផ្ទះរបស់ពួកគេត្រូវបានទឹកជន់លិច នៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោរ ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)
ក្រុមការងារនៃអ្នកជួយសង្គ្រោះ កំពុងលីរបស់របររបស់ប្រជាពលរដ្ឋដែលផ្ទះរបស់ពួកគេត្រូវបានទឹកជន់លិច នៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោរ ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)

អាជ្ញារក្នុងតំបន់កំពុងជួយសង្គ្រោះពលរដ្ឋពីតំបន់ទឹកជន់លិចទៅកាន់តំបន់ដីទួល នៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)
អាជ្ញារក្នុងតំបន់កំពុងជួយសង្គ្រោះពលរដ្ឋពីតំបន់ទឹកជន់លិចទៅកាន់តំបន់ដីទួល នៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)

លោក​ មាជ សុវណ្ណារ៉ា ​មន្ត្រី​ជំនិត​មួយ​រូប​នឹង​លោក ​កឹម សុខា​ បាន​ឱ្យ​ដឹង​ថា​ អាជ្ញាធរ​មូលដ្ឋាន​បាន​ជូន​ដំណឹង​មក​ក្រុម​ការងារ​លោក​ កឹម សុខា ​ថា​ កម្មវិធី​ចែក​អំណោយ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ​ពុំ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើ​នោះ​ទេ។​

លោក​ មាជ សុវណ្ណារ៉ា ​បាន​ថ្លែង​ប្រាប់​ VOA ​តាម​ទូរស័ព្ទ​ថា៖​ «នេះ​ដោយ​សារ​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​ចំណោម​ដូច​ថា​ គេ​ខ្លាច​ថ្នាក់​លើ​អ៊ីចឹង​ទៅ​ណា៎។​ និន្នាការ​នយោបាយ​អ៊ីចឹង​ទៅ​ ហើយ​ដល់​អ៊ីចឹង​គេ​ឃាត់​ឃាំង។​ អ៊ីចឹង​ក៏​គាត់​[កឹម សុខា]​មិន​ចែក​ទៅ​ ទុក​ឱ្យ​រដ្ឋាភិបាល​គេ ​គេ​គិតគូរ​ឡើង​វិញ​ទៅ​ ព្រោះ​នោះ​ជា​រឿង​មនុស្ស​ធម៌។ ​យើង​ចែក​គ្នា​អត់ ​ដាច់​ជាមួយ​នឹង​និន្នាការ​នយោបាយ។ ​អ៊ីចឹង​អ្នក​រងគ្រោះ​គឺ​ប្រជា​ពលរដ្ឋ»។​

ទោះជាយ៉ាង​ណា​ នៅ​ថ្ងៃ​សុក្រ​នេះ ​ក្នុង​សារមួយ​ជាង​ ៣​ នាទី​ លោក ​ហ៊ុន សែន​ បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​គ្រប់​ខេត្ត​ទាំងអស់ ​«ជួយ​សម្រួល» ​និង ​«កុំឲ្យ​មាន​ការ​រារាំង​ណា​មួយ»​ ចំពោះ​ការ​ចែក​អំណោយ​របស់​លោក​ កឹម សុខា ​ក៏​ដូចជា​អ្នក​នយោបាយ​ផ្សេង​ទៀត»។​

គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​រាយ​ការណ៍​ថា​ គិត​ត្រឹម​ថ្ងៃ​សុក្រ​នេះ ​ទឹក​ជំនន់​បាន​សម្លាប់​មនុស្ស​ឡើង​ដល់ ​១៨​ នាក់​ប៉ះពាល់​មនុស្ស​ ២១ ​ម៉ឺន​នាក់​ ដែល​ក្នុង​នោះ​មាន​ប្រមាណ​ ២៥០០០ ​នាក់ ​ត្រូវ​ជន្លៀស​ចេញ​ពី​លំនៅដ្ឋាន។​

នៅ​ឯ​តំបន់​លិចទឹក​ដដែល​ លោក​ ហ៊ុន សែន ​បាន​ប្រតិកម្ម​នឹង​មតិ​ទិតៀន​ដែល​ថា ការ​លុប​បឹង​បួរ​នៅ​រាជធានី​ភ្នំពេញ​ និង​តំបន់​ក្បែរ​ខាង​ជា​ដើម​ចម​ ដែល​បង្ក​ឱ្យ​មាន​ទឹក​ជំនន់​លើក​នេះ។​

«ឥឡូវ​តាម​ព្រែកត្នោត​របស់​យើង​ពី​ខាង​លើ​មក​នេះ​ តើ​អ្នក​ណា​លុប​បឹង​ ព្រែក​ស្ទឹង​ពោធិ៍សាត់ ​ស្ទឹង​មង្គល​បុរី​ស្ទឹង​សង្កែ? ​អា​នោះ​វា​សុទ្ធ​តែ​ស្ទឹង។​ ប៉ុន្តែ​ដោយ​សារ​តែ​ទឹក​ពី​លើ​វា​ខ្លាំង​ជ្រុល​ហួស​ វា​ហួស​ពី​សមត្ថ​ភាព​ស្រូប»។​

អ្នក​រិះគន់​រឿង​លុប​បឹង​ មាន​លោក ​អាឡិច​ ហ្គន់សាឡេស​ ដេវិតសុន ​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាត់​ទុក​ថា​ «ខុស​ច្បាប់»។​ សកម្មជន​បរិស្ថាន​ជន​បរទេស​រូប​នោះ​ បាន​ស្ដី​បន្ទោស​ការ​លិច​លង់​នៅ​រាជធានី​ភ្នំពេញ ​ដោយ​សារ​ការ​លុប​បឹង​បួរ។​

លោក​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ កាល​ពី​ថ្ងៃ​ពុធ​ថា៖​ «ចលនា​មាតា​ធម្មជាតិ​...​សង្ឃឹម​ថា ​ស្ថាន​ភាព​នេះ​នឹង​ក្លាយ​ជា​មេរៀន​មួយ​ដើម្បី​ឱ្យ​របប​លោក​ ហ៊ុន សែន ​គិត​គូរ​ឡើង​វិញ​អំពី​ការ​អភិវឌ្ឍ​ដោយ​ការ​លុប​បឹង​ធម្មជាតិ​ក្នុង​ទីក្រុង​ ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ទប់​ស្កាត់​ការ​ជន់​លិច​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃ​ខាង​មុខ»។​

ទី​ទួល​ផ្សារ​ព្រែក​ជ្រៃ​ដែល​លោក ​ហ៊ុន សែន ​ថ្លែង​សារ​នយោបាយ​នេះ ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ​ពី​បឹង​ទំពន់​ភាគ​ខាង​ត្បូង​រាជធានី​ភ្នំពេញ។​

របាយ​ការណ៍ ​«ផ្សែង​នៅ​លើ​ទឹក» ​ដែល​ជា​សិក្សា​រួមគ្នា​របស់​សមាគម​ធាងត្នោត​ អង្គការ​លីកាដូ ​ អង្គការ​តម្លាភាព​កម្ពុជា ​និង​បណ្ដាញ​យុវជន​កម្ពុជា​ បាន​លើក​ឡើង​អំពី​ហានិភ័យ​ទឹក​ជំនន់​សម្រាប់​មនុស្ស​ប្រមាណ ​១ ​លាន​នាក់​ នៅ​ភ្នំពេញ​ បណ្ដាល​មក​ពី​ការ​រលាយ​បាត់​រូប​បន្តិច​ម្ដងៗ​ នៃ​បឹង​ទំពន់​ តំបន់​ដីសើម​ទំហំ​សរុប​ ១៥០០ ​ហិកតា ​ដែល​នៅ​ចន្លោះ​តំបន់​កណ្ដាល​រាជធានី​ភ្នំពេញ ​និង​ស្ទឹង​ព្រែកត្នោត​ ដែល​ហូរ​ព័ទ្ធ​ពី​ខាង​ត្បូង​តម្រង់​ទៅ​ទន្លេ​បាសាក់។​

បើ​យោង​តាម​របាយ​ការណ៍​ដដែល​ គិត​ត្រឹម​ឆ្នាំ​ ២០១៩​ មាន​បឹង​ធម្មជាតិ​ចំនួន​ ១៦​ ហើយ​ក្នុង​ចំណោម​បឹង​ធម្មជាតិ​ចំនួន​សរុប​ចំនួន​ ២៥ ​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​បាន​លុប​ ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​អភិវឌ្ឍ​សាងសង់​លំនៅ​ដ្ឋាន។​

ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​បន្ត​ព្រមាន​ពី​បញ្ហា​ទឹក​ជំនន់​បន្ថែម​ទៀត​ ខណៈ​ដែល​ព្យុះ​ត្រូពិក​ជា​បន្ត​បន្ទាប់​ នៅ​តែ​បក់​បោក​មក​លើ​ផ្ទៃ​ដី​គោក​នៃ​តំបន់​អាស៊ី​អាគ្នេយ៍ ​រួម​មាន​វៀតណាម ​ ឡាវ ​និង​កម្ពុជា​ ដែល​បង្ក​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ប្រមូល​ជា​ទឹក​ចាក់​ចូល​តាម​ស្ទឹង​ព្រែក​ប្រឡាយ​បឹង​បួរ​នានា៕

XS
SM
MD
LG