ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំនន់​ព្រែក​ត្នោត​ពន្លិច​បុរី ​និង​កាត់​ផ្ដាច់​ចរាចរណ៍​ក្នុង​ខណ្ឌដង្កោ


អាជ្ញារក្នុងតំបន់កំពុងជួយសង្គ្រោះពលរដ្ឋពីតំបន់ទឹកជន់លិចទៅកាន់តំបន់ដីទួល នៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)
អាជ្ញារក្នុងតំបន់កំពុងជួយសង្គ្រោះពលរដ្ឋពីតំបន់ទឹកជន់លិចទៅកាន់តំបន់ដីទួល នៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)

ផ្សារ​ព្រែក​ជ្រៃ​ដែល​ស្ថិត​ក្នុង​សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ ​ធ្លាប់​តែ​កុះករ​ដោយ​សកម្មភាព​លក់​ដូរ​ និង​មាន​យាន​ជំនិះ​តូច​ធំ​ ធ្វើ​ដំណើរ​ទៅ​មក​កាត់​តាម​ទីប្រជុំជន​ ដែល​ភ្ជាប់​ពី​តំបន់​ចម្ការ​ដូង​ ទៅ​កាន់​រង្វង់​មូល​នារី​ត្រកង​កួរ​ស្រូវ​ នៅ​ផ្លូវជាតិ​លេខ ​២។​

ប៉ុន្តែ​ ចាប់​តាំង​ពី​ព្រលប់​ថ្ងៃ​ពុធ​មក​ ទីផ្សារ​នេះ​បាន​ក្លាយ​ជា​ទីទួល​សុវត្ថិភាព ​ដែល​មាន​កងទ័ព​ជើងទឹក​និង​កងទ័ព​ជើង​គោក​នៅ​ប្រមូល​ផ្ដុំ​ជាមួយ​នឹង​អូប័រ​របស់​ពួកគេ​ បន្ទាប់​ពី​ទឹក​ដែល​ហូរហៀរ​ចេញ​ពី​ស្ទឹង​ព្រែកត្នោត​ ដែល​នៅ​ក្បែរ​ខាង​មក​ចាប់​ផ្ដើម​ពន្លិច​ផ្លូវជាតិ​លេខ ​២១៧។​

ត្រឹម​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ ​កំណាត់​ផ្លូវ​ប្រមាណ​ ២ ​គីឡូម៉ែត្រ​ ពី​ផ្សារ​ព្រែកជ្រៃ​ ដល់​រង្វង់​មូល​នារី​ត្រកង​កួរ​ស្រូវ​ អាច​ធ្វើ​ដំណើរ​បាន​ដោយ​ទូក​ប៉ុណ្ណោះ។​

សំណង់​បុរី​លំនៅដ្ឋាន​នានា ​ដែល​នៅ​ទាប​ជាង​ផ្លូវ​នេះ​ រង​ការ​លិចលង់​យ៉ាង​ដំណំ។ ​ពលរដ្ឋ​រាប់​រយ​គ្រួសារ​ត្រូវ​បាន​ជម្លៀស​ចេញ​តាម​ទូក​ដឹក​ទាំង​មនុស្ស​ ដឹក​ទាំង​អីវ៉ាន់ ​មក​កាន់​ផ្សារ​ព្រែកជ្រៃ ​ដែល​នៅ​ខ្ពស់​ជាងទឹក​នៅ​ឡើយ។​

លោក​ ស៊ឺន វណ្ណៈ​ ទើប​នឹង​បាន​មក​ដល់​ផ្សារ​ព្រែក​ជ្រៃ​ នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ ជាមួយ​ក្រុម​សង្គ្រោះ​ដែល​បាន​ជិះ​ទូក​ទៅ​ជញ្ជូន​អីវ៉ាន់​មួយ​ចំនួន​ពី​ផ្ទះ​របស់​លោក ​ក្នុង​បុរី​វីអាយភី។​

«អត់​ដឹង​ទេ។ អត់​ដែល​ដឹង​ថា​លិច​ដល់​ប៉ុណ្ណឹង​ទេ។ ​មក​នៅ​ពីរ​ឆ្នាំ​ហើយ ​មិន​ដែល​ជួប​ទេ​បង​ ទើប​តែ​ឆ្នាំ​នេះ​ទេ​ ហើយ​យើង​ក៏​មិន​ជឿ​ថា ​ទឹក​នោះ​វា​ឡើង​លឿន​ដល់​ប៉ុណ្ណឹង​ដែរ។​ យើង​អត់​ជឿ​តែ​ម្ដង​ ព្រោះ​កាល​ពី​ម្សិលមិញ​ ពេល​ថ្ងៃ​ទឹក​នៅ​មុខ​ផ្ទះ​ ពួក​ខ្ញុំ​ទឹក​នៅ​អត់​ទាន់​លិច​ផ្លូវ​ផង​....​អត់​មាន​ទឹក​តែ​ម្ដង ។​គ្រាន់តែ​រយៈ​ពេល​ពីរ​ម៉ោង ​ទឹក​ឡើង​ចូល​ជិត​មួយ​ម៉ែត្រ​ដល់​ម៉ោង ​១១ ​និង​ម៉ោង​ ១២ ​ថ្ងៃ​នោះ​ ទឹក​ចូល​មក​ដល់​ត្រឹម​ភ្លៅ»។​

លោក សឿន វណ្ណៈ អាយុ ៣២ ឆ្នាំ ផ្តល់បទសម្ភាសន៍ឲ្យវីអូអេ នៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)
លោក សឿន វណ្ណៈ អាយុ ៣២ ឆ្នាំ ផ្តល់បទសម្ភាសន៍ឲ្យវីអូអេ នៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)

ស្ត្រីមានផ្ទៃពោះម្នាក់កំពុងជម្លៀសរបស់របរផ្ទាល់ខ្លួនចេញពីតំបន់ទឹកជន់លិចទៅកាន់តំបន់ដីទួល នៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)
ស្ត្រីមានផ្ទៃពោះម្នាក់កំពុងជម្លៀសរបស់របរផ្ទាល់ខ្លួនចេញពីតំបន់ទឹកជន់លិចទៅកាន់តំបន់ដីទួល នៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)

បុរស​វ័យ​ ៣២​ ឆ្នាំ​រូប​នេះ​ បាន​បន្ថែម​ថា៖ ​«សោក​ស្ដាយ​ដែរ​បង!​ យើង​ខូចខាត​អីវ៉ាន់​ច្រើន​ដែរ។​ អីវ៉ាន់​ខ្លះ​យើង​ជញ្ជូន​ឡើង​អត់​រួច​..​ជញ្ជូន​ឡើង​អត់​បាន។​ អ៊ីចឹង​ដូច​ជា​តុ​ទូ​ណា​ធំៗ ​ដែល​យើង​លើក​ឡើង​អត់​បាន​ ត្រូវ​ទុក​នៅ​ក្រោម​ហ្នឹង។ ​អ៊ីចឹង​វា​លិច​អស់​ហើយ​ខូច​ខាត​ច្រើន​…​សម្ភារៈ​មួយ​ចំនួន»។​

នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​បាន​ប្រកាស​ថា ​ក្រុម​ការងារ​កំពុង​បន្ត​តាម​ដាន​ស្ថាន​ភាព​ទឹក​នៅ​ទំនប់​សណ្ត​ស្ទឹង​ព្រែកត្នោត ​នៅ​ភូមិ​សាស្រ្ត​ភាគ​ខាង​លិច​រាជធានី​ភ្នំពេញ​ និង​ខេត្ត​កណ្តាល។​ ក្រសួង​ឲ្យ​ដឹង​ថា ​កម្ពស់​ទឹក​នៅ​សំណង់​ទ្វារ​ទឹក​ទំនប់​អាង​ ៧​ មករា​ មាន​កម្រិត​កម្ពស់ទឹក​នៅ​តែ​បន្ត​កើន​ឡើង។​

អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ លោក​ ម៉េត មាសភក្តី​ មាន​ប្រសាសន៍​ថា សង្កាត់​ចំនួន​ ៥ ​ក្នុង​ខណ្ឌ​ដង្កោ​ កំពុង​ត្រូវ​បាន​លិច​លង់​ ហើយ​អាជ្ញាធរ​កំពុង​តែ​ជួយ​សង្រ្គោះ​ប្រជា​ពលរដ្ឋ។​

«អ្វី​ដែល​សំខាន់ ​គឺ​យើង​គិត​គូរ​ពី​អាយុ​ជីវិត​របស់​បង​ប្អូន​ប្រជា​ពលរដ្ឋ​របស់​យើង ​ដែល​រង​ផល​ប៉ះពាល់​ហ្នឹង។​ មាន​ន័យ​ថា ​ត្រូវ​ធានា​ឲ្យ​គាត់​មិន​ស្ថិត​នៅ​ទីតាំង​ជន់​លិច​ ហើយ​បាន​មក​នៅ​ទីទួល​សុវត្ថិភាព»។​

លោក ​ម៉េត មាសភក្ដី​ និយាយ​ថា​ លោក​មិន​ទាន់​អាច​បញ្ជាក់​ទិន្នន័យ​ថា​ តើ​ប្រជា​ពល​រដ្ឋ​ប៉ុន្មាន​គ្រួសារ​ត្រូវ​បាន​ជម្លៀស​ ហើយ​ផ្ទះ​ប៉ុន្មាន​ខ្នង​ត្រូវ​បាន​លិច​លង់​នោះ​ទេ។​

«ប្រជា​ពលរដ្ឋ​របស់​យើង​ដែល​នៅ​ខណ្ឌ​ផ្សេង​ ឬ​ក៏​នៅ​សង្កាត់​ផ្សេង​ ដែល​មិន​មែន​នៅ​ក្នុង​សង្កាត់​ទាំង​ ៥​ នេះ​ ដែល​ធ្លាប់​បាន​ជូន​ជា​ព័ត៌មាន​មួយ​ថ្ងៃ​ពីរ​ថ្ងៃ​ (មុន)​ ហ្នឹង​ កុំ​មាន​ការ​ព្រួយ​បារម្ភ​អី​ខ្លាំង​ពេក។​ គ្រាន់​តែ​អ្នក​នៅ​ក្បែរ​ហ្នឹង​អូខេ​ ប្រឹង​ស្ដាប់​យក​ចិត្ត​ទុកដាក់​នូវ​ព័ត៌មាន ​ដែល​អាជ្ញាធរ​ផ្សាយ​ជូន»។​

សម្រាប់​ពលរដ្ឋ​ដែល​រង​ការ​លិច​លង់​បាន​ឲ្យ​ដឹង​ថា ​ពួក​គេ​ចូល​មក​រស់​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​ ២១៧​ នេះ​ ដ្បិត​ពួកគេ​មើល​ឃើញ​ពី​សក្ដានុពល​សេដ្ឋកិច្ច​ ដែល​លូត​លាស់​លឿន​នៃ​តំបន់​ប៉ែក​អាគ្នេយ៍​រាជធានី​ភ្នំពេញ​នេះ។​

លោក​ ស៊ឺន វណ្ណៈ​ ដែល​ប្រកប​របរ​ជា​បុគ្គលិក​ផ្នែក​លក់​រស់​នៅ​បុរី​វីអាយភី​ បាន​ទិញ​ដីឡូតិ៍​ពី​គម្រោង​មួយ​ក្នុង​បុរី​នេះ​ កាល​ពី​ឆ្នាំ ​២០១៨​ និង​បាន​សាងសង់​លំនៅ​ដ្ឋាន​លើដី​នោះ​ក្នុង​បុរី​ខាង​លើ ​ដើម្បី​រស់​នៅ​ជាមួយ​ភរិយា​កូន​ម្នាក់​និង​ឪពុក​ម្ដាយ។​

«ដំបូង​ឃើញ​ថា​ គម្រោង​បុរី​អី​ទិញ​លក់​អ៊ីចឹង​ទៅ​ណា៎។​ យើង​មើល​ទៅ​អាច​រស់​នៅ​បាន។​ តំបន់​នេះ​វា​ជិត​ផ្សារ​ជិត​អី​…​មាន​ផ្សារ​មាន​អីមាន​រោងចក្រ​អី​ យើង​អាច​នៅ​បាន។​ តែ​យើង​មិន​នឹក​ស្មាន​ថា ​វា​លិច​ជន់​លិច​មក​…​វា​លិច​ដល់​កម្រិត​នេះ​អត់​ដែល​ជួប»។​

លោក ឃ្លោក វណ្ណា អាយុ ៥១ ឆ្នាំ ផ្តល់បទសម្ភាសន៍ដល់វីអូអេ នៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)
លោក ឃ្លោក វណ្ណា អាយុ ៥១ ឆ្នាំ ផ្តល់បទសម្ភាសន៍ដល់វីអូអេ នៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)

ប្រជាពលរដ្ឋត្រូវបានជម្លៀសទៅតំបន់ដីទួលមានសុវត្ថិភាព ដោយសារតែទឹកជំនន់នៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)
ប្រជាពលរដ្ឋត្រូវបានជម្លៀសទៅតំបន់ដីទួលមានសុវត្ថិភាព ដោយសារតែទឹកជំនន់នៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)

នៅ​ខាង​មុខ​ផ្សារ​ព្រែក​ជ្រៃ​ លោក ​ឃ្លោក វណ្ណា​ កំពុង​ឈរ​ជាមួយ​នឹង​ភរិយា​របស់​លោក​ នៅ​នឹង​ម៉ូតូ​ដែល​យក​ចេញ​ពី​ផ្ទះ​របស់​លោក​ក្នុង​បុរី​វីអាយភី​ទាន់​ពេល​វេលា​មិន​ទឹក​លិច។

បុរស​វ័យ​៥១​ឆ្នាំ​ថា​ រូប​លោក​ភរិយា​ព្រម​ទាំង​កូនៗ​ត្រូវ​ចាក​ចោល​ទូរ​ទឹកកក​ទូរទស្សន៍​និង​ម៉ាស៊ីន​បោក​គក់​ខោអាវ ​ដែល​នៅ​ត្រាំទឹក​ជម្រៅ​ត្រឹម​ជង្គង់​លិច​ចូល​ជាន់​ខាង​ក្រោម​ផ្ទះ​ល្វែង​របស់​លោក ​ក្នុង​បុរី​វីអាយភី​នោះ​ ដែល​លោក​បាន​ចូល​មក​រស់​នៅ​ កាល​ពី​ឆ្នាំ ​២០១៩។​

«ឃើញ​ថា ​កន្លែង​នេះ​រាង​ស្រឡះ​មិន​នឹក​ថា​ទឹក​លិច​ មិន​នឹក​ថា​ទឹក​លិច​ដល់​ថ្នាក់​ហ្នឹង។ ​គេ​ថា ​នៅ​ម្ដុំ​នេះ​ក៏​វា​មិន​ដែល​ទឹក​លិច​ដល់​ថ្នាក់​ហ្នឹង​ដែរ។​ ដល់​ពេល​មក​បាន​មួយ​ឆ្នាំ ទឹក​លិច​ដល់​អ៊ីចឹង​ ដូច​ស្រងាក​ចិត្ត​ដែរ»។​

អង្គុយ​ជ្រក​ភ្លៀង​នៅ​ក្នុង​ហាង​លក់​ទូរស័ព្ទ​មួយ​ ក្នុង​តូប​ជួរ​មុខ​ផ្សារ​ព្រែកជ្រៃ​ អ្នកស្រី​ សោម ស្រីពៅ​ ពាក់​ម៉ាស់​ជិត​មុខ​និយាយ​លះៗ​ ប្រណាំង​នឹង​សន្ធឹក​ភ្លៀង​ធ្លាក់​ថា​ ​អ្នក​ស្រី​មក​អង្គុយ​រង់ចាំ​យក​ម៉ូតូ​មួយ​គ្រឿង​ ដែល​នៅ​នឹង​ជាង​ជួសជុល​ក្រោយ​ពី​ម៉ូតូ​នោះ​ត្រាំ​ទឹក​អស់​មួយ​យប់​កន្លង​មក ​ក្នុង​គេហដ្ឋាន​អ្នកស្រី​ ក្នុង​បុរី​សាន់ស៊ីមិច។​

កម្មការិនី​រោងចក្រ​កាត់ដេរ ​វ័យ ​២៦ ​ឆ្នាំ​រូប​នេះ ​បាន​ទិញ​ផ្ទះ​ក្នុង​បុរី​នេះ​ កាល​ពី​ឆ្នាំ ​២០១៩ ​ក្នុង​តម្លៃ​ ៣៨០០០​ ដុល្លារ។​

«តំបន់​នេះ​វា​អភិវឌ្ឍ​ណា​បង!​ វា​សម្បូរ​បុរី​អីច្រើ​អ៊ីចឹង។ ​តំបន់​វា​អភិវឌ្ឍ​…​ពេញ​ចិត្ត​ហើយ​ណា​មួយ​ពី​ផ្លូវ​ជាតិ​ទៅ​ផ្ទះ​ខ្ញុំ​នោះ ​វា​ជិត​ផង​បាន​ស្រឡាញ់​ហ្នឹង​នោះ​ ហើយ​នឹក​ស្មាន​អត់​ដល់​ថា ​វា​មាន​ទឹក​ជំនន់​អ៊ីចឹង​ទេ​...​ស្ដាយ​បង! តែ​មិន​ដឹង​ធ្វើ​ម៉េច​ទេ​ហួសហើយ»។​

អ្នកស្រី​ សោម​ ស្រីពៅ ​លើក​ឡើង​ថា​ អាជ្ញាធរ​ហាក់​មិន​បាន​ជូន​ដំណឹង​ទុក​មុន​ថា ​នឹង​មាន​ករណី​លិច​លង់​នោះ​ទេ​ ដែល​នាំ​ឱ្យ​អ្នកស្រី​មិន​អាច​យក​អីវ៉ាន់​ចេញ​ទាន់​ពេល​វេលា។​

«អត់​ទេ​ អត់​អើ​ពើ​តែ​ម្ដង​ និយាយ​រួម។ ពេល​មាន​អាសន្ន​ ពួក​ខ្ញុំ​រើ​ចេញ​ខ្លួន​ឯង​ អត់​មាន​អើពើ​ អត់​មាន​អ្នក​សួរ​នាំ​អ្វី​ទេ ​ហើយ​ប្រធាន​ភូមិ​ផ្ទះ​អត់​ឆ្ងាយ​ទេ​ នៅ​ទល់​មុខ​ហ្នឹង​ឯង។​ គាត់​អត់​មាន​អើ​ពើ​ទេ»។​

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ក្រសួង​ធនធាន​ទឹក​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​ ដោយ​លើក​ឡើង​ថា ដោយ​សារ​ព្យុះ​ត្រូពិក​បន្ត​បោកបក់ ​ចាប់​ពី​ថ្ងៃ​ទី​ ១៧ ​ដល់​ថ្ងៃ​ទី​ ១៩ ​ខែ​តុលា​ ​ដូច្នេះ​វា​អាច​នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ផង​ដែរ។​ នៅ​តំបន់​មាត់​សមុទ្រ​អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន ​រួម​ជាមួយ​ខ្យល់​បក់​បោក​ខ្លាំង​និង​រលក​សមុទ្រ​ខ្ពស់ៗ។​

បើ​តាម​ទិន្នន័យ​របស់​គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ​គិត​ត្រឹម​ថ្ងៃ​ទី​ ១៥​ ខែ​តុលា​នេះ​ មនុស្ស​ ១៣​ នាក់​បាន​ស្លាប់​ ដោយសារ​ទឹក​ជំនន់ ​ក្នុង​នោះ​មាន​ក្មេង​ ៥ ​នាក់។​ ជំនន់​នេះ​បាន​ប៉ះពាល់​ប្រជា​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ប្រមាណ ​២០ ​ម៉ឺននាក់​ ដែល​ក្នុង​នោះ​មាន​ ១២០០០ ​នាក់ ​ត្រូវ​ជម្លៀស​ចេញ​ពី​គេហដ្ឋាន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG