ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី៖ កម្ពុជា​ជួប​ជំនន់​ធំ​មិន​ធ្លាប់​មាននា​ជិត​មួយ​ទសវត្សរ៍​ចុង​ក្រោយ


ទិដ្ឋភាពពីលើអាកាសបង្ហាញពីគ្រោះទឹកជំនន់នៅខេត្តបាត់ដំបង បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០។

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​ឱ្យ​ដឹងថា​ ទឹក​ជំនន់​លើក​នេះ​ដែល​កំពុង​ប៉ះពាល់​ផ្នែក​ផ្សេងៗ​នៃ​ប្រទេស​ ជា​ពិសេស​បណ្ដា​ខេត្ត​ភាគ​ខាងលិច​និង​ភាគ​ខាងជើង មាន​ស្ថាន​ភាព​ធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន​នោះ​ទេ រាប់ពី​ជំនន់ទឹកធំ​ឆ្នាំ​ ២០១១ ​និង​ឆ្នាំ ២០១៣​ មក។

គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បានរាយ​ការណ៍​ថា គិត​ត្រឹម​រសៀល​ថ្ងៃ​អង្គារ​នេះ មាន​អ្នក​ស្លាប់​ដោយ​សារ​គ្រោះ​ទឹកជំនន់​នេះ​ឡើង​ដល់ ​១១ ​នាក់។ ស្ថាប័ន​ដដែលបន្ថែម​ថា ពលរដ្ឋ​យ៉ាងហោច​ ៣ ម៉ឺន​គ្រួសារ ​រង​ផល​ប៉ះ​ពាល់​ពី​ជំនន់​លើក​នេះ ក្នុង​នោះ​មាន​ ២ ពាន់​គ្រួសារ ​ត្រូវ​ជន្លៀស​ចេញ​ពី​គេហដ្ឋាន​តែ​ម្ដង។

លោក ចាន់ យុត្ថា រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​និយាយ​កាល​ពី​រសៀល​ថ្ងៃអង្គារ​ថា ជំនន់​ទឹក​ភ្លៀង​ដែល​កំពុង​វាយ​លុកនេះ​មាន​ទំហំ​ធំ ទោះ​វា​មិន​ទាន់​ដល់កម្រិត​នៃ​ជំនន់​ចុង​ក្រោយ​កាលពី ​៧ ​ឆ្នាំ​មុន និង​ ៩ ​ឆ្នាំ​មុន​ក៏ដោយ។​

«មក​ដល់​ពេលនេះ​យើង​ឃើញ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​វា​ធំ តែ​ចំពោះ​ជំនន់​ទន្លេ​មេគង្គ​តូច អត់​ទាន់​មាន​ជំនន់​ទេ តែ​នេះ​ជា​ជំនន់​ទឹក​ភ្លៀង។ ហើយ​បើ​កាល​ពី​ឆ្នាំ ២០១១ ​និង​ឆ្នាំ ២០១៣ យើង​មាន​ជំនន់​មេគង្គ​ផង ជំនន់​ទឹក​ភ្លៀង​ផង​»។​

បើ​យោង​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួងធនធាន​ទឹក​រូប​នេះ ចំណុច​ដែល​កំពុង​គំរាម​កំហែង​ គឺ​តំបន់​ស្ទឹងព្រែក​ត្នោត ​ភាគ​និរតី​និង​ភាគខាងត្បូង​រាជធានី​ភ្នំពេញ ដែល​ទឹក​ជន់​ពី​ស្ទឹង​ចេះ​តែ​បន្ត​កើន​ឡើង​ និង​ស្ថានភាព​នៅ​ខេត្ត​បន្ទាយ​មានជ័យ ទី​ដែល​ស្ទឹង​មង្គលបុរី និង​ស្ទឹង​សេរី​សោភ័ណ កំពុង​ទទួល​ទឹក​ជន់​ពី​តំបន់​ផ្សេងៗ។​

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រកាស​ថា ទឹកជំនន់​នឹង​គំរាម​កំហែង​កាន់​តែខ្លាំង​លើ​ខេត្ត​ប៉ែក​ពាយព្យ​ជាប់​ព្រំដែន​ថៃនៅ​ថ្ងៃពុធ ​ឬថ្ងៃព្រហស្បតិ៍​ខាង​មុខនេះ ដោយសារ​តែ​អាជ្ញាធរ​ខេត្តស្រះកែវ​របស់ប្រទេសថៃ ទើបបានជូនដំណឹងមកថា ខ្លួននឹង​បើកទំនប់​ទឹក​ដែល​ជន់​ជោរ​លើស​ចំណុះ​របស់​ខ្លួន​នា​សប្ដាហ៍​នេះ។​

លោក អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយ​មានជ័យ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ថា ទឹក​ជន់​ពី​ថៃ​នៅ​ថ្ងៃ​ពុធ ​ឬថ្ងៃព្រហស្បតិ៍​ខាង​មុខ​នេះ ​នឹង​ប៉ះ​ពាល់​ដល់​គ្រប់​ក្រុង​និង​ស្រុក​ក្នុង​ខេត្តបន្ទាយ​មានជ័យ​តែ​ម្ដង។​

«ច្រើន​គ្រួសារ ខ្ញុំ​គិត​ថា បើ​សិនជា​មានការ​បើក​ទំនប់​ទៀត បូកនឹង​ស្ថាន​ភាព​ជាក់​ស្ដែង ទឹក​មក​ពី​បវេល(ខេត្ត​បាត់​ដំបង​)​ផង បើ​អាច​មាន​ទឹក​ភ្លៀងទៀត ខ្ញុំ​គិត​ថា​ប្រហែល​ជា​អាច​ចូល​ដល់​មិន​ទាប​ជាង​ម៉ឺនគ្រួសារ​ទេ»។​

លោក ឆែម សាវុធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ បាន​ប្រាប់​ VOA​ ថា អាជ្ញាធរ​បាន​រៀប​ចំ​ជន្លៀស​អ្នក​ទោស​ប្រមាណ ១៦០០​ នាក់ ​ពី​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ ​ដែល​កម្ពស់​ទឹក​ជន់​លិច ចេះ​តែ​បន្ត​កើន​ឡើង។​

«មិន​អាច​ទប់​បាន​យើងត្រូវ​តែ​ជន្លៀស​ពួក​គាត់​ចេញ ទឹក​វា​ចេះ​តែ​ឡើង​ខ្លាំង​ពេក»។

កម្លាំងយោធាកំពុងជួយសង្គ្រោះនិងជម្លៀសពលរដ្ឋដែលផ្ទះរបស់ពួកគេត្រូវបានទឹកជន់លិច នៅខេត្តប៉ៃលិន ប្រទេសកម្ពុជា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០។
កម្លាំងយោធាកំពុងជួយសង្គ្រោះនិងជម្លៀសពលរដ្ឋដែលផ្ទះរបស់ពួកគេត្រូវបានទឹកជន់លិច នៅខេត្តប៉ៃលិន ប្រទេសកម្ពុជា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០។

លោកឧត្ដមអគ្គានុរក្ស​ថ្នាក់លេខ១ ​រូប​នេះ​បាន​ប្រាប់ VOA ​តាម​ទូរស័ព្ទ​ ពី​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា រឿង​ថៃ​បើក​ទំនប់​ទឹក​ជា​កត្តា​រួមផ្សំ។ លោក​បញ្ជាក់​ថា៖ «យើង​ភ័យ​រឿងហ្នឹង​មួយ​ទៀត​[ដែល​ថៃ​បើក​ទំនប់]។ តែ​ទឹក បើ​ទោះ​បី​ជាថៃ​វាមិន​បើក ឥឡូវ​ទឹក​វា​ឡើង​ដល់​កម្រិត​មួយ​ដែល​យើង​ទប់​លែង​ជាប់​ហើយ»។

លោក ឆែម សាវុធ បញ្ជាក់​ថា ពន្ធនាគារ​នៅ​តាម​បណ្ដា​រាជ​ធានី​ខេត្តដទៃ ​មិន​ទាន់​មាន​ការ​គំរាម​កំហែង​អ្វី​ជា​ដុំ​កំភួន ដូច​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​នៅ​ឡើយ​ទេ។​

ក្រសួង​ធនធាន​ទឹក​បាន​ព្រមាន​ថា​ព្យុះ​នានា​ចេញ​ពី​សមុទ្រ​ចិន​ខាង​ត្បូង ​នឹង​បោក​បក់​មកអាស៊ីអាគ្នេយ៍​ដីគោកជា​បន្ត​បន្ទាប់។ ព្យុះ​ទី​១៦ ​ឈ្មោះ ណាងកា (Nangka) នឹង​បោក​បក់​មក​ដល់​ភាគ​ខាងជើង​ប្រទេស​វៀត​ណាម​ នាថ្ងៃទី១៥ ​ខែ​តុលា ​រី​ឯ​ព្យុះ​ទី១៧ ​ឈ្មោះ សូដែល (Saudel) នឹង​រំកិល​មក​ដល់​ភាគកណ្ដាល​វៀតណាម នៅថ្ងៃទី​១៦-១៧ ខែ​តុលា។

ក្រសួង​ធនថាន​ទឹក​បញ្ជាក់​ថា៖ «ជាពិសេស​ប្រជាពលរដ្ឋ​រស់នៅ​ទី​ទំនាប ក្បែរ​ផ្លូវ​ទឹក ជាប់​តំបន់​ភ្នំ និង​ជួរភ្នំ សូម​ប្រុងប្រយ័ត្ន​ចំពោះ​ជំនន់​ទឹក​ភ្លៀង ចាប់​ពី​ថ្ងៃទី១៨-២០ ខែ​តុលា។ អ្នក​នេសាទ​និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ សូម​ប្រយ័ត្ន​ចំពោះ​ភ្លៀងធ្លាក់​ច្រើន​លាយឡំខ្យល់​បក់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ​ចាប់ពីថ្ងៃទី​១៦ ដល់​២០ ខែ​តុលា»។​

បើ​យោង​តាម​គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ទឹកជំនន់​ដែល​មាន​ហូរហែរ​ពីដើម​ខែតុលាមក បាន​ជន់​លិច​ដី​ដំណាំ​ ១២ ​ម៉ឺន​ហិកតា ដែល​ក្នុងនោះ​មាន​ផ្ទៃ​ដី​ដាំស្រូវ​សរុបប្រមាណ ​៨ ម៉ឺន​ហិកតា។ រាជធានី​ភ្នំពេញ​និង​ខេត្ត​ចំនួន​ ១៦​ ផ្សេង​រង​ការ​ជន់​លិច។

លោក ចាន់ យុត្ថា រដ្ឋ​លេខាធិការ​នៃ​ក្រសួង​ធនធាន​ទឹក បាន​ឱ្យ​ដឹង​បន្ថែម​ថា ទោះ​ព្យុះ​ត្រូពិក​អាច​នឹង​មាន​ជា​បន្ត​បន្ទាប់​លើស​ពីព្យុះ​ទី​១៧ ​នេះ តែ​មិន​ប្រាកដ​ថា​វា​នឹង​ប៉ះ​ពាល់​ដល់​កម្ពុជា​ទាំង​អស់​នោះ​ទេ។​

«យើង​ជឿ​ថា ​វា​មិន​អូស​បន្លាយ​ទៅដល់​ខែ​ក្រោយ​ទេ ព្រោះ​ខេត្ត​ដែល​កំពុង​តែ​មាន​ជំនន់​គឺ​បាន​ស្រក​ជា​បណ្ដើរៗ​ហើយ​ដូច​ពោធិ៍សាត់ ដូច​បាត់​ដំបង ជា​ដើម បាន​ស្រក​ជា​បណ្ដើរៗ»។​

លោក ចាន់ យុត្ថា បន្ថែម​ថា៖ «នៅ​ពេល​នេះ​យើង​ពិបាក​នឹង​វាយ​តម្លៃ ព្រោះ​ស្ថានភាព​អាកាសធាតុ​នៅ​ពេល​នេះ មាន​ការ​វិវិឌ្ឍ​លឿន​ណាស់ ... បាតុ​ភូត​ធម្មជាតិ ទាំង​វិ​សម្ពាធ​ទាំង​ព្យុះ បាន​កើត​ជា​បន្ត​បន្ទាប់ ហើយ​មិន​ចប់​ត្រឹម​ព្យុះ​ទី​១៧​នេះ​ទេ។ ចាប់​ពី(ព្យុះ)​១៧​ ហ្នឹង​អាច​មាន(ព្យុះ​) ​កើត​បន្ត​បន្ទាប់​ទៀត គ្រាន់​ថា នេះ​ចាំ​មើល​ពេល​វា​កើត។ តែ​យើង​ដឹង​ថា វាមិន​ចប់​ត្រឹម​ហ្នឹង​ទេ​នៅ​បន្ត​ទៀត»។

ទឹក​ជំនន់ឆ្នាំ ២០១៣​ បាន​សម្លាប់​មនុស្ស ១៦៨​ នាក់​នៅ​កម្ពុជា​ និង​បាន​បង្ក​ការ​ខូច​ខាត​គិតជា​ទឹកប្រាក់​ប្រមាណ ៣៥៥ ​លាន​ដុល្លារ ​ខណៈ​ទឹកជំនន់ឆ្នាំ​ ២០១១​ បាន​សម្លាប់មនុស្ស​ ២៥៥ ​នាក់ និង​បង្ក​ការ​ខូចខាត​គិត​ជា​ទឹក​ប្រាក់ប្រមាណ ​៦៣០ ​លាន​ដុល្លារ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG